កម្ពុជា

សាក្សី៖​ព្រះករុណា​សម្តេច​ព្រះ​នរោត្តម​ សីហនុ​មិន​មាន​អំណាច​អ្វី​ទេ​ក្នុង​របប​ខ្មែរ​ក្រហម​

សម្តេច​ព្រះ​នរោត្តម សីហនុ
សម្តេច​ព្រះ​នរោត្តម សីហនុ RFI/Ly Meng Hour

ក្នុង​​សវនាការ​​កាត់​ទោស​​លោក​ នួន​ជា​ លោក​​អៀង​សារី​ និង​​លោក ​​ខៀវ​សំផន​ នៅ​​ក្នុង​​សំណុំ​ រឿង ​​០០២​ នៅ​​ថ្ងៃ​​ពុធ​ទី​​១៤​​ធ្នូ​​នេះ ​សាក្សី​​សក្តានុពល​ លោក​ ឡុង​ នរិន្ទ​ អតីត​​កម្មាភិបាល​​ជាន់​​ខ្ពស់​​​ខ្មែរក្រហម​ ធ្វើការ​​ជា​មួយ​​លោក​​អៀង​សារី​ បាន​​លើក​ឡើង​​ថា ​ក្នុង​សម័យ​​ខ្មែរក្រហម​ ព្រះករុណា ​សម្តេច​ព្រះនរោត្តម​​ សីហនុ ​ក្នុង​នាម​​ជា​​ប្រធាន​​គណៈ​​ប្រធាន​​រដ្ឋ​ឬ​ក៏​​ប្រមុខរដ្ឋ​គឺ​​ព្រះអង្គ​មិន​មាន​​អំណាច​​អ្វី​​ទេ​។​

ផ្សាយពាណិជ្ជកម្ម

 

​ឆ្លើយតប​នឹង​សំណួរ​របស់​លោក សុន អា​រុណ មេធាវី​ការពា​រលោក​នួន​ជា ក្នុង​សវនាការ នា​រសៀល​ថ្ងៃ​ពុធ​នេះ សាក្សី លោក ឡុង នរិន្ទ បាន​លើកឡើង​ថា ក្រោយ​ខ្មែរក្រហម​ឡើង​កាន់​អំណាច នៅ​ថ្ងៃ​១៧​មេសា ឆ្នាំ​១៩៧៥ ពេល​ធ្វើការ​ក្នុង​ក្រសួងការបរទេស​មួយ​រយៈ លោក​ក៏​បាន​ទទួល​តួនាទី​ជា​អនុប្រធាន​កងការពារ​សម្តេចព្រះ នរោត្តម សីហនុ នៅក្នុង​វាំង រយៈពេល​ប្រហែល ៦ ខែ​។​

ពេលនោះ លោក ឡុង នរិន្ទ អះអាងថា សម្តេចព្រះ នរោត្តម សីហនុ ជា​ប្រធាន​គណៈ​ប្រធាន​រដ្ឋ ឬ​ប្រមុខរដ្ឋ ក្នុង​ខ្មែរក្រហម​។ លោក​មេធាវី សុន អា​រុណ បាន​ចោទសួរ​បន្តថា ពេលនោះ តើ​ព្រះករុណា មាន​អំណាច​ឬ​ទេ​?

គិត​មួយ​សន្ទុះ សាក្សី លោក ឡុង នរិន្ទ ឆ្លើយ​តប​ដោយ​ខុស​នឹង​សំណួរ​ថា ពេល​ព្រះអង្គ ទៅ​ប៉េកាំង លោក​មិន​ដឹង​ព្រះអង្គ​ទាក់ទង​នឹង​ខ្មែរក្រហម យ៉ាងម៉េច​ទេ​។ មេធាវី​បាន​សួរ​សំណួរ​ជាថ្មី រហូត​ដល់​លោក​ឡុង​នរិន្ទ ឆ្លើយថា នៅ​ពេល​លោកនៅ​ការពារ​ព្រះករុណា គឺថា ព្រះអង្គ​មិន​​​មាន​អំណាច​ទេ​។ អំណាច​នៅ​លើ​មជ្ឈិមបក្ស និង​មែនទែន​នៅលើ​ប៉ុលពត​។

​សាក្សី បាន​បន្តថា ថ្ងៃមួយ ព្រះអង្គ​បាន​ចេញ​ក្រៅ​វាំង ហើយ​លោក​បាន​ឃើញ​ឡាន​របស់ សុន សេន រដ្ឋ​មន្ត្រី​ការពារ​ប្រទេស បើក​កាត់មុខ​ព្រះអង្គ ដោយ​គ្មាន​ញញើត ទោះ​ជា​លោក​លើក​ដៃ​ឃាត់​ក៏ដោយ​។

អតីតព្រះមហាក្សត្រ សម្តេចព្រះ នរោត្តម សីហនុ បាន​លាលែង​ពី​ប្រមុខរដ្ឋ សម័យ​ខ្មែរក្រហម កាលពីដើមឆ្នាំ​១៩៧៦​។ ពេលនោះ មាន​តែ​ខៀវ​សំផន សុន​សេន អៀង​សារី និង​កម្មាភិបាល​មជ្ឈិម​ខ្លះ បាន​ទៅ​អង្វរ​ព្រះអង្គ ដើម្បី​កុំ​ឲ្យ​លាលែង​។​

ក៏​ប៉ុន្តែ​លោក ឡុង នរិន្ទ បាន​បដិសេធថា លោក​មិន​ដឹង​ពី​មូលហេតុ ដែល​សម្តេច​ព្រះ នរោត្តម សីហនុ សម្រេច​ព្រះទ័យ​លាលែង​តំណែង​ប្រមុខរដ្ឋ សម័យ​ខ្មែរក្រហម​នោះទេ​។

ក្នុង​សវនាការ កាលពី​ព្រឹក​មិញ លោក នួន ជា បាន​លើកឡើង​ថា ព្រះករុណា សម្តេចព្រះ នរោត្តម សីហនុ បាន​អំពាវនាវ​ឲ្យ​បងប្អូន​ខ្មែរ ចូល​ព្រៃម៉ាគី ដើម្បី​តស៊ូ​វ៉ៃ​រំដោះ​កម្ពុជា ចេញពី​ចក្រ​ពត្តិអាមេរិកាំង ក្នុង​អំឡុង​ឆ្នាំ​១៩៧០​។ ព្រះករុណា បាន​អំពាវនាវ​ពី​ទីក្រុង​ប៉េកាំង ប្រទេស​ចិន​។ ក្រោយ​ពី​ចាកចេញ​ពី​កម្ពុជា សម្តេចព្រះ នរោត្តម សីហនុ បានប្រកាសថា ខ្មែរក្រហម បាន​ឃុំឃាំង​ព្រះអង្គ នៅក្នុង​ព្រះបរមរាជវាំង​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI