ចិន-ម៉ាឡេស៊ី

ប្រធានាធិបតី​ចិន​សន្យា​បង្កើន​ទំនាក់ទំនង​ចិន-ម៉ាឡេស៊ី​អោយ​ចំរើន​ទ្វេដង​

ប្រធានាធិបតី​ចិន Xi Jinping និង​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី Najib Razak នៅថ្ងៃសុក្រ៤តុលានេះ
ប្រធានាធិបតី​ចិន Xi Jinping និង​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី Najib Razak នៅថ្ងៃសុក្រ៤តុលានេះ REUTERS/Bazuki Muhammad

នៅថ្ងៃ​សុក្រ​នេះ ក្នុង​ដំណើរ​​ទស្សនកិច្ច​នៅប្រទេស​ម៉ាឡេស៊ី ប្រធានាធិបតី​ចិន​​ ស៊ី ជីនពីង បាន​​សន្យា​ទៅ​រដ្ឋាភិបាល​ម៉ាឡេស៊ី ថា​ចិន​និង​បង្កើន​ទំនាក់ទំនង​ខ្លួន​ជាមួយ​ម៉ាឡេស៊ី អោយ​បាន​ទ្វេដង​ថែមទៀត។ ចិន​ទើប​តែ​បាន​ក្លាយជា​ដៃគូពាណិជ្ជកម្ម​​ទី​១​របស់​ម៉ាឡេស៊ី នាពេ​ល​ថ្មីៗ​នេះ នាំ​មុខ​​សហរដ្ឋ​អាមេរិក​វិញ។

ផ្សាយពាណិជ្ជកម្ម

ក្នុង​ដំណើរ​ទស្សនកិច្ច​នៅក្រុង​កូឡា ឡុំពួរ ប្រទេស​ម៉ាឡេស៊ី ប្រធានាធិបតី​ចិន​ ស៊ី ជីនពីង បាន​សន្យា​បង្កើន​ទំនាក់ទំនង​ទ្វេភាគី ចិន-ម៉ាឡេស៊ី អោយ​បាន​ចំរើន​ទ្វេដង​ បន្ថែមទៀត។ នៅថ្ងៃ​សុក្រនេះ លោក​ ស៊ី ជីនពីង បាន​​​ប្រាប់​ទៅ​នាយករដ្ខមន្ត្រី​ម៉ាឡេស៊ី ណាជីប រ៉ាហ្សាក់ ពីគោលបំណង​ធ្វើអោយ​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​ បាន​កើន​ជា​ទឹកប្រាក់​​​​១៦០ពាន់លាន​ដុល្លារ ចាប់ពីពេលនេះ​រហូត​ដល់​ឆ្នាំ​២០១៧។ ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​កាលពី​ឆ្នាំ​២០១២​មុននេះ មាន​​​ជា​ទឹកប្រាក់​៩៤ពាន់លាន​ដុល្លារ។

នៅថ្ងៃ​នេះ​សុក្រនេះ​ដែរ​ ប្រធានាធិបតីចិន​ត្រូវ​ចុះហត្ថលេខា​​លើ​កិច្ច​សហប្រតិបត្តិការ​​យុទ្ធសាស្ត្រ​ចិន-ម៉ាឡេស៊ី ដើម្បី​ពង្រឹង​ទំនាក់ទំនងរវាង​​ប្រទេស​ទាំងពីរ​បន្ថែមទៀត។ កាលពី​​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​​​ ចិន​ក៏បាន​ចុះហត្ថលេខា​ជាមួយ​ឥណ្ឌូណេស៊ី ​ពី​កិច្ចសហប្រតិបត្តិការ​បែបនេះ​ផងដែរ។ ទំនាក់ទំនង​ពាណិជ្ជកម្ម​ចិន​-ឥណ្ឌូណេស៊ី បាន​សំរេច​ចេញ​ជា​ទឹកប្រាក់​ប្រមាណ ១៦ពាន់លាន​៥សែន​ដុល្លារ នៅឆ្នាំ​២០០៥ ហើយ​កើនដល់​ជាង​៦៦ពាន់លានដុល្លារ ក្នុង​ឆ្នាំ​២០១២​កន្លងមក។ ចិន​ជា​ដៃគូ​ពាណិជ្ជកម្ម​ទី២​របស់​ឥណ្ឌូណេស៊ី បន្ទាប់​ពី​ជប៉ុន។

​​ទស្សនកិច្ច​របស់ប្រធានាធិបតី​ចិន នៅ​ឥណ្ឌូណេស៊ី និង​ម៉ាឡេស៊ី បង្ហាញ​ច្បាស់​ពី​យុទ្ធសាស្ត្រ​ចិន​ ក្នុង​ការ​ពង្រីក​ឥទ្ធិពល​​ខ្លួន​​នៅអាស៊ី។ ​ពិសេស​នៅពេល​ដែល​សហរដ្ឋអាមេរិក​​​បាន​ដាក់យុទ្ធសាស្ត្រ​ខ្លួន​នៅអាស៊ីផងដែរនោះ។ លោក ស៊ី​ ជីនពីង​ក៏​បាន​ប្រាប់​ថា លោក​នឹង​ខំពង្រឹង​ទំនាក់ទំនងចិន និង​ប្រទេស​ទាំង១០​របស់​អាស៊ាន អោយ​កាន់តែ​ស្អិតរមួត​ថែមទៀត។

ដូច្នេះ គ្មាន​វត្តមាន​លោក អូបាម៉ា លោក ស៊ី ជីនពីង ដែល​​នឹង​​ទៅចូលរួម​​វេទិកា​កិច្ចសហ​ប្រតិបត្តិការ​ពាណិជ្ជក​ម្ម​អាស៊ីប៉ាស៊ីហ្វិក ដែល​​​ផ្តុំ​ប្រទេស​ចំនួន​២១នោះ នឹង​​ធ្វើអោយ​​មុខមាត់​ចិន​លេចធ្លោជាងគេ​តែម្តង​ ព្រោះថា ប្រធានាធិបតី​អាមេរិក អូបាម៉ា ទើបតែ​បាន​លុបចោល​ទស្សនកិច្ច​លោកនៅ​អាស៊ី ដោយសារ​តែ​មានបញ្ហា​វិបត្តិថវិកា​ក្នុង​ប្រទេស៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI