តំបន់អឺរ៉ូ

សម្ពាធ​បន្ថែមទៅ​លើ​អាល្លឺម៉ង់​ដើម្បី​​ដោះស្រាយ​​វិបត្តិ​​ហិរញ្ញវត្ថុ​​និង​​សេដ្ឋកិច្ច​​

នាយករដ្ឋមន្ត្រី​អាល្លឺម៉ង់​លោកស្រី​មែរគែល
នាយករដ្ឋមន្ត្រី​អាល្លឺម៉ង់​លោកស្រី​មែរគែល REUTERS/Thomas Peter

ប្រឈមមុខ​ទល់នឹង​វិបត្តិ​ហិរញ្ញវត្ថុ​និង​វិបត្តិ​សេដ្ឋកិច្ច​ដ៏​ធ្ងន់ធ្ងរ​នៅ​ក្នុង​តំបន់​ចាយប្រាក់​អឺរ៉ូ​ ​ ប្រទេស​បារាំង​និង​ប្រទេស​អ៊ីតាលី​ទាមទារ​បង្កើត​ឲ្យ​មាន​សញ្ញាប័ណ្ណ-អឺរ៉ូ​ ​ ហើយនិង​នយោបាយ​ជំរុញ​ឲ្យ​មាន​សន្ទុះ​កំណើន​សេដ្ឋកិច្ច​បន្ថែម។​ក៏​ប៉ុន្តែ​នាយករដ្ឋមន្ត្រី​អាល្លឺម៉ង់​លោកស្រី​មែរគែល​ពុំ​យល់​ព្រម​ដោយងាយៗ​តាម​ការ​ទាមទារ​របស់​ទីក្រុង​ប៉ារីស​និង​ទីក្រុង​រ៉ូម​ដែលជា​ដៃគូ​ដ៏​សំខាន់​របស់​ខ្លួនឡើយ។

ផ្សាយពាណិជ្ជកម្ម

នាយករដ្ឋមន្ត្រី​អាល្លឺម៉ង់​លោកស្រី​មែរគែល​ពុំ​យល់ព្រម​តាម​ការ​ទាមទារ​របស់​ទីក្រុង​ប៉ារីស​និង​ទីក្រុង​រ៉ូម​ បង្កើត​ឲ្យ​មាន​សញ្ញាប័ណ្ណ-អឺរ៉ូ​ ​ មកពី​ប្រទេស​អាល្លឺម៉ង់​យល់ឃើញថា​ ​ កំណែ​ទម្រង់​រចនាសម្ព័ន្ធ​គឺជា​កំណែ​ទម្រង់​សម្រាប់​រយៈកាល​វែងឆ្ងាយ​ ​ ហើយជា​កំណែ​ទម្រង់​ដ៏​ប្រពៃ​សម្រាប់​ជួយ​ដោះស្រាយ​វិបត្តិ​ហិរញ្ញវត្ថុ​និង​វិបត្តិ​សេដ្ឋកិច្ច​ដ៏​ធ្ងន់ធ្ងរ​ដែលកើត​មាន​នៅ​ក្នុង​តំបន់​ចាយប្រាក់​អឺរ៉ូ​និងនៅ​ក្នុង​សហភាព​អឺរ៉ុប​ទាំងមូល។​ មូលហេតុ​នេះហើយ​ដែលបាន​នាំឲ្យ​លោកស្រី​នាយករដ្ឋមន្ត្រី​អាល្លឺម៉ង់​បដិសេធ​ច្រានចោល​នយោបាយ​ជំរុញ​ឲ្យ​សន្ទុះ​កំណើន​សេដ្ឋកិច្ច​ដែល​ផ្អែកលើ​ការចំណាយ​របស់​រដ្ឋ​ ​ ដែលជា​ការទាមទារ​ចង់បាន​ដោយ​អ្នកដឹកនាំ​​បារាំង​និង​អ្នកដឹកនាំ​នៃ​ប្រទេស​អ៊ីតាលី។​ ហើយទោះបី​ជា​ទីផ្សារ​ហិរញ្ញវត្ថុ​មាន​ការ​បារម្ភ​យ៉ាងខ្លាំង​ទៅលើ​ស្ថានភាព​របស់​រូបិយប័ណ្ណ​អឺរ៉ូ​ក៏​ដោយ។​ ទីផ្សារ​ហិរញ្ញវត្ថុ​បារម្ភ​ខ្លាំង​ ​ ក៏​ពីព្រោះ​តែ​គេខ្លាច​កង្វះ​សន្ទុះ​កំណើន​សេដ្ឋកិច្ច​ ឬ​ដំណើរ​សេដ្ឋកិច្ច​ថយ​ក្រោយ​ខ្លាំង​នៅ​ក្នុង​តំបន់​អឺរ៉ូ​នឹង​ធ្វើឲ្យ​ស្ថានភាព​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​នៃ​តំបន់​ចាយប្រាក់​អឺរ៉ូ​និង​អឺរ៉ុប​ទាំងមូល​ធ្លាក់​ចុះ​ដុនដាប​ខ្លាំងឡើង​បន្ថែមទៀត។

 
គួរកត់​សម្គាល់ថា​ ​ នយោបាយ​កំណែ​ទម្រង់​ទីផ្សារ​ការងារ​នៅ​ប្រទេស​អាល្លឺម៉ង់​បាន​ហុច​ចេញ​ជា​ផ្លែផ្កា​ដ៏​គួរ​ឲ្យ​ពេញចិត្ត​ ​ ហើយ​វាក៏​ជា​មោទនភាព​របស់​ទីក្រុង​ប៊ែរឡាំងដែរ​ ​ ដែល​ស្ថានភាព​សេដ្ឋកិច្ច​និង​ស្ថានភាព​ហិរញ្ញវត្ថុ​អាល្លឺម៉ង់​មាន​លក្ខណៈ​ល្អ​ប្រសើរ​ជាង​ប្រទេស​ដទៃ​ទៀត​នៅ​ក្នុង​តំបន់​អឺរ៉ូ។​ ដូច្នេះហើយ​បានជា​អ្នកដឹកនាំ​អាល្លឺម៉ង់​បាន​ថ្លែង​ថា​ “មាគ៌ា​នយោបាយ​សេដ្ឋកិច្ច​និង​នយោបាយ​ហិរញ្ញវត្ថុ​របស់​អាល្លឺម៉ង់​គឺជា​មាគ៌ា​ល្អ​ត្រឹមត្រូវ”។

កំណែ​ទម្រង់​រចនា​សម្ព័ន្ធ​តាមបែប​អាល្លឺម៉ង់​ពិតជា​ត្រូវការ​ពេល​វេលា​យូរ​ ទើប​អាច​ហុចចេញ​លទ្ធផល​ជាផ្លែផ្កា។​ ជាក់ស្តែង​ ស្ថានភាព​សេដ្ឋកិច្ច​និង​ស្ថានភាព​ហិរញ្ញវត្ថុ​អាល្លឺម៉ង់​មាន​លក្ខណៈ​ល្អ​ប្រសើរ​ជាង​ប្រទេស​ដទៃ​ទៀត​នៅ​ក្នុង​សហភាព​អឺរ៉ុប។

ម្យ៉ាងទៀត​ គួររំលឹក​ថា​ ​ អត្រា​នៃ​ប្រាក់​បំណុល​សាធារណៈ​អាល្លឺម៉ង់​បាន​កើនឡើង​យ៉ាងខ្លាំង​រហូត​ដល់ទៅ​ជាង៨០%​នៃ​ផលិតផល​ដុល​ក្នុង​ប្រទេស​ ​ បន្ទាប់​ពី​អ្នកដឹកនាំ​អាល្លឺម៉ង់​បាន​អនុវត្ត​ផែនការ​ជំរុញ​ឲ្យ​មាន​សន្ទុះ​កំណើន​សេដ្ឋកិច្ច​ ​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​វិបត្តិ​នៃ​សេដ្ឋកិច្ច​ដើរថយ​ក្រោយ​នៅ​ឆ្នាំ២០០៩។​ មូលហេតុ​នេះហើយ​ដែលបាន​ធ្វើឲ្យ​នាយករដ្ឋមន្ត្រី​អាល្លឺម៉ង់​លោកស្រី​មែរគែល​ថ្លែងថា​ ​ “ប្រទេស​អាល្លឺម៉ង់​ពុំអាច​អនុវត្ត​ មាគ៌ា​នយោបាយ​ជំរុញ​ឲ្យ​មាន​សន្ទុះ​កំណើន​សេដ្ឋកិច្ច​បែបនេះ​ជាលើក​ទីពីរ​ឡើយ”។

ទន្ទឹមគ្នានេះ​ ប្រភព​ជំនិត​នឹង​រដ្ឋាភិបាល​អាល្លឺម៉ង់​បាន​ថ្លែងឲ្យ​ដឹងថា​ ​ ទីក្រុង​ប៊ែរឡាំង​ពុំ​ចង់បាន​ឡើយ​ មាគ៌ា​នយោបាយ​ជំរុញ​ឲ្យ​មាន​សន្ទុះ​កំណើន​សេដ្ឋកិច្ច​ ​ ដោយ​ផ្អែកលើ​ការចំណាយ​របស់​រដ្ឋ។​ នយោបាយ​ជំរុញ​ឲ្យ​មាន​សន្ទុះ​កំណើន​សេដ្ឋកិច្ច​ ​ ដោយ​ផ្អែកលើ​ការចំណាយ​របស់​រដ្ឋ​ ​ បាន​សេចក្តីថា​ ​នឹង​ធ្វើឲ្យ​រដ្ឋ​មាន​ចំនួន​ប្រាក់​បំណុល​សាធារណៈ​កើន​កាន់តែ​ខ្លាំងឡើង​បន្ថែមទៀត។​ នេះ​ជាការមួយ​ដែល​អ្នកដឹកនាំ​អាល្លឺម៉ង់​ពុំចង់​ឃើញ​កើតមាន​ទៀតឡើយ​នៅ​ក្នុង​តំបន់​អឺរ៉ូ។​ ដូច្នេះហើយ​ បានជា​រដ្ឋាភិបាល​អាល្លឺម៉ង់​បាន​សម្ដែង​ឲ្យដឹងថា​ ​ “គេនឹង​ពុំ​ប្តូរ​ជំហរ​របស់​គេឡើយ​ ​ នាឱកាស​ជំនួប​កំពូល​ G20 ​នៅ​ពេល​ខាងមុខនេះ​ ​ ទោះបីជា​ទីក្រុង​ប៊ែរឡាំង​ទទួល​ស្គាល់ថា​ ​ សេដ្ឋកិច្ច​ពិភពលោក​អាច​ជួប​នឹង​គ្រោះថ្នាក់​ក៏​ដោយ។

អគ្គិភ័យ​ហិរញ្ញវត្ថុ​និង​សេដ្ឋកិច្ច​នៅ​ប្រទេស​អេស្ប៉ាញ​បាន​ត្រូវ​ឋិតនៅ​ក្រោម​ការ​ក្តោបក្តាប់​បាន​ជា​បណ្តោះ​អាសន្ន។​ ក៏ប៉ុន្តែ​ អគ្គិភ័យ​ហិរញ្ញវត្ថុ​និង​សេដ្ឋកិច្ច​នៃ​ប្រទេស​ក្រិក​អាច​ចាប់​ផ្ទុះ​ឆាបឆេះ​សាជាថ្មី​ឡើងវិញ​ ​ ក្រោយការ​បោះឆ្នោត​សភា​នៅ​ថ្ងៃ​អាទិត្យ​ទី១៧​មិថុនា​ខាងមុខនេះ។​ ហើយនៅ​ចន្លោះ​ពេលនេះ​ ប្រទេស​អាល្លឺម៉ង់​ ​ ប្រទេស​បារាំង​ ​ និង​ប្រទេស​អ៊ីតាលី​កំពុង​ខិតខំ​រិះរក​ផែនការ​ដើម្បី​ជួយ​ដោះស្រាយ​វិបត្តិ​ហិរញ្ញវត្ថុ​នៅក្នុង​តំបន់​អឺរ៉ូ។

លោក​ប្រធានាធិបតី​បារាំង​ ហ្វ្រង់ស័រ​ ហូឡង់​នឹង​អញ្ជើញ​ទៅ​ទីក្រុង​រ៉ូម​នៅ​ថ្ងៃ​ព្រហស្បតិ៍​ ដើម្បី​ជួប​ពិភាក្សា​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី​អ៊ីតាលី​ ម៉ារីយ៉ូ​ ម៉ុងទី​ ​ ដើម្បី​រិះរក​មាគ៌ា​នយោបាយ​ជួយ​ជំរុញ​ឲ្យ​មាន​សន្ទុះ​កំណើន​សេដ្ឋកិច្ច​នៅក្នុង​តំបន់​អឺរ៉ូ។​ ហើយ​អ្នកដឹកនាំ​អឺរ៉ុប​ទាំងពីរ​ក៏​ដឹងដែរថា​ ​ អ្វីៗ​ក៏​ពុំអាច​ធ្វើបាន​ដែរ​ ​ បើ​គ្មាន​ការយល់ព្រម​ពី​សំណាក់​ទីក្រុង​ប៊ែរឡាំង​ទេនោះ។

ដើម្បី​ជួយ​ជំរុញ​ឲ្យ​មាន​សន្ទុះ​កំណើន​សេដ្ឋកិច្ច​នៅ​អឺរ៉ុប​ ​ លោក​ប្រធានាធិបតី​បារាំង​ ហ្វ្រង់ស័រ​ ហូឡង់​ យល់ឃើញថា​ ​ គេត្រូវ​តែ​បង្កើត​ឲ្យ​មាន​សញ្ញាប័ណ្ណ​អឺរ៉ូ។​ នេះ​ជាការ​បញ្ជាក់​របស់​លោក​ហូឡង់​នាឱកាស​សុន្ទរកថា​នៅ​ទីក្រុង​ប៉ារីស​ ​ ថ្លែង​នៅមុខ​ក្រុមប្រឹក្សា​សេដ្ឋកិច្ច​និង​សង្គម។​ ហើយ​កំណើន​សេដ្ឋកិច្ច​ក៏​ពុំ​ត្រូវ​កើត​ចេញពី​ការចំណាយ​សាធារណៈ​បន្ថែម​ទៀតឡើយ។​ សម្រាប់​លោក​ប្រធានាធិបតី​បារាំង​ ហ្វ្រង់ស័រ​ហូឡង់​ “សន្ទុះ​កំណើន​សេដ្ឋកិច្ច​ត្រូវ​កើតចេញ​ពី​ឆន្ទៈ​រួម​របស់​អឺរ៉ុប​ ​ ដោយត្រូវ​រៀបចំ​ឲ្យ​មាន​នូវ​ឧបករណ៍​ថ្មីៗ​ មានដូចជា​ សញ្ញាប័ណ្ណ-អឺរ៉ូ​ ​ ឬ​ឧបករណ៍​ថ្មីៗ​ដទៃទៀត​ ​ ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​ហិរញ្ញវត្ថុ​និង​បញ្ហា​សេដ្ឋកិច្ច​ ​ ហើយជា​ពិសេស​ ​ ឆន្ទៈ​នៃ​សន្ទុះ​កំណើន​សេដ្ឋកិច្ច​ពុំត្រូវ​ធ្វើឲ្យ​ប៉ះពាល់​ដល់​ភាព​មធ្យ័ត​ក្នុង​ការ​ក្តោបក្តាប់​ទៅលើ​វិស័យ​ឧនភាព​ថវិកា​ជាតិឡើយ។

លោក​ប្រធានាធិបតី​ ហ្វ្រង់ស័រ​ ហូឡង់​បាន​ថ្លែង​សន្យា​ទៀតថា​ “​ប្រទេស​បារាំង​ត្រូវ​ធ្វើការ​កាត់​បន្ថយ​ប្រាក់បំណុល​សាធារណៈ​ ​ ហើយងាក​មករក​តុល្យភាព​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​សាធារណៈ​ចាប់ពី​ពេលនេះ​ទៅទល់​ឆ្នាំ២០១៧​(ដែលជា​ឆ្នាំ​បញ្ចប់​អាណត្តិ​ប្រធានាធិបតី​របស់លោក)។​ ហើយបើ​គ្មាន​ផែនការ​ជំរុញ​ឲ្យ​មាន​សន្ទុះ​កំណើន​សេដ្ឋកិច្ច​ទេ​ ​ នោះ​គេ​ច្បាស់ជា​គ្មាន​លទ្ធភាព​នឹង​ធ្វើការ​កាត់​បន្ថយ​ប្រាក់បំណុល​សាធារណៈ​បាន​ឡើយ”៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI