ការចរចាស្តាប់គ្នាមិនបានស្តីពីវិបត្តិស៊ីរី
ចុះផ្សាយនៅថ្ងៃ៖
បារាំងនិងរុស្ស៊ីនិយាយស្តាប់គ្នាមិនបានស្តីពីវិបត្តិស៊ីរី។នៅឱកាសសន្និសីទសារព័ត៌មានរួមគ្នាមួយជាមួយប្រធានាធិបតីរុស្ស៊ី Vladimir Poutine នៅប៉ារីសកាលពីយប់មិញ លោកប្រមុខរដ្ឋបារាំងបានអះអាងថា « វិបត្តិស៊ីរីអាចដោះស្រាយទៅរួចលុះណាតែលោក Bachar el Assadចាកចេញពីមុខតំណែង”។រីឯ លោកពូទីនវិញដែលគាំទ្រប្រទេសរុស្ស៊ីជានិច្ចនោះបានព្រមានថា រុស្ស៊ីប្រឆាំងនឹងការដាក់ទណ្ឌកម្មនិងអន្តរាគមន៍តាមផ្លូវយោធារបស់អន្តរជាតិ ប្រឆាំងរបបទីក្រុងដាម៉ាស។
“បារាំងនិងរុស្ស៊ីនៅមិនទាន់និយាយត្រូវរ៉ូវគ្នានៅឡើយទេជាអាទិ៍ ស្តីពីការទទួលខុសត្រូវចំពោះវិបត្តិស៊ីរី។ ប្រទេសបារាំងចាត់ទុករបបលោក Bachar el Assad ថាជាអ្នកទទួលខុសត្រូវទាំងស្រុងចំពោះស្ថានការណ៍នៅក្នុងប្រទេសស៊ីរី។ របប លោក Bachar el Assad បានប្រព្រឹត្តអំពើដែលមិនអាចឲ្យទទួលយកបាននិងក៏មិនអាចឲ្យអត់អោនបានជាដាច់ខាត-នេះជាសេចក្តីថ្លែងរបស់លោកប្រធានាធិបតីបារាំង François Hollande។ រីឯលោក Vladimir Poutine ប្រធានាធិបតីរុស្ស៊ីវិញ បានលើកឡើងអំពីមនុស្សស្លាប់ជាច្រើនរយនាក់នៅប្រទេសស៊ីរីដែលបណ្តាលមកពីចលនាឧទ្ទាម។
ការនិយាយមិនចុះសម្រុងគ្នាវាងបារាំងនិងរុស្ស៊ី ជាពិសេសស្តីពីការរកដំណោះស្រាយមួយដើម្បីឲ្យស៊ីរី អាចចេញផុតពីវិបត្តិបច្ចុប្បន្ន។ ប្រសិនបើម្នាក់ៗយល់ឃើញថា មានតែដំណោះស្រាយតាមផ្លូវនយោបាយមួយដែលអាចជាដំណោះស្រាយប្រសើរនោះ រុស្ស៊ី វិញ ចាត់ទុកថា វាជាដំណោះស្រាយមានតែមួយគត់ប៉ុណ្ណោះ។
ផ្ទុយទៅវិញ បារាំងគិតថាក្នុងខណៈនេះគេត្រូវតែធ្វើសកម្មភាពជាអាទិ៍ការដាក់ទណ្ឌកម្មជាបន្ថែមទៀតរបស់អសបប្រឆាំងរបបស៊ីរី។ ប៉ុន្តែលោកពូទីន អះអាងថា ការដាក់ទណ្ឌកម្មកន្លងមក មិនដែលមានប្រសិទ្ធិភាពរាល់តែពេលនោះទេ។
ប្រមុខរដ្ឋបារាំងនិងរុស្ស៊ី ក៏មានការខ្វែងគំនិតគ្នាដែរ អំពីជោគវាសនារបស់លោក Bachar el Assad។ចំពោះលោក François Hollande ការចាកចេញពីអំណាចរបស់លោក Bachar el Assad គឺជាកត្តាចាំបាច់ដើម្បីឲ្យមានអន្តរកាលនយោបាយមួយ។ រីឯលោកពូទីនវិញ បានព្រមានតបវិញថា លោកប្រឆាំងចំពោះដំណោះស្រាយបែបនេះដែលនឹងបង្កអសន្តិសុខកាន់តែធ្ងន់ធ្ងរថែមទៀតដូចគ្នានឹងហេតុការណ៍ដែលបានកើតឡើងកន្លងមកនៅអ៊ីរ៉ាក់និងនៅលីប៊ី។
ទាក់ទងនឹងសំណួរស្តីពីលទ្ធភាពរបស់រុស្ស៊ីក្នុងការទទួលស្វាគមលោក Bachar el Assad នៅលើទឹកដីរុស្ស៊ី លោកពូទីនបានថ្លែងចំអកដោយឥតរួញរាថា អ្នកដឹកនាំស៊ីរី បានមកបំពេញទស្សនកិច្ចនៅទីក្រុងប៉ារីសច្រើនដងជាងនៅម៉ូស្គូ។ ក្នុងសំនៀងដូចគ្នានេះលោកប្រមុខរដ្ឋបារាំង បានឆ្លើយតបវិញភ្លាមថា”ទស្សនកិច្ចរបស់ លោក AssadឪពុកនិងAssad កូនពុំមែនស្ថិតនៅក្រោមការទទួលខុសត្រូវរបស់ខ្ញុំទេ”។
សូមបញ្ជាក់ថា លោក Hafez el Assad ដែលជាឪពុករបស់លោក Bachar el Assad និងស្លាប់នៅឆ្នាំ២០០០ ធ្លាប់មកប៉ារីសតាមសេចក្តីអញ្ជើញរបស់អតីតប្រធានាធិបតីបារាំង Jacques Chirac នៅខែកក្កដាឆ្នាំ១៩៩៨។ ចំណែក កូនប្រុស របស់គាត់គឺលោក Bachar el Assad ដែលបានបន្តស្នងតំណែងពីឪពុក បានមកប៉ារីសចំនួន២ដងតាមការអញ្ជើញរបស់អតីតប្រធានាធិបតីបារាំង នីកូឡាសាកូហ្ស៊ីនៅខែកក្កដា២០០៨និងខែវិច្ឆិកា២០០៩។
នៅឱកាសទស្សនកិច្ចរបស់លោកពូទីននៅប៉ារីសនេះ ក្រុមអ្នកប្រឆាំងលោកVladimir Poutine និងរបបលោក Bachar el Assad រាប់សិបនាក់-បានមកជួបជុំគ្នានៅក្បែររុក្ខវិថី champs-Elyséesដើម្បីទិតៀនរិះគន់រដ្ឋបុរសទាំងពីរនិងទំនាក់ទំនងដែលគេផ្សារភ្ជាប់ជាមួយគ្នា៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ