កម្ពុជា-បោះឆ្នោត

អត្រា​​​នៃ​អ្នក​ចូល​រួម​ការ​បោះឆ្នោត​ថយ​ចុះ​មក​នៅ​ត្រឹម​៦០​ភាគរយ​

អ្នក​ចូលរួម​បោះឆ្នោត​ឃុំ​សង្កាត់​ក្នុង​ទីក្រុង​ភ្នំពេញ
អ្នក​ចូលរួម​បោះឆ្នោត​ឃុំ​សង្កាត់​ក្នុង​ទីក្រុង​ភ្នំពេញ © REUTERS

គណៈកម្មាធិការ​​ជាតិ​​រៀបចំ​​ការ​​បោះឆ្នោត​​​ ​បាន​​​ប៉ាន់​​ស្មាន​​ក្នុង​​ជំហាន​​ដំបូង​ថា ​អ្នក​​ចូលរួម​​ការ​​បោះឆ្នោត​​ឃុំ​​សង្កាត់​​នៅ​​ឆ្នាំ​​២០១២​​នេះ ​​បាន​​ថយចុះ​​មក​នៅ​​ត្រឹម​​៦០​​ភាគរយ​​ពោល​​គឺ​​ថយ​ចុះ​​៧​​ភាគរយ​​បើ​​ប្រៀបធៀប​​ទៅ​​នឹង​​ការ​បោះឆ្នោត​​ឆ្នាំ ​​២០០៧​​កន្លង​មក។​ នៅ​​ទីក្រុង​ភ្នំពេញ​​អ្នក​​​ចូល​រួម​​បោះឆ្នោត​​មាន​​ចំនួន​​​ប្រមាណ​​ជា​​៦០​​ភាគរយ​​ដែរ។​ ក្រៅ​ពី​​នេះ​ គណបក្ស​​ប្រឆាំង​​បាន​​លើ​ក​​ឡើង​​ពី​​ភាព​​មិន​​ប្រក្រតី​​ផ្សេង​ៗ​​ទៀត។​ 

ផ្សាយពាណិជ្ជកម្ម

 

លោក ទេព នីថា អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​បាន​និយាយ​ប្រាប់​នៅ​ល្ងាច​ថ្ងៃ​អាទិត្យ​នេះ​ថា អត្រា​នៃ​អ្នកចូលរួម​បោះឆ្នោត​នៅ​ឆ្នាំ​២០១២​នេះ ​បាន​ថយ​ចុះ​មក​នៅ​ត្រឹម​​៦០​ភាគរយ​ពោល​គឺ​ថយចុះ​៧​ភាគរយ​បើ​ប្រៀបធៀប​ទៅ​នឹង​ការ​បោះឆ្នោត​ឃុំ​សង្កាត់​​កាល​ពី​ឆ្នាំ​២០០៧​កន្លង​មក។ នៅ​ទី​ក្រុង​ភ្នំពេញ​ អ្នក​ចូលរួម​បោះឆ្នោត​មាន​ចំនួន​​៦០​ភាគរយ​ដែរ។

នៅ​ឆ្នាំ​២០១២​នេះ ប្រជាជន​ដែល​បាន​ចុះ​ឈ្មោះ​បោះឆ្នោត​ឃុំ​សង្កាត់​នេះ​មាន​ចំនួន​៩​លាន​នាក់។ ក្រៅ​ពី​អត្រា​នៃ​អ្នក​ចូលរួម​បោះឆ្នោតលោកទេព នីថា អគ្គលេខាធិការ​នៃ​គណៈ​កម្មាធិការ​​​​ជាតិ​រៀបចំ​ការ​បោះឆ្នោត​បាន​បញ្ជាក់​ប្រាប់​ទៀត​ថា បរិយាកាស​បោះឆ្នោត​ទូទៅ​មាន​លក្ខណៈ​ល្អ​ប្រសើរ​ប៉ុន្តែ​មុន​បិទការិយាល័យ​បោះឆ្នោត​នៅ​ល្ងាច​ម៉ោង​៣​បន្តិច​ ភ្លៀងធ្លាក់​បាន​រំខាន​ការិយាល័យ​បោះឆ្នោត​មួយ​ចំនួន។ ការិយាល័យ​បោះឆ្នោត​៣​នៅ​ទីក្រុង​ភ្នំពេញ​និង​៣​ទៀត​​​​នៅ​ខេត្ត​បាត់​ដំបង​ត្រូវ​​រាប់​សន្លឹកឆ្នោត​នៅ​ថ្ងៃ​ស្អែក​ដោយសារ​ការ​រំខាន​ពី​ភ្លៀងធ្លាក់។ នេះ​បើយោង​តាម​ការ​អោយ​ដឹង​របស់ លោក ទេព នីថា​ មន្ត្រី​ជាន់​ខ្ពស់​នៃ​គណៈកម្មាធិការ​រៀបចំ​ការ​បោះឆ្នោត។

សម្រាប់​គណបក្ស​ប្រឆាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា​វិញ ពួកគេ​​បាន​លើក​ឡើង​ពី​ភាព​មិន​ប្រក្រតី​មួយ​​ចំនួន​នៅ​ក្នុង​ដំណើរ​ការ​បោះឆ្នោត​នៅ​ថ្ងៃ​អាទិត្យនេះ។ លោក កឹម សុខា ប្រធាន​គណបក្ស​សិទ្ធិមនុស្ស​ បាន​បញ្ជាក់​ប្រាប់​ថា​មាន​ភាព​មិន​ប្រក្រតី​មួយ​ចំនួន​កើត​ឡើង​នៅ​ក្នុង​ដំណើរ​ការ​បោះឆ្នោត​ឃុំសង្កាត់​នៅ​ថ្ងៃ​អាទិត្យ​នេះ។ ភាព​មិន​ប្រក្រតី​ទាំង​នោះ​ជា​រួម​មាន៖​ប្រជាជន​មួយ​ចំនួន​​បាត់​ឈ្មោះ ​មិន​អាច​ទៅបោះ​ឆ្នោត​បាន។ មេឃុំ​ ចៅ​សង្កាត់ ​មួយចំនួន​ឈរ​​នៅ​ក្បែរ​​ការិយាល័យ​​បោះឆ្នោត​ដើម្បី«ប្រាប់​អោយ​អ្នក​បោះឆ្នោត ​​បោះ​អោយ​គណបក្ស​របស់​ខ្លួន»។

ចំណែក​ឯ លោក យឹម សុវណ្ណ អ្នក​នាំពាក្យ​គណបក្ស​សមរង្ស៊ី​ឯ​ណេះ​វិញ លោក​បាន​សង្កេត​ឃើញ​ថា មានវត្ត​មាន​នគបាល​ឈរ​នៅ​ពី​មុខ​មណ្ឌលបោះឆ្នោត​និង​មាន​វត្តមាន​រថយន្ត​ដាក់​ស្លាក​​គណបក្ស​នយោបាយ​នៅ​ពី​មុខ​ការិយាល័យ​បោះឆ្នោត។ រូបភាព​និង​កាយវិការ​ខាង​លើ​នេះ​គឺ​ជា​ការ​គំរាមកំហែង​ដោយ​ប្រយោល​មក​លើ​អារម្មណ៍​អ្នក​បោះឆ្នោត៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI