ជប៉ុន

លោក​ស្ហ៊ីនហ្សូ អាបេ ​ចង់ឲ្យ​កងទ័ព​ជប៉ុន​អាច​ធ្វើ​អន្តរាគមន៍​ការពារ​សម្ព័ន្ធមិត្ត

លោក​ស្ហ៊ីនហ្សូ អាបេ នាយករដ្ឋមន្រ្តី​ជប៉ុន
លោក​ស្ហ៊ីនហ្សូ អាបេ នាយករដ្ឋមន្រ្តី​ជប៉ុន REUTERS/Yuya Shino

លោក​ស្ហ៊ីនហ្សូ អាបេ នាយករដ្ឋមន្រ្តី​ជប៉ុន បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន នៅថ្ងៃ​ព្រហស្បតិ៍​ថា លោក​នឹង​ចាត់ចែង​ឲ្យ​មាន​ការ​បកស្រាយ​ឡើងវិញ​នូវ​រដ្ឋធម្មនុញ្ញ​សន្តិភាព​និយម​របស់​ជប៉ុន ដើម្បី​បើក​ផ្លូវ​ឲ្យ​កងទ័ព​ជប៉ុន​អាច​ធ្វើ​អន្តរាគមន៍ ជួយ​ការពារ​ប្រទេស​សម្ព័ន្ធមិត្ត។ ការស្វះស្វែង​រក​ការ​ផ្លាស់ប្តូរ​ជំហរ​សន្តិភាព​និយម​នៃ​កងទ័ព​ជប៉ុន​នេះ​ធ្វើឡើង នៅ​ក្នុង​ពេល​ដែល​ជម្លោះ​ដែន​សមុទ្រ​កំពុងតែ​កើតឡើង​ខ្លាំង នៅ​ក្នុង​តំបន់​អាស៊ី។

ផ្សាយពាណិជ្ជកម្ម

 

លោក​ស្ហ៊ីនហ្សូ អាបេ បាន​ពន្យល់ថា បរិយាកាស​តានតឹង​នៅ​ក្នុង​តំបន់​អាស៊ី​បច្ចុប្បន្ន គឺ​ជា​ហេតុផល​ដ៏​ចម្បងមួយ ដែល​ចាំបាច់​តម្រូវ​ឲ្យ​ជប៉ុន​ត្រូវ​លុបចោល​នូវ​ជំហរ​សន្តិភាព​និយម ដែល​បាន​ដាក់​លើ​កងទ័ព​ជប៉ុន ចាប់តាំង​ពី​ក្រោយ​សង្រ្គាម​លោក​លើកទីពីរមក។ លោក​ស្ហ៊ីនហ្សូ អាបេ ក៏​បាន​ព្យាយាម​ធានា​ផងដែរ​ថា ការផ្លាស់ប្តូរ​នេះ​មិនមែន​មានន័យថា ជប៉ុន​នឹង​​បោះបង់​ផ្លូវ​សន្តិភាព ហើយ​ដើរលើ​គន្លង​ផ្លូវ​សង្រ្គាម​នោះទេ។

ទោះជាយ៉ាងណា គេ​ឃើញ​មាន​មនុស្ស​ប្រមាណ​ជា ៥០០នាក់ បាន​នាំគ្នា​ធ្វើ​បាតុកម្ម នៅ​ក្បែរ​គេហដ្ឋាន​របស់​លោក​ស្ហ៊ីនហ្សូ អាបេ ដើម្បី​ប្រឆាំង​នឹង​គម្រោង​កែប្រែ​ជំហរ​សន្តិភាព​និយម​នេះ ដោយ​ពួកគេ​យល់ថា វា​អាច​នឹង​រុញ​ជប៉ុន​ឲ្យ​ធ្លាក់​ទៅ​ក្នុង​ភ្លើង​សង្រ្គាម​នៅថ្ងៃ​ណាមួយ។

គួររំឭកឡើងវិញ​ថា ជំហរ​សន្តិភាព​និយម គឺ​ជា​កាតព្វកិច្ច ដែល​​អាមេរិក​ដាក់​ដោយ​​បង្ខំ​លើ​ជប៉ុន ក្រោយ​ពី​ជប៉ុន​ចាញ់​សង្រ្គាម​លោក​លើកទី២ កាល​ពី​ឆ្នាំ​១៩៤៥។ ជំហរ​សន្តិភាព​និយម​នេះ មាន​ចែង​នៅ​ក្នុង​មាត្រា ៩ នៃ​រដ្ឋធម្មនុញ្ញ​ជប៉ុន ដែល​ចែង​ថា ជប៉ុននឹង​បោះបង់​ចោល​ជារៀងរហូត​នូវ​ការ​ប្រើ​កម្លាំង​ទ័ព ក្នុងការ​ដោះស្រាយ​ជម្លោះ​អន្តរជាតិ។

នៅ​ក្នុង​រយៈពេល​ប្រមាណ​ជាង ៦០ឆ្នាំ​កន្លងទៅនេះ ជប៉ុន​បាន​កំណត់​ថា មាត្រា ៩ នៃ​រដ្ឋធម្មនុញ្ញ​នេះ ហាមឃាត់​ដាច់ខាត​មិន​ឲ្យ​ទាហាន​ជប៉ុន​ផ្ទុះអាវុធ​ លើកលែងតែ​ក្នុងករណី​ត្រូវ​ទទួលរងការ​បាញ់​ប្រហារ​តែ​ប៉ុណ្ណោះ។

លោក​ស្ហ៊ីនហ្សូ អាបេ ដែល​មើល​ឃើញ​ថា ការ​​ធ្វើ​វិសោធនកម្ម​លើ​មាត្រា ៩​ នេះ​ ពិបាក​នឹង​ធ្វើ​ទៅរួច ដោយសារ​តែ​មានការ​ជំទាស់​​ពី​សំណាក់​សាធារណមតិ​ជប៉ុន ក៏​គ្រោង​ត្រឹម​ធ្វើ​ច្បាប់ ដើម្បី​បកស្រាយ​ឡើងវិញ​នូវ​អត្ថន័យ នៃ​មាត្រា​នេះ។ យោងតាម​លោក​ស្ហ៊ីនហ្សូ អាបេ មាត្រា ៩​នេះ គួរត្រូវ​បាន​បកស្រាយ​​ក្នុង​លក្ខណៈ​ទូលំទូលាយ ដែល​អាច​ឲ្យ​ទាហាន​ជប៉ុន​អាច​ចេញ​មុខ​ធ្វើ​អន្តរាគមន៍​បាន នៅ​ក្នុងករណី ដែល​ប្រទេស​សម្ព័ន្ធមិត្ត​របស់​ជប៉ុន​ត្រូវ​ទទួល​រងការ​វាយប្រហារ បើទោះបី​ជា​ទាហាន​ជប៉ុន​មិនមែន​ជា​អ្នក​រងការ​វាយប្រហារ​ដោយ​ផ្ទាល់​ក៏ដោយ។

នៅ​ក្នុង​ជំនួបកំពូល​​អាមេរិក-ជប៉ុន​ កាល​ពី​ខែមុន លោក​អូបាម៉ា​បាន​បង្ហាញ​នូវ​ជំហរ​ស្វាគមន៍​ចំពោះ​គម្រោង​​របស់​លោក​ស្ហ៊ីនហ្សូ អាបេ ពីព្រោះ​ថា នៅ​ក្នុង​ស្ថានភាព​​បច្ចុប្បន្ន​នេះ អាមេរិក​មាន​កាតព្វកិច្ច​ការពារជប៉ុន នៅពេលណា​ដែល​ជប៉ុន​រងការ​វាយប្រហារ ក៏ប៉ុន្តែ ក្នុងករណី​អាមេរិក​ត្រូវ​ទទួលរង​ការ​វាយប្រហារ​វិញ ជប៉ុន​មិន​អាច​ចូល​ជួយ​អាមេរិក​បានទេ ដរាបណា​ជប៉ុន​មិនទទួល​រង​ការ​វាយប្រហារ​ដោយ​ផ្ទាល់។

ក៏ប៉ុន្តែ ការ​ស្ទាបស្ទង់មតិ​ កាល​ពី​ខែ​មុន​បង្ហាញ​ថា ប្រជាជន​ជប៉ុន​រហូត​ដល់​ទៅ ៦៣% បង្ហាញ​នូវ​ជំហរ​ជំទាស់​មិន​ចង់​ឲ្យ​ជប៉ុន​ត្រូវ​ជាប់កាតព្វកិច្ច​ការពារ​ប្រទេស​ណាផ្សេងទាំង​អស់ ក្រៅតែ​ពី​ការ​ពារ​ជាតិ​ខ្លួនឯង​ផ្ទាល់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI