ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

នយោបាយ​សេដ្ឋកិច្ច​របស់​លោក​ស្ហ៊ីនហ្សូ​អាបេ​កំពុង​ផ្តល់​ផ្លែផ្កា

នយោបាយ​សេដ្ឋកិច្ច​ដាក់ចេញ​ដោយ​លោក​ស្ហ៊ីនហ្សូ អាបេ ត្រូវបាន​គេ​ផ្តល់​រហស្សនាម​ថា "Abenomics"
នយោបាយ​សេដ្ឋកិច្ច​ដាក់ចេញ​ដោយ​លោក​ស្ហ៊ីនហ្សូ អាបេ ត្រូវបាន​គេ​ផ្តល់​រហស្សនាម​ថា "Abenomics" REUTERS/Toru Hanai

នៅថ្ងៃចន្ទនេះ រដ្ឋាភិបាល​ជប៉ុន​ទើប​តែ​នឹង​បញ្ចេញ​តួលេខ​មួយថ្មីទៀត ដែល​បង្ហាញ​ថា សេដ្ឋកិច្ច​ជប៉ុន កាល​ពី​ក្នុង​ចន្លោះ​ខែ​មករា ដល់​ខែ​មីនា ដើមឆ្នាំនេះ​​ តាមពិតទៅ មិនមែន​កើនឡើង​ត្រឹម ៣,៥% ដូច​តួលេខ​ដែល​បង្ហាញ កាល​ពីលើកមុន​នោះទេ ប៉ុន្តែ កើនឡើង​លើស​ពី​នេះទៅទៀត គឺ​កើនឡើង​រហូតដល់​ទៅ ៤,១% បើ​គិត​ជា​អត្រា​កំណើន​ប្រចាំឆ្នាំ។ តួលេខនេះ​ប្រាកដ​ជា​នឹង​ធ្វើ​ឲ្យ​លោក​ស្ហ៊ីនហ្សូ អាបេ កាន់តែ​អាច​ទទួលបាន​នូវ​ការ​គាំទ្រ​ខ្លាំងឡើង​ថែមទៀត ចំពោះ​នយោបាយ​សេដ្ឋកិច្ច​របស់​លោក ដែល​ពេលនេះ ត្រូវបាន​ផ្តល់​រហស្សនាម​ថា « Abenomics»។

ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុងពេល​ដែល​​សេដ្ឋកិច្ច​នៅ​ប្រទេស​ជាច្រើន ជាពិសេស នៅ​អឺរ៉ុប កំពុងតែ​ស្ថិត​ក្នុង​ភាព​ត្រដាបត្រដួស ដោយសារ​តែ​វិបត្តិ​បំណុល ជប៉ុនវិញ ដែល​ជា​ប្រទេស​មាន​បំណុល​សាធារណៈ​ដ៏ច្រើន​សន្ធឹកសន្ធាប់ និង​ជួប​នឹង​វិបត្តិ​សេដ្ឋកិច្ច​តាំងពីប្រមាណ​ជា២០ឆ្នាំ​មក​ហើយ​នោះ ស្រាប់តែ​កំពុង​តែ​មាន​កំណើន​សេដ្ឋកិច្ច​ខ្ពស់​ធ្វើ​ឲ្យ​គេ​មាន​ការភ្ញាក់ផ្អើល។
 
សំណួរ-តើ​លោក​ស្ហ៊ីនហ្សូ អាបេ បាន​ដាក់ចេញ​នូវ​នយោបាយ​សេដ្ឋកិច្ច​អ្វីខ្លះ ទើប​​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ជប៉ុន​ចាប់ផ្តើម​មាន​កំណើន​ខ្ពស់​បែបនេះ?
 
នយោបាយ​សេដ្ឋកិច្ច ដែលជប៉ុន​ បាន​ដាក់ចេញ​កន្លងទៅនេះ មាន​ពីរធំៗ គឺ​នយោបាយ​រូបិយវត្ថុ ដាក់ចេញ​ដោយ​ធនាគារ​កណ្តាល និង​នយោបាយ​សារពើពន្ធ ​ដាក់ចេញ​ដោយ​លោក​ស្ហ៊ីនហ្សូ អាបេ។

បង្កើន​ការ​ចំណាយ​សាធារណៈ
 
រដ្ឋាភិបាល​របស់​​លោក​ស្ហ៊ីនហ្សូ អាបេ បាន​បង្កើន​ការ​ចំណាយ​យ៉ាងច្រើនសន្ធឹកសន្ធាប់​ ជាពិសេស ការ​ចំណាយ ខាង​ផ្នែក​សាធារណការ (ការ​សាងសង់ ជួសជុល ថែទាំ រចនាសម្ព័ន្ធ)។ គោលដៅ គឺ​បង្កើន​ការ​ចំណាយ ដើម្បី​បង្កើន​តម្រូវការ​ទីផ្សារ​ក្នុងស្រុក។
 
បោះពុម្ពលុយ
 
ក្នុងពេល​ជាមួយគ្នា ធនាគារ​កណ្តាល​ជប៉ុន​បាន​ដាក់ចេញ នូវ​នយោបាយ ដែល​គេតែងតែ​និយាយ​​ជាទូទៅ​ថា “ជាការ​បោះពុម្ពលុយ”។ តាមការពិត​វាមិនមែន​ជាការ​បោះពុម្ពក្រដាសលុយ​ទេ ដោយសារ​តែ​សម័យកាល​បច្ចុប្បន្ន​នេះ មិនមែនទាល់តែ​ជា​ក្រដាសប្រាក់​ទើប​អាច​ជាលុយ​ដែល​គេ​យក​ទៅចាយបាននោះទេ។ នៅ​ក្នុង​សម័យកាល​នេះ លុយ​​ភាគច្រើន​ធ្វើ​​ចរាចរ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​។

ដូច្នេះ វិធានការ​សំខាន់​របស់​ធនាគារ​កណ្តាល​ជប៉ុន គឺការ​បង្កើន​សាច់ប្រាក់​ឲ្យ​ចរាចរ នៅ​ក្នុង​ទីផ្សារ តាមរយៈការ​បញ្ចេញលុយ​មក​ទិញ​មូលបត្រ​បំណុលរដ្ឋ ឬ​ទិញ​មូលបត្រ​របស់​ឯកជន។ ធនាគារ​កណ្តាល​ជប៉ុន គ្រោង​​​​បង្កើន​បរិមាណ​សាច់ប្រាក់​ឲ្យ​ចរាចរ​នៅ​ក្នុង​ទីផ្សារ​ឲ្យបាន​​ ១​ទ្វេ​ជា២ ក្នុងរយៈពេល ២ឆ្នាំ​ខាងមុខនេះ ហើយ​គោលដៅ​ចុងក្រោយ បង្កើន​អត្រា​អតិផរណា​ប្រចាំឆ្នាំ​ឲ្យ​បាន​ដល់ ២%។
 
 
សំណួរ-តើ​ការ​បង្កើន​សាច់ប្រាក់​នៅ​ក្នុង​ទីផ្សារ និង​ការ​បង្កើន​ការ​ចំណាយ​របស់​រដ្ឋ​នេះ មាន​អានុភាព​អ្វី នៅ​ក្នុងការ​ជំរុញ​ឲ្យ​សេដ្ឋកិច្ច​ជប៉ុន​មាន​កំណើនបាន?
 
ទៅតាម​ទ្រឹស្តី​ម៉ាក្រូសេដ្ឋកិច្ច នៅពេលដែល​សាច់ប្រាក់​ ដែល​ចរាចរ​នៅក្នុង​ទីផ្សារ​មាន​ការកើនឡើង ឥទ្ធិពល​សំខាន់ទី១ គឺ​អត្រាការប្រាក់​ធ្លាក់ចុះ ហើយ​ចរន្តឥណទាន​ក្នុង​វិស័យ​ឯកជន​ក៏​មាន​ការ​ងាយស្រួល​ជាងមុន។ នៅពេលដែល​អត្រាការប្រាក់​ទាប ហើយ​លុយ​ក៏​ងាយស្រួល​ខ្ចី វាជំរុញ​ឲ្យ​ក្រុមហ៊ុន​សហគ្រាស និង​បុគ្គលឯកជន នាំគ្នា​ខ្ចីលុយ​ពី​ធនាគារ ដើម្បី​យក​មក​ធ្វើការ​វិនិយោគ ពង្រីក​កិច្ចការ​រកស៊ី ឬ​ក៏​ (ចំពោះ​បុគ្គលឯកជន) បង្កើន​ការ​ចំណាយ​ ទិញទំនិញ​ប្រើប្រាស់​ទូទៅធម្មតា។ ​ការចំណាយ​ទូទៅ​របស់​ឯកជន​មាន​ការ​កើនឡើង (បើទោះជា​ការ​ចំណាយ​ដើម្បី​ទិញទំនិញ​ប្រើប្រាស់​ទូទៅធម្មតា ឬ​ក៏​ចំណាយ​ក្នុងការ​វិនិយោគ​ក៏ដោយ) វា​ធ្វើ​ឲ្យ​តម្រូវការ​ទីផ្សារ​ក្នុងស្រុក​មាន​ការ​កើនឡើង ហើយ​សកម្មភាព​សេដ្ឋកិច្ច (សកម្មភាព​ផលិត​ ឬសកម្មភាព​ផ្តល់​​សេវាកម្ម) មានការកើនឡើង។

ចំពោះ​ការ​បង្កើន​ការ​ចំណាយ​របស់​រដ្ឋ​ក៏​មាន​ឥទ្ធិពល​ប្រហាក់ប្រហែល​គ្នា​នេះ​ដែរ។ រដ្ឋ​បង្កើន​ការ​ចំណាយ គឺ​មានន័យថា រដ្ឋ​យក​លុយ​ទៅ​ទិញ​ទំនិញ​ឬ​សេវាកម្ម​ ឬ​ក៏​​បង្កើន​ប្រាក់ខែ​ដល់​មន្រ្តីសាធារណៈ។ ​ដូច្នេះ លុយ​ដែល​រដ្ឋ​ចំណាយ​ វា​នាំ​ទៅ​បង្កើន​​ប្រាក់ចំណូល​ដល់​ក្រុមហ៊ុន​សហគ្រាស ឬ​បុគ្គលឯកជន។ នៅពេល​ដែល​ចំណូល​កើនឡើង ក្រុមហ៊ុន​សហគ្រាស ឬ​ក៏​បុគ្គល​ឯកជន​អស់ទាំងនេះ​ក៏​អាច​​ចាប់ផ្តើម​មាន​ទំនុកចិត្ត​លើ​សេដ្ឋកិច្ច ហើយ​នាំគ្នា​​បង្កើន​ការ​ចំណាយ​របស់​ខ្លួន​ជា​បន្តទៅទៀត។ ជាលទ្ធផល ការចំណាយទូទៅកើនឡើង តម្រូវការ​ទីផ្សារ​ក្នុងស្រុក​កើនឡើង សកម្មភាព​សេដ្ឋកិច្ច​កើនឡើង ហើយ​ផលិតផល​ក្នុងស្រុកសរុប​កើនឡើង។

សំណួរ- ជប៉ុន​កំពុង​តែ​មាន​ជាប់បំណុល​សាធារណៈ​​យ៉ាង​​ច្រើន​សន្ធឹកសន្ធាប់​ស្រាប់ បើ​ចេះតែ​ខ្ចីលុយ​គេ​មក​បង្កើន​ការ​ចំណាយ​បែបនេះ តើ​វា​អាច​នឹង​បង្ក​ទៅ​ជា​វិបត្តិ​បំណុល ដូចជា នៅ​ក្នុង​តំបន់​ចាយលុយ​អឺរ៉ូ​ដែរ​ឬទេ?
 
នេះ​គឺ​ជា​សំណួរ​ដែល​ចោទ​តាំងពី​មុន​ពេល​លោក​ស្ហ៊ីនហ្សូ អាបេ ដាក់ចេញ​នយោបាយ​សេដ្ឋកិច្ច​របស់​លោក ហើយ​នៅតែ​មាន​អ្នក​ខ្លះ​បន្ត​ចោទសួរ រហូតមកទល់នឹង​ពេលនេះ។

នៅ​ក្នុងពេល​បច្ចុប្បន្ន​នេះ បំណុល​រដ្ឋ​របស់​ជប៉ុន​មាន​​រហូតដល់​ទៅ ២៣០% នៃ​ផលិតផល​ក្នុងស្រុកសរុប ដែល​​​ជា​អត្រា​បំណុលសាធារណៈ​ខ្ពស់​បំផុត នៅ​ក្នុង​ចំណោម​ប្រទេស​ដែល​មាន​ឧស្សាហកម្ម​ជឿនលឿន​ផ្សេងទៀត។

តាមពិត​បំណុល​សាធារណៈ​របស់​ជប៉ុន មាន​អត្រា​ខ្ពស់​ជាង​ប្រទេស​ខ្លះ ដែល​កំពុង​ជួប​នឹង​វិបត្តិ​បំណុល នៅ​ក្នុង​​តំបន់​ចាយលុយអឺរ៉ូ​ទៅទៀត។ ក៏ប៉ុន្តែ រហូតមកទល់នឹង​ពេលនេះ ជប៉ុន​មិន​ធ្លាក់​ក្នុង​វិបត្តិ​បំណុល ដូច​នៅ​អឺរ៉ុប ដោយសារ​តែ​បំណុល​ភាគច្រើន ជា​បំណុល​ដែល​​រដ្ឋជប៉ុន​ជំពាក់​ប្រជាជន​ជប៉ុន​​ខ្លួនឯង។ ជាទូទៅ គេសង្កេតឃើញ​ថា ប្រជាពលរដ្ឋ​​ជប៉ុន​ឲ្យ​លុយ​រដ្ឋ​ខ្ចី ក្នុង​ស្មារតី​ស្រឡាញ់ជាតិ ជាជាង​ស្មារតី​ស្វែងរក​ផលចំណេញ ពី​ការ​យក​ការប្រាក់ខ្ពស់។ ម្យ៉ាងទៀត ​រដ្ឋាភិបាល​ជប៉ុន​អាចខ្ចីលុយ​ពី​ធនាគារ​កណ្តាល​ខ្លួនឯង ដើម្បី​មក​ចំណាយ ដែល​ខុស​ពី​នៅ​ក្នុង​តំបន់​ចាយលុយ​អឺរ៉ូ ដែល​ធនាគារ​កណ្តាល​មិនមាន​សិទ្ធិ​ផ្តល់​ប្រាក់កម្ចី​ឲ្យ​រដ្ឋ​ជា​សមាជិ​ក។

មាន​អ្នកជំនាញ​សេដ្ឋកិច្ច​ខ្លះ យល់ថា នយោបាយ​ដែល​លោក​ស្ហ៊ីនហ្សូ អាបេ​ ដាក់ចេញ​ពេលនេះ អាច​ធ្វើ​ឲ្យ​អត្រា​ការប្រាក់​បំណុល​រដ្ឋ​ជប៉ុន​មាន​ការ​កើនឡើង ហើយ​បរិមាណ​បំណុល​សាធារណៈ​នឹង​បន្ត​កើនឡើង​កាន់តែ​ខ្ពស់។

លោក​ស្ហ៊ីនហ្សូ អាបេ តែងតែ​ពន្យល់​បកមកវិញ​ថា បរិមាណ​បំណុល​សាធារណៈ​របស់​ជប៉ុន​មាន​ច្រើន​​សន្ធឹកសន្ធាប់​​មែន ក៏ប៉ុន្តែ បើ​សិន​ជា​ជប៉ុន​បន្ត​ទុក​ឲ្យ​សេដ្ឋកិច្ច គ្មាន​កំណើន​ដូចពេល​កន្លងទៅ​នេះ​ ក៏​មិនមែន​ជា​ដំណោះស្រាយ ក្នុងការ​កាត់បន្ថយ​បំណុលនេះ​ដែរ ពីព្រោះ​ថា បើ​សិន​ជា​គ្មាន​កំណើន​សេដ្ឋកិច្ច​ សកម្មភាព​សេដ្ឋកិច្ច​ធ្លាក់ចុះ ចំណូលរដ្ឋ ជាពិសេស ចំណូល​ពី​ការ​ប្រមូលពន្ធ​ក៏​ត្រូវ​ធ្លាក់ចុះ រដ្ឋ​ក៏​គ្មាន​លុយ​មក​កាត់បន្ថយ​បំណុល​របស់​ខ្លួន​បានដែរ។ ​​ជប៉ុន​ត្រូវការ​​ចាំបាច់​នូវ​កំណើន​សេដ្ឋកិច្ច ទើបអាច​​កាត់បន្ថយ​បំណុល​របស់​ខ្លួនបាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI