អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

តើ​កិច្ចព្រមព្រៀង​ក្រុងប៉ារីស ​២៣តុលា​១៩៩១​មាន​ចែង​អំពី​អ្វីខ្លះ?

ភាគីជម្លោះ​ខ្មែរ ក្នុង​សន្និសីទ​ក្រុងប៉ារីស ឆ្នាំ​១៩៩១ (រូបថតឯកសារ)
ភាគីជម្លោះ​ខ្មែរ ក្នុង​សន្និសីទ​ក្រុងប៉ារីស ឆ្នាំ​១៩៩១ (រូបថតឯកសារ)
ដោយ៖ សេង ឌីណា

ថ្ងៃពុធ ២៣​តុលានេះ គឺ​ជា​ថ្ងៃ​គម្រប់​ខួប​២២ឆ្នាំ​ នៃ​កិច្ចព្រមព្រៀង​ក្រុងប៉ារីស ដែល​ចុះ​កាល​ពី​ថ្ងៃទី​២៣ តុលា ១៩៩១ ដើម្បី​បញ្ចប់​សង្រ្គាមស៊ីវិល​ខ្មែរ។ ឆ្លៀត​ក្នុង​ឱកាស​នេះ យើង​ចង់​​​ត្រឡប់​មក​​រំឭក​ត្រួសៗ​ឡើងវិញ អំពី​ខ្លឹមសារ​នៃ​​​កិច្ចព្រមព្រៀង​នេះ។

ផ្សាយពាណិជ្ជកម្ម

សំណួរ-តើ​អ្នកណាខ្លះ​ជា​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​ក្រុងប៉ារីស?

​ហត្ថលេខី នៃ​កិច្ចព្រមព្រៀង​ក្រុងប៉ារីស​ មាន ១៨​ប្រទេស + ​កម្ពុជា។ ក៏ប៉ុន្តែ ​នៅ​ពេលនោះ​ កម្ពុជា​ត្រូវ​បែងចែក​ជា​ ៤​ភាគី​ គឺ រដ្ឋកម្ពុជា, ហ្វ៊ុនស៊ិនប៉ិច, រណសិរ្សជាតិរំដោះប្រជាពលរដ្ឋ​ខ្មែរ របស់​លោក​តា សឺន សាន និង​ខ្មែរក្រហម ដែល​រួមបញ្ចូល​គ្នា​ បង្កើត​ជា “ក្រុមប្រឹក្សា​ជាតិ​ជាន់​ខ្ពស់”។

ប្រទេស​ជា​ហត្ថលេខី ១៨​ ផ្សេង​ទៀត រួមមានមាន៖

  • សមាជិក​អចិន្រ្តៃយ៍​ក្រុមប្រឹក្សា​សន្តិសុខ​​អ.ស.ប. (៥ប្រទេស)៖ អាមេរិក, អង់គ្លេស, បារាំង (សហប្រធាន​សន្និសីទ), ចិន និង​សហភាព​សូវៀត
  • ប្រទេស​​នៅ​អាស៊ី​អាគ្នេយ៍ (៨​ប្រទេស)៖ ​ឥណ្ឌូណេស៊ី (សហប្រធាន​សន្និសីទ), ​វៀតណាម, ឡាវ, ថៃ, សិង្ហបុរី, ម៉ាឡេស៊ី, ហ្វ៊ីលីពីន និង​ប៊្រុយណេ ពោល​គឺ ​ប្រទេស​ក្នុង​អាស៊ាន​បច្ចុប្បន្ន លើក​លែង​តែ​​ភូមា​ចេញ។
  • ក្រុមប្រទេស​មិនចូល​បក្ស​សម្ព័ន្ធ តំណាង​ដោយ យូហ្គោស្លាវី
  • ប្រទេស៤​ផ្សេង​​ទៀត គឺ ​ឥណ្ឌា, ជប៉ុន, កាណាដា និង អូស្រ្តាលី

សំណួរ-តើ​កិច្ចព្រមព្រៀង​ក្រុងប៉ារីស ២៣ តុលា ១៩៩១​ ចែង​អំពី​អ្វី​ខ្លះ?

កិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស​ឆ្នាំ​១៩៩១ មិនមែន​ជា​កិច្ចព្រមព្រៀង​តែមួយ​​​ទេ គឺ​មាន​កិច្ចព្រមព្រៀង២ និង​សេចក្តី​ថ្លែងការណ៍​មួយ។

១-កិច្ចព្រមព្រៀង​ទី១ ​ស្តី​​អំពី​​ការដោះស្រាយ​ជម្លោះ​​នៅ​កម្ពុជា

កិច្ចព្រមព្រៀង​នេះ មាន​សុពលភាព​ជា​ចម្បង​ទៅលើ​ភាគី​​ទាំង ៤ នៅ​ក្នុង​​សង្រ្គាម​ស៊ីវិល​ខ្មែរ (រដ្ឋកម្ពុជា, ហ្វ៊ុនស៊ិនប៉ិច, រណសិរ្សជាតិរំដោះប្រជាពលរដ្ឋ​ខ្មែរ របស់​លោក​តា សឺន សាន និង​ខ្មែរក្រហម)។ ក៏ប៉ុន្តែ មកដល់​ពេល​​បច្ចុប្បន្ន​នេះ ​គូភាគី​ជម្លោះផ្ទៃក្នុង​កម្ពុជា និង​ដែល​​ជា​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀងក្រុងប៉ារីស ត្រូវ​បាន​រំលាយ​អស់ទៅហើយ ដោយ​ខ្លះ​​ត្រូវ​បាន​រលាយ​បាត់រូប​ទាំងស្រុង (ភាគី​កម្ពុជា​ប្រជាធិបតេយ្យ ឬ​ខ្មែរក្រហម) ហើយ​ខ្លះ​ទៀត​ត្រូវ​រំលាយខ្លួន ហើយ​បង្កើត​ទៅជា​គណបក្ស​នយោបាយ​ (គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​ហ៊្វុនស៊ិនប៉ិច)។

ខ្លឹមសារ​សំខាន់ៗ​នៃ​កិច្ចព្រមព្រៀង​នេះ រួមមាន៖

  • ការឈប់បាញ់​រវាង​​ភាគី​ជម្លោះ ក្នុង​សង្រ្គាម​ស៊ីវិល​ខ្មែរ
  • ការ​កាត់រំសាយទ័ព​
  • ការ​ដកកងទ័ព​បរទេស​ចេញ​ពី​កម្ពុជា (ដោយសារតែ​នៅ​ក្នុង​អំឡុង​សង្រ្គាម​ស៊ីវិល​នោះ វៀតណាម​ដាក់​ទ័ព​នៅ​កម្ពុជា ដើម្បី​ជួយ​រដ្ឋាភិបាល​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា ក្នុង​ការ​ប្រយុទ្ធ​ជាមួយ​នឹង​ចលនាតស៊ូ នៅ​ជាយដែន)
  • ការ​រៀបចំការបោះឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ
  • ការកំណត់​អាណត្តិ​របស់​អ៊ុនតាក់ ដើម្បី​​មក​ពិនិត្យ​មើល​បទឈប់បាញ់ រក្សា​សន្តិភាព និង​រៀបចំ​ការ​បោះឆ្នោត ទៅតាម​អ្វី​ដែល​មាន​ចែង​ក្នុង​កិច្ចព្រមព្រៀង
  • ការធ្វើ​មាតុភូមិនិវត្តន៍​របស់​ជនភៀសខ្លួនខ្មែរ ជាពិសេស ពី​ជំរំ​ជនភៀសខ្លួន​នៅ​ជាយដែន​ខ្មែរ-ថៃ ឲ្យ​វិលត្រឡប់​មក​ក្នុង​ប្រទេស​កម្ពុជា​វិញ
  • កំណត់​​​គោលការណ៍​​នៃ​រដ្ឋធម្មនុញ្ញ​ថ្មី​របស់​កម្ពុជា (រួមមាន​ដូចជា ​គោលការណ៍​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស, ការគោរព​សិទ្ធិសេរីភាព​ជាមូលដ្ឋាន​របស់​ប្រជាជន និង​គោលការណ៍​នីតិរដ្ឋ ជាដើម)

២-កិច្ចព្រមព្រៀង​ទី២ ​អំពី​​ការគោរពឯករាជ្យ អធិបតេយ្យ បូរណភាព​​ និង​អព្យាក្រឹត្យ​របស់​កម្ពុជា

តាមរយៈ​កិច្ចព្រមព្រៀង​នេះ​ កម្ពុជា​ និង​ប្រទេស​ជា​ហត្ថលេខី​ផ្សេង​ទៀត មានកាតព្វកិច្ច​គោរព​ឯករាជ្យ អធិបតេយ្យ បូរណភាព​ និង​អព្យាក្រឹត្យ​គ្នា​ទៅវិញ​ទៅមក។

៣-សេចក្តី​ថ្លែងការណ៍​ស្តី​អំពី​ការ​កសាង​ប្រទេស​កម្ពុជា​ឡើងវិញ

តាមរយៈ​សេចក្តី​ថ្លែងការណ៍​នេះ ​ប្រទេស​ហត្ថលេខី​សន្យា​ផ្តល់​ជំនួយ ដើម្បី​ជួយ​ស្តារ និង​អភិវឌ្ឍ​ប្រទេស​កម្ពុជា​​ឡើងវិញ។
 
សំណួរ-ក្នុង​ករណី​មាន​ការរំលោភ​លើ​​កិច្ចព្រមព្រៀង​ក្រុងប៉ារីស តើ​កិច្ចព្រមព្រៀងនេះ​​មាន​ចែង​អំពី​វិធានការ​អ្វីខ្លះ?

នៅ​ក្នុងករណី​​មាន​ការរំលោភ​លើ​កិច្ចព្រមព្រៀងក្រុងប៉ារីស គេ​អាច​កោះប្រជុំ​ប្រទេស​ហត្ថលេខី​ឡើងវិញ​បាន ដើម្បី​ស្វែងរក​វិធានការ​សមស្រប។

យោងតាម​មាត្រា ២៩ នៃ​កិច្ចព្រមព្រៀង​ទី១ (ស្តីពី​ការដោះស្រាយ​ជម្លោះ​ផ្ទៃក្នុង​កម្ពុជា) អ្នក​ដែល​អាច​កោះប្រជុំបាន គឺ​សហប្រធាន​នៃ​សន្និសីទ​ក្រុង​ប៉ារីស (បារាំង និង​ឥណ្ឌូណេស៊ី) ក៏ប៉ុន្តែ ការកោះប្រជុំនេះ​អាច​ធ្វើ​ទៅបាន​លុះត្រា​តែ​មាន​សំណើ​ពី​អគ្គលេខា​ធិការ​​អ.ស.ប.។

ចំណែក នៅ​ក្នុង​កិច្ចព្រមព្រៀង​ទី២វិញ (ស្តីពី​​ឯករាជ្យ អធិបតេយ្យ បូរណភាព និង​អព្យាក្រឹត្យ​របស់​កម្ពុជា) ត្រង់​មាត្រា ៥ ចែងថា៖

១-នៅ​ក្នុងករណី​មាន​ការរំលោភ ឬ​គំរាម​រំលោភ​​អធិបតេយ្យ, ឯករាជ្យ, បូរណភាព (...) ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​​ត្រូវ​ធ្វើការប្រជុំ​ជាបន្ទាន់ ដើម្បី​ចាត់វិធានការ​សមស្រប​ (...)។
 
២-វិធានការ​សមស្រប​ទាំងនេះ​​អាចជា ការ​ប្តឹង​ទៅ​ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប. ឬ​វិធានការ​ផ្សេងទៀត ដែល​មាន​ចែង​ក្នុង​មាត្រា ៣៣ នៃ​ធម្មនុញ្ញ​សហប្រជាជាតិ (ចរចា, ស៊ើបអង្កេត, សម្របសម្រួល, ផ្សះផ្សា, មជ្ឈត្តកម្ម, ដំណោះស្រាយ​តាមផ្លូវតុលាការ, ..., NDLR)។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ