រុស្ស៊ីបន្តឹងទណ្ឌកម្មចំពោះគ្រោះថ្នាក់ចរាចរណ៍ដែលបង្កដោយភាពស្រវឹង
បញ្ហានេះ ឥឡូវ ជាកម្មវត្ថុចម្បងនៃការពិភាក្សារបស់រដ្ឋអំណាចគ្រប់ជាន់ថ្នាក់ គឺទាំងនាយករដ្ឋមន្ត្រី ទាំងវិមានក្រេមឡាំង ទាំងសភាឌូម៉ា។ មូលហេតុ មកពីនៅរុស្ស៊ី ចេះតែកើតមានគ្រោះថ្នាក់ចរាចរណ៍ បណ្តាលមកពីភាពស្រវឹង។ នាំឲ្យសង្គមរន្ធត់មែនទែន គឺកាលពីថ្ងៃសៅរ៍កន្លងទៅ នៅតាមវិថីមួយនៃក្រុងម៉ូស្គូ អ្នកបើកឡានម្នាក់ដែលស្រវឹងជោគ បានបើកទៅបុកចំណតរថយន្ត Bus សម្លាប់មនុស្សអស់៧នាក់តែម្តង ពេលគេកំពុងឈរចាំឡាន Bus។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ពិរុទ្ធជននេះ ក្រោយពីត្រូវប៉ូលីសឃាត់ខ្លួន បានសារភាពថា គាត់បានផឹកស្រាអស់ ពីរថ្ងៃជាប់ ដោយក្តៅចិត្តនឹងប្រពន្ធលែងក្បាលចោល។ ការធ្វើ Test បង្ហាញឲ្យឃើញថា មុននឹងបើកឡាន Toyota ដែលគាត់ជាន់ដល់ល្បឿន ២០០គ.ម. ក្នុង១ម៉ោង គាត់បានផឹកស្រា Vodka មិនតិចជាង១លីត្រឡើយ។ ពិតជាល្បឿននេះឯង ដែលបានបុកចំណតរថយន្ត Bus ឲ្យខ្ទាតទៅចម្ងាយរាប់សិបម៉ែត្រ ហើយក្នុងចំណោមមនុស្ស១១នាក់ ដែលឈរចាំឡាន Bus មាន៧នាក់ ធ្លាក់ខ្លួនស្លាប់នៅនឹងកន្លែង ចំណែក៤នាក់ទៀតរបួសធ្ងន់។
ថ្លែងម្សិលមិញ ក្នុងកិច្ចប្រជុំឧទ្ទិសដល់បញ្ហានេះ លោកនាយករដ្ឋមន្ត្រី មេដវេដេវ កត់សម្គាល់ថា ច្បាប់សព្វថ្ងៃដែលថ្កោលទោសពួកអ្នកបើករថយន្តស្រវឹងបែបនេះ ចំពោះការបង្កឲ្យមានគ្រោះថ្នាក់រហូតដល់ស្លាប់ គឺនៅធូររលុងនៅឡើយ។ គប្បីធ្វើវិភាគ ហើយយោងទៅលើការអនុវត្តន៍នៅតាមប្រទេសឯទៀតផងដែរ សម្រាប់ធានាឲ្យមានសុវត្ថិភាពយ៉ាងកក់ក្តៅ នៅតាមផ្លូវ ក្នុងន័យថា រឹតបន្តឹងមែនទែន ទណ្ឌកម្មទៅលើពួកបើករថយន្តណាដែលបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ រហូតដល់ផ្តាច់ជីវិតមនុស្ស។ ដ្បិត ទង្វើគេ តាមធាតុពិតដែលមាន គឺជាឧក្រិដ្ឋកម្មតាមបទព្រហ្មទណ្ឌ ឥតប្រកែកបាន។ សំនើនេះរបស់ប្រមុខរដ្ឋាភិបាលរុស្ស៊ី នៅថ្ងៃ២៤ កញ្ញាដដែល តាមរយៈអ្នកនាំពាក្យផ្លូវការរបស់ប្រធានាធិបតីរុស្ស៊ីបានទទួលការគាំទ្រពេញទី ពីខាងវិមានក្រេមឡាំង។
គួរនិយាយថា ច្បាប់រុស្ស៊ីសព្វថ្ងៃថ្កោលទោសអ្នកបើករថយន្តស្រវឹង ចំពោះករណីដែលបណ្តាលឲ្យមានមនុស្សធ្លាក់ខ្លួនស្លាប់ គឺឲ្យជាប់ពន្ធនាគារ យ៉ាងយូរណាស់ត្រឹម ៩ ឆ្នាំ។ ម៉្លោះហើយ បានជាពួកអ្នកតំណាងរាស្ត្រ មានភាគច្រើនដាច់ខាតខាងបក្សកាន់អំណាចដល់ទៅ ២៣៨សម្លេង លើ ៤៥០ អាសនៈក្នុងន័យមួលខ្ចៅបន្តឹងនេះ នឹងដាក់ជូនសភាឌូម៉ាអនុម័ត គឺគម្រោងច្បាប់ដែលប្រមើលបង្កើនការថ្កោលទោសនោះ ឲ្យជាប់ពន្ធនាគារចាប់ពី ១៥ឆ្នាំឡើងទៅ រហូតដល់មួយជីវិត។ ជាឧទាហរណ៍ គេថាច្បាប់នៅប្រទេសចិន និងប្រទេសថៃ ប្រមើលការថ្កោលទោសបែបនេះ មិនគ្រាន់តែឲ្យជាប់គុកមួយជីវិតប៉ុណ្ណោះទេ តែគឺរហូតដល់ប្រហារជីវិតតែម្តង។ តាមតួលេខមហាផ្ទៃ នៅរុស្ស៊ី គិតជាមធ្យមក្នុង១ថ្ងៃៗ មានមនុស្សប្រមាណ ១០០នាក់ ធ្លាក់ខ្លួនស្លាប់នៅតាមផ្លូវនៃប្រទេស។ ក្នុង៨ឆ្នាំចុងក្រោយ មានស្លាប់អស់ ៣០០.០០០នាក់ គឺស្មើនឹងបណ្តាជនក្រុងមួយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ