អ៊ីរ៉ង់-នុយក្លេអ៊ែរ

អ៊ីរ៉ង់​និង​ទីភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិ​សំរេចបាន​​កិច្ចព្រមព្រៀង​សហប្រតិបត្តិការរួមគ្នា​​

គំរោង​ម៉ាស៊ីន​ប្រតិករ​ទឹកធ្ងន់​ក្រុង​អារ៉ាក់​ ដែល​អ៊ីរ៉ង់​ចង់​ដាក់ប្រើ ​នៅ​ឆ្នាំ​២០១៤ខាងមុខ។
គំរោង​ម៉ាស៊ីន​ប្រតិករ​ទឹកធ្ងន់​ក្រុង​អារ៉ាក់​ ដែល​អ៊ីរ៉ង់​ចង់​ដាក់ប្រើ ​នៅ​ឆ្នាំ​២០១៤ខាងមុខ។ Reuters
ដោយ៖ ព្រំ សឿន សូលីណា
១០ នាទី

នៅថ្ងៃ​ចន្ទ​នេះ រដ្ឋាភិបាល​ប្រទេស​អ៊ីរ៉ង់​ និង​ទីភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិ ហៅកាត់ថា ​AIEA បាន​ចុះហត្ថលេខា​​លើ​កិច្ចព្រមព្រៀង​រួមគ្នា​មួយ។ កិច្ចព្រមព្រៀង​នេះ​ចែងពី​កិច្ចសហប្រតិបត្តិការ​​រវាងភាគី​ទាំងពីរ ដែល​តំរូវ​អោយ​អ៊ីរ៉ង់​អនុញ្ញាត​អោយ​អ្នកជំនាញ​របស់​ទីភ្នាក់ងារ​ AIEA បានចុះ​ទៅពិនិត្យ​​ទីតាំង​​ម៉ាស៊ីន​ប្រតិករ​​ទឹកធ្ងន់​នៅ​ក្រុង​អារ៉ាក់ ភាគខាងលិច​អ៊ីរ៉ង់។

ផ្សាយពាណិជ្ជកម្ម

កិច្ចពិភាក្សា​សំណុំរឿង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ រវាង​ភាគី​អ៊ីរ៉ង់ ​និង​ទីភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិ​ ហៅកាត់​ថា AIEA បាន​សំរេច​ចេញ​ផ្លែផ្កា​ហើយ។ នៅថ្ងៃ​ចន្ទ​នេះ រដ្ឋាភិបាល​​អ៊ីរ៉ង់​ និង​ទីភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិ ​បាន​ចុះហត្ថលេខា​​រួមគ្នា​លើ​កិច្ចព្រមព្រៀង​​មួយ ស្តី​ពី​កិច្ចសហប្រតិបត្តិការ​​រវាងភាគី​ទាំងពីរ។ កិច្ចព្រមព្រៀង​នេះ ​​តំរូវ​អោយ​អ៊ីរ៉ង់​យល់ព្រម​អោយ​អ្នកជំនាញ​ទីភ្នាក់ងារ​ AIEA បានចុះ​ទៅ​ពិនិត្យ​ទីតាំង​​ម៉ាស៊ីន​ប្រតិករ​​ទឹកធ្ងន់​នៅ​ក្រុង​អារ៉ាក់ ខេត្តMarkazi ​ស្ថិត​នៅ​ភាគខាងលិច​អ៊ីរ៉ង់។

កិច្ចព្រមព្រៀង​នេះ​ក៏បាន​ចែង​ផងដែរ​ថា អ្នកជំនាញ​ទីភ្នាក់ងារ​ថាមពល​អន្តរជាតិ​​​អាច​ត្រួតពិនិត្យ​អណ្តូងរ៉ែ​អ៊ុយរ៉ានីញ៉ូម​ Gachin នៅភាគខាងត្បូង​ប្រទេស។ វិធានការ​ចែងក្នុង​កិច្ចព្រមព្រៀង​ទាំងអស់​នេះ​នឹង​​ត្រូវ​​អនុវត្តន៍​នៅ​៣ថ្ងៃខាងមុខ​ទៀតនេះតែម្តង។ ការចុះហត្ថលេខា​កិច្ចព្រមព្រៀង​​នៅថ្ងៃ​ចន្ទនេះ ធ្វើឡើង​នាឱកាស​ទស្សនកិច្ច​ប្រធាន​ទីភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិ​ ដែលរដ្ឋាភិបាល​​អ៊ីរ៉ង់​បាន​អញ្ជើញអោយ​មក​ប្រទេស​ខ្លួន។

គួរបញ្ជាក់ថា កិច្ចពិភាក្សា​រវាង​អ៊ីរ៉ង់​និង​ទីភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិ​ ស្តី​ពី​សំណុំរឿង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​នេះ ធ្វើឡើង​ផ្សេងគ្នា​ ពី​កិច្ចប្រជុំ​​​អ៊ីរ៉ង់​ជាមួយ​ប្រទេស​មហាអំណាច​៥+១ នៅទី​ក្រុងហ្សឺណែវ​។ កិច្ចប្រជុំ៥+១នេះ មិនទាន់​សំរេច​ចេញ​កិច្ចព្រមព្រៀង​អ្វីនៅឡើយ​ទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI