ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ម៉ាលី៖ រដ្ឋាភិបាល និង​ក្រុមឧទ្ទាម​បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ

សំឡេង ០៤:២៩
លោក Tiebile Drame ទីប្រឹក្សា​ពិសេស​របស់​លោក​ប្រធានាធិបតី​ម៉ាលី​ ក្នុង​ឱកាស​កិច្ចចរចា​ជាមួយ​ក្រុម​ឧទ្ទាម touaregs នៅ​ទីក្រុង​ Ouagadougou
លោក Tiebile Drame ទីប្រឹក្សា​ពិសេស​របស់​លោក​ប្រធានាធិបតី​ម៉ាលី​ ក្នុង​ឱកាស​កិច្ចចរចា​ជាមួយ​ក្រុម​ឧទ្ទាម touaregs នៅ​ទីក្រុង​ Ouagadougou AFP/AHMED OUOBA

នៅ​ក្នុង​ប្រទេស​ម៉ាលី ក្រោយ​ពី​បាន​អង្គុយ​ចរចា​គ្នា​យ៉ាង​តានតឹង​អស់​រយៈពេល ១១ថ្ងៃ​ក្នុង​ទីក្រុង​អៅហ្គាឌូហ្គូ ប្រទេស​បួគីណាហ្វាសូ​មក រដ្ឋាភិបាល និង​ក្រុមឧទ្ទាម Touaregs បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ។ អ្នក​ចុះ​ហត្ថលេខា​ខាង​រដ្ឋាភិបាល​ក្រុង​បាម៉ាកូ តំណាង​ដោយ​រដ្ឋមន្រ្តី​ក្រសួង​រដ្ឋបាល​ដែនដី និង​ខាង​ក្រុមឧទ្ទាម តំណាង​ដោយ​អ្នកតំណាង​របស់​ចលនា​ពីរ​របស់​ក្រុម Touaregs។ ពិធី​ចុះ​ហត្ថលេខា​ត្រូវ​បាន​ធ្វើ​ឡើង ក្រោម​វត្តមាន​របស់​លោក​ប្រធានាធិបតី​នៃ​ប្រទេស​បួគីណាហ្វាសូ​ដែល​ជា​ប្រទេស​អន្តរការី។

ផ្សាយពាណិជ្ជកម្ម

នៅ​ទីបំផុត និង​បន្ទាប់​ពី​បាន​ជជែក​គ្នា​ដោយ​មាន​ការ​ប្រយ័ត្នប្រយែង​រវាង​គ្នា​មក កិច្ចព្រមព្រៀង​មួយ​ត្រូវ​បាន​រក​ឃើញ​ហើយ​រវាង​រដ្ឋាភិបាល​ក្រុង​បាម៉ាកូ និង​ក្រុម​ឧទ្ទាម Touaregs ដែល​កំពុង​កាន់កាប់​តំបន់​គីដាល់​នៅ​ប៉ែក​ខាងជើង​ប្រទេស​ម៉ាលី។ កិច្ចព្រមព្រៀង​ដែល​មាន ១២ទំព័រ និង ២៥មាត្រា​ត្រូវ​បាន​ភាគី​ជម្លោះ​ទំាង​ពីរ​ចុះ​ហត្ថលេខា​ក្នុង​ទីក្រុង​អៅហ្គាឌូហ្គូ ប្រទេស​បួគីណាហ្វាសូ ក្រោម​អន្តរការី​របស់​លោក​ប្រធានាធិបតី Blaise Compaoré។ គម្រោង​នៃ​កិច្ចចរចា​ដំបូង​ត្រូវ​បាន​ចាប់​ផ្តើម​នៅ​ក្នុង​បរិយាកាស​មួយ​ដែល​ភាគី​នីមួយៗ​មិន​ទុកចិត្ត​គ្នា​ទាល់​តែ​សោះ។

បន្ទាប់​ពី​បាន​ផ្តើម​កិច្ចចរចា​ជាមួយ​នឹង​ការ​យឺតយ៉ាវ​ចំនួន ៣ថ្ងៃ​មក ភាព​មិន​ចុះ​សម្រុង​គ្នា​ក៏​បាន​កើត​មាន​ភ្លាមៗ​ជុំវិញ​បញ្ហា​សន្តិសុខ។ រដ្ឋាភិបាល​ទីក្រុង​បាម៉ាកូ​ចង់​ឲ្យ​ក្រុម​ឧទ្ទាម Touaregs ទម្លាក់​អាវុធ​ចុះ​ភ្លាម នៅ​ពេល​ដែល​កម្លំាង​រដ្ឋាភិបាល​បាន​ដាក់​ជើង​ជាន់​តំបន់​គីដាល់។ នៅ​ខាង​ក្រុម​ឧទ្ទាម​វិញ ពួក​គេ​បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​បញ្ឈប់​ការ​តាម​រករឿង​ចាប់​បញ្ជូន​ថ្នាក់ដឹកនំា​មួយ​ចំនួន​របស់​ខ្លួន​ទៅ​កាន់​តុលាការ។ ភាព​ទាល់ច្រក​ក៏​បាន​កើត​មាន​ឡើង​ដោយ​បាន​បង្ខំ​លោក Djibril Bassolé រដ្ឋមន្រ្តី​ក្រសួងការបរទេស​បួគីណាហ្វាសូ​ឲ្យ​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​បាម៉ាកូ។ នៅ​ទីនោះ អន្តរការី​ បួគីណាហ្វាសូ​រូប​នេះ​បាន​ព្យាយាម​និយាយ​ជំនះ​រដ្ឋាភិបាល​ម៉ាលី​ថា សំណើ​ទាមទារ​ឲ្យ​ក្រុមឧទ្ទាម Touaregs ទម្លាក់​អាវុធ គឺ​ជា​រឿង​ស្មុគស្មាញ និង​ត្រូវ​ការ​ពេល​វេលា​យូរអង្វែង។

ក្រោយ​ពី​បាន​ធ្វើ​ការ​កែប្រែ បន្ថែមបន្ថយ​លើ​ចំណុច​ខ្វែង​គំនិត​គ្នា​មួយ​ចំនួន​មក ភាគី​ទំាង​ពីរ​ក៏​បាន​ព្រមព្រៀង​គ្នា​លើ​អត្ថបទ​មួយ។ ក៏​ប៉ុន្តែ ស្រាប់​តែ​លោក​ប្រធានាធិបតី​ម៉ាលី​បាន​ទាមទារ​ឲ្យ​មាន​ការ​កែប្រែ​ថ្មី​ទៀត។ នៅ​ថ្ងៃ​ច័ន្ទ ទី១៧ មិថុនា​ដើម​សប្តាហ៍​នេះ លោក​ប្រធានាធិបតី​បារំាង François Hollande និង​លោក​ប្រធានាធិបតី​នៃ​ប្រទេស​កូដឌីវ័រ Alassane Ouatarra បាន​ចេញ​មុខ​ធ្វើ​អន្តរាគមន៍ ដោយ​ទូរស័ព្ទ​ជជែក​ជាមួយ​លោក​ប្រធានាធិបតី​ម៉ាលី។ ទីបំផុត នៅ​ល្ងាច​ថ្ងៃទី១៨ មិថុនា កិច្ចព្រមព្រៀម​មួយ​ត្រូវ​បាន​ចុះ​ហត្ថលេខា​ដែល​នេះ គឺ​ជា​ជំហាន​ដំបូង​នៃ​ផ្លូវ​ឆ្ពោះ​ទៅ​រក​ការ​បង្រួបបង្រួម និង​សន្តិភាព​នៅ​ក្នុង​ប្រទេស​ម៉ាលី។

កិច្ចព្រមព្រៀង​នោះ​ត្រូវ​បាន​ចែកចេញ​ជា​ពីរ​វគ្គ ទីមួយ គឺ​ការ​រៀបចំ​បន្ទាន់​ដើម្បី​អនុញ្ញាត​ឲ្យ​មាន​ការ​រៀបចំ​បោះឆ្នោត​ប្រធានាធិបតី​ថ្មី​នៅ​ក្នុង​តំបន់​គីដាល់ ក៏​ដូច​ជា​នៅ​តំបន់​ផ្សេងៗ​ទៀត​នៅ​ប៉ែក​ខាង​ជើង ដោយ​មាន​ការ​ធានា​សន្តិសុខ និង​សុវត្ថិភាព​ត្រឹមត្រូវ។ នេះ​ជា​រឿង​មួយ​ដែល​ត្រូវ​ចាត់​វិធានការ​យ៉ាង​បន្ទាន់ ពីព្រោះ​ការ​បោះឆ្នោត​ជុំទីមួយ​នឹង​គ្រោង​រៀបចំ​នៅ​ថ្ងៃទី២៨ កក្កដា​ខាង​មុខ។ ដើម្បី​អាច​ធានាសន្តិសុខ​ឲ្យ​បាន​ល្អ​នៅ​ក្នុង​ការ​បោះឆ្នោត​ខាង​មុខ គណៈកម្មការ​យោធា​ចម្រុះ​មួយ​នឹង​ត្រូវ​បង្កើត​ឡើង ដោយ​មាន​ការ​ចូល​រួម​ពី​ភាគីជម្លោះ​ផ្ទៃក្នុង ព្រម​ទំាង​អង្គការ​សហប្រជាជាតិ ទាហាន​បារំាង និង​ទាហាន​របស់​កងកម្លំាង​រក្សាសន្តិភាព​របស់​អង្គការ​សហប្រជាជាតិ ហៅ​កាត់​ថា Minusma។

នៅ​ក្នុង​វគ្គទីមួយ​នេះ​ដដែល ក៏​មាន​ចែង​ពី​ការ​ឈប់​បាញ់​គ្នា និង​ការ​ដាក់​ពង្រាយ​កម្លំាង​រដ្ឋាភិបាល ព្រម​ទំាង​បុគ្គលិក​រដ្ឋបាល​នៅ​ក្នុង​ដែនដី​របស់​ក្រុម​ឧទ្ទាម Touaregs ដែរ។ ជា​ថ្នូរ​ត្រឡប់​វិញ រដ្ឋាភិបាល​ក្រុង​បាម៉ាកូ​បាន​លើក​ចេញ​នូវ​ការ​ទាមទារ​ឲ្យ​ក្រុម​ឧទ្ទាម Touaregs ទម្លាក់​អាវុធ​ចុះ។ នេះ​ហើយ​ជា​ចំណុច​ខ្វែង​គ្នា​​មួយ​ដែល​បាន​រំាងស្ទះ​កិច្ចប្រជុំ​តំាង​ពី​ដើម​ទី។ រីឯ​ចំណុច​ខ្វែង​គ្នា​ទីពីរ គឺ​ក្រុមឧទ្ទាម Touaregs បាន​ទាមទារ​ឲ្យ​ដាក់​ពាក្យ Azarwad ដែល​ជា​ឈ្មោះ​នៃ​ដែនដី​ស្វ័យយ័ត​របស់​ខ្លួន​នៅ​ក្នុង​កិច្ចព្រមព្រៀង។ ចំណុច​នេះ ក៏​ត្រូវ​បាន​រដ្ឋាភិបាល​ក្រុង​បាម៉ាកូ​យល់ព្រម​ដែរ។ តែ​ជា​ថ្នូរ​ពី​ក្រុមឧទ្ទាម Touaregs ដែល​ទាមទារ​ឲ្យ​រដ្ឋាភិបាល​បញ្ឈប់​ការ​តាម​រករឿង​ចាប់​បញ្ជូន​មេកើយ​មួយ​ចំនួន​របស់​ខ្លួន​ទៅ​កាន់​តុលាការ​នោះ រដ្ឋាភិបាល​បាម៉ាកូ​មិន​បាន​យល់ព្រម​ទំាង​ស្រុង​ទេ។

បន្ទាប់​ពី​ការងារ​នៅ​ក្នុង​វគ្គទីមួយ​បញ្ចប់​សព្វ​គ្រប់​បាន ៦០ថ្ងៃ​មក ពោល​គឺ​ក្រោយ​ការ​​រៀបចំ​បោះឆ្នោត​ប្រធានាធិបតី​មក រូបប្រធានាធិបតី​ថ្មី​នឹង​ត្រូវ​រៀបចំ​ឲ្យ​មាន​កិច្ចប្រជុំ​ថ្នាក់ជាតិ​រវាង​ភាគី​ជម្លោះ។ គោលដៅ គឺ​ដើម្បី​កំណត់​លក្ខន្តិក​រដ្ឋបាល​របស់​តំបន់ Azarwad និង​រៀបចំ​រចនាសម្ព័ន្ធ​នៅ​ក្នុង​តំបន់​នោះ។

ដើម្បី​ធានា និង​តាមដាន​ការ​អនុវត្តន៍​នូវ​កិច្ចព្រមព្រៀង​នោះ​ឲ្យ​បាន​ត្រឹមត្រូវ សាក្សី​ដែល​មិន​អាច​ខ្វះ​បាន និង​ដែល​មាន​ហត្ថលេខា​នៅ​ក្នុង​កិច្ចព្រមព្រៀង​ដែរ​នោះ គឺ​អង្គការសហប្រជាជាតិ សហភាពអឺរ៉ុប និង​សហភាព​អាហ្រ្វិក។ តែ​សូម​កុំ​ភ្លេច​ថា តួអង្គ​នៃ​ជោគជ័យ ឬ​បរាជ័យ​នៃ​កិច្ចព្រមព្រៀង​នោះ វា​អាស្រ័យ​ទំាង​ស្រុង​ទៅ​នឹង​ឆន្ទៈ​របស់​រដ្ឋាភិបាល​បាម៉ាកូ និង​ក្រុមឧទ្ទាម Touaregs៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI