ឥណ្ឌូណេស៊ី-​អឺរ៉ុប

ឥណ្ឌូណេស៊ី​​​និង​​សហភាព​​​អឺរ៉ុប​​​​​សម្រេច​បាន​​កិច្ចព្រមព្រៀង​​ប្រវត្តិសាស្ត្រ​​ស្តីពី​​ពាណិជ្ជកម្ម​ឈើ​​

ផលិតផលឈើ
ផលិតផលឈើ AFP/Jean-Sébastien Evrard

ខែវិច្ឆិកា​ខាងមុខនេះ ​ឥណ្ឌូណេស៊ី​នឹងក្លាយ​ជា​ប្រទេស​ទី១ ក្នុង​ពិភពលោក ​ដែល​​​​នាំចេញ​ផលិតផល​ឈើ ​ដែល​​​មានការបោះត្រា​​បញ្ជាក់​ថា ​​ស្របច្បាប់​ សម្រាប់​នាំទៅ​សហភាព​អឺរ៉ុប។ ​​​នៅ​ថ្ងៃ​ព្រហស្បតិ៍នេះ ក្រុងចាកាតា​បាន​ប្រកាស​អោយដឹង​នូវ​​​​កិច្ចព្រមព្រៀង​ស្តីពី​ពាណិជ្ជកម្ម​​ឈើ ​​ដែល​​​សម្រេច​​បាន ជា​ប្រវត្តិសាស្ត្រ​ជាមួយ​អឺរ៉ុប។ ឥណ្ឌូណេស៊ី​ជាប្រទេស​ទី១ ដែល​​​ឆ្លើយតប​តាម​ស្តង់ដារ​ឈើ​របស់​អឺរ៉ុប។ 

ផ្សាយពាណិជ្ជកម្ម

ឥណ្ឌូណេស៊ី និង​សហភាព​អឺរ៉ុប​បាន​ពិភាក្សា​គ្នា​ច្រើនឆ្នាំមកហើយ មុន​នឹង​សម្រេច​បាន​កិច្ចព្រមព្រៀង​ទ្វេភាគី ​ស្តីពី​​ពាណិជ្ជកម្ម​​​ផលិតផល​​ឈើ​។​ កិច្ចព្រមព្រៀងនេះ​​​​មាន​ទិសដៅ​ទប់ស្កាត់​ការកាប់ឈើ​ខុសច្បាប់ នៅ​តំបន់​ព្រៃ​ត្រូពិក។ ​

ចាប់ពីថ្ងៃ១៥វិច្ឆិកាខាងមុខ​ទៅ អាជ្ញាធរ​ឥណ្ឌូណេស៊ី​នឹង​ចេញ​អាជ្ញាប័ណ្ណ បញ្ជាក់នូវភាព​ស្របច្បាប់ ចំពោះ​ផលិតផល​ឈើ​ក្នុងស្រុក ដែល​ត្រូវនាំចេញ​ទៅ​សហភាព​អឺរ៉ុប។ ​ផលិតផល​​នាំចេញ​ទាំងនេះ​​ មានដូចជា​ផលិតផល​ឈើ​សម្រាប់​ធ្វើ​ក្រដាស រឺ​ឈើសម្រាប់​ធ្វើគ្រឿងសង្ហារិមក្នុង​ផ្ទះជាដើម។ ពេល​កិច្ចព្រមព្រៀង​​ចូល​ធរមាន​ក្នុងពេលខាងមុខ ​បើគ្មាន​អាជ្ញាប័ណ្ណចេញដោយ​​​អាជ្ញាធរ​ទេ ផលិតផល​ឈើ​ឥណ្ឌូណេស៊ី ​ដែល​គេចង់​នាំចេញ​​ទៅ​អឺរ៉ុប ​នឹង​ត្រូវ​ហាមឃាត់។ ​

ឥណ្ឌូណេស៊ី​ជាប្រទេសដ៏ធំមួយ ​​នាំឈើទៅបរទេស​ ខណៈ​សកម្មភាព​កាប់ឈើ​ខុសច្បាប់ នឹង​អំពើ​ពុករលួយ​កំពុង​វាយប្រហារ​វិស័យ​ព្រៃឈើ បែបយ៉ាង​ការលួច​កាប់ឈើ​នៅព្រៃត្រូពិក នាំចេញ​លក់ក្នុង​ទីផ្សារ​ងងឹត។ យោងតាម​​ក្រសួង​ព្រៃឈើ​ឥណ្ឌូណេស៊ី ​ការងារ​ត្រួតពិនិត្យ​ផ្នែក​ឈើ ​របស់​ឥណ្ឌូណេស៊ី ​មាន​ភាព​​ល្អប្រសើរជាងមុន​ច្រើន។  

ក្រុងចាកាតា​នាំ​​ផលិតផល​ឈើចេញ​ទៅអឺរ៉ុប​ប្រមាណ​១ភាគ៣​នៃ​ផលិតផល​ឈើជាតិ។ អាល្លឺម៉ង់​​និង​ហូឡង់​ជាប្រទេស​ចំបង​​ដែលនាំចូលផលិតផល​​ឈើ​​ឥណ្ឌូណេស៊ី ក្នុងស្រុក។​

ដោយឡែក ​​ក្រៅពី​ឥណ្ឌូណេស៊ី សហភាព​អឺរ៉ុប​កំពុង​ចរចា​កិច្ចព្រមព្រៀង​ជាមួយ​ប្រទេស​ចំនួន​​១៤​ផ្សេងទៀតផងដែរ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI