ហ្វីលីពីន

ការចោទប្រកាន់​ដ៏ធ្ងន់​របស់​​អតីត”ឃាតករ”​​ម្នាក់​​ ទៅលើ​​​​លោក​​ឌុយទែរតេ​​

ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte
ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte REUTERS/Lean Daval Jr

នៅ​ព្រឹទ្ធ​សភាហ្វីលីពីន​ថ្ងៃព្រហស្បតិ៍នេះ ​​បុរសម្នាក់​ដែល​បង្ហាញ​ខ្លួនថា ជា​អតីត​ឃាតករ​សម្លាប់​មនុស្ស ​បានចោទ​ប្រធានាធិបតី​ឌុយទែរតេ ថាធ្លាប់​​បាន​បាញ់សម្លាប់​មន្ត្រីរដ្ឋការម្នាក់ ​ហើយ​ក្នុង​រយៈពេល​២៥ឆ្នាំ ​លោកឌុយទែរតេ ​បាន​បញ្ជា​អោយ​សម្លាប់​មនុស្ស​ជាង១ពាន់នាក់​ ក្នុងនោះ​មាន​​ម្នាក់​ត្រូវបាន​គេបោះ​អោយ​ក្រពើស៊ី​ទាំងរស់។ កូនប្រុស​របស់​លោក​ឌុយទែរតេ​បាន​បដិសេធ​ការចោទ​ប្រកាន់​​​នេះ។ 

ផ្សាយពាណិជ្ជកម្ម

នេះជាការចោទប្រកាន់​​​ដែល​​​​វាយប្រហារ​ធ្ងន់ធ្ងរ​ ទៅលើ​ប្រធានាធិបតី​ហ្វីលីពីន។ ​បុរស​ម្នាក់ ឈ្មោះ​ អេដហ្កា ម៉ាតូបាតូ អាយុ​៥៧ឆ្នាំ បាន​បង្ហាញ​ខ្លួន​ថា គាត់ជាអតីត​ឃាតករម្នាក់។ ថ្ងៃ​ព្រហស្បតិ៍៍​នេះ គាត់​បាន​​ចោទប្រកាន់ លោក​ឌុយទែរតេ នៅ​ព្រឹទ្ធ​​សភា​ហ្វីលីពីន ក្នុង​ក្របខណ្ឌ​​នៃ​ការ​ស៊ើប​អង្កេត​​​​ទាក់ទងការពុះកញ្ជ្រោល​នៃ​​​អំពើ​ឃាតកម្ម​​ នៅ​ហ្វីលីពីន គិតចាប់ពីពេល​​លោក​ឌុយទែរតេ ឡើងកាន់​អំណាច​ប្រធានាធិបតី​មក។

ម៉ាតូបាតូ​បាន​ប្រាប់ថា គាត់​ធ្លាប់​ជា​សមាជិក​ក្រុមសម្លាប់មនុស្ស ​ដែល​មានសមាសភាព​ប៉ូលិស និង​អតីត​សកម្មជន​ឧទ្ទាម​កុម្មុយនិស្ត។ ក្រុមនេះ​ទទួលបញ្ជា​ពី​លោកឌុយទែរតេ ​អោយ​សម្លាប់​ជនប្រឆាំង ហើយ​ក្នុង​២៥ឆ្នាំ ​បាន​សម្លាប់​​​មនុស្ស​ជាង១ពាន់នាក់ មានម្នាក់​ត្រូវបាន​គេបោះអោយ​ក្រពើស៊ីទាំងរស់។

​បុរស​ឈ្មោះ​ម៉ាតូបាតូ​ ប្រាប់ថា ​នៅឆ្នាំ១៩៩៣ ​មានថ្ងៃមួយ ​ក្រុមឃាតករ​សម្លាប់​មនុស្ស​ បាន​ចេញ​បេសកកម្ម ហើយ​បាន​ប៉ះទង្គិច​ ​តាមផ្លូវ ជាមួយ​​​បុរសម្នាក់​ឈ្មោះ​ចាមីសូឡា​​ ​ជា​​ភ្នាក់ងារ​ការិយាល័យ​ស៊ើបអង្កេត​​​​ក្រសួង​យុត្តិធម៌។ ជម្លោះ​ពាក្យសំដី​បាន​បង្ក​អោយមាន​ការ​បាញ់គ្នា​ឡើង។ កាលនោះ លោក​ឌុយទែរតេ ​ធ្វើជា​ចៅហ្វាយក្រុង​ ដាវ៉ាវ នៅឡើយ។ ​លោក​ឌុយទែរតេ​ ​បាន​មកដល់​កន្លែង​កើតហេតុ ហើយ​បានបាញ់​បញ្ចប់ជីវិតមន្ត្រី​ក្រសួង​យុត្តិធម៌​រូបនោះទៅ។

ម៉ាតូបាតូ​ប្រាប់ទៀតថា ​​​ក្រុមឃាតករ​សម្លាប់​មនុស្ស​ ដែល​ស្ថិត​ក្រោមបញ្ជា​លោក​ឌុយទែរតេ​ ​មាន​មុខងារ​​​ ​សម្លាប់​ឧក្រិដ្ឋជន សម្លាប់​ជន​ចាប់​រំលោភភេទ ​រឺ​ចោរប្លន់​ជាដើម។ ​ហើយ​ក្រុម​ឃាតករ​នេះ​បានសម្លាប់​មនុស្ស​ស្ទើរតែ​រាល់ថ្ងៃ។ ​កន្លងមក ក្រុមសិទ្ធិមនុស្ស​ធ្លាប់​ចោទ​លោក​ឌុយទែរតេ ដែរ​ថា បាន​ផ្តល់លុយកាក់​ឧបត្ថម្ភ​ក្រុមឃាតករ​ នៅ​ដាវ៉ាវ ក្នុងពេល​​លោក​នៅ​ជា​ចៅហ្វាយក្រុង​។​

យោងតាម​​អតីត​រដ្ឋមន្ត្រី​យុត្តិធម៌​ហ្វីលីពីន ​លោកស្រីដឺ ​លីម៉ា ​ បុរស​ម៉ាតូបាតូ​ដែល​ចោទ​លោក​ឌុយទែរតេ​​រូបនេះ ​​បាន​ជួប​គណៈកម្មការ​សិទ្ធិមនុស្ស កាលពីឆ្នាំ​២០០៩ ហើយ​​​បាន​ទទួល​​ការការពារ​ពី​កម្មវិធី​ការពារ​សាក្សី​៕ ​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI