ទស្សនៈព្រឹត្តិការណ៍ខ្មែរ

សកម្មភាព​សង្គម​ផ្តើម​ងើប​ឡើង​វិញ!

ចុះផ្សាយ​នៅ​ថ្ងៃ៖

បច្ចុប្បន្ន​នេះ និន្នាការ​នៃ​ការធ្វើសកម្មភាព​ដើម្បី​ជួយ​សង្គម​ហាក់ដូចជា​កំពុង​កម្រើក​ឡើងវិញ​ហើយ។ ក្រុមហ៊ុន​ឯកជន ឬ​សមាគម​មួយចំនួន​បាន​ផ្តើម​ដាក់បញ្ចូល​ក្នុង​កម្មវិធី​របស់ខ្លួន​នូវ​សកម្មភាព​សង្គម។ នេះ​ជាសញ្ញា​ល្អ​មួយ​ដែល​គួរ​តែ​ទទួល​ការ​លើកទឹកចិត្ត និង​ជំរុញ​ឲ្យ​បាន​ផុសផុល។ សង្គម​មួយ​ដែល​ខ្ទេចខ្ទាំ​ដូច​ជា​កម្ពុជា ត្រូវ​ការ​ជា​ចាំបាច់​នូវ​ការ​ចូលរួម​របស់​ពលរដ្ឋ​គ្រប់គ្នា​ដើម្បី​រួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍន៍។ យ៉ាង​ណា​ក៏​ដោយ ពលរដ្ឋ​ខ្មែរ​ជា​ច្រើន​ហាក់​នៅ​តែ​តម្កល់ប្រយោជន៍​ផ្ទាល់ខ្លួនធំ​ជាង​ប្រយោជន៍​សាធារណៈ​នៅ​ឡើយ។

ការ​ស្មគ្រ័ចិត្ត​ផ្តល់​ឈាម​ក៏​ជា​សកម្មភាព​មនុស្សធម៌​មួយ​ដើម្បី​ជួយ​សង្គម​ដែរ
ការ​ស្មគ្រ័ចិត្ត​ផ្តល់​ឈាម​ក៏​ជា​សកម្មភាព​មនុស្សធម៌​មួយ​ដើម្បី​ជួយ​សង្គម​ដែរ
ផ្សាយពាណិជ្ជកម្ម

ក្រោយ​ចេញពី​របប​ខ្មែរក្រហម ពលរដ្ឋ​ខ្មែរ​គ្រប់គ្នា​មានតែ​បាតដៃ​ទទេ និង​ស្ថិតក្នុង​ស្ថានភាព​ដូចៗគ្នា។ កាលណោះ មនុស្ស​គ្រប់គ្នា​គ្មាន​មហិច្ឆតា​អ្វី​ធំដុំ​ទេ​ក្រៅ​តែ​ពី​ចង់​បាន​ចំណីអាហារ​គ្រប់គ្រាន់ និង​រស់នៅ​ដោយ​ចេះ​សាមគ្គី​គ្នា ជួយ​គ្នា​ក្នុង​គ្រាក្រ។ ប៉ុន្តែ ជាង ៣០ ឆ្នាំ​ក្រោយ​មក ភាព​ខុសគ្នា​រវាង​អ្នកមាន​ និង​អ្នកក្រ​បាន​បង្ហាញ​ឡើង​កាន់​តែ​ច្បាស់ និង​កាន់​តែ​រីក​ធំ​ឡើងៗ​ជា​លំដាប់។ មនុស្ស​មួយក្រុម​បាន​ក្លាយ​ជា​អ្នកមាន​យ៉ាង​ក្រាស់ក្រែល​ និង​យ៉ាង​ងាយស្រួល ខណៈ​ដែល​មនុស្ស​មួយក្រុម​ទៀត​បាន​ទទួល​ភាគ​ផល​ដ៏​ស្តួចស្តើង​ពី​ការ​អភិវឌ្ឍន៍​ប្រទេស។

អ្នកមាន​លទ្ធភាព​គិត​តែ​ពី​កើប​លុយ​ទៅ​តាម​ជំនាញ​រៀងៗ​ខ្លួន ដោយ​ទុក​ឲ្យ​អ្នក​គ្មាន​លទ្ធភាព​ខំ​រស់​តាម​យថាកម្ម។ គឺ​នៅក្នុង​សម័យកាល​អភិវឌ្ឍ​ន៍​នេះ​ហើយ​ដែល​មនុស្ស​ខ្មែរ​ហាក់​នាំ​គ្នា​គិត​តែ​ពី​ប្រយោជន៍​ផ្ទាល់ខ្លួន​កាន់​តែ​ខ្លាំង​ឡើង ហក់​លោត​តាម​សម័យ​សម្ភារៈ​និយម ហើយ​បាន​ទុក​សាធារណៈ​មួយ​អន្លើ​សិន។ ជំនួស​ឲ្យ​ការ​ជួយ​ដល់​សង្គម​ដែល​ទើបតែ​ងើប​ចេញពី​ភាព​ខ្ទេចខ្ទាំ អ្នកធ្វើ​ការបម្រើ​រដ្ឋ​នាំគ្នា​កេងចំណេញ​ពី​ការងារ​និង​មុខនាទី​របស់ខ្លួន​តា​មល​ទ្ធ​ភាព​ដែល​អាច​ធ្វើ​ទៅ​បាន​តាមរ​បៀប «តូច​ស៊ី​តាម​តូច ធំ​ស៊ី​តាម​ធំ»។ ទស្សនៈ «មាន់​ពង​លើ​ស្រូវ​តែងតែ​លួច​ស៊ី​ស្រូវ» ក៏​ប្រហែល​ជា​បាន​រួម​ចំណែក​ធ្វើ​ឲ្យ​ម្នាក់ៗ​ចេះ​តែ​នាំ​គ្នា​បិចបោច​ប្រយោជន៍​សង្គម​សម្រាប់​បំប៉ន​ប្រយោជន៍​ផ្ទាល់ខ្លួន។ ធ្ងន់ធ្ងរ​ជាង​នេះ មនុស្ស​មិន​មែន​ត្រូវ​ការ​តែ​មួយ​គែ​ដូច​សត្វ​មាន់​ឯណា តែ​គឺ​ជា​តម្រូវការ​គ្មាន​ព្រំដែន។

ស្ថានភាព​នេះ​បានធ្វើ​ឲ្យ​ក្រុម​អ្នកមាន​លទ្ធភាព (មិន​ថា​ជា​ពាណិជ្ជករ ឬ​មន្ត្រីរាជការ​ឡើយ) នាំគ្នា​កើប​លុយ​ធ្វើ​មាន​ធ្វើបាន​តាម​គ្រប់​មធ្យោបាយ​ដើម្បី​ក្លាយជា​មហាសេដ្ឋី ទោះជា​ពេលខ្លះ​មុខ​ជំនួញ​ឬ​ទង្វើ​របស់ខ្លួន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អ្នកក្រីក្រ​ក៏ដោយ។ ការតម្កល់​ប្រយោជន៍​ផ្ទាល់ខ្លួន​ជាធំ ដោយ​បំភ្លេច​ប្រយោជន៍​រួម បាន​បង្ក​ផលវិបាក​ធ្ងន់ធ្ងរ។ ជាក់ស្តែង ធនធាន​រ៉ែ​វិនាស​ស្ទើរតែ​អស់ពី​ដី ឈើ​ស្ទើរ​តែ​អស់​ព្រៃ និង​ត្រី​ស្ទើរ​តែ​អស់​ពី​បឹង។ បន្ថែម​ពី​លើ​នេះ គម្លាត​រវាង​អ្នកមាន​ និង​អ្នកក្រ ក៏​ចេះ​តែ​រីក​ធំ​ឡើង​ជា​លំដាប់។ នៅ​មាន​ពលរដ្ឋ​ខ្មែរ​ជិត ៣០ ភាគរយ​ទៀត​រស់នៅ​ក្រោម​បន្ទាត់​នៃ​ភាពក្រីក្រ​ដោយ​រក​ចំណូល​មិនបាន​មួយ​ដុល្លារ​ក្នុង​មួយថ្ងៃ​ផង។

នៅ​ក្នុង​បរិបទ​បែបនេះ ការ​បំផុស​ចលនា​នាំគ្នា​ចូលរួម​ក្នុង​សកម្មភាព​សង្គម ឬ​ការពង្រីក​វប្បធម៌​ចែករម្លែក​ក្នុងចំណោម​ពលរដ្ឋ​ខ្មែរ​គឺជា​សកម្មភាព​ដ៏​មាន​សារសំខាន់​មិនអាច​មើលរំលង​បាន។ តាមពិត មនុស្ស គ្រប់គ្នា​សុទ្ធតែ​អាច​ចូលរួម​ជួយ​សង្គម​បាន​ទាំងអស់​មិន​ថា​អ្នកមាន​ឬ​អ្នកក្រ​ឡើយ។ ជួយ​សង្គម​មិនចាំបាច់​ដល់​ទៅ​ចំណាយធនធាន​អ្វី​ឡើយ តែ​ការចំណាយ​ត្រឹម​កម្លាំងកាយ​ចិត្ត​ខ្លះ​ដើម្បី​ប្រយោជន៍​រួម ឬ​ការធ្វើ​ខ្លួន​ឲ្យ​ក្លាយជា​ធនធាន​ដ៏​ល្អ​របស់​ប្រទេស ឬក៏​យ៉ាងហោចណាស់​ត្រឹមតែ​កុំ​បង្កបញ្ហា​ដល់​សង្គម ឬក៏​ចាត់ទុកថា​ជួយ​សង្គម​រួច​ទៅ​ហើយ។

សម្រាប់​ប្រទេសមួយ​ដែល​ទើបតែ​ងើប​ពី​ភាព​ខ្ទេចខ្ទាំ​ដូច​កម្ពុជា គេ​ត្រូវការ​កត្តាចាំបាច់​ជាច្រើន​ដើម្បី​ស្តា​ស្ថានភាព​ឡើងវិញ នោះ​មាន​កត្តា​ពីរ​ជា​ស្នូល៖ ទី១ គឺ​ការដឹកនាំ​ត្រូវ និង​ទី២ គឺ​ការ​ចូលរួម​យ៉ាង​សស្រាក់សស្រាំ​ពី​សំណាក់​ប្រជាពលរដ្ឋ។ កត្តា​ទាំង​ពីរ​នេះ​អាច​ឆ្លុះបញ្ចាំង​បាន​អំពី​ស្ថានភាព​ជាក់ស្តែង​របស់​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ ក្រោយពី​របប​ខ្មែរក្រហម កម្ពុជា​បាន​ផ្លាស់ប្តូរ​មុខមាត់​ថ្មី។ ការបញ្ចប់​សង្គ្រាមស៊ីវិល និង​ការអភិវឌ្ឍន៍​ដែលមាន​សព្វថ្ងៃ គឺ​ជា​សមិទ្ធផល​ដ៏​ធំធេង​មួយ។ ប៉ុន្តែ នៅ​មាន​បញ្ហា​ច្រើន​យ៉ាង​ណាស់​ដែល​ត្រូវ​កែលម្អ។

សរុប​មកវិញ ការធានា​ឲ្យ​មាន​យុត្តិធម៌​សង្គម និង​ការ​បែងចែក​ភាគ​ផល​នៃ​ការអភិវឌ្ឍន៍​ឲ្យ​បាន​សមស្រប​ដល់​ពលរដ្ឋ ​គឺជា​កាតព្វកិច្ច​របស់​អ្នកដឹកនាំ​ប្រទេស។ រីឯ​ការចូលរួម​ដើម្បី​ជួយ​សង្គម គឺ​ជា​កាតព្វកិច្ច​របស់​ពលរដ្ឋ​គ្រប់ៗ​គ្នា។ នេះ​ជា​បេសកកម្ម​ពីរ​ចាំបាច់​ដែល​ត្រូវ​ចាប់​ផ្តើម​ធ្វើ​ព្រម​គ្នា ដើម្បី​ធានា​ឲ្យ​សង្គម​កម្ពុជា​ស្គាល់​ការ​អភិវឌ្ឍន៍​​លឿន​រហ័ស និង​ប្រកប​ដោយ​និរន្តរភាព៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត