អានតួអត្ថបទ
កម្ពុជា

ប្រធាន​ADB៖ កម្ពុជា​មាន​កំណើន​សេដ្ឋកិច្ច​រឹងមាំ ប៉ុន្តែ​នៅ​តែ​ងាយ​រងគ្រោះ

សន្និសីទ​សារ​ព័ត៌មាន​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ​ADB​ ថ្ងៃ​ទី ​១០​ មីនា ​ឆ្នាំ​ ២០១៥​។
សន្និសីទ​សារ​ព័ត៌មាន​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ​ADB​ ថ្ងៃ​ទី ​១០​ មីនា ​ឆ្នាំ​ ២០១៥​។ @RFI/Siv Channa
ដោយ៖ ប្រាក់ ធីតា
១៥ នាទី

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ADB បាន​ព្យាករណ៍​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ចំនួន ៧,៣% ក្នុង​ឆ្នាំ​២០១៥ ដែល​មាន​មូលដ្ឋាន​គាំទ្រ​ពី​អតិផរណា អត្រា​ប្តូរប្រាក់​ដែល​មាន​ស្ថេរភាព និង​ការ​ប្រកួត​ប្រជែង។ប៉ុន្តែ​ប្រធាន ADB បាន​កត់​សម្គាល់​ថា បើទោះបី​ជា​មាន​ជោគជ័យ​នាពេល​ថ្មី​ៗ​នេះ​ក៏​ដោយ សេដ្ឋកិច្ច​កម្ពុជា​នៅ​តែ​ងាយ​រងគ្រោះ​ដោយសារ​វិបត្តិ​ផ្នែក​តម្រូវការ និង​ការ​ប្រែ​ប្រួល​តម្លៃ​ខាង​ក្រៅ។ នេះ​បើ​យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ ADB ចេញ​ផ្សាយ​នៅ​ថ្ងៃ​អង្គារ​ទី ១០​មីនា​នេះ។ 

ផ្សាយពាណិជ្ជកម្ម

ប្រធាន​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ADB លោក Takehiko Nakao បាន​បង្ហាញ​ថា បើទោះបី​ជាមាន​ភាព​ជោគជ័យ​នាពេលថ្មី​ៗ​នេះ ក្នុង​ការផលិត​ផលិតកម្ម​ទំនើប​ជាង​មុន ដូចជា​ផ្នែក​អេឡិក​ត្រូនិក​ក៏ដោយ សេដ្ឋកិច្ច​របស់​កម្ពុជា​នៅតែ​ងាយ​រងគ្រោះ​ដោយសារ​វិបត្តិ​ផ្នែក​តម្រូវការ និង​ការ​ប្រែប្រួល​តម្លៃ​ខាង​ក្រៅ ដែល​ពឹង​ផ្អែក​ទៅ​លើ​វិស័យ​មួយ​ចំនួន ដូច​ជា​វិស័យ​កាត់ដេរ ដែល​មាន​ចំនួន​៧១% នៃ​ការ​នាំចេញ​ក្នុង​ឆ្នាំ ២០១៣​។

នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ ADB បាន​បញ្ជាក់​ថា​កត្តា​ដែល​ជួយ​ពន្លឿន​ដល់​ការ​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច គឺ​ការ​ធ្វើកំណែទម្រង់​បន្ថែម​ដើម្បី​កែលម្អ​បរិយាកាស​ធុរកិច្ច នឹង​ទាក់ទាញ​មូលធន និង​ជំនាញ​ឯកទេស​ពី​បរទេស។ ការធានា​ឲ្យ​មាន​ស្ថេរភាព​ផ្គត់ផ្គង់​អគ្គិសនី និង​កាត់បន្ថយ​តម្លៃ​អគ្គិសនី ព្រោះ​បច្ចុប្បន្ន​កម្ពុជា​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ដែល​មាន​តម្លៃ​អគ្គិសនី​ខ្ពស់​បំផុត​ក្នុង​តំបន់ និង​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ការ​ទទួលបាន​ហិរញ្ញវត្ថុ​សម្រាប់​សហគ្រាស​តូច​ៗ នឹង​លើកកម្ពស់​កា​រួម​ចំណែក​របស់​វិស័យ​ឯកជន​ចំពោះ​កំណើន​សេដ្ឋកិច្ច។

 
ជាងនេះ​ទៅទៀត​លោក Nakao បាន​បន្តថា គន្លឹះ​មួយ​ទៀត​ចំពោះ​កំណើន​សេដ្ឋកិច្ច​ទាំង​អស់​គ្នា​គឺ ត្រូវ​ដោះ​ស្រាយ​បញ្ហា​សម​ទិ្ធ​ផល​អប់រំ​ដែល​នៅ​មាន​កម្រិត​ទាប និង​ភាព​មិន​ស្របគ្នា​រវាង​ជំនាញ​របស់​អ្នក​ដែល​បាន​បញ្ចប់​ការ​សិក្សា និង​ជំនាញ​ដែល​ឧស្សាហកម្ម​ត្រូវការ។ លោក​បាន​បន្តថា ADB នឹង​ធ្វើ​ការ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា ដើម្បី​កែលម្អ​គុណភាព និង​ភាព​ពាក់ព័ន្ធ​នៃ​វិស័យ​អប់រំ​តាមរយៈ​ការ​កំណត់​គោលដៅ​អភិវឌ្ឍន៍​ជំនាញ នៅ​កម្រិត​អប់រំ​ក្រោយ​ថ្នាក់​មូលដ្ឋាន ជាពិសេស សម្រាប់​ស្ត្រី​និង​ប្រជាជន​ក្រីក្រ។

សូម​បញ្ជាក់​ថា​ផលិតផល​ក្នុង​ស្រុក​សរុប​របស់​កម្ពុជា​បាន​កើន​ឡើង​ជា​មធ្យម​ចំនួន ៦,៥% ក្នុង​មួយ​ឆ្នាំ នៅ​ចន្លោះ​ឆ្នាំ ​២០០៧ និង២០១៤​។ វិស័យ​ដែល​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​កម្ពុជា​បន្ត​កើន​ឡើង​ជា​លំដាប់​នេះ​រួមមាន​វិស័យ​ឧស្សាហកម្ម សេវាកម្ម និង​កសិកម្ម។ ប្រធាន​ធនាគារ ADB បាន​រំលឹក​ថា កម្ពុជា​បាន​កាត់បន្ថយ​ភាព​ក្រីក្រ​ពី​ស្ទើរតែ ៥០% នៃ​ប្រជាជន​សរុប​ក្នុង​ឆ្នាំ ២០០៧ មក​ត្រឹមតែ ១៩% ក្នុង​ឆ្នាំ ២០១៣ បើទោះ​បីជា​ប្រជាជន​ជាច្រើន​បាន​រំកិល​ចេញ​ពី​ខ្សែ​បន្ទាត់​ភាពក្រីក្រ​តែ​បន្តិច​ប៉ុណ្ណោះ ហើយ​នៅ​តែ​បន្ត​ងាយ​រងគ្រោះ។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ