ធនាគារអភិវឌ្ឍន៍អាស៊ីរក្សាការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជា ៧,២ %ក្នុងឆ្នាំ ២០១៣
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានរក្សាការព្យាករកំណើនសេដ្ឋកិច្ចរបស់ខ្លួនឲ្យនៅត្រឹម ៧,២ ភាគរយដដែលក្នុងឆ្នាំ ២០១៣នេះ។ យោងតាមសេចក្តីប្រកាសព័ត៌មានមួយដែលចេញផ្សាយនៅថ្ងៃពុធនេះ ធនាគារអភិវឌ្ឍន៍អាស៊ីបញ្ជាក់ថា ការរក្សាកំណើនសេដ្ឋកិច្ចខ្ពស់នេះដោយសារតែកំណើននៃការនាំចេញ និងសន្ទុះដ៏រឹងមាំនៃវិស័យសំណង់ និងសេវាកម្ម។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ ២០១៣ មានកំណើន ៧,២ ភាគរយ។ នេះបើយោងតាមការព្យាកររបស់ធនាគារអភិឌ្ឍន៍អាស៊ី (ADB)។ កំណើននៃការនាំចេញ និងសន្ទុះដ៏រឹងមាំនៃវិស័យសំណង់ និងសេវាកម្ម គឺជាមូលដ្ឋាននៃកំណើនសេដ្ឋកិច្ចរបស់កម្ពុជា។
យោងតាមធនាគារអភិវឌ្ឍន៍អាស៊ី នៅឆ្នាំ ២០១៤ខាងមុខ កំណើនសេដ្ឋកិច្ចកម្ពុជាអាចនឹងឡើងដល់ ៧,៥ ភាគរយដោយសារតែសេដ្ឋកិច្ចនៅអាមេរិក និងអឺរ៉ុបងើបឡើងវិញ។
នាយកប្រចាំកម្ពុជារបស់ ADB លោក លោក Eric Sidgwick បានមានប្រសាសន៍តាមរយៈសេចក្តីប្រកាសព័ត៌មាននៅថ្ងៃពុធនេះថា ក្នុងរយៈពេល២ឆ្នាំខាងមុខ កំណើនសេដ្ឋកិច្ចកម្ពុជានៅតែមានសន្ទុះរឹងមាំ ដែលបានឆ្លុះបញ្ចាំងពីកំណែទម្រង់ស្ថិរស្ថេរ និងការងើបឡើងវិញនៃទីផ្សារសាកល។ ធនាគារអភិវឌ្ឍន៍អាស៊ីបន្តឲ្យដឹងទៀតថា ការនាំចេញសម្លៀកបំពាក់ និងស្បែកជើងទៅកាន់សហរដ្ឋអាមេរិក និងអឺរ៉ុបបានកើនឡើងជាង ១១ភាគរយធៀបនឹងឆ្នាំមុនពោលគឺកើនដល់ ២,៣ ពាន់លានដុល្លារ ខណៈដែលការនាំចេញអង្ករបានកើនឡើងទ្វេដងពោលគឺឡើងដល់ ១២២ លានដុល្លារក្នុងឆមាសទី១ ឆ្នាំ ២០១៣ ។
សេចក្តីថ្លែងការណ៍របស់ ADB ឲ្យដឹងទៀតថា ការអនុម័តគម្រោងសាងសង់បានកើនឡើងយ៉ាងគំហុករហូតដល់ជិត ២ពាន់លានដុល្លារ។ ដោយឡែក ឥណទានវិស័យសំណង់បានកើនឡើង៤៦ ភាគរយនៅក្នុងខែមិថុនា។ ចំនួនអ្នកទេសចរឡើងដល់ជាង ២លាននាក់ក្នុងរយៈពេល៦ខែដំបូងពោលគឺកើនឡើងជាង១៩ ភាគរយធៀបនឹងឆ្នាំមុន។ ចំណែកឯវិស័យសេវាកម្មវិញ ត្រូវបានគេព្យាករណ៍ថានឹងកើនឡើង៧ភាគរយ និងវិស័យកសិកម្មកើន ៤ ភាគរយ។
ធនាគារអភិវឌ្ឍន៍អាស៊ីបន្តឲ្យដឹងទៀតថា ឱនភាពគណនីចរន្តមានកម្រិតជាង ១១ ភាគរយ នៃផលិតផលក្នុងស្រុកសរុប (GDP)។ ចំណែកឯអតិផរណាមធ្យមប្រចាំឆ្នាំត្រូវបានកាត់បន្ថយមកត្រឹម ២,៥ ភាគរយធៀបនឹងការព្យាករណ៍កាលពីខែមេសាដែលមានកម្រិត ៣ភាគរយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ