អានតួអត្ថបទ
កម្ពុជា

ADB​ ៖​ កម្ពុជា​មាន​កិច្ចការ​ជា​​ច្រើន​​ទៀត​​ដែល​​ត្រូវ​​ធ្វើ​​សម្រាប់​​សហគមន៍​​សេដ្ឋកិច្ច​អាស៊ាន​

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ADB
ធនាគារ​អភិវឌ្ឍន៍​អាស៊ី ADB Reuters
ដោយ៖ វណ្ណ សុគន្ធា
១៥ នាទី

ធនាគារ​អភិវឌ្ឍន៍​អាស៊ី​​ហៅ​​កាត់​​ថា​ A​D​B​ បាន​​លើក​ឡើង​ថា​ កម្ពុជា​​កំពុង​​ត្រៀម​ខ្លួន​​បាន​​យ៉ាង​​ប្រសើរ​​សម្រាប់​​បង្កើត​​សហគមន៍​​សេដ្ឋកិច្ច​​អាស៊ាន​​នៅ​​ដំណាច់​ឆ្នាំ​ ២០១៥។​ ក៏ប៉ុន្តែ​​ រដ្ឋា​ភិ​បាល​​កម្ពុ​ជា​​ចាំបាច់​​ត្រូវ​តែ​​ព​ន្លឿ​ន​​កំណែទម្រង់​​របស់​ខ្លួន​ ដើម្បី​​លើក​កម្ពស់​​តម្លាភាព​ និង​​ភាព​​អាច​​ជឿជាក់​​បាន​​នៃ​​ប្រព័ន្ធ​​បទដ្ឋាន​​គតិ​យុត្តិ​​របស់​​ខ្លួន ​​ទើប​​អាច​​លើក​ទឹក​ចិត្ត​​ឲ្យ​​មាន​ការ​​វិនិ​យោគ​​កាន់​តែ​ច្រើន​​ទៀត​​បាន។ ADB​ ក៏​បាន​​លើក​ឡើង​​ពី​​បញ្ហា​​ពុករលួយ​ និង​​ការ​អនុវត្ត​​ន៍​ប្រឆាំង​នឹង​​ការ​ប្រកួត​ប្រជែង​​ដែល​​រដ្ឋាភិបាល​​កម្ពុជា​​ត្រូវ​តែ​​ដោះ​ស្រាយ​​ជា​​អាទិភាព​​ផង​ដែរ​។

ផ្សាយពាណិជ្ជកម្ម

នៅក្នុង​សន្និសីទកាសែត​នៅ​ព្រឹក​ថ្ងៃ​ពុធ​ទី ២៣ មេសា​នេះ ធនាគារអភិវឌ្ឍន៍អាស៊ី​ហៅ​កាត់​ថា ADBបានលើកឡើង​ពី​បញ្ហា​ប្រឈម​មួយចំនួន​ដែល​កម្ពុជា​ត្រូវតែ​ដោះស្រាយ​ដើម្បី​សម្រេច​បាន​នូវ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​នា​ឆ្នាំ ២០១៥ខាងមុខ។ បញ្ហា​ទាំងនោះ​រួមមាន​ រដ្ឋាភិបាល​ត្រូវ​ពន្លឿ​ន​កំណែទម្រង់​របស់ខ្លួន ដើម្បី​លើកកម្ពស់​តម្លាភាព និង​ភាព​អាច​ជឿជាក់​បាន​នៃ​ប្រព័ន្ធ​បទដ្ឋាន​​គតិយុត្តិ​របស់​ខ្លួន​ ទើប​អាច​លើកទឹកចិត្ត​ឲ្យ​មានការ​វិនិយោគ​កាន់តែច្រើន។ ម្យ៉ាងទៀត បញ្ហា​អំពើពុករលួយ និង​ការអនុវត្តន៍​​​ប្រឆាំងនឹង​ការប្រកួតប្រជែង ​​ក៏​រដ្ឋាភិបាល​ត្រូវតែ​ដោះស្រាយ​ជា​ចាំបាច់​ផងដែរ។

ADB ក៏បាន​ឲ្យ​ដឹងផង​ដែរ​ថា ដើម្បី​ទាញ​ប្រយោជន៍​នានា​ពី​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​នោះ ប្រទេស​កម្ពុជា​ចាំបាច់​ត្រូវតែ​វិនិយោគ​បន្ថែមទៀត​លើ​ការអប់រំ និង​សុខភាព។ ​ក្រៅតែពី​អាច​កាត់បន្ថយ​វិសមភាព​ផ្នែក​សង្គម និង​វិសមភាព​ផ្នែក​ទ្រព្យធន​ដោយផ្ទាល់ ការវិនិយោគ​បែប​នេះ​នឹង​ផលិត​នូវ​កម្លាំង​ពលកម្ម​ដែល​កាន់​តែមាន​សមត្ថភាព​ក្នុង​ការចូលរួម​យ៉ាងសកម្ម​នៅ​ក្នុង​​ដំណើរការ​ដើម្បី​សម្រេច​កំណើន និង​ក្នុងការ​សម្រប​ខ្លួន​ទៅតាម​បំលាស់​ប្តូរ​សំខាន់​ៗ​ដែល​​កើតឡើង​​ផ្ទាល់ ​ដោយសារតែ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន។

ជុំវិញ​ការលើកឡើង​របស់​ធនា​គារ​ADBនេះ មន្ត្រី​ក្រុមប្រឹក្សា​សេដ្ឋកិច្ច​អាស៊ាន(AEC) និង ក្រសួង​​ពា​ណិ​ជ្ជក​ម្ម​​ ​មិនអាច​ទាក់ទង​សូម​ការអត្ថាធិប្បាយ​បាន​នោះទេ ​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ។

យ៉ាងណាក៏ដោយ សម្រាប់​លោក កែម ឡី អ្នកវិភាគ​ឯករាជ្យ និង​សិក្សា​ស្រាវជ្រាវ​សង្គម​បាន​មើលឃើញថា បញ្ហា​ដែល​រដ្ឋាភិបាល​កម្ពុជា​ត្រូវ​ដោះស្រាយ​មុនគេ​គឺ​ត្រូវធ្វើ​ឲ្យ​មាន​តម្លាភាព​នូវ​ប្រព័ន្ធ​ពន្ធដារ​ប្រាក់ចំណូល​រដ្ឋ បំបាត់​អំពើពុករលួយ និង​ពង្រឹង​លើ​វិស័យ​អប់រំ​ដែលមាន​គុណភាព​​ទទួលស្គាល់​ជា​លក្ខណៈ​ស្តង់ដារ។ ​លោក កែម ឡី​បាន​លើកឡើងថា ប្រសិនបើ​កម្ពុជា​ធ្វើ​ឲ្យ​មាន​តម្លាភាព និង​បំបាត់​អំពើពុករលួយ​បាន​នោះ កម្ពុជា នឹង​ទទួលបាន​អត្ថ​ប្រយោជន៍​​យ៉ាងច្រើន​ពី​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​នេះ ពិសេស​នឹង​ទទួលបាន​ការវិនិយោគ​កាន់​ច្រើន​បន្ថែមទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ