ADB៖ វិស័យសេវាកម្មបង្កើនប្រាក់ចំណូលច្រើនដល់សេដ្ឋកិច្ចកម្ពុជា
ចុះផ្សាយនៅថ្ងៃ៖
ធនាគារអភិវឌ្ឍន៏អាស៊ី ហៅកាត់ថា ADB បានបើកសម្ពោធសៀវភៅមួយដែលនិយាយទាក់ទងនឹងការអភិវឌ្ឍវិស័យសេវាកម្មឲ្យក្លាយជាចលករកំណើនសម្រាប់អាស៊ីក្នុងនោះក៏មានរាប់បញ្ជូលទាំងប្រទេសកម្ពុជាផងដែរ។ កម្ពុជាជាប្រទេសមួយដែលគេបានស្រាវជ្រាវឃើញថា វិស័យសេវាកម្ម បានជួយបង្កើនប្រាក់ចំនូលប្រមាណជា៤០ភាគរយ នៃផលិតផលក្នុងស្រុកសរុប GDP។
វិស័យសេវាកម្ម ដែលទាក់ទងច្រើនទៅនឹងវិស័យទេសចរណ៏ ជាកត្តាលិករមួយ ដែលជម្រុញកម្ពុជា មានលំហូរសេដ្ឋកិច្ចបានប្រមាណជា ៤០ភាគរយ នៃផលិតផលក្នុងស្រុកសរុប GDP។ នេះបើតាមធនាគារអភិវឌ្ឍន៏អាស៊ី ADBដែលបានបង្ហាញនៅក្នុងសន្នីសីទកាសែតមួយ នៅព្រឹកថ្ងៃអង្គារទី ១២វិច្ឆិកានេះ។
របាយការណ៏របស់ ADB បានរកឃើញថា វិស័យសេវាកម្ម កំពុងតែមានសន្ទុះកំណើនទៅមុខ ប៉ុន្តែក៏ត្រូវចាំបាច់ដោះស្រាយឧបសគ្គជាច្រើនផ្សេងទៀត ដើម្បីឲ្យកម្ពុជាកាន់តែមានសក្តានុពលក្នុងការច្បាមយកប្រយោជន៏ពីវិស័យនេះផងដែរ។
លោក Peter Brimble តំណាងធនាគារ ADB ប្រចាំនៅប្រទេសកម្ពុជា បានឲ្យដឹងថា គិតចាំពីឆ្នាំ ២០០៩ រហូតដល់ឆ្នាំ ២០១១២ វិស័យសេវាកម្មតែងតែមានការកើនឡើងជានិច្ច។ លោក Peter បន្តថា អនុវិស័យនៃវិស័យសេវាកម្ម វិស័យទេសចរណ៏ ដែលរួមមានដូចជាសេវាកម្មសណ្ឋាគារ ភោជនីយដ្ឋាន សេវាកម្មដឹកជញ្ជូន ជាដើម ដែលសុទ្ធតែផ្តល់ប្រាក់ចំនូលដោយផ្ទាល់ចូលក្នុងកញ្ចប់ថវិកាជាតិ។
តំណាងធនាគារ ADB រូបនេះ បានឲ្យដឹងទៀតថា គ្រាន់តែសេវាដឹកជញ្ជូន និងទេសចរណ៏ បានបង្កើតការងារដល់ប្រជាជនជាង ១លាន៨សែននាក់ ក្នុងឆ្នាំ ២០១២ ឬស្មើនឹងជាង ២២ភាគរយ នៃចំនួននិយោជិតទាំងអស់ក្នុងប្រទេស។ ក្នុងឆ្នាំ ២០១៣ ចំនួនអ្នកធ្វើការក្នុងវិស័យសេវាកម្មបានកើនរហូតដល់ ១លាន៩សែននាក់។ គេក៏រំពឹងថា នៅឆ្នាំ ២០២៣ និយោជិតដែលបម្រើការងារសេវាកម្ម នឹងមានចំនូន ២លាន៦សែននាក់។
ជាមួយគ្នានោះ ធនាគារអភិវឌ្ឍអាស៊ី បានបញ្ជាក់ថា ដើម្បីឲ្យសមាហរណកម្មអាស៊ាន ក្នុងឆ្នាំ ២០១៥ដំណើរការទៅរលូន ដោយគ្មានឧបសគ្គ វិនិយោគិននៅក្នុងប្រទេសកម្ពុជា គួរតែភ្ជាប់ការធ្វើវិនិយោទុនជាមួយបណ្តាប្រទេសក្នុងតំបន់អាស៊ាន ឲ្យកាន់តែខ្លាំងក្លាថែមទៀត ហើយត្រូវពង្រឹងសមត្ថភាពផលិតកម្ម ឲ្យកាន់តែប្រសើរជាងមុន។ សូមបញ្ជាក់ថា កាលពីពេលកន្លងទៅ ធនាគារអភិវឌ្ឍន៏អាស៊ី ក៏បានព្យាករដែរថា សេដ្ឋកិច្ចប្រទេសកម្ពុជា មានកំណើន ៧ភាគរយ ក្នុងឆ្នាំ ២០១៣៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ