អាមេរិកស្វែងយល់ពីការសុំកូនចិញ្ចឹមនៅកម្ពុជា
ចុះផ្សាយនៅថ្ងៃ៖
ស្ថានទូតអាមេរិកប្រចាំកម្ពុជា បានប្រកាសនៅថ្ងៃសុក្រទី ១៨ មីនាថា លោកស្រីឯកអគ្គរដ្ឋទូតអាមេរិក Susan Jacobs ទីប្រឹក្សាពិសេសសម្រាប់បញ្ហាកុមារ បានធ្វើទស្សនកិច្ច នៅប្រទេសកម្ពុជា រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី១៧មីនាម្សិលមិញ។ ជាដំណើរទស្សនកិច្ច ដើម្បីចូលរួមប្រជុំស្វែងរកការពិត ស្តីពី ការសុំកូនចិញ្ចឹមទៅបរទេស។ សេចក្តីប្រកាសបញ្ជាក់ថា សហរដ្ឋអាមេរិក មិនទាន់កំណត់ថ្ងៃខែ សម្រាប់ការបន្តឡើងវិញ នូវការសុំកូនចិញ្ចឹមបរទេស ពីប្រទេសកម្ពុជានៅឡើយទេ។
សេចក្តីរាយការណ៍របស់លី ម៉េងហួរពីទីក្រុងភ្នំពេញ
សេចក្តីប្រកាសរបស់ស្ថានទូតអាមេរិក បានលើកឡើងថា ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជារយៈពេលពីរថ្ងៃ លោកស្រីឯកអគ្គរដ្ឋទូត Susan Jacobs បានជួបជាមួយមន្ត្រីរដ្ឋាភិបាលកម្ពុជា និងតំណាងមកពីស្ថានទូតដទៃទៀត ដើម្បីពិភាក្សាពីស្ថានភាពនៃការអនុវត្តប្រកាស និងកំរិតនៃការគោរពតាមអនុសញ្ញាក្រុងឡាអេ ស្តីពី ការសុំកូនចិញ្ចឹម។
សេចក្តីប្រកាសដដែល បានកត់សម្គាល់ថា សហរដ្ឋអាមេរិកសង្ឃឹមថា នឹងបានធ្វើការជាមួយរដ្ឋាភិបាលប្រទេសកម្ពុជា ក្នុងពេលដែលរដ្ឋាភិបាលកម្ពុជា បង្កើតប្រព័ន្ធសុខមាលភាពកុមារ និងធ្វើការពិនិត្យយ៉ាងហ្មត់ចត់លើបទបញ្ញតិ សម្រាប់អនុវត្តទាក់ទងនឹងច្បាប់ថ្មីស្តីពី ការសុំកូនចិញ្ចឹមទៅបរទេស។
ជាមួយគ្នានោះ សហរដ្ឋអាមេរិក ក៏បានសម្តែងការកោតសរសើររាជរដ្ឋាភិបាលកម្ពុជា ចំពោះជោគជ័យសំរេចបានកន្លងមក ក្នុងការបង្កើនការការពារដល់កុមារងាយរងគ្រោះ។ ក៏ប៉ុន្តែអាមេរិក មិនទាន់កំណត់ថ្ងៃខែ សម្រាប់ការបន្តឡើងវិញ នូវការសុំកូនចិញ្ចឹមបរទេសពីប្រទេសកម្ពុជានៅឡើយទេ។
លោកស្រី Susan Jacobs ក៏នឹងត្រូវធ្វើដំណើរទៅកាន់ប្រទេសវៀតណាម រហូតដល់ថ្ងៃទី២៣មីនា ដើម្បីពិភាក្សាឡើងវិញពីកិច្ចការទទួលយកកូនចិញ្ចឹម។ សហរដ្ឋអាមេរិក បានផ្អាកសុំកូនចិញ្ចឹមពីប្រទេសកម្ពុជា កាលពីឆ្នាំ២០០១។
លោកស្រី Susan Jacobs បានជួបពិភាក្សាការងារជាមួយ លោក ឡុង វិសាលោ រដ្ឋលេខាធិការក្រសួងការបរទេស និងជួបជាមួយមន្ត្រីក្រសួងសង្គមកិច្ច លើបញ្ហាសុំកូនចិញ្ចឹម។
អ្នកនាំពាក្យក្រសួងការបរទេស លោក កុយ គួង លើកឡើងថា នីតិវិធីនៅក្នុងច្បាប់ ស្តីពី ការសុំកូនចិញ្ចឹមអន្តរប្ររទេស របស់ប្រទេសកម្ពុជា នឹងត្រូវចាប់ផ្តើមអនុវត្ត ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០១១។
លោកស្រីឯកអគ្គរដ្ឋទូត Susan Jacobs ទីប្រឹក្សាពិសេសសម្រាប់បញ្ហាកុមារ របស់សហរដ្ឋអាមេរិក អះអាងថា អាមេរិកនឹងរង់ចាំមើលការអនុវត្តច្បាប់នេះ មុននឹងសម្រេចលើការសុំកុមារកម្ពុជា ទៅចិញ្ចឹមឡើងវិញ។
ច្បាប់ស្មុំកូនអន្តរប្រទេស មាន ១០ ជំពូក និង ៥៨ មាត្រា ត្រូវបានរដ្ឋសភាអនុម័ត កាលពីចុងឆ្នាំ២០០៩ ដើម្បីទប់ស្កាត់ការជួញដូរមនុស្ស និងការរត់ពន្ធកុមារកម្ពុជា។ ច្បាប់នេះ ក៏មានបំណងធ្វើយ៉ាងណាឱ្យកុមារកម្ពុជា ដែលមានអាយុក្រោម ៨ ឆ្នាំ និងករណីពិសេសអាចមានអាយុក្រោម ១៨ ឆ្នាំ ទៅរស់នៅជាមួយម្តាយឪពុកចិញ្ចឹមនៅបរទេស មានជីវភាពរស់នៅសមរម្យ និងពិតជាបានរស់នៅ ក្នុងលក្ខណ្ឌថ្លៃថ្នូរ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ