អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

វ៉ាស៊ីនតោន​ក្តៅក្រហាយ​ម៉ូស្គូ​ដែល​បាន​ផ្តល់​សិទ្ធិជ្រកកោន​ឲ្យ Snowden

សំឡេង ០៥:២៨
រុស្ស៊ី​បាន​ប្រគល់​សិទ្ធិជ្រកកោន​ឲ្យ​ Edward Snowden
រុស្ស៊ី​បាន​ប្រគល់​សិទ្ធិជ្រកកោន​ឲ្យ​ Edward Snowden REUTERS/Maxim Shemetov
៣២ នាទី

នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី១ សីហា ប្រទេស​រុស្ស៊ី​បាន​សម្រេច​ផ្តល់​សិទ្ធិជ្រកកោន​ឲ្យ​យុវជន​ជាតិអាមេរិកំាង Edward Snowden អតីត​មន្រ្តី​បម្រើការ​ឱ្យ​ភ្នាក់ងារ​សន្តិសុខជាតិ​អាមេរិកំាង ហៅ​កាត់​ថា NSA។ ការ​ផ្តល់សិទ្ធិជ្រកកោន​ឲ្យ Snowden ពេល​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី Snowden បាន​ជាប់គំាង​នៅ​ក្នុង​អាកាសយានដ្ឋាន​ក្រុង​ម៉ូស្គូ​តំាង​តែ​ពី​ថ្ងៃទី២៣ មិថុនា។ អាមេរិក​បាន​សម្តែង​ការខកចិត្ត និង​បាន​ចាត់​ទុក​ទង្វើ​របស់​រុស្ស៊ី​ថា ជា​ការ​ចាក់​មួយ​កំាបិត​ចំ​កណ្តាល​ខ្នង​អាមេរិកំាង។

ផ្សាយពាណិជ្ជកម្ម

គឺ​រូប​លោក​ប្រធានាធិបតី​រុស្ស៊ី ពូទីន​ផ្ទាល់​ខ្លួន​ដែល​បាន​យល់ព្រម​ផ្តល់​សិទ្ធិ​ជា​ជនភៀសខ្លួន​បណ្តោះអាសន្ន​រយៈពេល ១ឆ្នំា​ឲ្យ Snowden។ សិទ្ធិ​ជា​ជនភៀសខ្លួន​នេះ​បាន​អនុញ្ញាត​ឲ្យ Snowden ចាក​ចេញ​ពី​ព្រលានយន្តហោះ​ក្នុង​ទីក្រុង​ម៉ូស្គូ​ដែល​លោក​បាន​ជាប់​គំាង​នៅ​ទីនោះ​តំាង​ពី​ថ្ងៃទី២៣ មិថុនា។ បើ​យោង​តាម​មេធាវី​ជនជាតិ​រុស្ស៊ី​របស់ Snowden ការ​យល់ព្រម​របស់​លោក​ប្រមុខរដ្ឋ​រុស្ស៊ី​បាន​ភ្ជាប់​នូវ​លក្ខខណ្ឌ​មួយ​ចំាបាច់ នោះ​គឺ Snowden ត្រូវ​តែ​បញ្ឈប់​ការ​ទម្លាយ​ព័ត៌មាន​សម្ងាត់​គ្រប់​ប្រភេទ​ដែល​នំា​ឲ្យ​ប៉ះពាល់​ដល់​ផលប្រយោជន៍​អាមេរិកំាង។

លោក Snowden បាន​ទទួល​យក​លក្ខខណ្ឌ​នេះ តែ​ក៏​បាន​បញ្ជាក់​ប្រាប់​មេធាវី​របស់​ខ្លួន​ថា ការ​សន្យា​របស់​លោក​មិន​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ឯកសារ​ជា​ច្រើន​ទៀត​ដែល​លោក​បាន​ប្រគល់​ទៅ​ឲ្យ​វេបសៃយ៍ Wikileaks ឬ​មួយ​ក៏​ក្រុមអ្នកកាសែត​ផ្សេង​ទៀត​នៅ​ពេល​ដែល​លោក​កំពុង​ស្ថិត​ក្នុង​ទីក្រុង​ហុងកុង​នោះ​ទេ មាន​ន័យ​ថា បើ​វេបសៃយ៍ Wikileaks ឬ​មួយ​ក៏​ក្រុម​អ្នកកាសែត​ចង់​ចេញ​ផ្សាយ​ឯកសារ​ទំាង​នោះ គឺ​ជា​សិទ្ធិ​របស់​គេ​ដែល​លោក​មិន​អាច​រារំាង​បាន​ឡើយ និង​ថា លោក​ក៏​មិន​អាច​ទៅ​ដក​យក​ឯកសារ​ទំាង​នោះ​ត្រឡប់​មក​វិញ​ដែរ។ ផ្អែក​តាម​មេធាវី​របស់ Snowden ដដែល លោក Snowden មាន​បំណង​ចង់​កសាង​ជីវិត​ថ្មី​នៅ​ក្នុង​ទឹកដី​រុស្ស៊ី។

អាមេរិក​សម្តែង​ការ​ខកចិត្ត​ចំពោះ​ទង្វើ​របស់​លោក​ពូទីន

ទង្វើ​របស់​រុស្ស៊ី​បាន​ធ្វើ​ឲ្យ​សហរដ្ឋអាមេរិក​ក្តៅក្រហាយ​ជា​ពន់ពេក។ អាមេរិក​ដែល​បាន​សម្តែង​ការ​ខកចិត្ត​យ៉ាង​ខ្លំាង ព្រម​ទំាង​បាន​ចាត់​ទុក​ទង្វើ​របស់​ទីក្រុង​ម៉ូស្គូ ថា​ជា​ការ​ចាក់​មួយ​កំាបិត​ចំ​កណ្តាល​ខ្នង។ ប្រតិកម្ម​របស់​អាមេរិក​ពេល​នេះ មិន​មែន​ជា​រឿង​មួយ​ចម្លែក ហើយ​ក៏​មិន​មាន​អ្វី​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ដែរ ព្រោះ​ថា មនុស្ស​ម្នាក់​ដែល​បាន​បើក​កកាយ​រឿងរ៉ាវ​សម្ងាត់​ផ្ទៃក្នុង​របស់​ប្រទេស​មហាអំណាច​ពិភពលោក​មួយ​ទំាង​មូល បែរ​ជា​ត្រូវ​បាន​ប្រទេស​មួយ​ចេញ​មុខ​ជួយ​ការពារ ព្រម​ទំាង​ផ្តល់​សិទ្ធិជ្រកកោន​ឲ្យ​ទៀត។ តើ​អ្នក​ណា​មួយ មិន​ក្តៅ​ក្រហាយ​នោះ។ ឧបមា​ថា រូប Snowden ជា​ជនជាតិ​រុស្ស៊ី​ទៅ​វិញ រួច​បែរ​ជា​ត្រូវ​បាន​អាមេរិក​ផ្តល់​សិទ្ធិជ្រកកោន​ឲ្យ តើ​ទីក្រុង​ម៉ូស្គូ​គិត​យ៉ាង​ម៉េច​ដែរ ?។

ដូច្នេះ​សំណួរ​ដែល​ត្រូវ​ចោទ​នោះ​គឺ​ថា ហេតុអ្វី​បាន​ជា​រុស្ស៊ី​មិន​យល់ព្រម​ប្រគល់​ខ្លួន Snowden ទៅ​ឲ្យ​អាមេរិក តែ​បែរ​ជា​សម្រេចចិត្ត​ផ្តល់​សិទ្ធិជ្រកកោន​ឲ្យ​ Snowden ទៅ​វិញ ?

ត្រង់​ចំណុច​នេះ គេ​អាច​ឆ្លើយ​បាន​ថា អាច​ជា​ការ​សងសឹក ឬ​មួយ​ក៏​ជា​មេរៀន​មួយ​ដែល​រូប​លោក​ប្រធានាធិបតី​រុស្ស៊ី​ពូទីន​ចង់​ផ្តល់​ទៅ​ឲ្យ​លោក​ប្រធានាធិបតី​អាមេរិក អូបាម៉ា ព្រោះ​សូម​ជម្រាប​ជូន​ថា តំាង​តែ​ដើម​មក ពិសេស​តំាង​ពី​ក្រោយ​ការ​ជាប់ឆ្នោតប្រធានាធិបតី​រស្ស៊ី​ជាថ្មី​របស់​លោក​ពូទីន​ក្នុង​ឆ្នំា ២០១២ មក ទំនាក់ទំនង​រវាង​ទីក្រុង​ម៉ូស្គូ និង​វ៉ាស៊ីតោន​មិន​ដែល​ស្គាល់​ភាព​ល្អូកល្អឺន​ម្តង​ណា​ទេ។ នៅ​ក្នុង​ជំនួប​រវាង​គ្នា​ម្តងៗ​នា​ពេល​កន្លង​មក លោក​អូបាម៉ា និង​លោក​ពូទីន​មិន​ដែល​បាន​បង្ហាញ​ឲ្យ​ឃើញ​នូវ​ភាព​ចុះ​សម្រុង​គ្នា​ម្តង​ណា​ឡើយ ទំាង​សំណុំរឿង​អន្តរជាតិ ក៏​ដូច​ជា​បញ្ហា​ផ្ទៃក្នុង​របស់​ប្រទេស​រុស្ស៊ី។

សំណុំរឿង​អន្តរជាតិ​មាន​ដូច​ជា​វិបត្តិនយោបាយ​ក្នុង​ប្រទេស​ស៊ីរី និង​វិបត្តិនុយក្លេអ៊ែរ​ក្នុង​ប្រទេស​អ៊ីរ៉ង់​ដែល​រុស្ស៊ី​បាន​ចេញ​មុខ​ការពារ​យ៉ាង​ពេញ​ទំហឹង ប្រឈម​ទប់​នឹង​ក្រុមប្រទេស​លោកខាងលិច​ដែល​មាន​អាមេរិក​ជា​មេក្លោង។ ទាក់ទង​នឹង​រឿង​គោរពសិទ្ធិមនុស្ស​នៅ​ក្នុង​ប្រទេស​រុស្ស៊ី​វិញ អាមេរិក​ក៏​ធ្លាប់​បាន​ធ្វើ​ការ​ទិតៀន រិះគន់​វាយប្រហារ​លើ​របប​ក្រុង​ម៉ូស្គូ​យ៉ាង​ចាស់ដៃ​ដែរ។ អ៊ីចឹង​សម្រាប់​លោក​ពូទីន ការ​ផ្តល់​សិទ្ធិជ្រកកោន​ឲ្យ Snowden ពេល​នេះ ពិត​ជា​ឱកាស​មួយ​មិន​អាច​ខ្វះ​បាន​ក្នុង​ការ​ផ្តល់​មេរៀន​ឲ្យ​លោក​អូបាម៉ា។

រឿងរ៉ាវ Snowden នឹង​រឹត​តែ​ធ្វើ​ឲ្យ​ទំនាក់ទំនង​រុស្ស៊ី-អាមេរិក​កាន់​តែ​ធ្លាក់​ដុនដាប

រឿងរ៉ាវ​របស់ Snowden នឹង​ធ្វើ​ឲ្យ​ទំនាក់ទំនង​រវាង​អាមេរិក និង​រុស្ស៊ី​កាន់​តែ​ធ្លាក់​ដុនដាប​ខ្លំាង​ដោយ​ចៀសមិន​រួច និង​ដែល​គ្រប់​គ្នា​កំពុង​រង់ចំា។ ពិត​ណាស់​ថា រដ្ឋាភិបាល​ក្រុង​ម៉ូស្គូ​តែងតែ​បាន​ព្យាយាម​មិន​ចង់​ធ្វើ​ឲ្យ​រឿងរ៉ាវ Snowden ក្លាយ​ជា​វិបត្តិការទូត​ធ្ងន់ធ្ងរ​ជាមួយ​ក្រុង​វ៉ាស៊ីនតោន​ទេ។ ក៏​ប៉ុន្តែ ទង្វើ​របស់​លោក​ប្រធានាធិបតី​រុស្ស៊ី​ពូទីន​ពេល​នេះ​ត្រូវ​បាន​មន្រ្តី​អាមេរិកំាង​យល់​ឃើញ​ថា ជា​ការ​ដាក់​ថ្នំាបំពុល​បន្ថែម​លើ​ទំនាក់ទំនង​រវាង​ប្រទេស​មហាអំណាច​ទំាង​ពីរ។

ក្រៅ​ពី​ការ​បញ្ចេញ​ប្រតិកម្ម​សោកស្តាយ​ចំពោះ​ទង្វើ​របស់​ក្រុង​ម៉ូស្គូ ក្រុង​វ៉ាស៊ីតោន​កំពុង​ពិចារណា​លើ​គម្រោង​ជំនួបកំពូល​រវាង​លោក​អូបាម៉ា និង​លោក​ពូទីន​ក្នុង​ទីក្រុង​ម៉ូស្គូ​នៅ​ថ្ងៃ​ខាង​មុខ វត្តមាន​របស់​លោក​អូបាម៉ា​នៅ​ក្នុង​ជំនួបកំពូល​នៃ​ក្រុមប្រទេស G២០ ក្នុង​ទីក្រុង Saint-Petersbourg ព្រម​ទំាង​វត្តមាន​របស់​លោក​អូបាម៉ា​នៅ​ក្នុង​ការ​ប្រកួត​ល្បែង​អូឡំាពិក​រដូវរងារ​នា​ខែ​កុម្ភៈ ឆ្នំា ២០១៤ ក្នុង​ប្រទេស​រស្ស៊ី។

តើ​នៅ​ក្នុង​កម្មវិធី​ដែល​នឹង​ត្រូវ​រៀបចំ​ឡើង​នៅ​ក្នុង​ប្រទេស​រស្ស៊ី​ទំាង​អស់​នេះ នឹង​ត្រូវ​លោក​អូបាម៉ា​លុបចោល មិន​ចូល​រួម ឬ​យ៉ាង​ណា ?

នៅ​មិន​ទាន់​មាន​ចម្លើយ​យ៉ាង​ណា​ពី​សេតវិមាន​ទេ តែ​សម្រាប់​ក្រុម​អ្នកវិភាគ ទំនាក់ទំនង​រវាង​រុស្ស៊ី និង​អាមេរិក​នឹង​ឡើង​តានតឹង​ដោយ​ចៀស​មិន​រួច។ យ៉ាង​ណា​ក៏​ដោយ ក្រុម​អ្នកតាមដាន​ស្ថានការណ៍​បាន​ជម្រុញ​ឲ្យ​រុស្ស៊ី និង​អាមេរិក​កាត់​បន្ថយ​ភាព​មិន​ចុះ​សម្រុង​គ្នា ព្រោះ​ថា ទង្វើ​សងសឹក​គ្នា​នឹង​រឹតតែ​ធ្វើ​ឲ្យ​ទំនាក់ទំនង​កាន់​តែ​ធ្លាក់​ដុនដាប​ថែម​ទៀត​ប៉ុណ្ណោះ មិន​មែន​ធ្លាក់​ដុនដាប​តែ​រវាង​មហាអំណាច​ទំាង​ពីរ​ទេ តែ​វា​ក៏​ជា​ល្បែង​មួយ​ដ៏​គ្រោះ​ថ្នាក់​សម្រាប់​ពិភពលោក​ទំាង​មូល​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ