Washington Post៖ រដ្ឋាភិបាលអាមេរិកបីជំនាន់ កុហកនិងបំភាន់សាធារណមតិអាមេរិក
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ថ្ងៃទី៩ធ្នូ កាសែតអាមេរិក The Washington Post បានទម្លាយការសម្ងាត់ ពីសំណុំរឿងសង្គ្រាមនៅអាហ្វហ្គានីស្ថាន ដែលរដ្ឋាភិបាលអាមេរិក បានកុហកនិងបំភាន់សាធារណមតិ។ កាសែតនេះ បានទទួលរបាយការណ៍សម្ងាត់របស់ភ្នាក់ងារពិសេសរដ្ឋាភិបាលអាមេរិក ដែលបានធ្វើការសិក្សាស៊ើបអង្កេត ជុំវិញដំណើរការធ្វើសង្គ្រាមនៅអាហ្វហ្គានីស្ថាននិងការកសាងប្រទេសនេះឡើងវិញ។ ក្នុងនោះ អ្នកជំនាញខាងយោធា ខាងការទូត និងថ្នាក់ដឹកនាំធំៗរបស់អាមេរិក គឺសុទ្ធតែដឹងច្បាស់ថា អន្តរាគមន៍អាមេរិកនៅទីនោះ ជារឿងបរាជ័យ និងជារឿងទៅមិនរួច ហើយប្រធានាធិបតីអាមេរិកទាំងបីជំនាន់ ក៏បានដឹងច្បាស់ពីរឿងនេះផងដែរ។ ក៏ប៉ុន្តែ រដ្ឋាភិបាលអាមេរិកតែងតែព្យាយាមលាក់បាំង និងបំភ្លៃទិន្នន័យខុសពីការពិតនៅទីលានជាក់ស្តែង។ នេះបើតាមកាសែតអាមេរិក The Washington Post ។
របាយការណ៍សិក្សាស៊ើបអង្កេត ដែលកាសែត The Washington Post ទទួលបាននោះ គឺចំណងជើង «សង្គ្រាមប្រឆាំងនឹងសច្ចភាព» មានសំណុំឯកសារជាង២ពាន់ច្បាប់ រៀបចំដោយ ការិយាល័យអធិការកិច្ចពិសេសដើម្បីកសាងអាហ្វហ្គានីស្ថាន ដែលជាភ្នាក់ងារផ្លូវការរបស់រដ្ឋាភិបាលអាមេរិកផ្ទាល់តែម្តង។ ការសិក្សាអង្កេតនេះ ផ្តើមធ្វើឡើងនៅឆ្នាំ២០០៨ ដើម្បីសិក្សាមើលពីការចំណាយថវិកាដ៏ច្រើនលើសលុប គ្មានប្រសិទ្ធភាព ដែលគ្មានការត្រួតពិនិត្យត្រឹមត្រូវ ហើយមានសញ្ញាណពីភាពពុករលួយ។ ហើយបើតាមការសិក្សាមួយរបស់សកលវិទ្យាល័យ Brown, ការលូកដៃរបស់អាមេរិក ទៅក្នុងសង្គ្រាមនៅអាហ្វហ្គានីស្ថាននិងការស្រោចស្រង់ប្រទេសនេះឡើងវិញ គឺត្រូវចំណាយប្រាក់ ចន្លោះពី ៩៣៤ពាន់លានដុល្លារ ទៅ៩៧៨ពាន់លានដុល្លារ។
ក្នុងរបាយការណ៍ដែលចុះផ្សាយដោយកាសែត The Washington Post គឺមានបង្ហាញសក្ខីកម្មរបស់អ្នកជំនាញកិច្ចការសន្តិសុខជាតិ ពិសេសគឺបានសាកសួរអ្នកជំនាញខាងចម្បាំង និងមន្ត្រីការទូត ដែលឈរជើងនៅមូលដ្ឋានអាហ្វហ្គានីស្ថាន ស្រាប់។ ពួកគេខ្លះ បានដឹងច្បាស់ពីស្ថានការណ៍បរាជ័យ។ ចំពោះពួកគេទាំងនោះ អន្តរាគមន៍របស់អាមេរិកនៅអាហ្វហ្គានីស្ថាន គឺជាជម្លោះមួយ ដែលមិនអាចឈ្នះ។ ក្នុងចំណោមមេទាហានជាច្រើន ដែលបានផ្តល់បទសម្ភាសសម្រាប់របាយការអង្កេតនោះ មានដូចជាមេបញ្ជាការ Micheal Flynn, ទីប្រឹក្សាផ្នែកសន្តិសុខ Douglas Dute ជាដើម។ វរសេនីយ Bob Crowley ដែលទទួលខុសត្រូវកិច្ចការយោធា ឆ្នាំ២០១៣-១៤ ពន្យល់នៅឆ្នាំ២០១៦ ថាប្រភពទិន្នន័យជាក់ស្តែងពីស្ថានភាពនៅអាហ្វហ្គានីស្ថាន គឺបានត្រូវគេបំភ្លៃខុសពីភាពពិត ហើយថ្នាក់ដឹកនាំនយោបាយអាមេរិក យកទៅនិយាយប្រាប់សាធារណជន ថាពួកគេកំពុងតែដើរលើផ្លូវត្រូវទៅវិញ។
គួរបញ្ជាក់ថា របាយការណ៍«សង្គ្រាមប្រឆាំងនឹងសច្ចភាព» ឬ Afghanistan Papers នេះ គឺជាការស្រាវជ្រាវរបស់រដ្ឋាភិបាលអាមេរិកខ្លួនឯង ហើយប្រធានាធិបតីអាមេរិកទាំងបីជំនាន់ តាំងពីលោក ហ្សក ដាប់ប៊ែលយូ ប៊ូស, មកដល់លោក បារាក់ អូបាម៉ា និងលោក ដូណាល់ ត្រាំ នេះទៀត គឺសុទ្ធតែបានដឹងរឿងនេះដែរ។ ប៉ុន្តែរដ្ឋាភិបាលអាមេរិក មិនផ្សព្វផ្សាយរបាយការណ៍អង្កេតនេះទេ ដោយសារចាត់ទុកជាកិច្ចការសម្ងាត់របស់ជាតិ ហើយតែងតែព្យាយាមលាក់បាំង និងបំភ្លៃទិន្នន័យខុសពីការពិត នៅទីលានជាក់ស្តែង។ ចំពោះរឿងនេះ បើតាម The Washington Post គឺរដ្ឋាភិបាលអាមេរិក បានកុហកពលរដ្ឋរបស់ខ្លួន អស់១៨ឆ្នាំមកហើយ។
រឿងនេះ ស្រដៀងគ្នា នៅសំណុំរឿង Pantagon Papers ដែលមន្ទីររដ្ឋាភិបាលអាមេរិក បំភាន់សាធារណមតិ ចំពោះសង្គ្រាមនៅវៀតណាម កាលពីឆ្នាំ១៩៧១ និងដែលត្រូវកាសែត The Washington Post ដដែលនេះ ជាអ្នកលាតត្រដាងការពិត៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ