អាហ្វហ្គានីស្ថាន៖ ផ្ទុះគ្រាប់បែកអត្តឃាត ស្លាប់មនុស្សជាង៤០នាក់
ចុះផ្សាយនៅថ្ងៃ៖
នៅអាហ្វហ្គានីស្ថាន យ៉ាងហោចណាស់ ស្លាប់មនុស្ស៤០នាក់ និងរបួសច្រើននាក់ទៀត ដោយសារការបំផ្ទុះគ្រាប់បែកអត្តឃាតមួយ នៅថ្ងៃព្រហស្បតិ៍ ទី២៨ធ្នូនេះ។ ជនរងគ្រោះស្លាប់និងរបួសភាគច្រើនគឺយុវជននិងនិស្សិត។ ហេតុការណ៍សោកនាដកម្មនេះ បានកើតឡើងនៅបរិវេណមជ្ឈមណ្ឌលវប្បធម៌និងសាសនាអ៊ីស្លាមនិកាយឈីអ៊ីត នៅប៉ែកខាងលិចទីក្រុង កាប៊ូល។
ភ្លាមៗក្រោយកើតហេតុ ពួកអង្គការរដ្ឋអ៊ីស្លាមជីហាត បានចេញមុខប្រកាសទទួលស្គាល់ថាជាទង្វើរបស់ពួកគេ។ ពួកគេនិយាយថាបក្សពួកខ្លួនបានបំផ្ទុះគ្រាប់បែក៣គ្រាប់ ដោយ២គ្រាប់គឺផ្ទុះបន្ថែមពីក្រោយឲ្យផ្ទុះជាប់ៗគ្នា បន្ទាប់ពីការវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាត។
គ្រាប់បែកទាំងនោះគឺបានផ្ទុះឡើងនៅក្នុងពេលដែលមានការជួបជជែកពិភាក្សាតុមូលមួយ ដែលសម្បូរដោយក្រុមនិស្សិតចូលរួម។ ជំនួបនេះគឺធ្វើឡើងក្នុងឱកាសរម្លឹកខួបលើកទី៣៨ឆ្នាំនៃការឈ្លានពានរបស់រុស្ស៊ី ទៅលើអាហ្វហ្គានីស្ថាន។
បើតាមអាជ្ញាធរមូលដ្ឋាន ឧប្បតិហេតុបំផ្ទុះគ្រាប់នេះ គឺមានគោលដៅប្រឆាំងនឹងទីភ្នាក់ងារព័ត៌មានមួយ ឈ្មោះថា សំឡេងពលរដ្ឋអាហ្វហ្គានីស្ថាន។ ទីភ្នាក់ងារព័ត៌មាននេះ មានទំនោរផ្សព្វផ្សាយឲ្យសាសនាអ៊ីស្លាមឈីអ៊ីត ដែលជាក្រុមភាគតិចនៅអាហ្វហ្គានីស្ថាន។ ក្នុងចំណោមអ្នកស្លាប់និងរបួសជាច្រើននោះ ក៏មានស្លាប់អ្នករាយការណ៍ព័ត៌មានម្នាក់ ហើយអ្នកកាសែតមួយរូបទៀត រងរបួសធ្ងន់។
អ្នកនាំពាក្យប្រធានាធិបតីអាហ្វហ្គានីស្ថាន បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសអំពើភេរវកម្មបំផ្ទុះគ្រាប់បែកអត្តឃាតនេះ ដោយចាត់ទុកថា ជាអំពើដែលពុំអាចអត់ឱនឲ្យបានឡើយ ហើយនិងថា អាហ្វហ្គានីស្ថានសន្យាប្តេជ្ញាកម្ទេចក្រុមភេរវជន។
សូមរម្លឹកជូនថា ប៉ុន្មានខែថ្មីៗនេះ ទីក្រុងកាប៊ូល គឺជាគោលដៅនៃការបំផ្ទុះភេរវកម្មរបស់ពួកជីហាត។ កាលពីខែតុលាកន្លងទៅ ក៏មានការបំផ្ទុះគ្រាប់បែកសម្លាប់មនុស្សអស់ជិត៤០នាក់ដែរ នៅវិហារសាសនារបស់ក្រុមនិកាយឈីអ៊ីត។ កាលពីខែឧសភា គឺការបំផ្ទុះឡានកាំមីញ៉ុងមួយបណ្តាលឲ្យស្លាប់មនុស្សជាង១៥០នាក់ និងរបួសជាង៤០០នាក់។ ចំណែកប្រព័ន្ធផ្សព្វផ្សាយណាដែលស្និតនឹងក្រុមអ៊ីស្លាមឈីអ៊ីត គឺក៏ជាផ្ទាំងស៊ីបមួយដែរ។
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ