អានតួអត្ថបទ
អាហ្វហ្កានីស្ថាន-អាមេរិក

អន្តរាគមន៍​​​ចន​ ឃែររី ​នៅ​អាហ្វហ្កានីស្ថាន​ សម្រេចបាន​កិច្ចព្រមព្រៀង​ដោះស្រាយ​វិបត្តិ​

ប្រមុខការទូត​អាមេរិក ឃែររី​ (កណ្តាល) ​និង​បេក្ខជន​ប្រធានាធិបតី​អាហ្វហ្កានីស្ថានទាំង២៖​ លោក ​អាប់ឌូឡា (ឆ្វេង), លោក​ហ្កានី (ស្តាំ)។
ប្រមុខការទូត​អាមេរិក ឃែររី​ (កណ្តាល) ​និង​បេក្ខជន​ប្រធានាធិបតី​អាហ្វហ្កានីស្ថានទាំង២៖​ លោក ​អាប់ឌូឡា (ឆ្វេង), លោក​ហ្កានី (ស្តាំ)។ REUTERS/Mohammad Ismail
ដោយ៖ ព្រំ សឿន សូលីណា
១៧ នាទី

នៅទីបំផុត ​​ក្រោម​អន្តរាគមន៍​របស់​ប្រមុខការទូត​អាមេរិក​ ចន ឃែររី​ ២ថ្ងៃ​មកនេះ ​កិច្ច​ព្រមព្រៀង​ដោះស្រាយ​វិបត្តិ​​​​​អាហ្វហ្កានីស្ថាន​បាន​សម្រេចចេញ​ហើយ។ នៅ​ថ្ងៃសៅរ៍​ម្សិលមិញ ​​បេក្ខជន​​ប្រធានាធិបតី​អាហ្វហ្កានីស្ថាន​​ទាំង២រូប​ គឺ​លោក​​​អាប់ឌូឡា និង​លោក​ហ្កានី ​ដែល​បាន​ប្រកាស​​ជោគជ័យ​រៀងខ្លួន ចំពោះ​​ការ​បោះឆ្នោត​​ថ្ងៃ​១៤មិថុនា​កន្លងមក បាន​​ស្រុះស្រួល​គ្នា​​​អោយ​មាន​ការ​រាប់សន្លឹក​ឆ្នោត​ឡើងវិញ ១០០ភាគរយ ដើម្បី​បំបាត់​ការ​មន្ទិល​សង្ស័យ​លើ​ការ​បន្លំ​សន្លឹកឆ្នោត។ អង្គការ​សហប្រជាជាតិ​បាន​សុំអោយ​​មាន​អ្នក​សង្កេតការណ៍អន្តរជាតិ​ចូលរួម​ក្នុងការ​រាប់​សន្លឹកឆ្នោត​​ឡើងវិញ​។

ផ្សាយពាណិជ្ជកម្ម

ដើម្បី​បំបាត់​មន្ទិល​សង្ស័យ​លើ​ការ​បន្លំ​សន្លឹក​ឆ្នោត និង​ចៀសវាង​​មិនអោយ​អាហ្វហ្កានីស្ថាន​​​ធ្លាក់​ក្នុង​អំពើ​ហិង្សា​សហគមន៍ ​បេក្ខជន​ប្រធានាធិបតី​​ អាប់ឌូឡា អាប់ឌូឡា និង​អាស្រាហ្វ ហ្កានី បាន​ព្រមព្រៀង​គ្នា​អោយ​​រាប់សន្លឹក​ឆ្នោត​ឡើងវិញ នៅ​គ្រប់​មណ្ឌលបោះឆ្នោត​ក្នុង​ស្រុក។ កិច្ចព្រមព្រៀង​រវាង​គូប្រជែង​​បោះឆ្នោត​ទាំង២ បាន​សម្រេច​ចេញ​​ឡើង ក្រោម​អន្តរាគមន៍​របស់​ប្រមុខ​ការទូត​អាមេរិក ចន ឃែររី។ ​

មួយខែ​មកនេះ​ អាហ្វហ្កានីស្ថាន​បាន​ធ្លាក់​ក្នុងស្ថាន​ភាពតានតឹង​ ដោយសារ​តែ​បេក្ខជន​ប្រធានាធិបតី​​អាហ្វហ្កានីស្ថាន អាប់ឌូឡា និង​​ហ្កានី ​ឈ្លោះគ្នា​ដណ្តើម​ជោគជ័យ​​ ​ការ​បោះឆ្នោត​​ជុំទី២ ដែល​ប្រព្រឹត្ត​ទៅ​កាលពី​ថ្ងៃ​១៤មិថុនា​​។

​​យោងតាម​លទ្ធផល​បោះឆ្នោត ​បេក្ខជន​អាប់ឌូឡា ដែលឈ្នះ​ការ​បោះឆ្នោត​ជុំទី១ បែរ​ជា​ត្រូវចាញ់​ឆ្នោត​នៅ​ជុំទី២​ទៅវិញ។ ក្នុង​ជុំទី២​ ​លោក​អាប់ឌូឡា ​ទទួល​​​សម្លេង​តែ​៤៣,៥ភាគរយ ​ចាញ់​គូប្រជែង​ ​អាស្រាហ្វ ​​ហ្កានី ដែល​​​​ទទួលជោគជ័យ​​ខ្ពស់​ជាមួយ​សម្លេង​ឆ្នោត​​រហូត​៥៤,៤ភាគរយ។ ផ្ទុយទៅវិញ ​ក្នុង​ជុំទី១ លោក​អាប់ឌូឡា ទទួលបាន​សម្លេងឆ្នោត​​៤៥ភាគរយ ខណៈ​​លោក​ហ្កានី ​ទទួលបាន​​សម្លេង​តែ​៣១,៦ភាគរយ។ កន្លងមក គណៈកម្មការ​បោះឆ្នោត​ឯករាជ្យ​បាន​រាប់សន្លឹក​ឆ្នោត​ឡើងវិញ​នៅ​មណ្ឌល​​បោះឆ្នោត​ជាង​១៩០០ ក្នុង​ចំណោម​មណ្ឌល​សរុប ​២៣០០មណ្ឌល។ តែ​ការ​រាប់បែបនេះ​មិន​គ្រប់គ្រាន់​​ទេ ​សម្រាប់​បេក្ខជន​​​ អាប់ឌូឡា។ ​​លោក​អាប់ឌូឡា​ ​​បាន​ចោទ​ថា មាន​ការ​លួច​សន្លឹកឆ្នោតជួយ​គូប្រជែង​លោក​។ លោក​អាប់ឌូឡា​​ថែមទាំង​​សង្ស័យ​លើ​​​​​គណៈកម្មការ​បោះឆ្នោត​​ឯករាជ្យ​ និង​​ប្រធានាធិបតី​​ផុត​អាណត្តិ​​ ហាមីឌ ​កាហ្សៃ ​​ទៀតផង។ ​

ដោយ​ខ្លាច​​ថា អាហ្វហ្កានីស្ថាន​​ធ្លាក់​ក្នុង​​​សង្គ្រាម​ស៊ីវិល ​ដោយសារ​​​វិបត្តិនៃ​ការ​បោះឆ្នោត​នេះ​​​​ ​អាមេរិក​ដែល​គាំទ្រ​សេដ្ឋកិច្ច​និង​យោធា​អាហ្វហ្កានីស្ថាន​​​អស់​១៣ឆ្នាំ​មកនេះ ​បាន​បញ្ជូន​​ប្រមុខ​ការទូត​​​ ​ចន ឃែររី ​​ ​ទៅក្រុង​កាប៊ូល ​​ចរចា​ជាមួយ​ថ្នាក់ដឹកនាំ និង​បេក្ខជន​ប្រធានាធិបតី​​​​អាហ្វហ្កានីស្ថាន​។ ​

ការ​រាប់សន្លឹក​ឆ្នោត​ ១០០ភាគរយ​​ឡើងវិញ​ នឹង​ធ្វើអោយ​​ពិធីឡើងកាន់​​តំណែង​​ប្រធានាធិបតី​អាហ្វហ្កានីស្ថាន​ថ្មី​ ​ថ្ងៃ​២សីហា ​​ត្រូវ​ពន្យារ​ពេល​បន្ថែម។​ ហើយ​ការ​ចុះ​ហត្ថលេខា​លើ​​សន្ធិសញ្ញា​សន្តិសុខ​ទ្វេភាគី​រវាង​អាមេរិក​និង​អាហ្វហ្កានីស្ថាន​ក៏​ត្រូវ​ពន្យារពេល​ដូចគ្នា។ ​​​សន្ធិសញ្ញា​សន្តិសុខ​នេះ គ្រោង​អោយ​អាមេរិក​​បន្ត​វត្តមាន​កងទ័ព​​ជិត​១ម៉ឺននាក់ ​នៅ​អាហ្វហ្កានីស្ថាន។ កងទ័ពអាមេរិក​នៅ​អាហ្វហ្កានីស្ថាន​​​បច្ចុប្បន្ន មាន​​​៣ម៉ឺន២ពាន់​នាក់៕ ​ ​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ