ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អាហ្វហ្កានីស្ថាន៖កម្លំាង​រដ្ឋាភិបាល​ទទួល​តួនាទី​ជាអ្នក​ការពារសន្តិសុខ ចំ​ពេល​ពួក​តាលីបង់​កំពុង​មាន​ឥទ្ធិពល​ខ្លំាង

សំឡេង ០៦:១២
លោក Hamid Karzaï ប្រធានាធិបតី​អាហ្វហ្កានីស្ថាន
លោក Hamid Karzaï ប្រធានាធិបតី​អាហ្វហ្កានីស្ថាន REUTERS/Mohammad Ismail

ចាប់​ពី​ថ្ងៃ​អង្គារ ទី១៨ មិថុនា​នេះ​ត​ទៅ កម្លំាង​រដ្ឋាភិបាល​នៃ​ប្រទេស​អាហ្វហ្កានីស្ថាន​បាន​ទទួល​តួនាទី​ជា​អ្នកការពារ​សន្តិសុខ​នៅ​ទូទំាង​ប្រទេស បន្ត​ពី​កម្លំាងសម្ព័ន្ធមិត្ត។ ការ​ផ្ទេរ​ការ​ធានា​សន្តិសុខ​ទៅ​រដ្ឋាភិបាល​ក្រុង​កាប៊ូល​ថ្ងៃ​នេះ​បាន​ធ្វើ​ឡើង ចំ​ពេល​ដែល​កម្លំាង​អូតង់​កំពុង​ត្រៀមខ្លួន​ដក​ចេញ​ពី​ទឹក​ដី​អាហ្វហ្កានីស្ថាន​ណ្តើរៗ និង​ត្រូវ​ដក​ចេញ​ទំាង​អស់​ នៅ​ដំណាច់​ឆ្នំា ២០១៤។ មួយ​វិញ​ទៀត ឥទ្ធិពល​របស់​កម្លំាង​ពួក​ឧទ្ទាម​តាលីបង់​ក៏​កំពុង​មាន​សន្ទុះ​កាន់​តែ​ខ្លំាង​ឡើង​ដែរ។

ផ្សាយពាណិជ្ជកម្ម

ដំណើរការ​នៃ​ការ​ផ្ទេរ​តួនាទី​ជា​អ្នក​ធានា​សន្តិសុខ​ពី​កម្លំាង​អូតង់ ទៅ​ឲ្យ​កម្លំាង​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន​បាន​ចាប់​ផ្តើម​បណ្តើរៗ​តំាង​ពី​ខែ​កក្កដា ឆ្នំា ២០១១។ ថ្ងៃ​នេះ គឺ​ជា​ការ​ប្រគល់​បញ្ចប់​ទៅ​ឲ្យ​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន​នូវ​ខេត្ត និង​ស្រុក​ដែល​នៅ​សេសសល់​ចំនួន ៩៥។ ដូច្នេះ​ចាប់​ពី​ថ្ងៃ​នេះ​ត​ទៅ ការ​ធានា​សន្តិសុខ​នៅ​ទូទំាង​ប្រទេស​អាហ្វហ្កានីស្ថាន គឺ​ជា​ភារកិច្ច​របស់​កម្លំាង​រដ្ឋាភិបាល គឺ​លែង​ជា​ការងារ​របស់​កម្លំាង​អូតង់​ទៀត​ឡើយ។ បើ​តាម​កិច្ចព្រមព្រៀង​រវាង​រដ្ឋាភិបាល​ទីក្រុង​កាប៊ូល និង​អង្គការ​អូតង់ តួនាទី​របស់​ទាហាន​បរទេស​មាន​ពីរ ទីមួយ គឺ​ជួយ​គំាទ្រ​ការ​ប្រយុទ្ធ​របស់​ទាហាន​អាហ្វហ្កានីស្ថាន ពិសេស​ជំនួយ​ផ្លូវអាកាស​នៅ​ក្នុង​ករណី​ណា​ដែល​មាន​ការ​វាយប្រហារ​ខ្លំាងក្លា​ពី​ក្រុមឧទ្ទាម​តាលីបង់។ តួនាទី​ទីពីរ គឺ​ជួយ​បន្ត​ហ្វឹកហ្វឺន​កម្លំាង​សន្តិសុខ​អាហ្វហ្កានីស្ថាន​ទំាង ៣៥ម៉ឺននាក់។

គួរ​ជម្រាប​ជូន​ថា បច្ចុប្បន្ន​នេះ មាន​កម្លំាង​អូតង់​ប្រមាណ​ជា ១០ម៉ឺន​នាក់​ដែល​កំពុង​បំពេញ​បេសសកម្ម​នៅ​ក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន​ដែល​ក្នុង​នោះ មាន​២ ភាគ ៤ ជា​ទាហាន​អាមេរិកំាង។ មួយ​វិញ​ទៀត ក្នុង​ចំណោម​ទាហាន​បរទេស​ទំាង​ប្រមាណ ១០ម៉ឺននាក់ មាន​មួយ​ចំនួន​ធំ​នឹង​ត្រូវ​ដក​ចេញ​ពី​ទឹកដី​អាហ្វហ្កានីស្ថាន​ចាប់​ពី​នេះ ទៅ​ទល់​នឹង​ដំណាច់​ឆ្នំា ២០១៤ ខាង​មុខ។ រីឯ​អាមេរិក​បាន​គ្រោង​ទុក​ទាហាន​របស់​គេ​មួយ​ចំនួន​ឲ្យ​បន្ត​បេសកកម្ម​នៅ​ក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន តែ​នៅ​មិន​ទាន់​បាន​បញ្ជាក់​ពី​ចំនួន​ពិត​ប្រាកដ​ទេ។

កម្លំាង​រដ្ឋាភិបាល​នៅ​មាន​សមត្ថភាព​ខ្សោយ ប្រឈម​នឹង​ពួក​តាលីបង់

ជាង​១០ឆ្នំា ក្រោយ​ការ​ដួលរលំ​នៃ​របប​តាលីបង់​ក្នុង​ឆ្នំា ២០០១ ស្ថានការណ៍​នៅ​ក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន​ហាក់​ដូច​ជា​បាន​ធ្លាក់​ដុនដាប​ទៅៗ។ ពី​ដំបូង សហគមន៍​អន្តរជាតិ ពិសេស​ប្រជាជន​អាហ្វហ្កានីស្ថាន​ដែល​ធ្លាប់​ស្គាល់​រសជាតិ​របប​តាលីបង់ មាន​ការ​ត្រេកត្រអាល សប្បាយ​រីករាយ​ដោយ​សង្ឃឹម​ថា ពួក​គេ​នឹង​ទទួល​បាន​សិទ្ធិសេរីភាព និង​លទ្ធិប្រជាធិបតេយ្យ​ពេញលេញ។ តែ​ជាង ១០ឆ្នំា​ក្រោយ​មក កម្លំាង​របស់​ឧទ្ទាម​តាលីបង់​រឹត​តែ​មាន​កម្លំាង​ខ្លំាង​ឡើងៗ​ទៅ​វិញ។ ចូរ​កុំ​ភ្លេច​ថា របប​តាលីបង់​នៅ​តែ​មាន​រចនាសម្ព័ន្ធ​រឹងមំា និង​មាន​មូលដ្ឋាន​នៅ​សឹង​គ្រប់​ទីកន្លែង​ទំាង​អស់​នៅ​ទូទំាង​ប្រទេស។

ចាប់​តំាង​ពី​ឆ្នំា ២០០៥ មក ឥទ្ធិពល​របស់​ពួក​តាលីបង់​បាន​ផ្តើម​មាន​កាន់​តែ​ខ្លំាង​ឡើងៗ។ ពួក​គេ​មាន​លទ្ធភាព និង​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​រៀបចំ​អំពើ​ភេរវកម្ម​បង្ហូរ​ឈាម នៅ​ពេល​ណា​ក៏​បាន និង​នៅ​ទីកន្លែង​ណា​ក៏​បាន រហូត​ដល់​ចំ​កណ្តាល​បេះដូង​ទីក្រុង​កាប៊ូល។ ជាក់​ស្តែង នៅ​ប៉ុន្មាន​ម៉ោង មុន​ពិធី​រៀបចំ​ប្រគល់​តួនាទី​ធានាសន្តិសុខ​ទំាង​ស្រុង​ទៅ​ឲ្យ​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន​ក្នុង​ថ្ងៃ​នេះ ពួក​តាលីបង់​បាន​បង្ក​អំពើភេរវកម្ម​បំផ្ទុះ​គ្រាប់បែក​មួយ​គ្រាប់​សំដៅ​មេដឹកនំា​ក្រុមជនជាតិ​ភាគតិច Hazara ដោយ​បាន​ផ្តាច់​ជនស៊ីវិល ៣នាក់ និង​រងរបួស ២៤នាក់​ផ្សេង​ទៀត។ ដូច្នេះ​ឃើញ​ថា មាន​ជំនួយ​ពី​កម្លំាង​បរទេស​ប៉ុណ្ណឹង​ហើយ ពួកឧទ្ទាម​នៅ​តែ​ឡើង​ចាង​ខ្លំាង ចុះ​ទំរំា​អស់​ពី​ជំនួយ​កម្លំាង​បរទេស​ទៅ តើ​ស្ថានការណ៍​នៅ​អាហ្វហ្កានីស្ថាន​នឹង​ទៅ​ជា​យ៉ាង​ណា។

ប្រជាជន​អាហ្វហ្កានីស្ថាន​កំពុង​ក្តៅក្រហាយ​នឹង​វត្តមាន​កម្លំាងបរទេស

ជា​ផ្លូវការ ការ​ផ្ទេរ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង ដោយ​មាន​ការ​ព្រមព្រៀង​គ្នា​រវាង​រដ្ឋាភិបាល​ក្រុង​កាប៊ូល និង​អង្គការ​អូតង់។ តែ​បើ​គេ​ពិនិត្យ​ឲ្យ​បាន​ស៊ីជម្រៅ​បន្តិច​ឃើញ​ថា វត្តមាន​របស់​កម្លំាង​បរទេស​ហាក់​ដូច​ជា​លែង​ត្រូវ​បាន​ទទួល​ស្វាគមន៍​ដោយ​ប្រជាជន​អាហ្វហ្កានីស្ថាន​ទៀត​ហើយ។ ពី​ដំបូង ប្រជាជន​អាហ្វហ្កានីស្ថាន​ទូទៅ​បាន​ទទួល​ស្គាល់​កម្លំាង​បរទេស​ថា ជា​កម្លំាង​រំដោះ​ដែល​នឹង​អាច​នំា​ឲ្យ​ពួក​គេ​នូវ​សុខសន្តិភាព និង​ភាព​សំបូររុងរឿង។ តែ​ជាង ១០ឆ្នំា​ក្រោយ​មក ស្ថានភាព​ចេះ​តែ​ដុនដាប​ទៅៗ រហូត​ធ្វើ​ឲ្យ​ប្រជាជន​អាហ្វហ្កានីស្ថាន​ភាគច្រើន​ចាត់​ទុក​កម្លំាង​បរទេស​ថា ជា​កម្លំាង​ឈ្លានពាន​ទៅ​វិញ។

មួយ​វិញ​ទៀត ប្រតិបត្តិការ​របស់​កម្លំាង​អូតង់​ក៏​បាន​សម្លាប់​ជនស៊ីវិល​ស្លូតត្រង់ ច្រើន​ជាង​សម្លាប់​ពួក​ឧទ្ទាម​តាលីបង់។ នេះ​ជា​រឿង​មួយ​ដែល​បាន​ធ្វើ​ឲ្យ​រូបលោក​ប្រធានាធិបតី​អាហ្វហ្កានីស្ថាន Hamid Karzaï មិន​អាច​ទទួល​យក​បាន។ រីឯ​ប្រជាជន​អាហ្វហ្កានីស្ថាន​បាន​សម្តែង​ភាព​ក្តៅក្រហាយ​កាន់​តែ​ខ្លំាង​ឡើងៗ។ ក្រោម​ភ្នែក​ច្រមុះ​ប្រជាជន​អាហ្វហ្កានីស្ថាន​ទូទៅ ស្ថានការណ៍​អាហ្វហ្កានីស្ថាន​បច្ចុបប្បន្ន គឺ​អាក្រក់ និង​ដុនដាប​ជាង​សម័យ​គ្រប់គ្រង​របស់​ពួក​តាលីបង់​ទៅ​ទៀត។

ក្នុង​រយៈពេល​ជាង ១០ឆ្នំា​កន្លង​ទៅ​នេះ សង្រ្គាម​បាន​ផ្តាច់​ជិវិត​មនុស្ស​ជិត ៣ម៉ឺន ៥ពាន់នាក់ មាន​ជនស៊ីវិល ទាហានបរទេស​គ្រប់​ជាតិសាសន៍ ទាហាន​រដ្ឋាភិបាល និង​ពួកឧទ្ទាម​តាលីបង់។ ក្រៅ​ពី​ចោល​ជីវិត​ទាហាន​នៅ​អាហ្វហ្កានីស្ថាន សហគមន៍​អន្តរជាតិ​ក៏​បាន​ចំណាយ​ប្រាក់​អស់​រាប់​សិប​ម៉ឺន​លាន​ដុល្លារ។ ចាយ​អស់​រាប់សិបលានដុល្លារ​ដែល​នៅ​ទីបំផុត គេ​កំពុង​សម្លឹង​ឃើញ​អាហ្វហ្កានីស្ថាន​ស្ថិត​ក្បែរ​មាត់ជ្រោះ​សង្រ្គាមស៊ីវិល​ជា​ថ្មី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI