ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ម៉ាលី ៖ យុទ្ធសាស្ត្រ​បញ្ឆោត ដ៏​ស្រទន់​របស់​មេ​ដឹកនាំ AQMI

សំឡេង ០៤:១៣
Abdel Malek Droukdel ហៅ Abou Moussab Abdelwadoud មេដឹកនាំ​ចលនា​al-Qaidaនៅ​អាហ្វ្រិក (Aqmi) ថ្ងៃ​ទី​ ២៤​ឧសភា ២០១២
Abdel Malek Droukdel ហៅ Abou Moussab Abdelwadoud មេដឹកនាំ​ចលនា​al-Qaidaនៅ​អាហ្វ្រិក (Aqmi) ថ្ងៃ​ទី​ ២៤​ឧសភា ២០១២ AFP PHOTO / AL-ANDALUS

វិទ្យុបារាំងអន្តរជាតិ RFI និង​កាសែត Libération ចុះផ្សាយ​ទាំងស្រុង​នូវ​ផែនការ​លម្អិត​របស់​ក្រុម​ភេរវជន​អាល់កៃដា​ ប្រចាំ​អាហ្វ្រិក​ខាង​ជើង (AQMI) ដែល​ចង់​យក​មក​​អនុវត្ត​ក្នុង​ប្រទេស​ ម៉ាលី។ ឯកសារ​នេះ​ចុះ​ហត្ថលេខា​ដោយ​ ឌ្រូកាឌែល (Droukdel)មេដឹកនាំ AQMI​ ដោយ​ផ្ទាល់។ ឯកសារ​នេះ​ ត្រូវ​បាន​រកឃើញ​ដោយ​អ្នក​កាសែត​ RFI និង​ Libération ដែល​បាន​ចុះទៅ​យក​ព័ត៌មាន នៅ​ប៉ែក​ខាង​ជើង​ប្រទេស​ម៉ាលី។ មេ​ដឹកនាំ​ចលនា​ភេរវនិយម​​ ​AQMI ស្និទ្ធ​នឹង​អាល់កៃដា បាន​សរសេរ​​យ៉ាង​ច្បាស់​អំពី​ផែនការ​​ចង់​បង្កើត​រដ្ឋ​​អ៊ីស្លាម តែ​គ្មាន​​ពាក្យ​ថា​អ៊ីស្លាម​​ជ្រុលនិយម ជីហាត ​ នៅ​ភាគ​ខាង​ជើង​ប្រទេស​ម៉ាលី។ នេះ​គឺ​ជា​លើកទីមួយ​ហើយ ដែល​ឯកសារ​របស់​ពួក​​ភេរវជន​អាល់កៃដា​ប្រចាំ​អាហ្វ្រិក​ខាង​ជើង​ត្រូវ​បាន​ ចុះផ្សាយ​ជាសាធារណៈ។

ផ្សាយពាណិជ្ជកម្ម

ផែនការ​លម្អិត​របស់ AQMI ដែល​ចុះ​ថ្ងៃ​ទី​២០ កក្កដា ២០១២ (មុន​អន្តរាគមន៍​យោធា​របស់​បារាំង) ​ត្រូវ​បាន​រកឃើញ​ដោយ​អ្នក​កាសែត​​របស់ RFI និង Libaration កាលពីថ្ងៃ​ទី១៦ ខែកុម្ភៈ ឆ្នាំ​២០១៣ នៅ​ទីក្រុង Tombouctou ក្រោយ​ពី​កងទ័ព​បារាំង​បាន​វាយ​បណ្តេញ​ក្រុម​ឧទ្ទាម និង​ក្រុម​ភេរវជន​ចេញ​ពី​ប៉ែក​ខាងជើង​ម៉ាលី។

យោងតាម​ឯកសារ​នេះ ​ Droukdel មេដឹកនាំ​ AQMI បាន​ដាក់ចេញ​នូវ​គោលដៅ​មួយ​ច្បាស់លាស់ គឺ​បង្កើត​រដ្ឋ​អ៊ីស្លាម​មួយ នៅ​ប៉ែក ​ខាង​ជើង​ប្រទេស​ម៉ាលី ដោយ​ប្រើ​យុទ្ធសាស្រ្ត​ ​សហការ​ជាមួយ​ក្រុម​ឧទ្ទាម​ម៉ាលី ​ដើម្បី ​វាយដណ្តើម​កាន់កាប់​​យក​តំបន់​ខាងជើង​ម៉ាលី និ​ង​កំណត់​ផ្លូវដែល​ត្រូវ​ដើរ​យ៉ាង​ច្បាស់ៗ។ កង​កម្លាំង​របស់​ AQMI ត្រូវ​ទៅ​ពង្វង់​ប្រជាជន​ក្នុង​ស្រុក​ឱ្យ​ស្រលាញ់​និង​ចូល​ចិត្ត បន្លំ​ភ្នែក​ក្រុម​ចលនា​ឧទ្ទាម​ប្រដាប់​អាវុធ​នៅ​ភាគ​ខាង​ជើង​​ថា​មាន​អំណាច​ ដែល​ធ្វើ​ដូច្នេះ​​​សហគមន៍​អន្តរជាតិ​នឹង​​ចាប់​អារម្មណ៍​ឈឺ​ឆ្អាល។ 

AQMI ជា​ក្បាល​ម៉ាស៊ីន​ដឹកនាំ និងសម្រេច​ការ ប៉ុន្តែ​មិន​លេច​មុខ​ជា​ផ្លូវការ​សោះ​ឡើយ។ ក្រុមចលនា​ភេរវនិយម​ក្នុង​តំបន់ ពួក​ឧទ្ទាម​រំដោះ​ម៉ាលី MNLA ដែល​តាំង​ខ្លួន​មិន​ប្រកាន់​សាសនា​​ និង​មាន​បណ្តាញ​ពេញ​ពិភពលោក​ ត្រូវ​យក​ប្រើប្រាស់​សម្រាប់​បិទបាំង​ការពិត។ ប្រមុខ​រដ្ឋាភិបាល​អនាគត​ ត្រូវ​ប្រគល់​ទៅ​ឱ្យ​​មេ​ដឹកនាំ​ចលនា​ឧទ្ទាម​ ​Ansar Dine ព្រោះ​មាន​អំណាច​យោធា ហើយ​រូប​ឌ្រូកាឌែល មេកើយ​ AQMI និង​មនុស្ស​ខ្លាំងមួយ​ចំនួន​ទៀត ត្រូវ​នៅ​ពី​ក្រោយ​ខ្នង​ចាំ​ញាក់​កង​ទ័ព​ទាំង​នោះ។ ពោល​គឺ​គេ​ចង់​បង្កើត​រដ្ឋ​​អ៊ីស្លាម​មួយ​ ដែល​មិន​ជា​រដ្ឋាភិបាល​អ៊ីស្លាម​តឹង​រ៉ឹង​ជីហាត មិន​អនុវត្ត​ច្បាប់ និង​ទំនៀមទម្លាប់​តឹងរ៉ឹង​របស់​អ៊ីស្លាម ​នៅម៉ាលី ​ភ្លាមៗ​ នោះទេ។  ប៉ុន្តែ​ បើតាម​ឯកសារ​លម្អិត​របស់​ AQMIនេះ​ដដែល មេកើយ​ជាតិ​អាល់ហ្សេរី ឌ្រូកាឌែ ហៅ​ អាប៊ូ ម៉ូសា អាប់ឌឺលូអាឌូ មាន​គម្រោង​ការណ៍​យ៉ាង​ ដាក់​បញ្ចូល​ច្បាប់​អ៊ីស្លាម ​Charia នៅភាគ​ខាងជើង​ម៉ាលី ​ ដោយ​គ្រាន់​តែ​​រង់ចាំ​ពង្រឹង​អំណាច​ពេញលេញ​សិន ​ទើប​ចាប់ផ្តើម​អនុវត្ត តែ​ប៉ុណ្ណោះ។

នេះ​ស​បញ្ជាក់​ យ៉ាង​ច្បាស់​អំពី​យុទ្ធសាស្ត្រ​ឱន​ដាក់​គ្រាប់​របស់​មេដឹកនាំ​ភេរវជន​ AQMI និង​បញ្ជាក់​ផង​ដែរ​ពី​ជម្រៅ​នៃ​សម្ពាធ​ផ្ទៃ​ក្នុង​​របស់​ចលនា​​​អាល់កៃដា។ ថ្វីដ្បិត​តែ​​គម្រោង​ដ៏​លម្អិត​របស់​ AQMI​នេះ​ មាន​រចនា​សម្ព័ន្ធ​ មាន​វគ្គ​ មាន​ស្នើ មាន​ជំពូក​ សរសេរ​ជា​ភាសា​អារ៉ាប បក​ប្រែ​ជា​ភាសា​យ៉ាង​ត្រឹម​ត្រូវ ប៉ុន្តែ​ឯកសារ​នេះ​បានឆ្លុះ​បញ្ចាំង​​ឱ្យ​ឃើញ​ពី​កង្វះ​ស្ថានភាព​ជាក់ស្តែង​លើ​សមរភូមិ និង​លើ​មេទ័ព​ក្នុង​ពេល​ធ្វើ​ប្រតិបត្តិការ។ គ្មាន​ចំណុច​ ​ណា​មួយ​បញ្ជាក់​ថា​បទ​បញ្ជា​កំណត់​ក្នុង​ផែនការ​នេះ​ត្រូវ​បាន​គោរព​តាម​ឡើយ។

តាម​ការពិត​ ឌ្រូកាឌែ បាន​ទទួលស្គាល់​​ខ្លួន​ឯង​ថា​មាន​ពិសោធន៍​ក្មេង​ខ្ចី​ក្នុង​ការ​ដឹកនាំ ប៉ុន្តែ​​តំបន់​ភាគ​ខាង​ជើង​ម៉ាលី គឺ​ជា​កន្លែង​ធ្វើ​ពិសោធន៍​ ! បើ​មិន​សម្រេច​ថ្ងៃ​នេះ ក៏​គង់​មាន​ថ្ងៃ​ក្រោយ​ទៀត​ដែរ។ បើ​តាម​ឯកសារ​លម្អិត​ ដែល​មាន​ចំណង​ជើង “​គោលការណ៍​ណែនាំ​ស្តី​អំពី​ផែនការអ៊ីស្លាម​ជីហាត​នៅ​តំបន់​ម៉ាលី​ខាង​ជើង" កម្រាស​ជាង​៥០​ទំព័រ ចុះ​ថ្ងៃ​ទី ២០​កក្កដា​ឆ្នាំ​២០១២ នេះ ​​អាច​ចាត់​ទុក​ថា​ជា​សារ​ព្រមាន​ដល់​ប្រធានាធិបតី​ម៉ាលី​ថ្មី​ឱ្យ​ចង​ចាំ​ថា​ ​ AQMI អាច​នឹង​ចេញ​ធ្វើ​ពិសោធន៍​ជា​ថ្មី​​ទៀត។ យុទ្ធសាស្ត្រ​របស់​ក្រុម​​នេះ គឺ​គ្រាន់​តែ​ផ្អាក​សកម្មភាព​ភេរវនិយម​មួយ​រយៈ​ ដោយ​វិធី​សំងំ​​បែប​ស្រទន់​ដើម្បី​យក​ពិស។

អន្តរាគមន៍​យោធារបស់​បារាំងកាលពី​ដើមឆ្នាំ បាន​បញ្ចប់​ការ​កាន់​អំណាច​១០​ខែ​របស់​ឧទ្ទាម​អ៊ីស្លាម​ជីហាត​ ​​នៅ​ភាគ​ខាង​ជើង​ម៉ាលី និង​បាន​បណ្តេញ​ចេញ​ក្រុម​ប្រដាប់​អាវុធ AQMI និង​Ansar Dine ពី​កន្លែង​លាក់​ខ្លួន តាម​រូង​ភ្នំ​​ និង​ប្រមូល​បាន​​អាវុធ​យុទ្ធភណ្ឌ និង​ប្រេង​ឥន្ធនៈ​ ដ៏​សន្ធឹក​សន្ធាប់​។ ប៉ុន្តែ​ក្រុម​នេះ​នៅ​តែ​មាន​សមត្ថភាព​បំផ្លាញ​ម៉ាលី​ដដែល តាម​រយៈ​ការ​ធ្វើ​ភេរវកម្ម​អត្តឃាត​ផ្សេងៗ។

ក៏ប៉ុន្តែ ​ឯកសារ​នេះ​ក៏​បាន​បង្ហាញ​ឲ្យ​ឃើញ​ផងដែរ​ថា ក្រុមភេរវជន AQMI គ្មាន​គោលដៅ​វាយ​លុក​ចុះ​មក​ប៉ែក​ខាង​ត្បូង​ម៉ាលី​នោះទេ។ អ្នក​ដែល​ចង់​វាយ ​យក​រដ្ឋធានី​បាម៉ាកូ គឺ​ក្រុម​ឧទ្ទាម​ម៉ាលី ដើម្បី​ងាយ​បង្ខំ​រដ្ឋាភិបាល​អន្តរកាល​ម៉ាលី​ឱ្យ​ចុះ​ហត្ថលេខា​និង​បោះបង់​ភាគ​ខាង​ជើង​មក​ឱ្យ​ខ្លួន​៕
ដើម្បី​អាន​ឯកសារ​ដើម​ទាំង​ស្រុង (ជាភាសាបារាំង) សូម​ចុច​ត្រង់នេះ

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI