បារាំង-កុងហ្គោ

ចំណាប់ខ្មាំង​បារាំង​ម្នាក់ នៅ​កុងហ្គោ ត្រូវ​បាន​រំដោះ​ឲ្យមាន​សេរីភាព

Reuters

លោក ​អេម៉ានុយអែល​ ម៉ាក្រុង ​ប្រធានាធិបតី​បារាំង ​ បាន​ប្រកាស​ឲ្យដឹង​ កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ ​ ថាចំណាប់​ខ្មាំង​ជនជាតិ​បារាំង​ម្នាក់ ​ដែល​ត្រូវ​គេ​បាន​ចាប់ខ្លួន​ កាល​ពី​ខែ​មីនា ​កន្លង​ទៅ​ ពេល​នេះ​ត្រូវ​បាន​គេ​រំដោះ​ចេញ​ឲ្យមាន​សេរីភាព​វិញ​ហើយ។ រដ្ឋាភិបាល​បារាំង ​មិន​បាន​ផ្តល់​ព័ត៌មាន​លំអិត​អ្វី​ច្រើន ​ ទាក់ទិន​នឹង​អត្តសញ្ញាណ​របស់​ចំណាប់​ខ្មាំង ​ ដែល​គេ​ដោះលែង​នោះ​ទេ។

ផ្សាយពាណិជ្ជកម្ម

វិមាន​ប្រធានាធិបតី​បារាំង ​បាន​ចេញ​សេចក្តី​ប្រកាស​មួយ ​នៅ​រសៀលថ្ងៃ​អាទិត្យទី​ ២៨ ​ឧសភា ​ដោយ​បាន​ប្រកាស​ថា ​ចំណាប់ខ្មាំង​ម្នាក់​ជា​ជនជាតិ​បារាំង ​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១មីនា ​ នៅ​ភាគ​ខាងកើត​សាធារណៈ​រដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ ​ពេល​នេះ​ត្រូវ​បាន​គេ​រំដោះ​ចេញ ​មាន​សេរីភាព​វិញ​ហើយ។ រដ្ឋា​ភិបាល​បារាំង ​បាន​រំលឹក​អរគុណ ​ដល់​ភ្នាក់ងារ ​ទាំងអស់​ ដែល​បាន​ចូលរួម ​ធ្វើ​កិច្ចការ​នេះ ​ ជា​ពិសេស ​គឺ​អាជ្ញាធរ​ប្រទេស​កុងហ្គោ​តែម្តង។

 
តែយ៉ាងណា​ វិមាន​ប្រធានាធិបតី​បារាំង ​មិន​បាន​បញ្ជាក់​អំពី​អត្តសញ្ញាណ​របស់​ចំណាប់​ខ្មាំង ​ ព្រមទាំង​ព័ត៌មាន​លំអិត ​ស្តីពី​ប្រតិបត្តិការ​រំដោះ​ចំណាប់​ខ្មាំង​នេះ​ទេ។ ប៉ុន្តែ​បើ​តាម​ប្រភព​ ពី​មន្ត្រី​ធ្វើ​ការ​នៅ​ក្រសួង​ការបរទេស ​បានឲ្យ​ដឹង​ថា ​ចំណាប់ខ្មាំង​ដែល​ទើបតែ​បាន​រំដោះ​បាន​នេះ ​ គឺ​ជា​ចំណាប់​ខ្មាំង​ម្នាក់ ​ ក្នុង​ចំណោម​៥នាក់ ​ដែល​បាន​បាត់ខ្លួន​ កាល​ពី​ដើម​ខែ​មីនា។ ចំណាប់​ខ្មាំង​ទាំង​៥​នាក់​នេះ​ ​គឺ​ជា​បុគ្គលិក ​បំរើ​ការងារ​ឲ្យ​ក្រុមហ៊ុន​ កាណាដា ​ឈ្មោះ ​Banro​  ដែលជា​ក្រុមហ៊ុន​រុករក​រ៉ែមាស ​ដ៏ធំ​នៅ​ភាគ​ខាង​កើត​សាធារណៈរដ្ឋ​ កុងហ្គោ។ ហើយកាល​ពី​ខែ​មេសា ​ចំណាប់​ខ្មាំង​ ម្នាក់​ជនជាតិ​តង់ហ្សានី ​ត្រូវ​បាន​គេ​ដោះលែង​មកវិញ​ហើយ​ដែរ។ បើ​តាម​ប្រភព​នេះ ​គឺ​នៅ​មាន​សល់​ចំណាប់​ខ្មាំង ​ជនជាតិ​កុងហ្គោ​៣នាក់​ទៀត​ ដែល​ស្ថិត​ក្នុងដៃ​របស់​ក្រុម​ចាប់​ជំរិត។

គួររំលឹកដែរ​ថា ​កាល​ពី​ថ្ងៃ​ទី​៨ឧសភា ​ចំណាប់​ខ្មាំង​ជនជាតិ​បារាំង​ម្នាក់​ទៀត ​ដែល​ជា​បុគ្គលិក​អង្គការ​ការពារ​បរិស្ថាន​អាមេរិក​មួយ ​ ត្រូវ​បាន​ក្រុម​ឧទ្ទាម​ព្រៃ​កុងហ្គោ​ ដោះលែង​មក​វិញ ​ ក្រោយ​ចាប់​ខ្លួន​បាន​៣​ថ្ងៃ។ អាជ្ញាធរ​កុងហ្គោ ​បាន​អះអាង​ថា ​ជា​ការ​ដោះលែង​ដោយ​មាន​ការ​ចរចា​ និង​ដោយ​គ្មាន​ការ​បង់ប្រាក់​ឡើយ។

សូម​បញ្ជាក់​ថា ​ភាគ​ខាង​កើត​សាធរណៈរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ ​ពោរពេញ​ទៅ​ដោយ​អសន្តិសុខ​ ដោយសារ​ជំលោះ​យោធា ​ជម្លោះ​ជាតិ​សាសន៍​ រវាង​ក្រុម​ជនជាតិ​ភាគតិច ​អស់​ជាច្រើន​ឆ្នាំ​មក​ហើយ។ ជម្លោះ​ទាំង​អស់​នេះ ​ត្រូវ​បាន​ចិញ្ចឹម​ដោយ ​ការ​ប្រជែង​ដណ្តើម​ដែនដី​គ្នា​កាន់កាប់ ​ដើម្បី​គ្រប់គ្រង​ប្រមូល​យក​ធនធាន​រ៉ែ​មាន​តំលៃ​ក្រោមដី​ ​ពី​សំណាក់​ ក្រុម​ជនជាតិ​ភាគ​តិច​កុងហ្គោ ​និង​ពី​សំណាក់​ប្រទេស​ជិត​ខាង​កុងហ្គោ​ ទៀតផង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI