អ្នកតំណាង អ.ស.ប. ទៅដល់លីប៊ីដើម្បីបញ្ចុះបញ្ចូលឲ្យបង្កើតរដ្ឋាភិបាលរួបរួមជាតិ
ចុះផ្សាយនៅថ្ងៃ៖
លោក ម៉ាកតាំង កូប្ល៊ើ អ្នកតំណាងពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកកិច្ចការលីប៊ី បានអញ្ជើញទៅដល់ ទីក្រុងទ្រីប៉ូលី នៅថ្ងៃសៅរ៍ ទី២មករានេះ ដើម្បីបញ្ចុះបញ្ចូល ប្រធានសភាលីប៊ី ឲ្យយល់ព្រមទទួលយក ការបង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិមួយ ដើម្បីបញ្ចប់ជម្លោះរ៉ាំរ៉ៃ នៅក្នុងប្រទេសនេះ។ ប្រទេសលីប៊ីបច្ចុប្បន្ននេះ មានរដ្ឋាភិបាលពីរ និងរដ្ឋសភាពីរផ្សេងគ្នា ហើយដែលសហគមន៍អន្តរជាតិ កំពុងតែព្យាយាមឲ្យគូបដិបក្ស ចាប់ដៃគ្នាធ្វើការ កសាងលីប៊ីតែមួយ។
លីប៊ី ដែលហែកហួរ ដោយសង្រ្គាមដណ្តើមអំណាច បច្ចុប្បននេះ មានសភាពីរ និងរដ្ឋាភិបាលពីរផ្សេងគ្នា។ សហគមន៍អន្តរជាតិ បានទទួលស្គាល់ សភា និងរដ្ឋាភិបាលតែមួយប៉ុណ្ណោះ ដែលមានមូលដ្ឋាននៅខាងកើតប្រទេស ចំណែករដ្ឋាភិបាល និងសភាដែលមានមូលដ្ឋាននៅក្រុងទ្រីប៉ូលី មិនត្រូវបានគេទទួលស្គាល់ទេ។
យ៉ាងណាក៏ដោយ ដើម្បីកសាងស្ថិរភាព និងសន្តិភាពនៅលីប៊ី ការចាប់ដៃធ្វើការរួមគ្នា រវាងគូបដិបក្សទាំងពីរត្រូវតែធ្វើឡើងជាចាំបាច់។ នេះគឺជាបេសកកម្មរបស់លោក ម៉ាកតាំង កូប្ល៊ើ អ្នកតំណាងពិសេសរបស់អង្គការសហប្រជាជាតិ ដែលបានធ្វើដំណើរទៅដល់ក្រុងទី្រប៉ូលី នៅថ្ងៃសៅរ៍ទី២មករានេះ។ លោក នឹងទៅបញ្ចុះបញ្ចូលប្រធានសភាឲ្យព្រមទទួលយកការបង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិមួយ ដែលបានព្រមព្រៀងគ្នា កាលពីថ្ងៃទី ១៧ ធ្នូកន្លងទៅ នៅប្រទេសម៉ារ៉ុក រវាងក្រុមទាំងពីរ។
ឆ្លងកាត់ការពិភាក្សាត្រង់ទៅត្រង់មក លោក អាប៊ូ សាមែន ប្រធានសភានៅក្រុងទ្រីប៉ូលី បានស្នើឲ្យអ្នកតំណាងអង្គការសហប្រជាជាតិ ចូលជួបពិភាក្សាជាមួយនឹងមនុស្សសំខាន់ៗផ្សេងទៀត ដូចជាលោកមេបញ្ជាការកងទ័ព មេបញ្ជាការក្រុមស៊ើបការណ៍ និងរដ្ឋអាជ្ញាជាដើម។ តាមយោបល់លោក ដើម្បីឲ្យកិច្ចព្រមព្រៀងនយោបាយមួយ មានប្រសិទ្ធិភាព គឺគេចាំបាច់ត្រូវតែមានការទទួលស្គាល់ពីគ្រប់ភាគីអ្នកអនុវត្តវាទាំងអស់។
លោក ម៉ាកតាំង កូប្ល៊ើ បានដាក់ស្នើចំណុចគោល ចំនួនប្រាំដើម្បីកសាងសន្តិភាពនៅលីប៊ី។ ទីមួយ គឺការចូលមកនិយាយពិភាក្សាគ្នា ដោយសន្តិវិធី ហើយនេះជាវិធីតែមួយគត់ ដើម្បីដោះស្រាយបញ្ហា ដែលភាគីទាំងអស់ត្រូវតែគោរព។ ទីពីរ ការដឹកនាំការចរចា គឺត្រូវតែធ្វើក្រោមអំណាចរបស់អង្គការសហប្រជាជាតិ។ ទីបី ដំណើរការផ្សះផ្សារគ្នា គឺត្រូវតែធ្វើដោយការរួបរួមគ្នាទាំងអស់ ដោយមិនអាចចោលក្រុមណាមួយបានទេ។ ទីបួន គឺសារសំខាន់ នៃការផ្ទេរផ្លាស់ប្តូរអំណាច ដោយសន្តិភាព គ្មានការប្រើកម្លាំងនិងអាវុធ។ ហើយទីប្រាំចុងក្រោយ គឺត្រូវតែប្រជាជនលីប៊ីទាំងអស់ ជាអ្នកសម្រេចលើជោគវាសនារបស់ខ្លួន ដែលក្នុងន័យនេះ លោកចង់សំដៅទៅដល់ ការបោះឆ្នោតដោយសេរី និងយុត្តិធម៌មួយ។
សូមបញ្ជាក់ផងដែរថា សង្រ្គាម ចលាចលនយោបាយ ជម្លោះអំណាចនៅលីប៊ី បានផ្តល់ឱកាសឲ្យក្រុមជីហាដអង្គការរដ្ឋអ៊ីស្លាមពង្រីកឥទ្ធិពលរបស់វាកាន់តែខ្លាំង។ ពេលវេលាកាន់តែខើចខ្លី ព្រោះបើបង្អង់ ក្រុមព្រៃផ្សៃនេះ នឹងតាំងទីពង្រីកដែនដីគ្រប់គ្រងនៅលីប៊ី ដូចនៅក្នុងស៊ីរី និងនៅអ៊ីរ៉ាក់ជាក់ជាមិនខាន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ