ក្រុមអ្នកប្រឆាំងលីប៊ីកេណ្ឌគ្នារៀបចំខ្លួន កាដាហ្វីតាំងខ្លួនជាអ្នកតទល់នឹងពួកអាល់កៃដា
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
នៅប្រទេសលីប៊ី នៅថ្ងៃទី១៩នៃការបះបោរប្រឆាំងនឹងមូអាម៉ារកាដាហ្វី ក្រុមអ្នកប្រឆាំងលីប៊ីបានក្តោបក្តាប់កាន់កាប់ប៉ែកខាងកើតនៃប្រទេស ហើយនៅថ្ងៃសៅរ៍ម្សិលមិញក្រុមអ្នកប្រឆាំងលីប៊ីបានធ្វើសង្គ្រាមនៅលើសមរភូមិពីរ៖ ទី១-ប្រយុទ្ធតទល់នឹងកងកម្លាំងស្មោះស្ម័គ្រនឹងកាដាហ្វី ជាពិសេសនៅប៉ែកខាងកើតនៃទីក្រុងទ្រីប៉ូលីដែលរថក្រោះចាប់មានសកម្មភាពនៅទីក្រុងZaouïa និងបានបាញ់ទៅលើប្រជាពលរដ្ឋ។ ទី២-សមរភូមិឃោសនាផ្តល់ពត៌មានដែលកាដាហ្វីបានចាប់ធ្វើការវាយលុក ដោយបានធ្វើកិច្ចសម្ភាសន៍ជាមួយសារពត៌មានបារាំងឈ្មោះJournal du dimanche។
សេចក្តីរាយការណ៍របស់ សៀក សារិន
នៅក្នុងបទសម្ភាសន៍ជាមួយសារពត៌មានបារាំងឈ្មោះJournal du dimanche កាដាហ្វីបានប្រកាសយល់ព្រមឲ្យមានការបញ្ជូនគណៈកម្មការអង្កេត “នៃអង្គការសហប្រជាជាតិឬសហភាពអាហ្វ្រិក” ទៅកាន់ប្រទេសលីប៊ី ហើយកាដាហ្វីយល់ព្រមឲ្យគណៈកម្មការអង្កេតទាំងនោះទៅបំពេញកាតព្វកិច្ចរបស់ខ្លួនដល់ទីកន្លែង។ មេដឹកនាំរបបផ្តាច់ការលីប៊ីបានថ្លែងឲ្យដឹងទៀតថា “ក្រុមប្រឹក្សាសន្តិសុខនៃអ ស ប គ្មានអំណាចអ្វីនឹងលូកដៃចូលបញ្ហាផ្ទៃក្នុងនៃប្រទេសណាមួយឡើយ។” ដូច្នេះសេចក្តីសម្រេចចិត្តថ្កោលទោសជាឯកច្ឆ័ន្ទទៅលើការវាយបង្ក្រាបការបះបោរនៅលីប៊ីគឺជាសេចក្តីសម្រេចចិត្តឥតផលប្រយោជន៍។
ពាក់ព័ន្ធនឹងការបះបោរនៅប្រទេសលីប៊ីវិញ មូអាម៉ារកាដាហ្វីបានព្រមានថា “បើប្រសិនជាគេគំរាមប្រទេសលីប៊ី ធ្វើឲ្យបាត់បង់ស្ថិរភាព បង្កើតឲ្យមានភាពវឹកវរ គេច្បាស់ជាជួយបើកទ្វារចំហឲ្យពួកអ៊ីស្លាមជ្រុលនិយមប្រដាប់អាវុធអាល់កៃដាជាពុំខាន។ ពួកនេះនឹងបង្កើតឲ្យមានdjihadឬសង្គ្រាមសាសនានៅតំបន់Méditerranée ហើយធ្វើការវាយប្រហារទៅលើកងកម្លាំងនាវា6è flotte របស់ស រ អា ហើយនិងបង្កើតឲ្យមានសកម្មភាពចោរសមុទ្រដែលឋិតនៅតែប្រមាណ៥០គ,ម,ប៉ុណ្ណោះពីព្រំដែននៃប្រទេសអឺរ៉ុប” មូអាម៉ារកាដាហ្វីបានថ្លែងបញ្ជាក់ទៀតថា “ខ្ញុំនឹងពុំបណ្តែតបណ្តោយឲ្យគេធ្វើយ៉ាងនេះឡើយ”។
នៅលើសមរភូមិយោធា
បើយោងតាមប្រជាពលរដ្ឋនិងវេជ្ជបណ្ឌិត នៅថ្ងៃសៅរ៍ម្សិលមិញមានការសម្លាប់រង្គាលនិងវាយប្រហារគ្នាយ៉ាងសាហាវនៅទីក្រុងZaouïaដែលឋិតនៅក្រោមការកាន់កាប់របស់ក្រុមអ្នកបះបោរលីប៊ីហើយដែលឡោមព័ទ្ធដោយទាហានរបស់កាដាហ្វី។
សូមបញ្ជាក់ថា ទីក្រុងZaouïaនេះជាទីក្រុងដែលឋិតនៅក្រោមការកាន់កាប់របស់ក្រុមអ្នកបះបោរលីប៊ី ហើយឋិតនៅជិតរដ្ឋធានីទ្រីប៉ូលីជាងគេដែលមានចម្ងាយតែ៦០ប្លាយគ,ម,ប៉ុណ្ណោះ។
នៅសមរភូមិប៉ែកខាងកើត ក្រុមអ្នកបះបោរលីប៊ីបានបន្តការរុលទៅមុខរបស់ខ្លួន ដោយបានឈានដល់ទីក្រុងBen Jawad ដែលឋិតនៅចម្ងាយប្រមាណ១០០ប្លាយគ,ម,ពីទីក្រុងSyrteដែលជាទីក្រុងកំណើតរបស់មូអាម៉ារកាដាហ្វី។ ក៏ប៉ុន្តែនៅពេញមួយថ្ងៃសៅរ៍ គេកត់សម្គាល់ឃើញមានយន្តហោះរបស់កាដាហ្វីបានហោះហើរពីលើទីក្រុងBen Jawad និងទីក្រុងRas Lanouf។
បក្សប្រឆាំងរៀបចំខ្លួនផ្នែកនយោបាយ
នៅលើវិស័យនយោបាយ បក្សប្រឆាំងលីប៊ីបានខិតខំកេណ្ឌគ្នារៀបចំខ្លួន។ “ក្រុមប្រឹក្សាជាតិ”មួយបានត្រូវរៀបចំប្រជុំជាលើកទីមួយនៅទីក្រុងបេនហ្កាហ្ស៊ី ហើយបានធ្វើការប្រកាសថា ជា “អ្នកតំណាងតែ មួយគត់របស់ប្រទេសលីប៊ី”។
“ក្រុមប្រឹក្សាជាតិ”នេះឋិតនៅក្រោមការដឹកនាំរបស់អតីតរដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោកMoustapha Abdeljalil ហើយមានលោកOmar al-Hariri ជាអ្នកទទួលខុសត្រូវផ្នែកយោធា និងលោកAli Abdelaziz al-Issaoui អតីតឯកអគ្គរដ្ឋទូតប្រចាំប្រទេសឥណ្ឌាជាអ្នកទទួលបន្ទុកខាងកិច្ចការបរទេស៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ