លីប៊ី

សេណារីយោ​នៃដំណោះ​ស្រាយ​អធិករណ៍​នៅ​លីប៊ី​

នៅ​ក្នុង​អធិករណ៍​ដ៏​ស្មុគស្មាញ​និង​ដ៏​សោកសង្រេង​នៅ​ប្រទេស​លីប៊ី​ ​ មកទល់​ពេលនេះ​ គេកត់​សម្គាល់​ឃើញ​មាន​សេណារីយោ​​បួន​ដែល​អាច​មក​ជួយ​រិះរក​ដំណោះស្រាយ​ឲ្យ​អធិករណ៍​នៅ​ប្រទេស​លីប៊ី។

ផ្សាយពាណិជ្ជកម្ម

សេចក្តីរាយការណ៍របស់​ សៀក សារិន

សេណារីយោ​​ទាំង​បួន​ដែល​អាច​មក​ជួយ​រិះរក​ដំណោះស្រាយ​ឲ្យ​អធិករណ៍​នៅ​ប្រទេស​លីប៊ី​មាន៖

 
សេណារីយោទី១
ការដួលរលំ​នៃ​របបផ្តាច់ការ​កាដាហ្វី
 
ប៉ុន្មាន​ថ្ងៃ​ក្រោយ​ពី​មាន​ការ​វាយ​ប្រហារ​យ៉ាង​ខ្លាំងក្លា​ពី​សំណាក់​ កងកម្លាំង​សម្ព័ន្ធភាព​នៃ​ប្រទេស​លោកខាងលិច​ទាំងប្រាំ​ដែល​ក្នុងនោះ​មាន៖​ ប្រទេសបារាំង​ ​ ប្រទេស​អង់គ្លេស​ ​ សហរដ្ឋ​អាមេរិក​ ​ ប្រទេស​អ៊ីតាលី​ ​ និង​ប្រទេស​កាណាដា​ ​ កងកម្លាំង​ស្មោះស្ម័គ្រ​នឹង​មូអាម៉ារ​កាដាហ្វី​ស្រាប់តែ​បាក់ទ័ព​រត់​ទៅ​ចូល​ជាមួយ​ពួក​អ្នកបះបោរ​ ​ ហើយ​បាន​នាំគ្នា​វាយ​យក​ទីក្រុង​បាន​មួយម្តងៗ។​ នៅទីបំផុត​ មេដឹកនាំ​ផ្តាច់ការ​មូអាម៉ារ​កាដាហ្វី​សម្រេចចិត្ត​លាចាកចេញ​ពី​មុខតំណែង។

សេណារីយោទី២
ដំណោះស្រាយ​បយោបាយ
 
សេណារីយោ​​នេះ​នឹង​អាច​កើតមាន​ទៅបាន​ ​ លុះត្រាណា​តែ​កងកម្លាំង​ស្មោះស្ម័គ្រ​នឹង​មូអាម៉ារ​កាដាហ្វី​បាន​ត្រូវ​ទទួលរង​ការ​វាយប្រហារ​តាម​ផ្លូវអាកាស​យ៉ាងដំណំ​ពី​សំណាក់​កងកម្លាំង​សម្ព័ន្ធភាព​នៃ​ប្រទេស​លោកខាងលិច​ទាំងប្រាំ​ ​ រហូត​ដល់ទៅ​ថ្នាក់​បាក់ទ័ព​រប៉ាត់រប៉ាយ។​ នៅ​ពេលនោះ​ កាដាហ្វី​ត្រូវ​បង្ខំ​ចិត្ត​ប្រកាស​ឈប់បាញ់គ្នា​ហើយ​សុំ​ចរចា​ ​ ដោយ​ប្រកាស​យល់ព្រម​សាងផ្ទេរ​អំណាច​ដោយ​សន្តិវិធី​ឲ្យទៅ​ក្រុមប្រឹក្សា​​ជាតិ​អន្តរកាល​ដែល​តំណាង​ក្រុម​លីប៊ី​បះបោរ​ប្រឆាំង។

នៅក្នុង​រយៈកាលនេះ​ ក្រុមប្រឹក្សា​ជាតិ​អន្តរកាល​ដែល​តំណាង​ក្រុម​លីប៊ី​បះបោរ​ប្រឆាំង​អាច​ជួប​នឹង​បញ្ហា​ជាច្រើន។​ ក៏​ប៉ុន្តែ​ប្រាក់​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ដែល​បាន​មកពី​ការលក់​ប្រេងកាត​ហើយ​និង​ជំនួយ​សព្វបែប​យ៉ាង​ពី​សំណាក់​សហគមន៍​អន្តរជាតិ​អាច​ជា​ជំនួយ​ដ៏​ឧត្តម​សម្រាប់​ក្រុម​លីប៊ី​បះបោរ​ប្រឆាំង​ក្នុង​ការ​រិះរក​ដំណោះ​ស្រាយ។

សេណារីយោទី៣
សង្គ្រាម​រ៉ាំរ៉ៃ
 
នៅខណៈពេល​ដែល​ការវាយ​ប្រហារ​តាម​ផ្លូវ​អាកាស​នៃ​កងកម្លាំង​សម្ព័ន្ធភាព​នៃ​ប្រទេស​លោកខាងលិច​ទាំងប្រាំ​ពុំ​បាន​ធ្វើឲ្យ​កងកម្លាំង​ស្មោះស្ម័គ្រ​នឹង​មូអាម៉ារ​កាដាហ្វី​បាក់ទ័ព​បរាជ័យ​ ​​ កងកម្លាំង​នៃ​ក្រុម​លីប៊ី​បះបោរ​ប្រឆាំង​ដែល​ខ្វះការ​ពិសោធន៍​គ្រប់គ្រាន់​នៅលើ​សមរភូមិ​ក៏​គ្មាន​លទ្ធភាព​នឹង​យក​ជ័យជំនះ​លើ​កងកម្លាំង​ស្មោះស្ម័គ្រ​នឹង​មូអាម៉ារ​កាដាហ្វី​បាន។​ ដូច្នេះ​ សង្គ្រាម​រវាង​គូបដិបក្ស​ក៏​នឹង​ក្លាយ​ទៅជា​សង្គ្រាម​រ៉ាំរ៉ៃ​ដែល​ជា​កត្តា​មួយ​គំរាម​ដល់​ឯកភាព​នៃ​ប្រទេសជាតិ។

សេណារីយោទី៤
សង្គ្រាម​ប្តូរ​ផ្តាច់
 
សេណារីយោទី៤​នៃ​សង្គ្រាម​ប្តូរ​ផ្តាច់​នេះ​នឹង​អាច​កើតមាន​នៅ​ខណៈពេល​ដែល​មេដឹកនាំ​ផ្តាច់ការ​មូអាម៉ារ​កាដាហ្វី​បាន​វាយ​បង្ក្រាប​និង​វាយ​ដណ្តើម​យក​បាន​ទីក្រុង​ដែល​កាន់កាប់​ដោយ​ក្រុម​បះបោរ​លីប៊ី​ ​ ទោះបីជា​មាន​ការ​គាំទ្រ​យ៉ាង​ខ្លាំងក្លា​ពី​សំណាក់​សហគមន៍​អន្តរជាតិ​ក៏​ដោយ។

គឺ​សេណារីយោ​នេះហើយ​ដែល​បាន​បណ្តាល​ឲ្យ​កូន​ប្រុស​របស់​កាដាហ្វី​ឈ្មោះ​Saïf al-Islam ថ្លែង​ប្រកាសថា​ “ស្លាប់​ឬ​រស់​ដើម្បី​លីប៊ី”​។​ របប​គ្រប់​គ្រង​របស់​កាដាហ្វី​បាន​ត្រូវ​ការពារ​ដោយ​ទាហាន​ប្រមាណ​២០ ០០០នាក់​ហើយនិង​ឆ្មាំ​បដិវត្តន៍​ប្រមាណ​៣០ ០០០នាក់។

ពិតមែន​តែ​សេចក្តី​សម្រចចិត្ត​១៩៧៣​របស់​អ ស ប បាន​ហាមឃាត់​កុំ​​ឲ្យ​ដាក់​ទ័ព​អន្តរជាតិ​នៅលើ​ដែនដី​លីប៊ី​ ​ ក៏​ប៉ុន្តែ​អ ស ប អាចនឹង​ចេញ​សេចក្តី​សម្រេច​ចិត្ត​មួយ​ថ្មី​ទៀត​ដើម្បី​អនុញ្ញាត​ឲ្យ​មាន​លទ្ធភាព​ដាក់​ទ័ព​អន្តរជាតិ​នៅ​ប្រទេស​លីប៊ី​ក្នុង​បំណង​ផ្តួល​រំលំ​របប​ផ្តាច់ការ​កាដាហ្វី​ដែល​បាន​វាយ​បង្ក្រាប​ប្រជាពលរដ្ឋ​ស្លូតត្រង់​របស់​ខ្លួន​យ៉ាង​ហិង្សា។​ ទាំងនេះហើយ​ដែល​ធ្វើឲ្យ​គេ​បារម្ភ​ខ្លាច​កើតមាន​សេណារីយោ​សង្គ្រាម​រ៉ាំរ៉ៃ​ដូច​នៅ​ប្រទេស​អ៊ីរ៉ាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI