ការប្រេះឆានៅក្នុងរង្វង់កងកម្លាំងសម្ព័ន្ធភាពប្រឆាំងនឹងកាដាហ្វ៊ី
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
បេសកកម្មយោធាក្នុងគោលបំណងបង្កើតឲ្យមាន “តំបន់គ្មានយន្តហោះហោះហើរ No Fly Zone »នៅប្រទេសលីប៊ី អនុលោមតាមសេចក្តីសម្រេចចិត្ត១៩៧៣អនុម័តដោយក្រុមប្រឹក្សាសន្តិសុខនៃ អង្គការសហប្រជាជាតិបានធ្វើឲ្យសហគមន៍អន្តរជាតិកើតមានការខ្វែងគំនិត គ្នា។
បទវិភាគរបស់ សៀក សារិន
ប្រទេសអាល្លឺម៉ង់នៅតែបន្តសម្ដែងឲ្យឃើញនូវការសង្ស័យរបស់ខ្លួនទៅលើភាពពុំស្របច្បាប់នៃការវាយប្រហារតាមផ្លួវអាកាសទៅលើប្រទេសលីប៊ី។ លោកGuido Westerwelle ប្រមុខការទូតអាល្លឺម៉ង់បានថ្លែងប្រកាសថា “បេសកកម្មយោធាបែបនេះជាបេសកកម្មពោរពេញដោយហានិភ័យ ដែលប្រទេសអាល្លឺម៉ង់គួរតែមានការបារម្ភ”។
ចំណែកឯប្រទេសអ៊ីតាលីវិញ បានទាមទារឲ្យមានការធានាឲ្យមានភាពស្របច្បាប់ក្នុងការបំពេញបេសកកម្មយោធា ដើម្បីបង្កើតឲ្យមាន “តំបន់គ្មានយន្តហោះហោះហើរ No Fly Zone »នៅប្រទេសលីប៊ី អនុលោមតាមសេចក្តីសម្រេចចិត្ត១៩៧៣អនុម័តដោយក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ។ ហើយទីក្រុងរ៉ូមបានគំរាមដោយប្រយោលថា “បើកងកម្លាំងសម្ព័ន្ធភាពពុំអនុលោមតាមសេចក្តីសម្រេចចិត្ត១៩៧៣ទេនោះ ប្រទេសអ៊ីតាលីអាចបដិសេធពុំអនុញ្ញាតឲ្យគេប្រើមូលដ្ឋានយោធារបស់ខ្លួនសម្រាប់ធ្វើប្រតិបត្តិការយោធានៅប្រទេសលីប៊ីទៀតឡើយ។
សង្គ្រាមប៉ាកកាដ៏ខ្លាំងក្លាមួយកំពុងតែកើតមាននៅឯទីក្រុងម៉ូស្គូ ពាក់ព័ន្ធនឹងការប្រៀបប្រដូច “សេចក្តីសម្រេចចិត្ត១៩៧៣អនុម័តដោយក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ”ទៅនឹង “ការអំពាវនាវឲ្យទៅបំពេញបូជនីយកិច្ច”ដោយលោកនាយករដ្ឋមន្ត្រីរុស្ស៊ីVladimir Poutine ដែលលោកប្រធានាធិបតីរុស្ស៊ីDmitri Medvedevយល់ថា ជាការប្រៀបប្រដូចពុំសមរម្យពុំអាចទទួលយកបានឡើយ។
បេសកកម្មយោធាបច្ចុប្បន្ននេះឋិតនៅក្រោមការសម្របសម្រួលរបស់សហរដ្ឋអាមេរិកដែលមានទីបញ្ជាការតំបន់នៅទីក្រុងStuttgartនៃប្រទេសអាល្លឺម៉ង់។ ហើយប្រទេសសមាជិកភាគច្រើននៃបក្សសម្ព័ន្ធOtanក៏បានទាមទារឲ្យបក្សសម្ព័ន្ធOtanទទួលតួនាទីមេបញ្ជាការនេះពីអាមេរិកាំងឲ្យបានឆាប់រហ័ស។ ដូច្នេះហើយបានជាលោកប្រធានាធិបតីអាមេរិកបារ៉ាក់អូបាម៉ាបានថ្លែងឲ្យដឹងថា ការសាងផ្ទេរនេះត្រូវប្រព្រឹត្តទៅនៅពេលប៉ុន្មានថ្ងៃខាងមុខនេះ ហើយអូតង់ត្រូវមានតួនាទីជាអ្នកសម្របសម្រួលក្នុងប្រតិបត្តិការយោធា។
ក៏ប៉ុន្តែប្រទេសបារាំងចង់ឲ្យអូតង់មានតួនាទីជាអ្នកជំនួយប៉ុណ្ណោះសម្រាប់កងកម្លាំងសម្ព័ន្ធភាព ដោយហេតុថា “ប្រទេសអារ៉ាប់ជាច្រើននឹងពុំពេញចិត្តឡើយដែលប្រតិបត្តិការយោធាត្រូវឋិតនៅក្រោមការបញ្ជារបស់បក្សសម្ព័ន្ធOtan” នេះជាការគូសបញ្ជាក់របស់លោកAlain Juppé រដ្ឋមន្ត្រីក្រសួងការបរទេសបារាំង។
ជំហររបស់សហរដ្ឋអាមេរិកតាមរយៈសេចក្តីប្រកាសរបស់លោកស្រីគ្លីនតុនរដ្ឋមន្ត្រីក្រសួងការបរទេសបានឲ្យដឹងថា “សហរដ្ឋអាមេរិកពុំមែនជាអ្នកដឹកនាំនៅក្នុងប្រតិបត្តិការនៅប្រទេសលីប៊ីឡើយ We did not lead this”។ ពាក្យសំដីប៉ុន្មានម៉ាត់របស់លោកស្រីគ្លីនតុននេះបានបង្ហាញឲ្យឃើញនូវជំហរពុំដែលកើតមានសម្រាប់សហរដ្ឋអាមេរិកដែលតែងតែដើរនៅពីមុខគេ។ក៏ប៉ុន្តែមូលហេតុគឺសហរដ្ឋអាមេរិករបស់លោកអូបាម៉ាកំពុងមានសង្គ្រាមពីរជាប់នៅនឹងដៃពោលគឺសង្គ្រាមនៅប្រទេសអាហ្វហ្កានិស្តង់និងសង្គ្រាមនៅប្រទេសអ៊ីរ៉ាក់។
ដើម្បីសម្ដែងឲ្យឃើញនូវជំហរមុតមាំរបស់សហរដ្ឋអាមេរិក លោកប្រធានាធិបតីបារ៉ាក់អូបាម៉ាបានថ្លែងនាឱកាសទស្សនកិច្ចរបស់លោកនៅប្រទេស Chili ថា “មេដឹកនាំផ្តាច់ការលីប៊ីមូអាម៉ារកាដាហ្វីត្រូវតែចាកចេញពីមុខតំណែង ហើយសកម្មភាពយោធាអាមេរិកាំងទៀតសោតគឺសម្តែងឲ្យឃើញនូវការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះសម្រេចចិត្ត១៩៧៣អនុម័តដោយក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ”៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ