លីប៊ី

ក្រុម​អ្នក​បះបោរ​ដង្ហើយ​រក​​​ជំនួយ​សេដ្ឋកិច្ច

ផ្លូវ​ថ្នល់​នៅ​ក្រុង​ Misrata ហិន​ហោច​ព្រោះ​សង្គ្រាម
ផ្លូវ​ថ្នល់​នៅ​ក្រុង​ Misrata ហិន​ហោច​ព្រោះ​សង្គ្រាម AFP/Christophe Simon

​នៅ​ក្រុង​មីស្រាតា ជាមួយ​នឹង​ការ​ភ័យ​ខ្លាច​របស់​ប្រជាជន​ខ្លាច​ក្រែង​ ​ កងទ័ព​ស្ម័គ្រ​លោក កាដាហ្វី​ វាយ​លុក​ជា​ថ្មី​ ព្រោះ​​ឱសានវាទ​ឲ្យ​ទម្លាក់​អាវុធ​ចុះ​ចូល បាន​ចប់​តាំង​ពី​យប់​មិញ ក្រុម​អ្នក​បះបោរ​ក៏​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​លើ​ផ្នែក​សេដ្ឋកិច្ច។ ក្រុម​ប្រឹក្សាជាតិ​អន្តរកាល​​​លីប៊ី​ ប៉ាន់​ស្មាន​​ថា​ គេ​ត្រូវ​ការ​ថវិកា​ប្រមាណ​៣ពាន់​លាន​ដុល្លារ​អាមេរិក ដើម្បី​ទ្រទ្រង់​សេដ្ឋកិច្ច​ក្នុង​តំបន់​កាន់​កាប់​របស់​ខ្លួន​ឲ្យ​រស់​រាន​ បាន។ នេះ​ជាសារ​ដែល​​លីប៊ី​ចង់​ផ្ញើ​ទៅ​កាន់​រដ្ឋាភិបាល​បារាំង អ៊ីតាលី និង​អង់គ្លេស​ ជាមិត្ត​។

ផ្សាយពាណិជ្ជកម្ម

ក្រុម​ប្រឹក្សា​ជាតិ​អន្តរកាល​ប៉ាន់​ប្រមាណ​ថា ក្នុង​មួយ​ថ្ងៃ​ៗ គេ​ត្រូវ​ការ​ចំណាយ​ថវិកា ចន្លោះ​​ពី ៧៥ ទៅ​១៥០​លាន​ដុល្លារ​ ​សំរាប់​យក​ទៅ​បើក​ប្រាក់​បៀវត្ស​ជូនបុគ្គលិក​រដ្ឋ សំរាប់​ទិញ​ស្បៀង​អាហារ និង​សំរាប់​ចំណាយ​លើ​ការ​ព្យាបាល​​​ថែ​ទាំ​សុខភាព​​យុទ្ធ​ជន​ត្រូវ​របួស។

​ចំណូលសំខាន់​របស់​ប្រទេស​លីប៊ី គឺ​​​​ប្រេងកាត។ ក្រុម​អ្នក​បះបោរ​ គ្រប់​គ្រង​អណ្តូង​​​ប្រេង​កាត ដែល​អាច​បូម​បាន​ជា​មធ្យម​ ១៣០ ពាន់​ធុង​បារីល គឺ​ស្មើ​ប្រមាណ​ជិត​១០%​នៃ​ការ​ផលិត​ប្រេង​កាត​​​នៅ​​លីប៊ី ក្នុង​ពេល​មុន​សង្គ្រាម។ ប៉ុន្តែ​អាទិភាព​ចំបង​ពេល​នេះ គឺ​ការការពារ​មជ្ឈមណ្ឌល​បូម​ប្រេង មិន​មែន​ការ​ធ្វើ​សកម្មភាព​បូមប្រេង និង​​​នាំ​ប្រេង​ចេញ​ទេ។

ត្រូវ​កម្ទេច​ស្ទើរ​ទាំង​ស្រុង ​មីស្រាតា​ក្រុង​ឧស្សាហកម្ម​​ធំ​មួយ​របស់​លីប៊ី អាច​ត្រដរ​រស់​បាន​ ប៉ុន្មាន​ខែ​នេះ ដោយ​សារ​តែ​​​សាច់​លុយ​សុទ្ធ​ មាន​នៅ​ក្នុង​ធនាគារ​នៅ​ក្រុង​ បិនហ្កាហ្ស៊ី ដែល​ក្រុម​អ្នក​បះបោរ​ដណ្តើម​យក​មក​គ្រប់​គ្រង​បាន។ ពេល​នេះ​ ថវិកា​កាន់តែ​ហោច​ទៅៗ គ្មាន​ប្រាក់​សុទ្ធ​ គ្មាន​ការ​បូម​ប្រេង​លក់ គ្មាន​សកម្មភាព​ឧស្សាហកម្ម ទីក្រុង​បែកបាក់ ដំណោះ​ស្រាយ​មាន​តែ​មួយ គឺ​ក្រុម​ប្រឹក្សា​ជាតិ​អន្តរកាល​លីប៊ី ត្រូវ​ការ​ខ្ចី​ថវិកា​ពី​ប្រទេស​ជា​មិត្ត ដោយ​សន្យា​យក​កញ្ចប់​ថវិកានៅ​បរទេស​​របស់​រដ្ឋាភិបាល​កាដាហ្វី ដែល​អន្តរជាតិ​ផ្អាប់​ទុក​ មកធ្វើ​ជា​សំណង​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI