លីប៊ី

ការ​ប្រយុទ្ធគ្នា​ជាថ្មី​នៅថ្ងៃអាទិត្យ​៨​ឧសភា២០១១នៅជិត Misrata

រថយន្ត​​ធំ​​មួយ​គ្រឿង​​បើក​បរ​កាត់​​កន្លែង​ស្តុ​ក​ប្រេងសាំង​ដែល​ត្រុវភ្លើងឆេះ​នៅ​ក្រុង​កំពង់ផែ ​Misrata ។​​
រថយន្ត​​ធំ​​មួយ​គ្រឿង​​បើក​បរ​កាត់​​កន្លែង​ស្តុ​ក​ប្រេងសាំង​ដែល​ត្រុវភ្លើងឆេះ​នៅ​ក្រុង​កំពង់ផែ ​Misrata ។​​ © Reuters

ការ​វាយ​ប្រយុទ្ធ​គ្នា​ ចាប់​ផ្តើម​ឡើង​វិញ​នា​ថ្ងៃ​អាទិត្យ​៨​ឧសភា​នេះ ​នៅ​ជិត​ទីក្រុង​កំពង់ផែ Misrata។ Misrata​ ទីក្រុង​របស់​ចលនា​បះបោរ​លីប៊ី​នេះ ត្រូវ​បាន​ឡោមព័ទ្ធ​តាំង​ពី​ជាង​២​ខែ​កន្លង​មក​ហើយ​ដោយ​កង​កម្លាំង​របស់​លោក ​កាដាហ្វី។ គេ​ឃើញ ផ្សែង​ភ្លើង ឆាបឆេះ​យ៉ាង​ទ្រលោម ចេញ​ពី កំពង់ផែ Misrata​ មួយ​ថ្ងៃ​បន្ទាប់ ពីការ​បាញ់​គ្រាប់​ផ្លោង​របស់​កង​កម្លាំង​កាដាហ្វី​ បំផ្លាញ​ កន្លែង​ស្តុក​ទុក​ប្រេងសាំង។

ផ្សាយពាណិជ្ជកម្ម

 

ការ​វាយប្រយុទ្ធ​គ្នា បាន​ប្រព្រឹត្ត​ទៅ​នៅ​ប៉ែក​ខាង​លិច​នៃ​ទីក្រុង​ដ៏​ធំ​នេះ​ដែល​ជាប់​ឆ្នេរ​សមុទ្រ និង ចម្ងាយ ​២០០​គម ប៉ែក​ខាង​កើត​នៃ​ទីក្រុង ទ្រីប៉ូលី ក្នុង តំបន់ Bourgueya ។

នៅ​កំពង់ផែ គេ ឃើញ ផ្សែងភ្លើង ហុយ​ទ្រលោម​ពេញ​ទីក្រុង ដែល​បណ្តាល​មក​ពី​ភ្លើង​ឆេះ​នៅ​ កន្លែង ទុក​ប្រេងសាំង​ ដែល​នៅ​ទីនេះ ប្រជាជន ប្រមាណ ៥០ ម៉ឺន​នាក់​កំពុង​តែ​នាំ​គ្នា​តម្រង់​ជួរ​នៅ​ពីមុខ​ស្ថានីយ​បូមប្រេង ដោយហេតុ​ភ័យ​ព្រួយ​អស់​ប្រេង​សាំង​ប្រើ​ប្រាស់។

នៅ​ថ្ងៃ​សៅរ៍​ម្សិលមិញ កងទ័ព​រដ្ឋាភិបាល​លីប៊ី បាន​បង្កើន​ការ​វាយលុក​យ៉ាង​ខ្លាំង​ទៅ​លើ​កំពង់ផែ Misrata  ដែល​ជា​មធ្យោបាយ​តែ​មួយ​គត់​ ក្នុង​ការ​ឡោមព័ទ្ធ​ទីក្រុង​នេះ កុំ ឲ្យ​ចលនា​បះបោរ​អាច​ទទួល​​ជំនួយ​ស្បៀង​អាហារ​ឬ ក៏​ដឹក​ជម្លៀសអ្នក​របួស​ឬ ក៏​ជម្លៀស​ជនភៀសខ្លួន។

នៅ​ពេលព្រឹក កន្លែង​ស្តុក​ប្រេងសាំង​មួយ នៅ​ជិត​ផែ​ត្រូវ​ឆាបឆេះ​ភ្លើង​ដោយ​ការ​ផ្លោង​គ្រាប់បែក​មួយ​និង បណ្តាល​ឲ្យ​ផ្ទុះ​ឆេះ រាលដាល​ដល់​ទីកន្លែង​ស្តុក​ប្រេង​ផ្សេងៗ​ទៀត។

យោង​តាម​ចលនាបះបោរ​លីប៊ី--កងទ័ព​ស្មោះត្រង់​នឹង​លោក​កាដាហ្វី--​បាញ់​បំផ្លាញ​តែ​នៅ​កន្លែង​ដែល​មាន​ស្តុក​ប្រេងសាំង​ពេញព្រៀប- ហើយ​ក៏​ប្រហែល​ជា​មាន​រនុក​ក្នុង​ឲ្យ​ដៃ​ដែរ​ទើប ពួក​ទាហាន ធ្វើការ​កំទេច​ចំៗ ទីកន្លែង​ស្តុក​ប្រេងសាំង។ មិនតែ​ប៉ុណ្ណោះ ចលនា​បះបោរ ចោទ​ថា ពួកទ័ព​កាដាហ្វី នៅ​ពេល​ព្រឹក -បាន​ប្រើ​ឧទ្ធម្ភាគចក្រ​ដែល​មាន​សញ្ញា កាកបាទក្រហម​ដើម្បី​ទម្លាក់​គ្រាប់មីន នៅ​ក្នុង​ទឹក​នៅ​កំពង់ផែ Misrata ដែរ។

ដោយឡែក-- អ៊ីតាលី​ សន្យា​ថា នឹង ផ្តល់​អាវុធ ក្នុង​ពេល​ឆាប់ៗ​នេះ ឲ្យ​ដល់​ចលនា​បះបោរ​លីប៊ី ដើម្បី​ជា​ជំនួយ​សំរាប់​ ការពារខ្លួន ប្រឈមមុខ​ទល់​នឹង​កងទ័ព​របស់​លោក​កាដាហ្វី ដែល​បាន​ធ្វើ​ឲ្យ​ចលនា​បះបោរ​លីប៊ី ខាតបង់​យ៉ាង​ធ្ងន់ធ្ងរ​កាលពី​ថ្ងៃ​សៅរ៍​ម្សិលមិញ។

ម្យ៉ាងទៀត ជម្លោះ​នៅ​ក្នុង​ប្រទេស​លីប៊ី​នេះ ​បាន​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ជាច្រើន​ពាន់​នាក់។ នេះបើ​យោង​តាម រដ្ឋអាជ្ញា​នៃ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ លោក Luis Moreno-Ocampo  ដែល កំពុង​សុំ ដីកា​ចាប់ខ្លួន​ជន​៣​នាក់ ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI