លីប៊ី

ជំនួប​​នៅ​អ៊ីស្តង់ប៊ូល​​ដើម្បី​ដោះស្រាយ​​វិបត្តិ​​លីប៊ី​​ដោយ​គ្មាន​​វត្តមាន​ចិន​​និ​ង​រុស្ស៊ី​​

ពួក​អ្នក​​ប្រឆាំង​​បះបោរ​​លីប៊ី​សម្រុក​​ទៅកាន់​​សមរភូមិ​​ Ajdabiyah​​​ នៅថ្ងៃទី១៤​កក្កដា​ឆ្នាំ២០១១
ពួក​អ្នក​​ប្រឆាំង​​បះបោរ​​លីប៊ី​សម្រុក​​ទៅកាន់​​សមរភូមិ​​ Ajdabiyah​​​ នៅថ្ងៃទី១៤​កក្កដា​ឆ្នាំ២០១១ © REUTERS/Esam Al-Fetori

ក្រុមប្រទេស​រិះរក​ដំណោះស្រាយ​ឲ្យ​វិបត្តិ​លីប៊ី​ជួប​ប្រជុំ​គ្នា​នៅ​ថ្ងៃសុក្រ​ទី១៥​កក្កដា​ឆ្នាំ២០១១​នេះ​នៅទីក្រុង​អ៊ីស្តង់ប៊ូល​នៃ​ប្រទេស​តួកគី​ ​ ដោយមាន​វត្តមាន​របស់​​លោកស្រី​គ្លីនតុន។​ ក៏ប៉ុន្តែ​ ប្រទេសចិន​និង​ប្រទេស​រុស្ស៊ី​បាន​បដិសេធ​ពុំ​ចូលរួម។​ ជំនួប​លើកទីបួន​នេះ​ ​ រៀបចំ​ឡើង​ដើម្បី​រិះរក​ដំណោះស្រាយ​នយោបាយ​ឲ្យ​វិបត្តិ​លីប៊ី​ ​ ហើយនិង​សម្រប​សម្រួល​ការ​ផ្តល់​ជំនួយ​ឲ្យ​ពួក​អ្នក​ប្រឆាំង​បះបោរ​លីប៊ី។

ផ្សាយពាណិជ្ជកម្ម

ក្រៅពី​ការចូលរួម​ប្រជុំ​ដោយ​លោកស្រី​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក​ហ៊ីល្លារី​គ្លីនតុន​ ​ នៅ​មាន​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សំខាន់ៗ​ចំនួន​១៥ប្រទេស​ទៀត​ ​ ដែលក្នុងនោះ​មាន​ជាអាទិ៍​លោក​ Alain Juppé ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​បារាំង​ ​ លោក​ Franco Frattini​ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អ៊ីតាលី​ ​ និង​លោក​ William Hague ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​នៃ​ប្រទេស​អង់គ្លេស។

 
ជំនួប​ប្រជុំ​លើកទីបួន​នៅ​ថ្ងៃសុក្រ​ទី១៥​កក្កដា​ឆ្នាំ២០១១​នៅទីក្រុង​អ៊ីស្តង់ប៊ូល​នៃ​ប្រទេស​តួកគី​នេះ​គឺ​រៀបចំឡើង​ដើម្បី​រិះរក​ដំណោះ​ស្រាយ​នយោបាយ​ឲ្យ​វិបត្តិ​លីប៊ី​ ​ ហើយនិង​ជួយ​សម្រប​សម្រួល​ការ​ផ្តល់​ជំនួយ​ឲ្យ​ពួក​អ្នកបះបោរ​ប្រឆាំង​នៅ​ប្រទេស​លីប៊ី។

ជំនួប​ប្រជុំ​នៅទីក្រុង​អ៊ីស្តង់ប៊ូល​នេះ​ ​ ចាប់បើក​ប្រជុំ​នៅម៉ោង​៨កន្លះ​ម៉ោងសកល​នៅក្នុង​វិមាន​មួយ​ដែលឋិត​នៅលើ​ដៃសមុទ្រ​Bosphore ​ហើយ​សន្និសីទ​កាសែត​មួយ​គ្រោង​រៀបចំ​ឲ្យ​មាន​នៅ​ម៉ោង១៤​និង៤៥នាទី​ម៉ោងសកល​។

ប្រទេស​បារាំង​ដែល​ជា​មុខព្រួញ​នៃ​ប្រតិបត្តិការ​យោធា​អន្តរជាតិ​នៅ​ប្រទេស​លីប៊ី​ដែល​បាន​ចាប់ផ្តើម​អស់​រយៈពេល​បួនខែ​មកហើយ​មាន​ជំនឿ​ជឿជាក់​ថា​ ​ ដំណោះស្រាយ​តាមផ្លូវ​នយោបាយ​កំពុងតែ​ចាប់​លេចចេញ​ជារូបរាង។ ​ទាំងនេះ​ ក៏​ដោយសារតែ​មាន​ការ​ខិតខំ​ប្រឹងប្រែង​របស់​អ្នកការទូត​ដែល​រៀបចំ​ធ្វើការ​ជំរុញ​ឲ្យ​មេដឹកនាំ​ផ្តាច់ការ​ មូអាម៉ារ​ កាដាហ្វ៊ី​ លាចាកចេញ​ពី​មុខតំណែង​ ​ ក្រោយ​ពីបាន​កាន់កាប់​អំណាច​នៅ​ប្រទេស​លីប៊ី​អស់​រយៈពេល​៤២ឆ្នាំ។​ បញ្ហានេះ​នឹង​ត្រូវគេ​លើក​យកមក​ពិភាក្សា​នៅ​ទីក្រុង​អ៊ីស្តង់ប៊ូល​ ​ ហើយ​ដែល​នៅពេល​ទន្ទឹម​គ្នានេះ​ ​ គេ​ទទួល​ “​សញ្ញា​”​ជាលើក​ទីមួយ​បាន​មកពី​ទីក្រុង​ទ្រីប៉ូលី​ថា​ ​ មេដឹកនាំ​ផ្តាច់ការ​ មូអាម៉ារ​ កាដាហ្វ៊ី​ អាចនឹង​ត្រូវ​គេ​កៀកចេញ​ពី​រដ្ឋអំណាច។

សូមបញ្ជាក់ថា​ ​ បញ្ហា​ជួយ​សម្រប​សម្រួល​ក្នុង​ការ​ផ្តល់​ជំនួយ​ឲ្យ​ពួក​អ្នកបះបោរ​ប្រឆាំង​លីប៊ី​ក៏​ត្រូវគេ​លើក​យកមក​ពិភាក្សា​នៅ​ទីក្រុង​អ៊ីស្តង់ប៊ូល​ផងដែរ​ ​ ដោយមាន​ការ​ចូលរួម​ពី​សំណាក់​ឥស្សរជន​ទីពីរ​នៃ​ពួក​អ្នកបះបោរ​ប្រឆាំង​លីប៊ី​ ​ ពោលគឺ​លោក​ ម៉ាហ៍មូដ​ ជីព្រីល​ ដែល​មាន​តួនាទី​ជា​”រដ្ឋមន្ត្រី”​ទទួល​បន្ទុក​ខាង​កិច្ចការ​បរទេស។

ប្រទេស​ចិន​និង​ប្រទេស​រុស្ស៊ី​បាន​ត្រូវគេ​អញ្ជើញ​ឲ្យ​មក​ចូល​រួម​ប្រជុំ​ក្នុង​ឋានៈ​ជា​សមាជិក​អចិន្ត្រៃយ៍​នៃ​ក្រុម​ប្រឹក្សា​សន្តិសុខ​នៃ​អង្គការ​សហប្រជាជាតិ​ ​ ក៏ប៉ុន្តែ​ចិន​និង​រុស្ស៊ី​បាន​បដិសេធ​ពុំ​ព្រម​មក​ប្រជុំ​។​ មូលហេតុ​គឺ​ប្រទេស​ចិន​និង​ប្រទេស​រុស្ស៊ី​ពុំ​យល់ស្រប​​នឹង​ប្រតិបត្តិការ​យោធា​របស់​បក្សសម្ព័ន្ធ​អូតង់​ប្រឆាំង​នឹង​របប​ផ្តាច់ការ​លីប៊ី។

គួរកត់​សម្គាល់ថា​ ​ ក្រោយពី​មាន​ការ​អញ្ជើញ​របស់​អ្នកកាទូត​រុស្ស៊ី​ទៅ​ទីក្រុង​វ៉ាស៊ីនតោន​ ​ លោក​ប្រធានាធិបតី​អាមេរិក​បារ៉ាក់​អូបាម៉ា​បាន​គាំទ្រ​គំនិត​ ជំរុញ​ឲ្យ​រុស្ស៊ី​ធ្វើ​អន្តរាគមន៍​ដើម្បី​កៀក​ មូអាម៉ារ​ កាដាហ្វ៊ី​ ចេញពី​អំណាច។​ ចំណែកឯ​ប្រទេស​បារាំង​ក៏​ដូចគ្នា​អ៊ីចឹងដែរ​ ​ សង្ឃឹម​ទៅលើ​ការចរចា​សម្រាប់​កៀក​កាដាហ្វ៊ី​ចេញពី​អំណាច។​ ទាំងនេះ​ ប្រាំខែ​ក្រោយពី​មាន​ប្រតិបត្តិការ​យោធា​ដ៏​ខ្លាំងក្លា​របស់​បក្សសម្ព័ន្ធ​អូតង់​នៅ​ប្រទេស​លីប៊ី។

សូមបញ្ជាក់ថា​ ​ ជំនួប​លើកទីបួន​នៅ​អ៊ីស្តង់ប៊ូល​ដើម្បី​ដោះស្រាយ​វិបត្តិ​លីប៊ី​នេះ​ធ្លាក់​ចំពេល​ដែល​កងកម្លាំង​នៃ​ពួក​ឧទ្ទាម​បាន​ពង្រឹង​ជំហរ​របស់​ខ្លួន​នៅថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នៅ​ទីក្រុង​ Al-Assabaa ដែល​ជា​ទីក្រុង​យុទ្ធសាស្ត្រ​មួយ​ដ៏​សំខាន់​ឋិត​នៅ​ប្រមាណ​៨០​ គ..ម.​ពី​រដ្ឋធានី​ទ្រីប៉ូលី។​ ពួក​ឧទ្ទាម​លីប៊ី​បាន​ប្រកាស​ឲ្យ​ដឹងទៀតថា​ ​ ពួកគេ​កំពុង​រៀបចំ​ធ្វើការ​វាយប្រហារ​ទៅលើ​ទីក្រុង​Brega ដែល​ជា​ទីក្រុង​ប្រេងឥន្ធនៈ​មួយ​ដ៏​សំខាន់​ដែល​ឋិត​នៅ​ក្នុង​ដៃរបស់​កងកម្លាំង​របស់​កាដាហ្វ៊ី​នៅឡើយ។

បើយោងតាម​ព័ត៌មាន​បាន​មក​ពីខាង​រុស្ស៊ី​បាន​ឲ្យដឹងថា​ ​ កាដាហ្វ៊ី​នៅមាន​នៅក្នុង​ដៃ​នូវ​កាំជ្រួច​មីស្ស៊ីល​ sol-sol ​យ៉ាងច្រើន។​ សម្រាប់​គ្រឿង​រំសេវ​ផ្ទុះ​ក៏​ដូចគ្នា​អ៊ីចឹងដែរ។​ បិរមាណ​នៃ​គ្រឿង​រំសេវ​ផ្ទុះ​ទាំងនោះ​អាចនឹង​ធ្វើឲ្យ​ផ្ទុះ​ខ្ទេចខ្ទី​ទីក្រុង​ទ្រីប៉ូលី​ទាំងមូល​ដែល​ធ្លាប់​ជា​ការ​គំរាម​របស់​កាដាហ្វ៊ី​។​ ដូច្នេះ​ហើយ​ បានជា​នៅ​ទីក្រុង​អ៊ីស្តង់ប៊ូល​គេនឹង​ខិតខំ​រិះរក​ដំណោះស្រាយ​ឲ្យ​វិបត្តិ​នៅលីប៊ី​តាមផ្លូវ​នយោបាយ​ដើម្បី​ចៀសវាង​ការដោះស្រាយ​តាម​ផ្លូវ​យោធា​ដែល​នៅ​ជាប់​គាំងស្ទះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI