សូម៉ាលី

ស្លាប់យ៉ាងតិច​៧០នាក់​ដោយភេរវកម្ម​

​អំពើ​ភេរវកម្ម ​ដ៏សាហាវ ​ធ្វើ​ដោយពួកអ្នក​បះបោរ ​ Shebabs​  អ៊ីស្លាម​និយម​ជ្រុល​នៅ​ទីក្រុង​ Mogadiscio
​អំពើ​ភេរវកម្ម ​ដ៏សាហាវ ​ធ្វើ​ដោយពួកអ្នក​បះបោរ ​ Shebabs​ អ៊ីស្លាម​និយម​ជ្រុល​នៅ​ទីក្រុង​ Mogadiscio REUTERS/Omar Faruk

យ៉ាង​តិច​ មាន​មនុស្ស​ស្លាប់​៧០នាក់​និង​របួស​ប្រមាណ​ជា​១៥០​នាក់​បណ្តាល​មក​ពី​អំពើ​ ភេរវកម្ម​-អត្តឃាត​ នៅ​ថ្ងៃ​អង្គារ​ម្សិល​មិញ​៤​តុលា​ ធ្វើ​ទៅ​លើ​ពហុដ្ឋាន​ចម្រុះ​ទៅ​ដោយ​ក្រសួង​រដ្ឋមន្ត្រី​ នៅ​Mogadiscio​ ជា​រដ្ឋធានី​នៃ​ប្រទេស​សូម៉ាលី​ នៅ​អាហ្វ្រិក​ខាង​កើត​។​​ អំពើ​ភេរវកម្ម​ដែល​ត្រូវ​បាន​ប្រកាស​ធ្វើ​ដោយ​ពួក​ Shebabs​គឺជា​អំពើ​ភេរវកម្ម​លើកទី១​នៃ​ពួក​អ៊ីស្លាមនិយម​ជ្រុល​ Shebabs​ ចាប់តាំង​ពីពួក​វា​បាន​ដកខ្លួន​ថយចេញ​ពី​រដ្ឋធានី​នៅ​ដើមខែ​សីហា​ និង​ជាភេរវកម្ម​បង្ហូរ​ឈាម​ដាប​។​ ក្នុងចំណោម​អ្នករងគ្រោះ​មាន​និស្សិត​ ទាហាន​ និងអ្នកដើរ​តាមផ្លូវ។

ផ្សាយពាណិជ្ជកម្ម

គឺជា​ការ​សម្លាប់​លម្អិត​-ស្របតាម​អ្នកដែលបាន​ឃើញផ្ទាល់​នឹងភ្នែក​ដែលបាន​ពិពណ៌នា​អំពី​ខ្លួនប្រាណ​អ្នករងគ្រោះ​ស្លាប់​ត្រូវ​រដាច់រដោច​ជា​បំណែក​តូចៗ​ដូច​ត្រូវ​គេ​ច្រៀក​ឬ​ចិញ្ច្រាំ​ដេក​ស្តូកស្តឹង​នៅតាម​ផ្លូវ​ ​ ក្នុងថ្លុកឈាម​ ​ យានយន្ត​ឆេះ​ខ្លោច​ទៅជា​ធ្យូង​។​ បង្អួច​នៃ​អគារ​ជាច្រើន​ជាន់​នៅ​ជុំវិញ​បាក់បែក​ខ្ទេចខ្ទី។​ ប៉ែកខាងមុខ​ផ្ទះ​ត្រូវបាន​ខូចខាត​។​ អំពើ​ភេរវកម្ម​បាន​កើតមាន​នៅ​ម្តុំ​ម៉ោង​១១ព្រឹក​ម៉ោងក្នុងស្រុក។

 
ស្របតាម​ព័ត៌មាន​បានទទួល​ ឡាន​កាំម៉្ញុង​១គ្រឿង​ដែលបើក​មក​ពី​កំពង់ផែ​ផ្ទុក​ទៅដោយ​គ្រឿង​ផ្ទុះ​និង​ប្រេងសាំង​ផងដែរ​ ​ បាន​មក​ផ្ទុះ​នៅ​ពីមុខ​អគារ​ដែល​ជាទី​ស្នាក់ការ​នៃ​ក្រសួង​មហាផ្ទៃ​​ ក្រសួង​សុខាភិបាល​ ក្រសួង​អប់រំ​ និង​ក្រសួង​ប៉ូលិស​ស៊ើប​អង្កេត​ឧក្រិដ្ឋកម្ម​។

ការផ្ទុះ​មាន​កម្លាំង​ទាល់តែ​លាន់ឮ​ចម្ងាយ​ជាង​២០០ម៉ែត្រ​នៅ​ជុំវិញ​។​ អ្នករងគ្រោះ​ភាគច្រើន​ជា​និស្សិត​ដែល​បាន​ឈរ​បន្តកន្ទុយ​គ្នា​នៅ​ពី​មុខ​អគារ​ជាច្រើន​ជាន់​ដោយ​រង់ចាំ​ចូល​ទៅប្រឡង​ ​ ប៉ុន្តែ​ក៏​ព្រមទាំង​ភ្នាក់ងារ​សន្តិសុខ​និង​អ្នកដើរ​តាមផ្លូវ​ផងដែរ។

គឺជា​អំពើ​ភេរវកម្ម​ដ៏​កាចសាហាវ​បំផុត​ធ្វើ​ដោយ​ពួកអ្នក​បះបោរ​ Shebabs​ អ៊ីស្លាម​និយម​ជ្រុល​ដែលបាន​ប្រកាស​ទទួល​ស្គាល់​ភ្លាមភ្លែត​ថា​ជា​ស្នាដៃ​របស់ខ្លួន​និង​ក៏​ជាអំពើ​ភេរវកម្ម​លើកទី១​ចាប់តាំងពី​ពួក​នេះ​បាន​ដកខ្លួន​ថយចេញ​ពី​រដ្ឋធានី​ម៉ូហ្កាឌីស្យួ​នៅ​ដើមខែ​សីហា​។

ស្របតាម​សម្តី​អ្នករស់នៅ​ម្នាក់ក្នុង​សង្កាត់​ផ្ទុះ​ភេរវកម្ម​គឺ​ប្រៀបដូច​ជា​ឆាកមួយ​នៅ​ក្នុង​សង្គ្រាម​លោក​លើកទី២​។​ គឺ​ជា​សោកនាដកម្ម​ដ៏​អាក្រក់​បំផុត​ចាប់តាំងពី​កើតមាន​សង្គ្រាម​ស៊ីវិល​នៅ​ឆ្នាំ​១៩៩១មក។

ពួក Shebabs​ តាំងពី​ជាង៤ឆ្នាំ​មកហើយ​ប្រយុទ្ធ​ប្រឆាំង​រដ្ឋាភិបាល​អន្តរកាល​ដឹកនាំ​ដោយ​លោក​ប្រធានាធិបតី​Sharif Cheikh Ahmed ដែលពុំបាន​សម្រេច​ក្នុង​ការ​អនុវត្តន៍​សិទ្ធិ​អំណាច​របស់​ខ្លួន​ ទោះបីជា​មាន​ការ​គាំទ្រ​យ៉ាងច្រើន​សន្ធឹក​សន្ធាប់​របស់​សហគមន៍​អន្តរជាតិ​ក្តី។

ពួក​ Shebabs​ប្រយុទ្ធ​ប្រឆាំង​រដ្ឋាភិបាល​អន្តរកាល​ដើម្បី​អនុវត្ត​តាម​ឥត​ល្អៀង​ច្បាប់​អ៊ីស្លាម​និយម​ជ្រុល​ហៅថា​ច្បាប់​Charia។​ ពួកនេះ​កាន់កាប់​បាន​១ភាគធំ​តំបន់​នៅ​កណ្តាល​និង​ខាងត្បូង​នៃ​ប្រទេស​សូម៉ាលី​ដែល​ឋិត​ក្នុង​តំបន់​ហៅថា​ ស្នែង​អាហ្វ្រិក​ដែល​សព្វថ្ងៃ​កំពុងតែ​រងគ្រោះ​អត់ឃ្លាន។

រដ្ឋាភិបាល​សូម៉ាលី​ដ៏​ផុយស្រួយ​កំពុង​តែ​ខំប្រឹង​គោរពតាម​ “ប័ណ្ណដើរផ្លូវ”​ដែល​ត្រូវ​នាំ​ទៅកាន់​ការបោះឆ្នោត​ជ្រើសរើស​រដ្ឋសភា​ថ្មី​និង​ប្រធានាធិបតី​មុន​ថ្ងៃ​២០សីហា​ឆ្នាំ២០១២។​ អំពើ​ភេរវកម្ម​នេះ​បង្ហាញថា​ ​ គ្រោះថ្នាក់​បង្ក​ដោយ​ពួក​ភេរវជន​ពុំបាន​បាត់បង់​ទៅទេ​ហើយ​ពួកភេរវជន​ទាំងនេះ​ប្តេជ្ញាចិត្ត​បំផ្លាញ​វឌ្ឍនធម៌​ឆ្ពោះទៅ​រក​សន្តិភាព​បំពេញ​ដោយ​ប្រជាជន​សូម៉ាលី-នេះ​ជា​ប្រតិកម្ម​របស់​រដ្ឋាភិបាល​តបចំពោះ​អំពើ​ភេរវកម្ម៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI