លីប៊ី

ក្រុមប្រឹក្សា​ជាតិ​អន្តរកាល​លីប៊ី​ទទួល​ស្គា​ល់​​ការ​​ខាត​បង់​​​ធ្ងន់ធ្ងរ​​ក្នុង​​ជួរ​​ទ័ព​​ខ្លួន​​

កងទ័ព​បដិវត្តន៍​លីប៊ី ហែកទង់ជាតិ​របស់លោក​កាដាហ្វី​ នៅពេលដែលគេវាយយកបាន​​សាកលវិទ្យាល័យ ថ្ងៃអាទិត្យ​ទី ៩ តុលា​២០១១។​
កងទ័ព​បដិវត្តន៍​លីប៊ី ហែកទង់ជាតិ​របស់លោក​កាដាហ្វី​ នៅពេលដែលគេវាយយកបាន​​សាកលវិទ្យាល័យ ថ្ងៃអាទិត្យ​ទី ៩ តុលា​២០១១។​ REUTERS/Saad Shalash

បន្ទាប់ពី​​បាន​​​បើក​​ការ​​វាយ​ប្រហារ​​យ៉ាង​ធំធេង​​នៅ​ SYRTE​ នៅ​​​​ថ្ងៃ​​​សុក្រ​​​ទី​​​៧​​​តុលា​​​មក​​ កង​​កម្លាំង​​​បដិវត្តន៍​​លីប៊ី​​ បាន​​បន្ត​​ប្រតិបត្តិការ​​សឹក​​របស់​​ខ្លួន​​​នៅ​​​គ្រប់​​​ច្រក​​ល្ហក​​​នៃ​​ទីក្រុង ​​SYRTE​​ នៅ​​ម្សិល​មិញ​និង​ថ្ងៃអាទិត្យទី៩តុលានេះ។​​ SYRTE​ ​ដែល​​ជាស្រុ​ក​កំណើត​​​និង​​​ជា​​តំបន់​​​ការពារ​​ចុង​​ក្រោយ​​​​​​​របស់​​​​កងទ័ព​​​​ គាំទ្រ​​លោក​​កាដាហ្វី​​និង​​កំពុង​​ធ្លាក់​​ក្នុង​​​ភ្លើង​​សង្គ្រាម។​ការវាយ​រុល​ទៅ​មុខ​នៅ​តំបន់​Syrte​នេះ ធ្វើ​ដោយ​សន្សឹមៗ​និង​​ប្រកប​​ដោយ​​គ្រោះ​​ថ្នាក់។​

ផ្សាយពាណិជ្ជកម្ម

 

ទីក្រុង Syrte ​ដែលស្ថិតនៅចម្ងាយ ៤០០គម ប៉ែក​​អាគ្នេយ៍​នៃទីក្រុង Tripoli  គឺ​ជា​ទីក្រុង​ដ៏​សំខាន់​​មួយ​ចុង​ក្រោយ​គេដែល​ស្ថិត​នៅ​ក្នុង​កណ្តាប់​ដៃ​​របស់​បក្សព័ន្ធគាំទ្រ​កាដាហ្វី​នៅ​ឡើយ​ បន្ទាប់​ពី​ទីក្រុង Tripoli បាន​ធ្លាក់នៅ​ចុង​ខែ​សីហា​កន្លងទៅ ដែលបាន​បិទ​បញ្ចប់​ជា​ស្ថាពរ ​ការ​ក្តោបក្តាប់​​​អំណាចផ្តាច់ការ ​​​របស់កាដាហ្វី​នៅលីប៊ី​​អស់រយៈពេល ​៤២​ឆ្នាំ។​

កងទ័ពបដិវត្តន៍លីប៊ី បានវាយរុលទៅមុខ​ជិតទៅដល់ទីជម្រក​​ចុង​ក្រោយ​នៃ​​ទ័ពកាដាហ្វី ដែល​ពួ​នលាក់ខ្លួន​នៅ​ក្នុងសង្កាត់​នៃមជ្ឈមណ្ឌលសន្និសីទ Ouagadougou និង​ទីលាន​បៃតង ចំកណ្តាលក្រុងSyrte។

អស់រយៈពេល​​៣​សប្តាហ៍​មកហើយ ដែល​ទ័ពបដិវត្តន៍​លីប៊ី បានធ្វើការឡោមព័ទ្ធ​ទីក្រុង ​ Syrte ​​ក្នុងគោលដៅ ធ្វើយ៉ាងណាដើម្បី​ចៀសវាង​កុំឲ្យ​ប៉ះពាល់​ដល់ជីវិត​ប្រជាជន​ស៊ីវិល ។​ ពួកគេ​បាន​​វាយលុក​ទៅ​លើ ទីក្រុង​ឆ្នេរសមុទ្រ​នេះ នៅ​គ្រប់ទិស តាំង​ពី​ទិស​ខាងលិច រហូត​ដល់​​ខាងកើត ​និងទៅដល់​ខាងត្បូងទៀត ។ ចំណែកប្រជាជនលីប៊ី​ដែល​​រត់ភៀសខ្លួន​​ចេញ​​ពីការវាយប្រយុទ្ធគ្នានៅ​ទីក្រុង ​Syrte  បាន​និយាយប្រាប់ថា ឥឡូវនេះ ពួកគេ​គ្មាន​ទាំង​​ទឹក-ភ្លើង​ និង ​​​អាហារ​​ទទួលទាន​ទេ​នៅក្នុងទីក្រុង។

នៅ​ថ្ងៃអាទិត្យ៩តុលា​នេះ ទ័ព​បដិវត្តន៍​លីប៊ី​  ទើបវាយ​ដណ្តើមយក​បានសាកលវិទ្យាល័យ នៃ​ទីក្រុង Syrte  ដែល​​ជា​ទីជម្រក​តស៊ូ​ដ៏​ចម្បង​របស់​ទ័ពកាដាហ្វីនៅ​ភាគ​អាគ្នេយ៍​នៃ​ទីក្រុង។ នេះ ជាការ​បញ្ជាក់របស់អ្នកកាសែត​AFPម្នាក់នៅថ្ងៃអាទិត្យ៩តុលានេះ។

ចំណែក មេបញ្ជាការម្នាក់​នៃ ក្រុម​ប្រឹក្សា​ជាតិ​អន្តរកាល​លីប៊ីវិញ បាននិយាយថា  ការ​វាយ​ប្រហា​រ​គ្នា បានប្រព្រឹត្តទៅដោយលំបាកខ្លាំងណាស់ ​ដោយហេតុតែ​ពួកអ្នកពួនស្ទាក់ចាំ​បាញ់ មានគ្នា​ច្រើន ។​ ការ​ប្រយុទ្ធតស៊ូ​យ៉ាងមានះ របស់​​ទាហាន​កាដាហ្វី នេះ ប្រហែល​ជាធ្វើដោយ​​ក្តីអស់​សង្ឃឹម​​ ក៏​ប៉ុន្តែ​យ៉ាងកាចសាហាវបំផុត​ដែលបាន​បណ្តាល​ឲ្យ​មានអ្នក​ស្លាប់​​​និង​​របួស​ជាច្រើននាក់នៅ​ខាងកងទ័ពបដិវត្តន៍លីប៊ី។ ​
នៅព្រឹកថ្ងៃអាទិត្យនេះ ការវាយប្រយុទ្ធគ្នា បានបន្តទៀត ជាពិសេស​នៅម្តុំជុំវិញ ​មជ្ឈមណ្ឌល​​សន្និសីទ Ougadougou ​ដែលជាអគារដ៏ធំសម្បើមមួយ​ ស្ថិត​នៅជិត​ប៉ែក ពាយ័ព្យ​​នៃ​សាកល​វិទ្យាល័យ ​ដែលស្ថិត​នៅតាមបណ្តោយ​មហារុក្ខវិថី​មួយ​នៅ​ចំ​កណ្តាល​ក្រុង​Syrte៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI