អានតួអត្ថបទ
អេហ្ស៊ីប

លោក​ Mohamed el Baradei ប្រកាស​ចង់​ដឹកនាំ​រដ្ឋាភិបាល​បង្រួបបង្រួម​ជាតិ

ឧត្តមក្រុមប្រឹក្សាយោធាជួបចរចា ជាមួយលោក Mohamed el Baradei
ឧត្តមក្រុមប្រឹក្សាយោធាជួបចរចា ជាមួយលោក Mohamed el Baradei REUTERS/Middle East News Agency
ដោយ៖ អ៊ុង ច័ន្ទ​សោភា
១៤ នាទី

លោក Mohamed el Baradei បេក្ខជន​នាំមុខ ​ដែល​ទំនង​ជាអាច​កាន់​តំណែង ប្រធានាធិបតី​ថ្មី របស់​ប្រទេស​អេហ្ស៊ីប បានបង្កើត​ការភ្ញាក់ផ្អើល​មួយ នៅ​ថ្ងៃសៅរ៍​ម្សិលមិញ​ ដោយ​លោក បាន​ប្រកាសថា ​ចង់ធ្វើ ​ជា​ប្រមុខ​រដ្ឋាភិបាល​បង្រួប​បង្រួម​ជាតិវិញ។ ការ​សំរេចចិត្ត​បោះបង់​ចោល មហិច្ឆតា​ជាប្រធានាធិបតី របស់​លោក​ ត្រូវ​បាន​គេមើលឃើញ​យ៉ាងច្បាស់​ណាស់ថា ដើម្បី​ជួយ​ពន្លឿន ការ​ផ្ទេរ​អំណាច​យោធា ទៅ​ជា​អំណាច​ស៊ីវិល​វិញ នៅ​ខណៈដែល​ប្រទេសជាតិ​កំពុង​វឹកវរ ដោយ​ការ​តវ៉ា ប្រឆាំង ពី​ក្រុម​បាតុករ​អេហ្ស៊ីប។

ផ្សាយពាណិជ្ជកម្ម

លោក Mohamed el Baradei អតីត​ប្រធាន​ទីភ្នាក់ងារ​ថាមពល​បរមាណូអន្តរជាតិ ហៅកាត់ថា AIEA និង​ជា​ជ័យ​លាភី​ពានរង្វាន់​ណូបែល​សន្តិភាព​ទំនង​ជា​គិត​ឃើញថា មាន​តែ​ការ​ដែលលោក​ទៅ​ដឹកនាំ​រដ្ឋាភិបាល​បង្រួបបង្រួម​ជាតិ​ដូចជា​ការ​ដែល​ក្រុម​បាតុករ​ចង់​បាន​ប៉ុណ្ណោះ ទើបអាច​ឈានទៅរក​ដំណោះស្រាយ​ទប់ទល់​ទៅនឹង​ភាពវឹកវរ​នៅក្នុង​ប្រទេស​ខ្លូន​បច្ចុប្បន្ន​បាន។ ប៉ុន្តែ​ការសំរេចចិត្ត​បែបនេះ វាហាក់ដូចជា​ការ​បដិសេធ​ដោយ​ប្រយោល ទៅនឹង​បំណង​របស់​អំណាច​យោធា ដែលចង់​អោយ​លោក​ចូលរួម​ប្រកួត​ប្រជែង​ក្នុងការ​បោះឆ្នោត​ប្រធានាធិបតី​ដែលគ្រោង​នឹងធ្វើ​ឡើង​នៅខែ​មិថុនា​ឆ្នាំ​ក្រោយ​នេះ។

គួរបញ្ជាក់ថា អំណាចយោធា ដែលកំពុង​ដឹកនាំ​ប្រទេស​អេហ្ស៊ីប បានតែងតាំងនាពេល​​ថ្មីៗ​នេះ​ អោយ​លោក Kamal el Ganzouri​ ធ្វើជា​នាយករដ្ឋមន្ត្រី​ដើម្បី​ឈាន​ ទៅ​បង្កើត​រដ្ឋាភិបាល​បង្រួបបង្រួម​ជាតិមួយ ដូច​ដែល​ក្រុមបាតុករ​ចង់បាន។ ប៉ុន្តែ ក្រុមបាតុករ​មិនពេញចិត្ត​ទៅនឹង​ការ​តែងតាំង លោក Kamal el Ganzouri​ នោះទេ ដោយសារ​តែ​លោក​ធ្លាប់​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​នៅ​សម័យ​លោក Moubarak ចន្លោះឆ្នាំ១៩៩៦ និង១៩៩៩ កន្លង​រួច​មក​ហើយ។ ពួកគេ​យល់ឃើញ​ថា ការធ្វើ​បែបនេះ​មិនខុស​ពី​ការ​នាំ​អំណាច​ផ្តាច់ការ​ កាល​ពីមុនមក ត្រលប់​មក​វិញ​នោះទេ។ ជាងនោះ​ទៅទៀត ពួកគេ​ចង់អោយ​អំណាច​យោធា​ផុតរលត់​ ទាំងស្រុង ពីក្នុង​ប្រទេស​របស់ខ្លួន។

សាជាថ្មី​ម្តងទៀត នៅថ្ងៃអាទិត្យនេះ មហាបាតុកម្ម​ដ៏ធំ​មួយ​ដែលមាន មនុស្ស​ចូលរួម​រាប់ម៉ឺន​នាក់ និងបន្ត​ធ្វើ​នៅទី​លានសេរីភាព Tahrir ដើម្បី​ទាមទារ​អោយការ​ផ្ទេរអំណាច​យោធា ទៅ​ជា​អំណាចស៊ីវិល ធ្វើឡើង​អោយបាន​ឆាប់រហ័ស និងអោយ​ការបង្កើត​រដ្ឋាភិបាល​បង្រួបបង្រួម​ជាតិ​ធ្វើឡើងភ្លាមៗ មុននឹងការ​ឈាន​ទៅដល់​ការបោះឆ្នោត​ប្រធានាធិបតី​ខាងមុខ។

ប៉ុន្តែ​ចំណោទសួរ​នៅត្រង់ថា តើ​អំណាច​យោធា នឹង​យល់ព្រម​អោយលោក​ Mohamed el Baradei ដឹកនាំ​រដ្ឋាភិបាល​បង្រួបបង្រួម​ជាតិ ដូចដែល​ក្រុមបាតុករ​ចង់បាន​ដែ​រឬ​ទេ ? កាល​ពីថ្ងៃ​សៅរ៍ម្សិលមិញ ឧត្តមក្រុមប្រឹក្សា​យោធា​បានធ្វើការ​ជួបចរចា​រួចម្តង​ហើយ ជាមួយ​លោក Mohamed el Baradei​ ពី​បញ្ហា​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ