អាហ្រ្វិកខាងត្បូង

ស្ថានភាព​ជំងឺ​របស់​លោក Nelson Mandela បាន​ធូរ​ស្រាល​ជាង​មុន​ហើយ

លោក​ Nelson Mandela នៅទីក្រុង Johannesburg​ កាល​ពីខែ​កញ្ញា ឆ្នាំ២០០៥
លោក​ Nelson Mandela នៅទីក្រុង Johannesburg​ កាល​ពីខែ​កញ្ញា ឆ្នាំ២០០៥ REUTERS/Mike Hutchings

បន្ទាប់​ពី​មាន​ការ​ព្រួយ​បារម្ភ អស់​រយៈពេល​ជាង មួយ​សប្ដាហ៍ កន្លង​មក​នេះ ប្រជាជន អាហ្រ្វិក​ខាងត្បូង និង​ក្រុម​គ្រួសារ លោក Nelson Mandela មាន​សេចក្តី​រីករាយ​យ៉ាង​ខ្លាំង ដោយ​ស្ថានភាព​​ជំងឺ​​រលាគសួត​​របស់​លោក បាន​ធូរស្រាលបន្តិច​ហើយ។ គឺ​បន្ទាប់ ពី​បាន​ទទួល​ការ​ព្យាបាល​​យ៉ាង​​ម៉ត់ចត់។

ផ្សាយពាណិជ្ជកម្ម

ស្ថានភាព​សុខភាព លោក​ Nelson Mandela បាន​ធូរស្រាល​មួយក​ម្រិត​ហើយ បន្ទាប់​ពី​​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​អស់​រយៈពេល​ជិតមួយ​សប្ដាហ៍។ នេះ​បើ​តាម​ការ​ប្រកាស​ កាល ពី​ថ្ងៃ​ពុធ​ម្សិលមិញ របស់​លោក Jacop Zuma ប្រធានាធិបតី​អាហ្រ្វិក​ខាងត្បូង។ លោក បាន​បង្ហាញ ពី​សុទិដ្ឋិនិយម​ថា លោក Mandela នឹង​អាច​នៅ​បន្ត​ជួយ​ស្ថាបនា​ជាតិ​ជា​មួយ​ប្រជាជន​ទាំងអស់​គ្នា​ទៀត​បាន។ ជាង​នេះ​ទៅ​ទៀត​​ ប្រជាជន​ទាំងអស់​បាន​បញ្ជាក់​ថា លោកត្រូវ​តែ​អាច​ប្រារព្ធ​ខួបកំណើត គម្រប់ ៩៥ឆ្នាំ របស់​លោក​ឲ្យ​ទាល់​តែ​បាន គឺនៅ​ថ្ងៃ​ទី១៨ ខែកក្កដា ខាងមុខ​នេះ

 
នៅ​ក្នុង​ខណៈ​នោះ​ដែរ ក្រុម​គ្រួសារ​របស់​លោក បាន​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា ​ចំពោះ​ការ​បន់ស្រន់ នឹង​ការ​ជូនពរ ដល់​លោក Mandela ពី​សំណាក់​ប្រជាជន​ក្នុង​ស្រុក ក៏​ដូច​ជា​នៅ​ក្រៅ​ស្រុក។

គ្រាន់​តែ​មាន​ដំណឹង​ល្អ​អំពី​ស្ថានភាព​ជំងឺ របស់​អតីត​ប្រធានាធិបតី​អាហ្រ្វិក​ខាងត្បូង រូប​នេះ​ភ្លាម ប្រជាជន​នៅ​ទូទាំង​ប្រទេស សំដែង ការ​អបអរ​យ៉ាង​ខ្លាំង។ ជាក់​ស្តែង​គេ​ឃើញ​នៅ​លើ​ទំព័រ​មុខ​ការ​សែត Le Star Jonhannesburg របស់​អាហ្រ្វិក​ខាងត្បូង បាន​សរសេរ​ពាក្យ​ធំៗ នៅលើទំព័រមុខរបស់ខ្លួនថា WE LOVE YOU MANDELA គឺពួក​យើង​ទាំងអស់​គ្នា ស្រលាញ់​លោក អស់ពីបេះដូង Mandela។

តើ​ហេតុ​អ្វី បាន​ជា​ប្រជាជន អាហ្រ្វិក​ខាងត្បូង ចាត់ទុក រូប​លោក ជា​វីរបុរស យ៉ាងនេះ?
ចម្លើយ គឺ នែលសុន ម៉ង់ដេឡា ជា​អតីតប្រធានាធិបតី​ស្បែកខ្មៅ ដំបូង​គេ​បង្អស់​ដែល​បាន​រក​សន្តិភាព​ជូន​ប្រទេស ដោយ​ប្រឆាំង​នឹង​ការ​រើសអើង​ពូជសាសន៍។ បន្ថែម​លើ​នេះ​ដែរ បុរស​ដែល​ល្បីល្បាញ​រូបនេះ​បាន ជាប់​ឃុំ​ស្ទើរ​តែ​ពាក់​កណ្តាល​ជីវិត ដោយ​សារ​តែ​ការ​ទាមទារ​រក​សេរីភាព​ជូន​ប្រជាជន។ ហើយ​រហូត​មក​ដល់​ឆ្នាំ​១៩៩៣ លោក​បាន ទទួល​ពាន់​រង្វាន់ ណូបែល​សន្តិភាព​ពិភពលោក និង​ការ​ស្រលាញ់​ពី​ប្រជាជន​ជា​ការ​តបស្នង។
 

គួរ​រម្លឹក​ផង​ដែរ​ថា ចាប់​តាំង​ពី​ខែធ្នូ ឆ្នាំ២០១២ មក លោក Nelson Mendela បាន គេ​នាំ​ចូល​សង្រ្គោះ​បន្ទាន់ ក្នុងមន្ទីរពេទ្យ ចំនួនបីដង​មក​ហើយ ដោយ​សារ​តែ​ស្ថានភាព ជំងឺ​រលាគសួត របស់​លោក​មាន​សភាព​ធ្ងន់ធ្ងរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI