ទស្សនៈព្រឹត្តិការណ៍ពិភពលោក

រដ្ឋាភិបាល និង​ក្រុម​ឧទ្ទាម​ជួប​ចរចា​គ្នា​ដើម្បី​បញ្ចប់​ជម្លោះ តែ​នៅ​បន្ត​មិន​ទាន់​ទុក​ចិត្ត​គ្នា

ជំនួប​រវាង​តំណាង​រដ្ឋាភិបាល​ម៉ាលី និង​ពួក​ឧទ្ទាម​ touaregs នៅ Ouagadougou ថ្ងៃទី​៨មិថុនា ២០១៣
ជំនួប​រវាង​តំណាង​រដ្ឋាភិបាល​ម៉ាលី និង​ពួក​ឧទ្ទាម​ touaregs នៅ Ouagadougou ថ្ងៃទី​៨មិថុនា ២០១៣ AFP/AHMED OUOBA

នៅ​ក្នុង​ប្រទេស​ម៉ាលី រដ្ឋាភិបាល និង​ក្រុមឧទ្ទាម Touaregs បាន​ជួប​ចរចា​គ្នា​រយៈពេល ៣ថ្ងៃ នៅ​ក្នុង​ទីក្រុង អៅហ្គាឌូហ្គូ ប្រទេស​បួគីណាហ្វាសូ។ លោក​ប្រមុខ​ការទូត​នៃ​ប្រទេស​បួគីណាហ្វាសូ Djibril Bassolé គឺ​ជា​អន្តរការី​នៃ​ជំនួប​នោះ។ បន្ទាប់​ពី​បាន​ជួប​ជជែក​គ្នា​យ៉ាង​តានតឹង​អស់​រយៈពេល ៣ថ្ងៃ​មក ពិធីសារ​កិច្ចព្រមព្រៀង​មួយ​បាន​រក​ឃើញ តែ​នៅ​មាន​ចំណុច​ខ្វែង​គ្នា​មួយ​ដែល​ភាគី​ជម្លោះផ្ទៃក្នុង​ទំាង​ពីរ​នៅ​មិន​ទាន់​បាន​ឯកភាព​ទេ។ ទន្ទឹម​គ្នា​នេះ ការ​មិន​ទុក​ចិត្ត​ក៏​នៅ​បន្ត​មាន​រវាង​ភាគី​ជម្លោះ​ទំាង​ពីរ។

ផ្សាយពាណិជ្ជកម្ម

 

សង្រ្គាមស៊ីវិល​នៅ​ក្នុង​ប្រទេស​ម៉ាលី គឺ​ជា​ជម្លោះប្រដាប់​អាវុធ​យ៉ាង​ហិង្សា​រវាង​កម្លំាង​រដ្ឋាភិបាល និង​ក្រុមឧទ្ទាម Touaregs នៅ​ប៉ែកខាងជើង​ប្រទេស។ ក្រុមឧទ្ទាម Touaregs គឺ​ជា​ក្រុមប្រដាប់អាវុធ​ដែល​កើត​ចេញ​ពី​ចលនាជាតិ​ដើម្បី​រំដោះ​ដែនដី Azawad និង​ឧត្តម​ក្រុម​ប្រឹក្សា​​ដើម្បី​ឯកភាព​ដែនដី Azawad។ ដែនដី Azawad ដែល​ផ្តុំ​ដោយ​តំបន់ ៣ ខុស​គ្នា គឺ​តំបន់ Kidal Tombouctou និង Gao។ គោលដៅ​របស់​ក្រុមឧទ្ទាម Touaregs គឺ​ក្តោបក្តាប់​ដែនដី Azawad ផ្តាច់​ចេញ​ពី​រដ្ឋាភិបាល​ទីក្រុង​បាម៉ាកូ។ បន្ទាប់​ពី​បាន​បើក​ការ​វាយប្រហារ​លើ​បន្ទាយ​ទាហាន​រដ្ឋាភិបាល​ក្នុង​ថ្ងៃទី ១៧ មករា ឆ្នំា ២០១២ មក ក្រុមឧទ្ទាម Touaregs ក៏​បាន​ប្រកាស​បញ្ឈប់​អធិករយោធា​ទល់​នឹង​កម្លំាង​រដ្ឋាភិបាល​ក្នុង​រាត្រី​យប់​ថ្ងៃទី៤ ឆ្លង​ចូល​ថ្ងៃទី៥ មេសា ឆ្នំា ២០១២ និង​មួយ​ថ្ងៃ​ក្រោយ​មក ក៏​បាន​ប្រកាស​ឯករាជ្យភាព​នៅ​ដែនដី Azawad។

ការ​ប្រកាស​ឯករាជ្យភាព​នៅ​ដែនដី Azawad ដោយ​ក្រុមឧទ្ទាម Touaregs កាល​ណោះ ត្រូវ​បាន​ទទួល​ការ​ថ្កោលទោស​យ៉ាង​ខ្លំាងក្លា​ពី​សំណាក់​ក្រុមគណបក្ស​ផ្សេងៗ​ក្នុង​ប្រទេសម៉ាលី ពី​សហភាព​អាហ្វ្រិក និង​ពី​សហគមន៍​អន្តរជាតិ។ ពួក​គេ​ទំាង​អស់​គ្នា​បាន​បញ្ជាក់​ថា បូរណភាព​ទឹកដី​ម៉ាលី​មិន​អាច​ចរចា​បាន ហើយ​ក៏​មិន​អាច​បំបែក​បាន​ដែរ។ ទន្ទឹម​គ្នា​នេះ ពួក​គេ​ក៏​បាន​អំពាវនាវ​ឲ្យ​ក្រុមឧទ្ទាម Touaregs ទម្លាក់​អាវុធ និង​បិទបញ្ចប់​ការ​ទាមទារ​របស់​ខ្លួន។ ក្រោយ​មក ជម្លោះ​ថ្មី​មួយ​ទៀត​ក៏​បាន​ចាប់​ផ្តើម​រវាង​ក្រុមឧទ្ទាម Touaregs និង​ក្រុមអ៊ីស្លាមនិយមជ្រុល MUJAO ដើម្បី​ដណ្តើម​គ្នា​កាន់កាប់​តំបន់ Gao។

បន្តិចម្តងៗ ជម្លោះ​រវាង​ក្រុមឧទ្ទាម​ទំាង​ពីរ​កាន់​តែ​រីកធំ ឆ្លង​ចូល​ទៅ​ក្នុង​តំបន់​ផ្សេងៗ​ទៀត​នៃ​ប្រទេស។ នៅ​ទីបំផុត ក្រុមអ៊ីស្លាមនិយមជ្រុល​បាន​វាយដណ្តើម​កាន់កាប់​តំបន់​សំខាន់ៗ​សឹង​តែ​ទំាង​ស្រុង​នៅ​តំបន់​ប៉ែកខាងជើង​របស់​ពួកឧទ្ទាម Touaregs។ គឺ​ការ​រុល​ទៅ​មុខ​យ៉ាង​លឿន​រហ័ស​របស់​ក្រុម​អ៊ីស្លាមនិយមជ្រុល​នេះ​ហើយ ដែល​បាន​បំផុស​ឲ្យ​មាន​ក្តីបារម្ភ​ពី​រដ្ឋាភិបាល​ម៉ាលីខ្លួនឯង និង​ពី​សហគមន៍​អន្តរជាតិ ពិសេស​ប្រទេស​បារំាង។ បារំាង​ដែល​បាន​ចេញ​មុខ​អន្តរាគន៍​យោធា​បញ្ឈប់​ដំណើរ​របស់​ក្រុម​អ៊ីស្លាមនិយមជ្រុល​កាល​ពី​ដើម​ឆ្នំា ២០១៣ ដោយ​មាន​ការ​យល់ព្រម​ពី​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ។

ងាក​មក​និយាយ​ពី​ក្រុមឧទ្ទាម Touaregs ដែល​កំពុង​កាន់កាប់​តំបន់ Kidal។ នៅ​ទីបំផុត ក្រុម​នេះ និង​រដ្ឋាភិបាល​បាន​យល់ព្រម​អង្គុយ​ចរចា​គ្នា​អស់​រយៈពេល ៣ថ្ងៃ គឺ​ពី​ថ្ងៃសៅរ៍ ទី៩ ដល់​ថ្ងៃ​អង្គារ ទី១១ មិថុនា នៅ​ក្នុង​ទីក្រុង អៅហ្គាឌូហ្គូ ប្រទេស​បួគីណាហ្វាសូ ដោយ​មាន​ប្រមុខការទូត​ប្រទេស​នេះ ធ្វើ​ជា​អន្តរការី។ កម្មវត្ថុ​នៃ​កិច្ចចរចា គឺ​ដើម្បី​ស្វែង​រក​បទ​ឈប់​បាញ់​គ្នា និង​អនុញ្ញាត​ឲ្យ​មាន​ការ​រៀបចំ​បោះឆ្នោត​ប្រធានាធិបតី​ក្នុង​តំបន់ Kidal នៅ​ខែ​កក្កដា​ខាង​មុខ។ ឯកសារ​ការងារ​ដែល​ភាគី​ជម្លោះ​ទំាង​ពីរ​បាន​ទទួល​មាន​ចែង​ចេញ​ជា​៤ចំណុច​សំខាន់ ក្នុង​នោះ មាន​១ចំណុច​ដែល​ចែង​ពី​ការ​ដាក់ពង្រាយកម្លំាង​ការពារ និង​កម្លំាង​សន្តិសុខ​របស់​រដ្ឋាភិបាល​នៅ​ក្នុង​តំបន់ Kidal។ នេះ ជា​សំណុច​រសើប​មួយ​ដែល​ក្រុមឧទ្ទាម​Touaregs ពិបាក​នឹង​ទទួល​យក។

បន្ទាប់​ពី​បាន​អង្គុយ​ចរចា​គ្នា​អស់​រយៈពេល ៣ថ្ងៃ​ក្នុង​ទីក្រុង អៅហ្គាឌូហ្គូ ប្រទេស​បួគីណាហ្វាសូ​មក គណៈប្រតិភូ​នៃ​ភាគី​ទំាង​ពីរ​ក៏​បាន​បែក​ផ្លូវ​គ្នា​ដោយ​នំា​យក​ទៅ​ជាមួយ​នូវ​ពិធីសារ​កិច្ចព្រមព្រៀង​ដែល​អន្តរការី លោក​ប្រមុខ​ការទូត​នៃ​ប្រទេស​បួគីណាហ្វាសូ Djibril Bassolé ប្រគល់​ឲ្យ។ ភាគី​ជម្លោះ​ទំាង​ពីរ​បាន​នំា​យក​ពិធីសារ​កិច្ចព្រមព្រៀង​នោះ​ទៅ​ពិភាក្សា ពិគ្រោះ​យោបល់​ជាមួយ​ថ្នាក់លើ​របស់​ខ្លួន។ ខាង​ក្រុមឧទ្ទាម Touaregs អ្នកតំណាង​របស់​គេ​នឹង​ទៅ​ពិភាក្សា​ជាមួយ​មេក្លោង​របស់​គេ​នៅ​តំបន់ Kidal។ រីឯ​ខាង​រដ្ឋាភិបាល​វិញ ក្រុមអ្នកតំណាង​នឹង​លើក​យក​ពិធីសារ​កិច្ចព្រមព្រៀង​នោះ​ទៅ​ពិភាក្សា​ជាមួយ​លោក​ប្រធានាធិបតី និង​លោក​នាយករដ្ឋមន្រ្តី។

បើ​មាន​ការ​កែប្រែ បន្ថែមបន្ថយ​លើ​ចំណុច​ណា​មួយ​នៅ​ក្នុង​ពិធីសារ​កិច្ចព្រមព្រៀង​នោះ គណៈប្រតិភូ​ទំាង​ពីរ​ភាគី​នឹង​ត្រឡប់​ទៅ​ជួប​គ្នា​ជា​ថ្មី​នៅ​ក្នុង​ទីក្រុង អៅហ្គាឌូហ្គូ ប្រទេស​បួគីណាហ្វាសូ ក្រោម​អន្តរការី លោក Djibril Bassolé។ លោក Bassolé ដែល​នៅ​ថ្ងៃ​ពុធ ទី១២ មិថុនា បាន​ធ្វើ​ដំណើរ​ទៅ​ទីក្រុង Bamako ដើម្បី​ជំនះ​រដ្ឋាភិបាល​ម៉ាលី​ឲ្យ​ចុះ​ហត្ថលេខា​លើ​ពិធីសារ​កិច្ចព្រមព្រៀង​នោះ។ ក៏​ប៉ុន្តែ ការ​ចរចា​រវាង​រូបអន្តរការី និង​ទីក្រុង Bamako ហាក់​ដូច​ជា​មាន​លក្ខណៈ​តានតឹង​បន្តិច។ តានតឹង​ដោយ​រដ្ឋាភិបាល​ម៉ាលី​មាន​អារម្មណ៍​ថា សហគមន៍​អន្តរជាតិ​បាន​ចាប់​ខ្លួន​ឲ្យ​ទទួល​យក​សន្តិភាព​ដោយ​បង្ខំ។ យ៉ាង​ណា​ក៏​ដោយ កិច្ចចរចា​កំពុង​បន្ត​ដោយ​លោក Djibril Bassolé សង្ឃឹម​នឹង​ទទួល​បាន​កិច្ចព្រមព្រៀង​ចុង​ក្រោយ​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ។

សរុប​មក​វិញ នៅ​មាន​ចំណុច​ពីរ​សំខាន់​ដែល​ក្រុមឧទ្ទាម Touaregs និង​រដ្ឋាភិបាល​ទីក្រុង Bamako បន្ត​និយាយ​មិន​ចុះ​​សម្រុង​គ្នា។ ចំណុច​ខ្វែង​គ្នា​ទីមួយ គឺ​ទាក់ទង​នឹង​របៀបវារៈ​នៃ​ការ​បញ្ជូន​កម្លំាង​រដ្ឋាភិបាល​ទៅ​កាន់​តំបន់ Kidal របស់​ក្រុមឧទ្ទាម Touaregs ការ​បញ្ឈប់​ទាមទារ​ផ្តាច់ទឹកដី​របស់​ក្រុមឧទ្ទាម និង​បន្ទាប់​មក ការ​ទម្លាក់​អាវុធ​ចុះ​របស់​ក្រុមឧទ្ទាម។ « មិន​អាច​ធ្វើ​បាន​ទេ » នេះ​ជា​ចម្លើយ​ភ្លាមៗ​របស់​ក្រុមឧទ្ទាម Touaregs។ រីឯ​ចំណុចខ្វែង​គ្នា​ទីពីរ គឺ​ទាក់ទង​នឹង​ការ​លើក​ចេញ​វិញ​នូវ​ការ​ចាប់​បញ្ជូន​ថ្នាក់ដឹកនំា​មួយ​ចំនួន​របស់​ក្រុមឧទ្ទាម​ទៅ​កាន់​តុលាការ។ « វា​ដូច​ជា​រហ័ស​ពេក ដែល​ត្រូវ​លើក​យក​រឿង​នេះ​មក​និយាយ » នេះ​ជា​ចម្លើយ​តប​វិញ​របស់​មន្រ្តី​ម៉ាលី។

ដូច្នេះ​ឃើញ​ថា សំណើទៅ សំណើមក លក្ខខណ្ឌទៅ លក្ខខណ្ឌ​មក ការ​មិន​ទុកចិត្ត​ហាក់​ដូច​ជា​បាន​និង​កំពុង​លេច​ពន្លឺ​បន្តិច​ម្តងៗ​ហើយ រវាង​រដ្ឋាភិបាល និង​ក្រុមឧទ្ទាម Touaregs។ តែ​សម្រាប់​លោក Djibril Bassolé ប្រមុខ​ការទូត​នៃ​ប្រទេស​បួគីណាហ្វាសូ​ដែល​បាន​ធ្វើ​ជា​អន្តរការី​នៃ​ជំនួប​នោះ ក្តីសង្ឃឹម​នៅ​តែ​មាន​ជានិច្ច។

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI