អាហ្រ្វិកចង់ដកខ្លួនចេញពីតុលាការព្រហ្មទណ្ឌអន្តរជាតិ
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ប្រមុខដឹកនាំបណ្តាប្រទេស នៅអាហ្វ្រិកត្រូវជួបប្រជុំគ្នា នៅថ្ងៃសុក្រនេះ នៅក្នុងប្រទេសអេត្យូពី។ ក្នុងជំនួបកំពូលវិសាមញ្ញរយៈពេលពីរថ្ងៃ ប្រទេសសមាជិកសហភាពអាហ្វ្រិកផ្តោតសំខាន់លើលទ្ធភាពដកខ្លួនចេញពីតុលាការព្រហ្មទណ្ឌអន្តរជាតិ ដែលពួកគេចោទថា មានលក្ខណៈរើសអើង ដោយកាត់ទោសតែមេដឹកនាំអាហ្រ្វិក។
មេដឹកនាំអាហ្វ្រិកចោទប្រកាន់មិនខុសទេ ព្រោះតាំងពីតុលាការព្រហ្មទណ្ឌអន្តរជាតិត្រូវបានបង្កើតឡើង នៅឆ្នាំ ២០០២ តុលាការនេះបានចោទប្រកាន់មនុស្សជាង៣០នាក់ ដែលទាំងអស់គ្នាសុទ្ធតែមកពីទ្វីបអាហ្វ្រិក។ មេដឹកនាំអាហ្វ្រិកភាគច្រើនទទួលអារម្មណ៍ថា ទ្វីបអាហ្វ្រិកជាផ្ទាំងស៊ីបរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ (CPI) ហើយពេលខ្លះត្រូវគេប្រើដើម្បីហេតុផលនយោបាយ។ មេដឹកនាំប្រទេសអាហ្វ្រិកមួយចំនួនហ៊ានទាំងចោទប្រកាន់ថា តុលាការ(CPI) ជាឧបករណ៍នយោបាយដែលបម្រើប្រយោជន៍ប្រទេសស្បែកស។
គំនិតអរិភាពរបស់ទ្វីបអាហ្វ្រិកប្រឆាំងនឹងតុលាការព្រហ្មទណ្ឌ ចាប់ដំបូងគេនៅឆ្នាំ ២០០៩ នៅពេលតុលាការបានចេញដីកាតាមចាប់លោកប្រធានាធិបតីស៊ូដង់ Omar el Bachir។ រហូតមកដល់ពេលនេះ ដោយសារ សហភាពអាហ្រ្វិក បដិសេធមិនសហការជាមួយតុលាការអន្តរជាតិ ប្រធានាធិបតីស៊ូដង់ដែលតុលាការចោទប្រកាន់ពីបទឧសក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ នៅតែមានសេរីភាព និងត្រូវចូលរួមប្រជុំនៅក្នុងជំនួបវិសាមញ្ញ នៅថ្ងៃសុក្រនេះ នៅប្រទេសអេត្យួពី។
មួយវិញទៀត គំនិតចង់ដកខ្លួនចេញពីអនុសញ្ញាក្រុងរ៉ូម ដើម្បីកាត់ផ្តាច់ចេញពីតុលាការព្រហ្មទណ្ឌអន្តរជាតិ ត្រូវបានប្រទេសអាហ្វ្រិកមួយចំនួន លើកឡើងម្តងហើយ កាលពីជំនួបកំពូល ខែឧសភាកន្លងទៅ។ នៅក្នុងជំនួបនោះ គេបានលើកឡើងពីករណីរបស់ប្រធានាធិបតីកេនយ៉ាបច្ចុប្បន្ន ដែលទើបតែឈ្នះឆ្នោត ប៉ុន្តែ កំពុងត្រូវតុលាការចោទប្រកាន់ក្នុងបទប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ក្នុងអំឡុងវិបត្តិនយោបាយក្រោយការបោះឆ្នោត ឆ្នាំ ២០០៧។ ក្នុងកិច្ចពិភាក្សាកាលណោះ ប្រធានកិត្តិយសនៃសហភាពអាហ្វ្រិកបានចោទប្រកាន់តុលាការព្រហទណ្ឌអន្តរជាតិថា ជាឧបករណ៍ប្រមាញ់មេដឹកនាំអាហ្វ្រិក។
ភាគីតុលាកាព្រហ្មទណ្ឌអន្តរជាតិបានបដិសេធការចោទប្រកាន់លើរឿងប្រកាន់ពូជសាសន៍។ ម្យ៉ាងទៀត បទស៊ើបអង្កេតភាគច្រើន តាមពិត ធ្វើឡើងទៅតាមការស្នើសុំពីរដ្ឋអាហ្វ្រិកទៅវិញទេ។
នៅក្នុងជំនួបវិសាមញ្ញ គេត្រូវការសំឡេងពីរភាគបីនៃសមាជិករបស់សហភាពអាហ្វ្រិកដើម្បីសម្រេចការដកខ្លួន រួមគ្នារបស់ប្រទេសនៅអាហ្វ្រិក ពីតុលាការព្រហ្មទណ្ឌអន្តរជាតិ។ ការសម្រេចជាឯកច្ឆន្ទនឹងមិនអាចទៅរួច ដោយសារប្រទេសអាហ្រ្វិកមួយចំនួន ដូចជា ម៉ាឡាវី ឬកូឌីវ័រជាដើមគាំទ្រឲ្យមានតុលាការព្រហ្មទណ្ឌអន្តរជាតិ។ ប៉ុន្តែ យ៉ាងណាក៏ដោយ គេរំពឹងថា នឹងមានប្រទេសមួយចំនួន នឹងអាចប្រកាសផ្តាច់ខ្លួន ពីCPI បើទោះបីជាគ្មានការបោះឆ្នោតសម្រេច នៅក្នុងជំនួបវិសាមញ្ញលើកនេះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ