ស្លាប់៥នាក់ក្នុងភេរវកម្មកុំម្មង់ដូកណ្តាលក្រុងបាម៉ាកូប្រទេសម៉ាលី
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
មានស្លាប់យ៉ាងហោចណាស់៥នាក់ បីនាក់ជាអឺរ៉ុប និងពីរនាក់ជាជនជាតិម៉ាលី ព្រមទាំងរបួសជានាក់ នៅក្នុងភេរវកម្មបាញ់ប្រហារក្នុងភោជ្ជនីដ្ឋានមួយ កណ្តាលក្រុងបាម៉ាកូ។ នៅវេលាម៉ោងរំលងអាធ្រាត្រទៅហើយ ជនប្រដាប់អាវុធកុំម្មង់ដូម្នាក់ បានលេញមុខមកបាញ់រះ លើហ្វូងមនុស្ស។ ជនសង្ស័យពីរនាក់ត្រូវចាប់ខ្លួនបាន និងកំពុងសាកសួរចម្លើយ។ប្រធានាធិបតីបារាំង បានថ្កោលទោសភេរវកម្មនេះ និងស្នើចូលជួយដល់រដ្ឋាភិបាលម៉ាលី។
ការវាយប្រហារភេរវកម្ម មានច្រើនដំណាក់។ បន្ទាប់ពីបានគប់គ្រាប់បែក តាមផ្លូវកណ្តាលក្រុងបាម៉ាកូ ខ្លះមិនបានផ្ទុះទេ ជនប្រដាប់អាវុធម្នាក់ក៏បានស្ទុះចូលទៅក្នុងភោជ្ជនីដ្ឋាន La Terrasse រួចឡើងទៅជាន់ទីមួយ លើកកាំភ្លើងស្វ័យប្រវត្តិបាញ់រះ លើហ្វូងមហាជនកំពុងទទួលទាន ហើយក៏រត់គេចខ្លួន ដោយជិះរថយន្តមួយគ្រឿងមានអ្នកបើករង់ចាំជាស្រេច។ ជនទាំងពីរសុទ្ធតែពាក់មុខ ដើម្បីបិទបាំងអត្តសញ្ញាណរបស់ខ្លួន។ ប៉ុន្តែពេលបើករត់គេចផុតកន្លែងកើតហេតុបន្តិច រថយន្តប៉ូលិសក៏មកដល់ ទើបមានការបាញ់តទៅវិញទៅមកមួយប្រាវទៀត។
សាក្សីជាអ្នករស់នៅក្បែរនោះ បានអះអាងការបាញ់តបតគ្នាមានរយៈពេលប្រមាណជា១០នាទី។ មនុស្សនាំគ្នាផ្អើលស្លន់ស្លោ រត់គេចចេញពីកន្លែងកើតហេតុទាំងព្រលឹងចុងសក់។ ជាសរុប បើតាមតុល្យការបណ្តោះអាសន្ន ជនជាតិស្បែកសអឺរ៉ុបបីនាក់ ៖ បារាំងម្នាក់ ប៊ែលហ្សិកម្នាក់ និងម្នាក់ទៀតមិនទាន់ស្គាល់សញ្ជាតិ ព្រមទាំងជនជាតិម៉ាលីពីរនាក់ផ្សេងទៀតបានស្លាប់។ អ្នករបួសមានជាង១០នាក់ ភាគច្រើនជារបួសធ្ងន់។
ជនសង្ស័យពីរនាក់ ត្រូវបានចាប់ខ្លួន។ សង្កាត់កណ្តាលក្រុងបាម៉ាកូដែលមានសកម្មភាពរស់រវើកខ្លាំង មានទេសចរបរទេសចូលចិត្តទៅជួបជុំគ្នានៅពេលរាត្រី ជាពិសេសរាត្រីថ្ងៃសុក្រ ត្រូវបានការពារដោយវិធានាការសន្តិសុខពិសេស។ ប៉ូលិសម៉ាលី កំពុងប្រញឹកខ្លាំង ព្រោះមិនដឹងថាមានគ្រាប់បែកប៉ុន្មានគ្រាប់មិនទាន់ផ្ទុះ និងមិនទាន់រកឃើញ។ ភ្នាក់ងារស៊ើបការណ៍ក៏បានមកដល់កន្លែងកើតហេតុ។ គេមិនដឹងថាតើនរណាជាឃាតករ ជាសកម្មភាពភេរវកម្មឬយ៉ាងណា។
លោកប្រធានាធិបតីបារាំង ហ្វ្រង់ស័រហូឡង់ បានថ្កោលទោសយ៉ាងដាច់អហង្ការអំពើភេរវកម្មដ៏កំសាកស្មោកគ្រោក និងបានប្រកាសផ្តល់ជំនួយបារាំងដល់ប្រធានាធិបតីម៉ាលី។ ស្ថានទូតបារាំងប្រចាំបាម៉ាកូ បានចេញអនុសាសន៍ណែនាំពលរដ្ឋបារាំងឱ្យមានស្មារតីប្រុងប្រយ័ត្ន។
ប៊ែលហ្សិក តាមរយៈរដ្ឋមន្ត្រីបរទេសក៏បានចេញសារថ្កោលទោសអំពើភេរវកម្មនៅបាម៉ាកូនេះ ថាកំសាក ងងឹតងងុល និងបានសម្តែងការសោកស្តាយចំពោះការបាត់បង់ជីវិតជនជាតិប៊ែលហ្សិកម្នាក់។ ជនរងគ្រោះប៊ែលហ្សិកជាបុគ្គលិក សហភាពអឺរ៉ុប បំរើការនៅប្រទេសម៉ាលី៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ