មួកខៀវអង្គការសហប្រជាជាតិរងការវាយប្រហារនៅភាគខាងជើងម៉ាលី
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
មានស្លាប់ស៊ីវិលពីរនាក់ និងទាហានមួកខៀវរបស់អង្គការសហប្រជាជាតិម្នាក់ នៅថ្ងៃអាទិត្យទី ៨ មីនា នេះ ក្នុងការវាយប្រហារដោយរ៉ុកកែត និងគ្រាប់ផ្លោង នៅក្រុងគីដាល់ ភាគខាងជើងប្រទេសម៉ាលី។ ការវាយប្រហារនេះបានកើតឡើងមួយថ្ងៃក្រោយភេរវកម្មមរណៈប្រឆាំងបស្ចឹមប្រទេស នៅទីក្រុងបាម៉ាកូ ដែលជាស្នាដៃរបស់ពួកអ៊ីស្លាមជ្រុលនិយមអាហ្វ្រិក។
ថ្ងៃរះមិនទាន់ស្រួលបួលផង គ្រាប់ផ្លោង គ្រាប់កាំភ្លើងត្បាល់ និងគ្រាប់រ៉ុកកែតជាង៣០គ្រាប់ បានបាញ់រះធ្លាក់ប្រសាចលើមូលដា្ឋនឈរជើងរបស់កងកម្លាំងរក្សាសន្តិសុខមួកខៀវរបស់អង្គការសហប្រជាជាតិនៅម៉ាលី ដែលទីតាំងក្នុងក្រុងគីដាល់។ ស្ងប់បានបន្តិច ការវាយប្រហារបែបនេះបានផ្ទុះឡើងមួយសាទៀត។
នៅពេលរកឃើញទីតាំងរបស់ក្រុមវាយប្រហារហើយ កងទ័ពមួយខៀវ ដែលជាសម្ព័ន្ធមិត្តរបស់ទាហានបារាំង ក្នុងប្រតិបត្តិការជួយម៉ាលីលើសមរភូមិ បានបាញ់តបតវិញ។ ការប្រយុទ្ធគ្នា តទល់ដោយគ្រាប់កាំភ្លើងបានធ្លាក់ដល់តំបន់រស់នៅរបស់ជនស៊ីវិល ដែលស្ថិតនៅចម្ងាយប្រមាណបីគីឡូម៉ែត្រពីមូលដ្ឋានទ័ពអង្គការសហប្រជាជាតិ។ ជាតុល្យការ មានស្លាប់ជនស៊ិវិលពីរនាក់ និងរបួសបួននាក់។ ខាងអ.ស.ប.វិញ មានស្លាប់ទាហានមួកខៀវម្នាក់ និងរបួស៨នាក់។
តើជនស៊ីវិលស្លាប់ព្រោះគ្រាប់កាំភ្លើងទាហានមួកខៀវ ឬព្រោះគ្រាប់កាំភ្លើងពួកអ៊ីស្លាមជ្រុលនិយម ? ជាសំណួរដែលពុំទាន់មានចម្លើយច្បាស់លាស់នៅឡើយ។ តាមប្រភពព័ត៌មានទាហានអង្គការសហប្រជាជាតិ គ្រាប់រ៉ុកកែតខ្លាំងធ្លាក់នៅជំរំប្រជាជនតែម្តង ទើបមានជនស៊ីវិលស្លាប់ដូច្នេះ។
មិនឃើញទាន់មានក្រុមណាចេញមុខទេ ! ខុសពីភេរវកម្មនៅក្រុងបាម៉ាកូម្សិលមិញ ដែលពួកអ៊ីស្លាមជ្រុលនិយម Al-Mourabitoune បានប្រកាសទទួលស្គាល់ស្នាដៃរបស់ខ្លួនភ្លាម។ ប្រឈមមុខនឹងភេរវកម្មមរណៈមិនធ្លាប់មានប្រឆាំងនឹងលោកខាងលិចនៅក្រុងបាម៉ាកូនេះ កងកម្លាំងអង្គការសហប្រជាជាតិដែលមានទាហាននិងប៉ូលិសប្រមាណ១ម៉ឺននាក់ នៅពេញផ្ទៃប្រទេសម៉ាលី បានប្រកាសផ្តល់កម្លាំងតាមតម្រូវការអាជ្ញាធរម៉ាលី ក្នុងការស្រាវជ្រាវស្វែងរកភេរជនបាញ់ប្រហារក្នុងភោជ្ជនីដ្ឋានកាលពីយប់ថ្ងៃសុក្រ។
ភាគខាងជើងម៉ាលី បានធ្លាក់ក្នុងដៃពួកអ៊ីស្លាមជ្រុលនិយមជីហាតស្និទ្ធនឹងអាល់កៃដា នៅឆ្នាំ២០១២ ដែលជំរុញឱ្យបារាំងបើកប្រតិបត្តិការយោធានៅដើមឆ្នាំ២០១៣ រួចទម្លាក់ភារកិច្ចទៅកងកម្លាំងអង្គការសហប្រជាជាតិជាអ្នកទទួលខុសត្រូវបន្តនៅខែសីហា២០១៤។ រដ្ឋាភិបាលម៉ាលី គ្រប់គ្រងតំបន់ភាគខាងជើងមិនជុំ ពួកជីហាតតែងបង្កអសន្តិសុខនិងវាយប្រហារលើកងទ័ពមួកខៀវជាញយៗ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ