អានតួអត្ថបទ

សន្និសីទ​អន្តរជាតិ​ស្តីពី​ស៊ីដា ៖ ត្រូវ​រង់​ចាំ​យូរ​ ហើយ​​​មិន​ប្រាកដ​ថាអាច​​មាន​ថ្នាំ​ព្យាបាល​ជំងឺអេដស៍​

សកម្មជន​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​អេដស៍​ចុះ​ធ្វើ​បាតុកម្ម​ក្នុង​ថ្ងៃ​បើក​សន្និសីទ​អន្តរជាតិ​ស្តីពី​ជំងឺ​អេដស៍​លើក​ទី ២១
សកម្មជន​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​អេដស៍​ចុះ​ធ្វើ​បាតុកម្ម​ក្នុង​ថ្ងៃ​បើក​សន្និសីទ​អន្តរជាតិ​ស្តីពី​ជំងឺ​អេដស៍​លើក​ទី ២១ MATHEW KAY / AFP
ដោយ៖ អៀង សុខម៉ិញ
១៤ នាទី

មាន​អ្នក​ឆ្លង​មេរោគ​អេដស៍ថ្មី ​ប្រមាណ​២លាន​នាក់​កន្លះ​ ជារៀង​រាល់​ឆ្នាំ គិត​ចាប់​តាំង​ពី​ ​១០​ឆ្នាំ​មក។ ការ​ចម្លងថ្មី​​ដ៏​ថេរបែប​នេះ គឺ​ជា​កង្វល់​ដ៏​ចំបង​បំផុត​សម្រាប់​ក្រុម​អ្នក​ស្រាវជ្រាវ​វេជ្ជសាស្ត្រ ដែល​កំពុង​ជួប​ប្រជុំ​គ្នា​នៅ​ក្នុង​អង្គ​សន្និសីទ​អន្តរជាតិ​​ស្តី​អំពី​ជំងឺ​អេដស៍លើក​ទី ២១​នៅ​ទីក្រុង ដៀរបង់ ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​។ ជាង​នេះ​ទៅ​ទៀតសន្និសីទ​បាន​ព្រមាន​ថា​ គេ​ហាក់​ដូច​ជា​គ្មាន​ពន្លឺ​អ្វី​សោះ​ទាក់ទង​ទៅ​នឹង​ការ​​រក​ឃើញ​ថ្នាំ​ព្យាបាល​អេដស៍​។

ផ្សាយពាណិជ្ជកម្ម

ស្វែង​រកថ្នាំ​ព្យាបាល​ជំងឺ​អេដស៍​ជា​កម្មវត្ថុ​ចំបង​របស់​អ្នក​វិទ្យាសាស្ត្រ ប៉ុន្តែ​មិនដឹង​​ថា​តើ​ពេល​ណា​ ហើយ​អាច​រក​ឃើញ​ឬ​អត់​​ ! នេះ​គឺ​ជា​សារព្រមាន​របស់​លោកស្រី ម្ចាស់​ជ័យលាភី​រង្វាន់​ណូបែល​វេជ្ជសាស្ត្រ ដែល​ជា​អ្នក​រក​ឃើញ​វីរ៉ុស​ស៊ីដា​ មុន​នឹង​លើក​ទឹក​ចិត្តអង្គ​មហាសន្និសីទ​​វិញ ថា​ការ​ស្រាវជ្រាវ​ស្ថិត​ក្នុង​ដំណាក់កាល​ចាំផ្តើម​នៅ​ឡើយ​ទេ។

 
អ្នក​វិទ្យាសាស្ត្រ​យល់​កាន់​តែច្បាស់​អំពី​​វីរ៉ុស​ហ៊ីវហើយ ​តែ​​​មិន​អាច​ទប់​ស្កាត់​ការ​រាតត្បាត​ដដែល។ កាលពី​ឆ្នាំ​ទៅ អេដស៍​បាន​សម្លាប់​ជីវិត​មនុស្ស​១លាន​ពីរ​សែន​នាក់ ទល់​នឹង​២​លាន​នាក់​នៅ​ឆ្នាំ​២០០៤ ដោយ​សារ​មាន​ថ្នាំ​ពន្យារ​ជីវិត Antirétroviraux ដែល​ជា​បន្សំ​នៃ​មូលេគុល​បី​យ៉ាង។ ឯ​ការ​​ចម្លង​ថ្មី​ មិន​បាន​ថយ​ចុះ ក្នុង​រយៈ​ពេល​១០​ឆ្នាំ​ចុង​ក្រោយនេះ ពោល​គឺ​ស្ថិត​នៅ​ថេរ​ក្នុង​កំរិត​ប្រមាណ​ជាង​​២,៥លាន​នាក់​ក្នុងមួយៗ​ឆ្នាំ ឬ​​​៧០០០​នាក់ ក្នុង​មួយ​ថ្ងៃ នៅ​លើ​ពិភពលោក។

តួលេខ​នេះ ជា​ប្រភព​នៃ​ក្តី​ព្រួយបារម្ភ​ខ្លាំង​សម្រាប់​អ្នក​វិទ្យាសាស្ត្រ ព្រោះ​មាន​ន័យ​ពិភពលោក​មានភាព​​យឺតយ៉ាវ​ខ្លាំង​ក្នុង​កាត់​បន្ថយ​ការ​ចម្លង​ថ្មី​។ ម្យ៉ាង​វិញ​ទៀត ភាព​យឺតយាវ​កាន់​តែ​ធ្លាក់​ដុនដាប់​ខ្លាំង​ទៀត ទៅ​តាមទំហំ​កញ្ចប់​ហិរញ្ញវត្ថុ​សម្រាប់​ទ្រទ្រង់​កម្មវិធី​​ប្រយុទ្ធ​ប្រឆាំង ​នឹង​ជំងឺ​អេដស៍។ ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​រដ្ឋាភិបាល​ និង​អង្គការ​អន្តរជាតិ​បង្កើន​កិច្ចខិត​ខំប្រឹង​ប្រែង​ ទម្លាយ​កញ្ចប់​ប្រាក់​ឱ្យ​បាន​ដល់​៣៦ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ នោះ​កម្មវត្ថុលុប​បំបាត់​ជំងឺ​ស៊ីដា​នឹង​សម្រេច​បាន​នៅ​ឆ្នាំ​២០៣០។ នេះ​បើ​តាម​របាយការណ៍​របស់​វិទ្យាស្ថានអាមេរិក នា​ឱកាស​សន្និសីទ​អន្តរជាតិ​​ស្តីពី​ជំងឺ​អេដស៍។

បើ​តាម​ការ​សិក្សាដដែល​នេះ មានមនុស្ស​៣៨,៨​លាន​នាក់​​មាន​ផ្ទុក​មេរោគ​អេដស៍ នៅ​ឆ្នាំ​២០១៥ ហើយ​ចំនួន​នេះ​នឹង​កើន​ឡើង​ជា​លំដាប់។ ជា​ជំនួយ​ការ​គិត នៅ​ឆ្នាំ​២០០០​ ពិភពលោក​មាន​អ្នក​ផ្ទុក​មេរោគ​អេដស៍​ប្រមាណ​តែ​២៨​លាន​នាក់​ប៉ុណ្ណោះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ