អានតួអត្ថបទ

បារាំង បញ្ជាក់​ជា​ថ្មី ការ​គាំទ្រ ​​រដ្ឋាភិបាល​រួបរួម​លីប៊ីយ៉ាង​ពេញ​ទំហឹង

នាយក​រដ្ឋមន្ត្រី​រដ្ឋាភិបាល​រួបរួម​លីប៊ី​លោក  Fayez al-Sarraj
នាយក​រដ្ឋមន្ត្រី​រដ្ឋាភិបាល​រួបរួម​លីប៊ី​លោក Fayez al-Sarraj REUTERS/Ismail Zitouny
ដោយ៖ អៀង សុខម៉ិញ
១៣ នាទី

មួយ​សប្តាហ៍​ក្រោយ ការ​ទាមទារ​របស់​លីប៊ី ឱ្យ​បារាំង​បំភ្លឺ​​ជា​ផ្លូវការ​ ថា​ហេតុអ្វី​មាន​ទ័ព​បារាំង​ នៅ​ក្នុង​លីប៊ី ដោយ​គ្មាន​ការ​ព្រមព្រៀង​ពីម្ចាស់​ប្រទេស​មក ​នៅ​ថ្ងៃ​អង្គារ​នេះ រដ្ឋាភិបាល​បាន​អះអាង​បញ្ជាក់​ជា​ថ្មី ទៅ​កាន់​នាយករដ្ឋមន្ត្រី​លីប៊ី លោក ហ្វាយ៉េស អាល់សារ៉ា Fayez Al-Sarraj ថា បារាំង​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ រដ្ឋាភិបាលរួបរួម​លីប៊ី។

ផ្សាយពាណិជ្ជកម្ម

​តាម​រយៈ​កិច្ចសន្ទនា​តាម​ទូរស័ព្ទ​ ​រដ្ឋមន្ត្រីការបរទេស​បារាំង​បាន​ប្រាប់​ទៅសមភាគី​លីប៊ី ថា បារាំង​គាំទ្រ​​យ៉ាងពេញ​ទំហឹង​​សកម្មភាព​របស់​រដ្ឋាភិបាល​រួបរួម​លីប៊ី ក្នុងការ​បង្រួបបង្រួម​ជាតិ និង​ស្តារ​ស្ថាប័ន​ជាតិ​ឡើង​វិញ។ បារាំង​នឹង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់វិស័យ​ជាមួយ​លីប៊ី ដោយ​ចាប់​ផ្តើម​ពី​​វិស័យ​​សន្តិសុខ​និង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ភេរវកម្ម។ មិន​តែ​ប៉ុណ្ណោះ បារាំង​បាន​អបអរ​​សេចក្តី​សម្រេច​ចិត្ត​របស់​អាជ្ញាធរ​លីប៊ី ដែលសុំ​ជំនួយ​​អន្តរជាតិ ពោល​គឺ​ព្រម​​ឱ្យទ័ព​​អាមេរិកដឹកនាំ​​វាយប្រហារ​លើ​ទីតាំង​ពួក​ជីហាត​រដ្ឋអ៊ីស្លាម ចាប់​ពី​ថ្ងៃ​ចន្ទ​នេះ​តទៅ។

បារាំងត្រូវ​បង្ខំ​ចិត្ត​ចេញ​សេចក្តីថ្លែងការណ៍​​ថ្ងៃ​នេះ បញ្ជាក់​អំពី​ជំហរ​របស់​ខ្លួន​ចំពោះ​លីប៊ី ព្រោះ​តែ​កាលពី ​ថ្ងៃ​ទី ២៦​កក្កដា ប្រមុខ​រដ្ឋាភិបាល​រួបរួម​លីប៊ី បានទាមទារ​ឱ្យ​ក្រុង​ប៉ារីស ចេញ​សេចក្តី​ថ្លែងការណ៍​​ជា​ផ្លូវការ  ពន្យល់​អំពី​វត្តមាន​ទាហាន​បារាំងនៅភាគ​ខាង​កើត​​លីប៊ីដែល​គ្រប់​គ្រង​ដោយក្រុម​នយោបាយ​មួយផ្សេង​ តែ​គ្មាន​​អន្តរជាតិណា​​​ទទួលទេ។ ​​​សម្រាប់​រដ្ឋាភិបាល​រួបរួម​លីប៊ី វត្តមាន​ទាហាន​បារាំង​ដោយ​គ្មាន​ការ​ព្រមព្រៀង​ពី​ម្ចាស់​ផ្ទះ គឺ​ជា​ការ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​ដែល​មិន​អាច​ទទួល​យក​បាន​ឡើយ។

 
ប្រមុខការទូត​លីប៊ី ក៏​បានកោះហៅ​ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​ក្រុង​ទ្រីប៉ូលី​ ដើម្បី​សម្តែងការ​ប្រឆាំង។ ប៉ុន្តែ​នៅ​ថ្ងៃ​នេះ ក្រសួងការបរទេស​បារាំង​គូស​បញ្ជាក់​ថា ជំនួ​ប​រវាង​ឯកអគ្គទូត​បារាំង​ជាមួយ​រដ្ឋមន្ត្រីការបរទេស​លីប៊ី​ ​គ្រាន់​តែ​ជា​កិច្ចសន្ទនា​ការងា​​រធម្មតា​ ​ក្រៅ​ក្របខ័ណ្ឌ​ជំនួប​ប្រជុំ​អន្តរជាតិ​នៅ​ម៉ូរីតានី​ប៉ុណ្ណោះ។ ​វត្តមាន​ទ័ព​បារាំង​ នៅ​ភាគ​ខាង​កើត​លីប៊ី នោះ​គឺធ្វើ​ក្នុង​បេសកកម្ម​ប្រឆាំង​នឹង​ភេរវកម្ម​ទេ។ នេះ​បើ​តាម​រដ្ឋមន្ត្រីការពាជាតិ​បារាំង។

សូម​បញ្ជាក់ថា​តាំង​ពី​របប​កាដាហ្វី បាន​រលំ​រលាយ​ទៅនៅ​ឆ្នាំ​២០១១​​ លីប៊ី​ធ្លាក់​ក្នុង​ជម្លោះ​ប្រដាប់​អាវុធ អំពើ​ហិង្សា​និង​ការ​ដណ្តើម​អំណាច​គ្នា​ ពី​សំណាក់​ក្រុម​ប្រដាប់​អាវុធ​ផ្សេងៗ ជា​ការ​សម្រួល​ខ្លាំង​ដល់​ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម។ ​ ក្រោមម្លប់​​របស់​អង្គការ​សហប្រជាជាតិ នៅ​ទីបំផុត លីប៊ី​បាន​រក​ឃើញ​កិច្ចព្រមព្រៀង​នយោបាយ​មួយ​បង្កើត​រដ្ឋាភិបាល​រួបរួម​ជាតិ ទទួល​ស្គាល់​ដោយ​សហគមន៍​អន្តរជាតិ ក្នុង​នោះ​ក៏​មាន​បារាំង​មួយ​ដែរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ