ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

បារំាង និង​ម៉ារ៉ុក​យល់ព្រម​បិទ​ទំព័រចាស់ បើក​ទំព័រថ្មី​ដោយ​ចាប់​ដៃ​ធ្វើ​ការរួមគ្នា​ជា​ថ្មី​ក្នុង​ផ្នែក​តុលាការ និង​សន្តិសុខ

សំឡេង ០៤:៥១
លោក​ប្រធានាធិបតី​បារំាង​ហ្រ្វង់ស័រ ហូឡង់ (រូបឆ្វេង) និង​ស្តេចម៉ារ៉ុក ម៉ូហាម៉េដ ទី៦ ក្នុង​ឱកាស​ទស្សនកិច្ច​របស់​លោក​ហូឡង់​នៅ​ម៉ារ៉ុក ឆ្នំា ២០១៣
លោក​ប្រធានាធិបតី​បារំាង​ហ្រ្វង់ស័រ ហូឡង់ (រូបឆ្វេង) និង​ស្តេចម៉ារ៉ុក ម៉ូហាម៉េដ ទី៦ ក្នុង​ឱកាស​ទស្សនកិច្ច​របស់​លោក​ហូឡង់​នៅ​ម៉ារ៉ុក ឆ្នំា ២០១៣ Photo RFI / Florent Guignard

នៅ​ថ្ងៃ​សៅរិ៍ ទី៣១ មករា​ម្សិលមិញ ប្រទេស​បារំាង និង​ប្រទេស​ម៉ារ៉ុក​បាន​សម្រេច​បិទ​ទំព័រ​ចាស់ បើក​ទំព័រ​ថ្មី​នៅ​ក្នុង​ទំនាក់ទំនង​ការទូត​ដែល​ប្រទេស​ទំាង​ពីរ​បាន​បែរ​ខ្នង​ដាក់​គ្នា​ជិត ១ឆ្នំា​កន្លង​មក។ តែ​នៅ​ក្នុង​ជំហាន​ដំបូង ទីក្រុង​ប៉ារីស និង​ទីក្រុង​រ៉ាបា​បាន​ប្រកាស​ឲ្យ​ដឹង​ពី​ការ​ផ្តើម​កិច្ចសហប្រតិបត្តិការ​រួម​គ្នា​ជា​ថ្មី​នៅ​ក្នុង​វិស័យ​តុលាការ និង​សន្តិសុខ ពិសេស​យុទ្ធនាការ​ប្រយុទ្ធប្រឆំាង​នឹង​ពួក​ជីហាត​នៃ​អង្គការ​រដ្ឋអ៊ីស្លាម។ ការ​ព្យាយាម​កាត់​បន្ថយ​ភាព​តានតឹង​រវាង​បារំាង និង​ម៉ារ៉ុក​អាច​នឹង​សម្តែង​ឡើង​តាម​រយៈ​ជំនួប​សន្ទនា​គ្នា​រវាង​លោក​ប្រធានាធិបតី​បារំាង​ហ្រ្វង់ស័រ ហូឡង់ និង​ស្តេច​ម៉ារ៉ុក​ម៉ូហាម៉េដ ទី៦ ក្នុង​ទីក្រុង​ប៉ារីស​នៅ​ថ្ងៃ​អាទិត្យ​នេះ។

ផ្សាយពាណិជ្ជកម្ម

ដំបូង​គួរ​បញ្ជាក់​ជូន​ថា ម៉ារ៉ុក​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ប្រទេស​ដ៏​កម្រ​មួយ​ដែល​បាន​ស្ថិត​ក្រោម​អាណានិគម​របស់​ប្រទេស​ពីរ គឺ​បារំាង និង​អេស្បាញ។ តែ​ទទួល​បាន​ឯករាជ្យ​ពី​បារំាង និង​អេស្បាញ​ក្នុង​ឆ្នំា​ដូច​គ្នា គឺ​ពី​បារំាង​ក្នុង​ថ្ងៃទី២ មីនា ឆ្នំា ១៩៥៦ និង​ពី​អេស្បាញ​ក្នុង​ថ្ងៃទី៤ មេសា ឆ្នំា ១៩៥៦។ ជិត​មួយ​ឆ្នំា​មក​ហើយ​ដែល​វិបត្តិ​ផ្លូវទូត​រវាង​បារំាង និង​ម៉ារ៉ុក​បាន​ផ្ទុះ​ឡើង ដោយ​រឿងរ៉ាវ​ដំបូង​បាន​កើត​ឡើង​កាល​ពី​ថ្ងៃទី២០ កុម្ភៈ ឆ្នំា ២០១៤។ ក្នុង​ថ្ងៃ​នោះ មាន​ប៉ូលិស​បារំាង​មួយ​ក្រុម​បាន​ចូល​ទៅ​ក្នុង​គេហដ្ឋាន​របស់​ឯកអគ្គរាជទូត​ម៉ារ៉ុក​ប្រចំា​ក្រុង​ប៉ារីស​ដើម្បី​ផ្តល់​ព័ត៌មាន​ពី​ដីកា​កោះហៅ​លោក​ប្រធាន​ការិយាល័យ​ស៊ើបការសម្ងាត់​ម៉ារ៉ុក​អាប់ដែលឡាទី្វ ហាមូឈី (Abdellatif Hammouchi) ពី​តុលាការ​បារំាង។ ការ​កោះហៅ​លោក​ហាមូឈី​ពី​តុលាការ​បារំាង បន្ទាប់​ពី​ក្រុមអ្នកប្រឆំាង​ម៉ារ៉ុក​បាន​ដាក់​ពាក្យ​បណ្តឹង​នៅ​តុលាការ​បារំាង​ប្រឆំាង​នឹង​លោក​ហាមូឈី​ពី​បទ​បាន​ធ្វើ​ទារុណកម្ម និង​បាន​ឃុបឃិត​នៅ​ក្នុង​បទ​ទារុណកម្ម។

ក្រៅ​ពី​សំណុំរឿង​តុលាការ​ទាក់ទង​នឹង​មេ​ស៊ើបការសម្ងាត់​ម៉ារ៉ុក​លោក​អាប់ដែលឡាទី្វ ហាមូឈី ក៏​នៅ​មាន​រឿងរ៉ាវ​ជា​ច្រើន​ទៀត​រាប់​មិន​អស់​ដែល​បាន​ធ្វើ​ឲ្យ​ទីក្រុង​ប៉ារីស និង​រ៉ាបា​បែរ​ខ្នង​ដាក់​គ្នា។ ថ្មីៗ​ចុង​ក្រោយ គឺ​ការ​ចាប់​ឆែកឆេរ​លោក​រដ្ឋមន្រ្តី​ការបរទេស​ម៉ារ៉ុក​សាឡាហ៊ីឌីន មីហ្ស៊ូអារ (Salaheddine Mezouar) ពី​សំណាក់​ប៉ូលីស​ព្រំដែន​បារំាង​នៅ​អាកាសយានដ្ឋាន Roissy Charles de Gaulles កាល​ពី​ខែ​មីនា ឆ្នំា ២០១៤។ គឺ​រឿងរ៉ាវ​ទំាង​ពីរ​ក្នុង​ឆ្នំា ២០១៤ តែ​មួយ​នេះ​ហើយ​ដែល​បាន​ធ្វើ​ឲ្យ​បារំាង និង​ម៉ារ៉ុក​ព្យួរចោល​នូវ​រាល់​កិច្ចសហប្រតិបត្តិ​ទំាង​អស់​រវាង​គ្នា។

តុលាការ និង​សន្តិសុខ​ជា​រឿងបន្ទាន់​ដែល​បារំាង និង​ម៉ារ៉ុក​ត្រូវ​ផ្តើម​សហការណ៍​មុន​គេ

នៅ​ថ្ងៃ​សៅរិ៍ ទី៣១ មករា បារំាង និង​ម៉ារ៉ុក​បាន​ប្រកាស​ឲ្យ​ដឹង​ពី​ការ​ផ្តើម​កិច្ចសហប្រតិបត្តិការ​ជា​ថ្មី​ឡើង​វិញ​ក្នុង​ផ្នែក​តុលាការ និង​សន្តិសុខ។ គឺ​ជា​លទ្ធផល​បាន​មក​ពី​ជំនួប​រយៈពេល ២ថ្ងៃ​ចុង​ក្រោយ​នេះ​ក្នុង​ទីក្រុង​​ប៉ារីស​រវាង​លោកស្រី​ក្រសួង​យុត្តិធម៌​បារំាង គ្រីស្យាន តូប៊ីរ៉ា និង​សមភាគី​ម៉ារ៉ុក​លោក​មុយស្តាហ្វា រ៉ាមីដ។ ទីក្រុង​ប៉ារីស និង​រ៉ាបា​បាន​យល់​ដូច​គ្នា​ថា ការ​ព្យួរចោល​កិច្ចសហប្រតិបត្តិការ​ផ្នែក​តុលាការ​ជិត ១ឆ្នំា​កន្លង​ទៅ​បាន​ផ្តល់​ផលវិបាក​ជា​ច្រើន​ដល់​ភាគី​ទំាង​ពីរ ទំាង​ក្នុង​ច្បាប់​ព្រហ្មទ័ណ្ឌ ក៏​ដូច​ជា​ច្បាប់​គ្រួសារ។ ចូរ​កុំ​ភ្លេច​ថា មាន​ពលរដ្ឋ​បារំាង​ប្រមាណ​ពី ៦០ ០០០ ទៅ ៨០ ០០០នាក់​កំពុង​រស់នៅ​ក្នុង​ប្រទេស​ម៉ារ៉ុក និង​មាន​ប្រជាជន​ម៉ារ៉ុក​ជាង ១លាន ៣សែន​នាក់​កំពុង​រស់នៅ​ក្នុង​ប្រទេស​បារំាង។ មួយ​វិញ​ទៀត មាន​អនុសញ្ញា​ជា​ច្រើន​ដែល​ប៉ារីស និង​រ៉ាបា​បាន​ចុះ​ហត្ថលេខា​រួម​គ្នា។

ទាក់ទង​នឹង​រឿង​ព្រហ្មទ័ណ្ឌ ជិត​មួយ​ឆ្នំា​ទៅ​ហើយ​ដែល​ការ​ធ្វើ​បត្យាប័ន​ដើម្បី​បញ្ជូន​អ្នកទោស​ជនជាតិ​បារំាង​ក្នុង​ប្រទេស​ម៉ារ៉ុក​ទៅ​កាន់​ប្រទេស​បារំាង​ត្រូវ​បាន​ព្យួរចោល។ ផលវិបាល​នា​ពេល​ថ្មីៗ​នេះ មាន​អ្នកទោស​ជនជាតិ​បារំាង​នៅ​ម៉ារ៉ុក​ប្រមាណ​ជា ១០នាក់​បាន​នំា​គ្នា​ធ្វើ​កូដកម្ម​អត់​អាហារ​ដើម្បី​ទាមទារ​ឲ្យ​រដ្ឋអំណាច​ម៉ារ៉ុក​បញ្ជូន​ពួក​គេ​ទៅ​ស្រុក​បារំាង​វិញ។ និយាយ​ពី​ច្បាប់​គ្រួសារ ជិត ១ឆ្នំា​ទៅ​ហើយ​ដែល​តុលាការ​ម៉ារ៉ុក​បាន​ព្យួរ​ការ​អនុវត្តន៍​សលាក្រម​ដែល​បាន​សម្រេច​ក្នុង​ប្រទេស​បារំាង ដោយ​ទាក់ទង​ជា​ពិសេស​លើ​សាលក្រម​ស្តីពី​ការ​លែងលះ និង​សាលក្រម​ស្តីពី​អាហារកិច្ច។ ទន្ទឹម​គ្នា​នេះ ការ​អនុវត្តន៍​ដីការ​ចាប់​ខ្លួន​អន្តរជាតិ​ក៏​ត្រូវ​បាន​ប្រទេស​ទំាង​ពីរ​ព្យួរ​ចោល​ដែរ។

បារំាង និង​ម៉ារ៉ុក​សន្យា​សហការណ៍​គ្នា​ប្រយុទ្ធប្រឆំាង​នឹង​ភេរវនិយម

និយាយ​ពី​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធប្រឆំាង​នឹង​ភេរវនិយម​វិញ បារំាង និង​ម៉ារ៉ុក​ធ្លាប់​បាន​សន្យា​រួម​គ្នា​ប្រឈម​ទប់​នឹង​ការ​វិលត្រឡប់​របស់​ពួក​ជីហាត​ជា​ជនជាតិ​ម៉ារ៉ុក ឬ​បារំាង​ពី​ប្រទេស​ស៊ីរី និង​អ៊ីរ៉ាក់ ក៏​ដូច​ជា​ការ​ផ្តោះប្តូរ​ព័ត៌មាន​ឲ្យ​គ្នា​ទៅ​វិញ ទៅ​មក​នៅ​ក្នុង​បញ្ហា​នេះ។ ថ្មីៗ​នេះ ពោល​នៅ​ក្រោយ​អំពើភេរវកម្ម​ប្រឆំាង​ទស្សនវដ្តី Charlie Hebdo និង​នៅ​ហាង​លក់ទំនិញ Hyper Cacher ក្នុង​ទីក្រុង​ប៉ារីស​មក ម៉ារ៉ុក​បាន​ប្រាប់​ឲ្យ​ដឹង​ថា ខ្លួន​មាន​ព័ត៌មាន​សំខាន់​សម្រាប់​បារំាង​ទាក់ទង​នឹង​ជន Amédy Coulibaly ដែល​បាន​ចាប់ និង​បាញ់​សម្លាប់​ចំណាប់​ថ្នូរ​នៅ​ក្នុង​ហាង​ទំនិញ Hyper Cacher ព្រោះ Coulibaly ធ្លាប់​បាន​ស្នាក់នៅ​ច្រើន​ដង​ក្នុង​ប្រទេស​ម៉ារ៉ុក។

ដូច្នេះ​វា​ជា​រឿង​មួយ​បន្ទាន់​បំផុត​ដែល​ប្រទេស​ទំាង​ពីរ​ផ្តើម​កិច្ចសហប្រតិបត្តិការ​ផ្នែក​តុលាការ និង​សន្តិសុខ​មុន​គេ។ ជំហាន​បន្ទាប់ គឺ​ផ្តើម​ទំនាក់ទំនង​ផ្លូវ​ទូត​ឡើង​វិញ​ដែល​បារំាង និង​ម៉ារ៉ុក​បាន​យល់​ដូច​គ្នា​ថា ត្រូវ​តែ​ចាប់​ផ្តើម​ពី​មូលដ្ឋាន​នៃ​ការ​យោគយល់ និង​ការ​ទុក​ចិត្ត​គ្នា​ទៅ​វិញ ទៅ​មក។ គឺ​នៅ​ថ្ងៃ​នេះ​ឯង​ដែល​លោក​ប្រធានាធិបតី​បារំាង​ហ្រ្វង់ស័រ ហូឡង់ និង​ស្តេច​ម៉ារ៉ុក​ម៉ូហាម៉េដ ទី៦ អាច​នឹង​ជួប​សន្ទនា​គ្នា​ក្នុង​ទីក្រុង​ប៉ារីស។ គឺ​ជា​ឱកាស​តែ​មួយ​គត់​ដែល​ឥស្សរជន​ទំាង​ពីរ​ត្រូវ​បញ្ជាក់​ពី​ជំហរ​នៃ​ការ​​រួម​សហការណ៍​គ្នា​ជា​ថ្មី​ឡើង​វិញ ព្រោះ​ចូរ​កុំ​ភ្លេច​ថា បារំាង ជា​ដៃគូ​សេដ្ឋកិច្ច​ទី១ របស់​ម៉ារ៉ុក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI