ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ប្រជាជន​អាហ្វ្រិក​មាន​អារម្មណ៍​ថា ពួក​គេ​មិន​បាន​ទទួល​ផ្លែផ្កា​ពី​កំណើន​សេដ្ឋកិច្ច

សំឡេង ០៣:៥១
ប្រជាជន​អាហ្វ្រិក​មាន​អារម្មណ៍​ថា ពួក​គេ​មិន​បាន​ទទួល​ផ្លែផ្កា​ពី​កំណើន​សេដ្ឋកិច្ច
ប្រជាជន​អាហ្វ្រិក​មាន​អារម្មណ៍​ថា ពួក​គេ​មិន​បាន​ទទួល​ផ្លែផ្កា​ពី​កំណើន​សេដ្ឋកិច្ច REUTERS/Noor Khamis

ចម្លោះ​ឆ្នំា ២០០២ និង ២០១១ ទ្វីប​អាហ្រ្វិក​បាន​ទទួល​កំណើន​សេដ្ឋកិច្ច​ជា​មធ្យម​ប្រមាណ​ជា ៤,៨%។ ក៏​ប៉ុន្តែ មាន​ប្រទេស​អាហ្រ្វិក​ខ្លះ​នៅ​តែ​ក្រ និង​ប្រជាជន​អាហ្រ្វិក​ភាគច្រើន​មាន​អារម្មណ៍​ថា ពួក​គេ​ហាក់​ដូច​មិន​បាន​ទទួល​ផ្លែផ្កា​ពី​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​ខ្លួន​សោះ នេះ​ជា​ខ្លឹមសារ​នៅ​ក្នុង​របាយការណ៍​ឆ្នំា ២០១២ របស់ Afrobaromètre ចេញ​ផ្សាយ​ការ​ពី​ថ្ងៃ​អង្គារ ទី១ តុលា​ក្នុង​ទីក្រុង Johannesburg ប្រទេស​អាហ្រ្វិកខាងត្បូង។

ផ្សាយពាណិជ្ជកម្ម

Afrobaromètre គឺ​ជា​អង្គការ​មួយ​ដែល​ប្រមូល​ផ្តុំ​ដោយ​បណ្តា​វិទ្យាស្ថាន​ស្រាវជ្រាវ​ផ្នែក​វិទ្យាសាស្រ្ត​សង្គម និង​សេដ្ឋកិច្ច​នៅ​ក្នុង​ទ្វីប​អាហ្រិ្វក។ ក៏​ដូច​ជា​រៀងរាល់​ឆ្នំា Afrobaromètre តែង​តែ​បាន​ចេញ​ផ្សាយ​របាយការណ៍​របស់​ខ្លួន​ស្តីពី​ស្ថានភាព​សេដ្ឋកិច្ច និង​សង្គម​សម្រាប់​ទ្វីប​អាហ្រ្វិក​ទូទៅ និយាយ​ជា​រួម និង​សម្រាប់​ប្រទេស​អាហ្រ្វិក​នីមួយៗ និយាយ​ដោយ​ឡែក។ ជា​ទូទៅ ការងារ​របស់ Afrobaromètre ត្រូវ​បាន​ធ្វើ​ឡើង​តាម​រយៈ​យុទ្ធនាការ​ចុះ​សួរ​មតិ​របស់​ប្រជាជន​ពាក់ព័ន្ធ​នឹង​ជីវភាព​រស់នៅ​ប្រចំា​ថ្ងៃ​របស់​ពួក​គេ។

នៅ​ក្នុង​របាយការណ៍​ប្រចំា​ឆ្នំា ២០១២ ចេញ​ផ្សាយ​កាល​ពី​ថ្ងៃអង្គារ ទី១ តុលា​ក្នុង​ទីក្រុង Johannesburg ប្រទេស​អាហ្រ្វិកខាងត្បូង Afrobaromètre បាន​កត់សម្គាល់​ឃើញ​ជា​រួម​ថា ក្នុង​ចន្លោះ​ឆ្នំា ២០០២ និង​២០១១ កំណើន​សេដ្ឋកិច្ច​ជា​មធ្យម​នៅ​ក្នុង​ទ្វីបអាហ្រ្វិក​មាន​ប្រមាណ​ជា ៤,៨% តែ​បញ្ហា​នៅ​ត្រង់​ថា មាន​ប្រទេស​អាហ្វ្រិក​ខ្លះ​នៅ​តែ​ក្រ និង​មាន​ប្រជាជន​អាហ្រ្វិក​ភាគច្រើន​ហាក់​ដូច​ជា​មិន​បាន​ទទួល​ផ្លែផ្កា​ពី​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​ខ្លួន​ទេ។

នេះ​ជា​លទ្ធផល​នៃ​ការ​ស្ទង់មតិ​ដែល​ Afrobaromètre បាន​ធ្វើ​ការ​ស៊ើបសួរ​លើ​ប្រជាជន​ចំនួន​ជាង ៥០ ០០០នាក់​ក្នុង​ចន្លោះ​ពី​ឆ្នំា ២០១០ ដល់​ឆ្នំា ២០១២។ នៅ​ក្នុង​ចំណោម​មនុស្ស​ទំាង​ជាង ៥០ ០០០នាក់​ដែល​បាន​សាកសួរ ម្នាក់ៗ​សុទ្ធ​តែ​បាន​លើក​ឡើង​អំពី​លក្ខខណ្ឌ​ជីវិត​រស់នៅ​ដ៏​លំបាក​វេទនា​របស់​ពួក​គេ។ កង្វះ​ទឹកស្អាត​ប្រើប្រាស់ កង្វះ​ភ្លើងអគ្គិសនី គ្មាន​លុយចាយ និង​កង្វះ​អាហារ​បរិភោគ​ប្រចំា​ថ្ងៃ។ អាហ្រ្វិក​បាន​ស្គាល់​កំណើន​សេដ្ឋកិច្ច តែ​មាន ៥៣%​ក្នុង​ចំណោម​មនុស្ស​ជាង ៥០ ០០០នាក់​ដែល​បាន​សាកសួរ​បាន​បញ្ជាក់​យ៉ាង​ច្បាស់ៗ​ថា ពួក​គេ​មិន​បាន​ទទួល​ផល​ពី​កំណើន​សេដ្ឋកិច្ច​នោះ​ទេ។

អ៊ីចឹង​សួរ​ថា តើ​លទ្ធផល​ដែល​បាន​មក​ពី​កំណើន​សេដ្ឋកិច្ច​នោះ​បាត់​ទៅ​ណា​អស់​ហើយ និង​ថា តើ​កំណើន​សេដ្ឋកិច្ច​ដែល​ប្រទេស​មួយ​ទទួល​បាន មិនមែន​ជា​សញ្ញា​ល្អ​មួយ​សម្រាប់​កាត់បន្ថយ​ភាពក្រីក្រ​នៅ​ក្នុង​ប្រទេស​នោះ​ទេ ឬ​យ៉ាង​ណា។

ជាមួយ​នឹង​កំណើន​សេដ្ឋកិច្ច​ដែល​ទទួល​បាន រដ្ឋ​មាន​លទ្ធភាព​ក្នុង​ការ​ជួយ​ទំនុកបម្រុង​ប្រជាជន​ខ្លួន​ដែល​ជួប​ការ​លំបាក។ តែ​បែរ​ជា​ប្រជាជន​ភាគច្រើន​បាន​រអ៊ូរទំា​ពី​កង្វះ​ធនធាន និង​អវត្តមាន​សេវា​សាធារណៈ​ជា​មូលដ្ឋាន​នៅ​ក្នុង​ប្រទេស​ខ្លួន​ទៅ​វិញ។ តើ​អ្វី​ទៅ ជា​ដើមចម​នៃ​បញ្ហា​នេះ ?

បើ​យោង​តាម​ក្រុម​អ្នកវិភាគ បញ្ហា​មិន​មែន​ត្រង់​ថា រដ្ឋ​គ្មាន​លទ្ធភាព និង​សមត្ថភាព​នោះ​ទេ តែ​មក​ពី​នយោបាយ​គ្រប់គ្រង​ចែកចាយ​ផលចំណេញ​មិន​បាន​ល្អ និង​កង្វះ​ឆន្ទៈ​ពិតប្រាកដ ឬមួយ​ក៏​ថា មាន​ហើយ​ឆន្ទៈ តែ​វា​នៅ​មិន​ទាន់​គ្រប់គ្រាន់​នៅ​ឡើយ​ទេ។

ពិត​ណាស់​ថា អត្រាកំណើន​សេដ្ឋកិច្ច​ដែល​ទ្វីបអាហ្រ្វិក​ទទួល​បាន​ប្រមាណ​ជា ៥% គឺ​ជា​អត្រា​មួយ​យ៉ាង​សំខាន់ ប្រៀប​នឹង​ទ្វីប​ដទៃ​ផ្សេង​ទៀត​នៅ​ក្នុង​លោក។ តែ​គេ​ក៏​មិន​ត្រូវ​ភ្លេច​ទេ​ថា សក្តានុពល​សេដ្ឋកិច្ច​តែ​មួយ​គត់ គឺ​វា​មិន​គ្រប់គ្រាន់​ទាល់​តែ​សោះ​ក្នុង​ការ​កាត់បន្ថយ​ភាព​ក្រីក្រ។ ជា​ឧទាហរណ៍​ជាក់ស្តែង​ដែល​មិន​អាច​ប្រកែក​បាន​កន្លង​មក​បាន​បង្ហាញ​ថា មាន​ប្រទេស​អាហ្រ្វិក​ខ្លះ​ដែល​ទទួល​បាន​កំណើន​សេដ្ឋកិច្ច​ខ្ពស់ ដូច​យ៉ាង​ប្រទេស​បុតស្វាណា តង់ហ្សានី ឬ​មួយ​ក៏​អាហ្រ្វិក​ខាងត្បូង​នោះ តែ​បែរ​ជា​មាន​អត្រា​នៃ​ភាពក្រីក្រ​កើន​ខ្ពស់​ទៅ​វិញ។ ចំណែក​ប្រទេស​ខ្លះ​ទៀត​ដែល​មាន​កំណើន​សេដ្ឋកិច្ច​មិន​សូវ​ខ្ពស់ តែ​បែរ​ជា​មាន​អត្រា​នៃ​ភាពក្រីក្រ​ថយ​ចុះ​ទៅ​វិញ។

តាម​រយៈ​សក្ខីកម្ម​ខាង​លើ ស បញ្ជាក់​ឲ្យ​ឃើញ​ថា ក្រៅ​ពី​តម្រូវការ​ស្វែង​រក​កំណើន​សេដ្ឋកិច្ច​ឲ្យ​ប្រទេស រដ្ឋាភិបាល​ក៏​ត្រូវ​ការ​នយោបាយ​ប្រយុទ្ធប្រឆំាង​នឹង​ភាពក្រីក្រ​ប្រកប​ដោយ​ប្រសិទ្ធិភាព​ដែរ។ តែ​យ៉ាង​ណា​ក៏​ដោយ និង​អ្វី​ដែល​គ្រប់​គ្នា​បាន​ទទួល​ស្គាល់​នោះ​គឺ​ថា អាហ្រ្វិក​នៅ​តែ​ជា​ទ្វីប​មួយ​ដែល​អត្រា​នៃ​ភាពក្រីក្រ​មាន​កម្រិត​ខ្ពស់​ខ្លំាង​នា​ពេល​បច្ចុប្បន្ន។

ប្រជាជន​នៅ​ទ្វីបអាហ្រ្វិក​ក្រ​មែន តែ​នៅ​ក្រោម​ដី​ទ្វីបអាហ្រ្វិក​មិន​ក្រ​ទេ ១២% នៃ​ប្រេងឆៅ​ក្នុង​លោក​ស្ថិត​ក្រោម​ដី​អាហ្រ្វិក ៤២% នៃ​រ៉ែមាស​ក្នុង​លោក​ស្ថិត​ក្រោម​ដី​អាហ្រ្វិក ៨០% នៃ​រ៉ែ​ផ្លាទីន​ក្នុង​លោក​ស្ថិត​ក្រោម​ដី​អាហ្រ្វិក ចំណែក ៦០% នៃ​ផលិតផល​ឈើ​ក្នុង​លោក​ក៏​ស្ថិត​ក្នុង​ទ្វីប​អាហ្រ្វិក​ដែរ។ តែ​គួរ​ឲ្យ​ស្តាយ និង​អាច​ថា ជា​ជោគវាសនា​របស់​ប្រជាជន​អាហ្រ្វិក​ក៏​ថា​បាន ព្រោះ​ថា មាន​ប្រជាជន​អាហ្រ្វិក​ជិត​ពាក់​កណ្តាល​កំពុង​រស់នៅ​ក្រោម​ខ្សែបន្ទាត់​ក្រីក្រ នេះ​បើ​យោង​តាម​តួលេខ​របស់​ធនាគារពិភពលោក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI