ទស្សនកិច្ចប្រមុខរដ្ឋ​បារាំងនៅអាហ្វ្រិក៖ការប្រយុទ្ធប្រឆាំងនឹងភេរវកម្ម គឺជាសំណុំរឿងសំខាន់

សំឡេង ០៧:៤៧
លោកម៉ាក្រុង និងលោក Issoufou គោរពវិញ្ញាណក្ខន្ធ​នៃទ័ព​នីហ្សេ​ដែល​ស្លាប់​ដោយ​ដៃ​ពួក​ជីហាត​។​
លោកម៉ាក្រុង និងលោក Issoufou គោរពវិញ្ញាណក្ខន្ធ​នៃទ័ព​នីហ្សេ​ដែល​ស្លាប់​ដោយ​ដៃ​ពួក​ជីហាត​។​ Ludovic MARIN / POOL / AFP

ប្រធានាធិបតី​បារាំង លោកអេម៉ាណុយអែល ម៉ាក្រុងបាន​បិទ​បញ្ចប់​ទស្សនកិច្ច​ចំនួន​៣ថ្ងៃ  ទៅកាន់តំបន់អាហ្វ្រិក។ ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅ​អាហ្វ្រិកលើក​នេះ គឺ​គេ​សង្កេត​ឃើញថា ការប្រយុទ្ធប្រឆាំងនឹងភេរវកម្ម គឺជាសំណុំរឿងសំខាន់ជាង​។ ក៏ប៉ុន្តែ ទាហាន​បារាំង មួយ​ចំនួន​ ដែល​ឈរ​ជើង​នៅ​តំបន់​សាហែល (Sahel)ត្រូវ​រង​ការ​ប្រឈម​នឹង​ការ​ស្អប់​ខ្ពើម​ប្រឆាំង​បារាំង ដែល​ធ្លាប់​តែ​ជា​ម្ចាស់​អាណានិគម ទៅ​​លើប្រទេស​ជាច្រើន​នៅ​អាហ្វ្រិក។ ការវាយ​ប្រយុទ្ធ​ជាមួយ​ក្រុម​ភេរវនិយម​ គឺជារឿង​លំបាក​ខ្លាំងមួយ​ទៅហើយ តែ​អារម្មណ៍​ត្រូវ​គេ​រើសអើង​ក្នុង​ទឹក​ដី​សមរភូមិ​ដូច្នេះទៀត គឺជារឿង​​រឹងរឹតតែ​លំបាក​ខ្លាំង​បន្ថែមទៀត​ចំពោះ​ស្មារតី​ទាហាន​បារាំង។ ចំពោះ​បញ្ហា​នេះ ប្រធានាធិបតី​បារាំងអេម៉ាណុយអែល ម៉ាក្រុង បានសម្រេច​​កោះ​អញ្ជើញ​ប្រមុខរដ្ឋ​និង​ប្រមុខ​រដ្ឋាភិបាល​អាហ្វ្រិក​ទាំង​៥ មក​ប្រទេស​បារាំង នៅ​ខែ​មករា​ខាងមុខ​នេះ ដើម្បី​ចាត់​វិធានា​ថ្មី​។

ផ្សាយពាណិជ្ជកម្ម

ដំណើរ​ទស្សនកិច្ច​បីថ្ងៃ​នៅ​អាហ្វ្រិករបស់​ប្រមុខ​រដ្ឋ​បារាំង គឺ តើបាន​លទ្ធផល​អ្វីខ្លះ គួរឱ្យ​កត់​សម្គាល់​​?

លោក អេម៉ាណុយអែល ម៉ាក្រុង ទៅអាហ្វ្រិក​លើកនេះ គឺ​បាន​ផ្តល់​ជំនួយ​ដល់​ប្រទេស​ កូឌីវ័រ សម្រាប់​សាង​សង​មធ្យោបាយ​ធ្វើ​ដំណើរ​សាធារណៈ គឺ រថភ្លើង​ក្រោម​ដី​។

លោក​ ម៉ាក្រុង ក៏​បាន​ប្រកាស​លុប​ចោល​រូបិយបណ្ណ France CFA ដោយ​ដាក់​ជំនួស​មកវិញ រូបិយបណ្ណ លុយ​ ECO សម្រាប់​ប្រើប្រាស់​ក្នុង​តំបន់​នេះវិញ ដោយ​ត្រូវ​គ្របគ្រង​ដោយ​ សហភាព​សេដ្ឋកិច្ច​និង​រូបិយវត្ថុតំបន់​អាហ្វ្រិក។ ការ​ប្រកាស​របស់​លោកប្រធានាធិបតីបារាំង​នេះ គឺត្រូវ​បាន​ទទួល​ការ​សារទពី​អង្គការ​រូបិយវត្ថុ​អន្តរជាតិ FMI និង​​ពីអ្នក​ជំនាញ​សេច្ឋកិច្ច​។ ពួក​គេ​យល់ថា​ថា ​ការ​លុប​ចោល​France CFA នេះគឺ​នឹង​ធ្វើ​ឱ្យ​ប្រទេស​ក្នុង​តំបន់​កាន់តែ​មាន​ជំហរ​រឹង​មាំនិងឯករាជ្យភាព​ចំពោះ​សេដ្ឋកិច្ច​របស់ខ្លួន។ ពោលគឺវានឹងធ្វើឲ្យប្រទេសទាំងនោះមានជំនឿចិត្តលើខ្លួនឯង ហើយអាចផ្តល់សន្ទុះដល់ការវិនិយោគ និងកំណើនសេដ្ឋកិច្ច ថែមទៀត​ផង​។

មួយ​វិញទៀត ដោយសារតែ​ជិត​ដល់​រដូវ​បុណ្យ​ណូអែល​ និង​បុណ្យ​ឆ្លង​ឆ្នាំ​សកលផង លោក​ម៉ាក្រុង​ ក៏​បាន​ធ្វើ​ពិធី​ជួប​ជុំ​ទាហាន​បារាំង ដែល​បំពេញ​ទស្សនិច្ចកិច​នៅអាហ្វ្រិក។ ប្រមុខរដ្ឋ​វ័យ​ក្មេង បាន​ធ្វើ​ពិធី​ខួប​កំណើរ​៤២ឆ្នាំរបស់ខ្លួន​ជាមួយ​ទាហាន​បារាំង​នៅក្នុង​ជំរំយោធា​ ដោយ​ធ្វើ​ចូលរួម​ម្ហូប​និង​ដួល​ចំណី​ម្ហូប​អាហារ​ជូន​ទាហាន​បារាំង​ដោយ​ផ្ទាល់​ដៃ​ទៀត​ផង​។​ កាយវិការ​នេះ​ជាការ​ផ្តល់​កម្លាំង​ចិត្ត និង​បង្ហាញ​ស្មារតី​រួប​រួម​ជាមួយ​កម្លាំង​កងទ័ព ខណៈ​ដែល​ពួក​គេ​ធ្វើ​បេសកម្ម​ឆ្ងាយ​ស្រុក ឆ្ងាយ​គ្រួសារ​។ ព្រោះថា ក្នុង​ឱកាស​បុណ្យ​ទាន​សំខាន់ៗ​ដូច្នេះ ពួក​គេ​គួរ​ណាស់តែ​បាន​ត្រូវនៅ​ជួបជុំ​គ្រួសារ​ដ៏​កក់ក្តៅ​។​

ចំពោះ​រឿងទាហាន​នេះដែរ តែ​ទាហាន​ដែល​បាន​បាត់​បង់​ជីវិតទៅ ប្រមុខរដ្ឋ​បារាំង បាន​ចូលរួម​ពិធី​ឧទ្ទិស​និង​គោរព​វិញ្ញាណក្ខន្ធ​ដល់​កងទ័ព​បារាំង១៣​​ដែល​ស្លាប់​កាលពី​ពេល​ថ្មីៗនេះ ដោយគ្រោះថ្នាក់​ធ្លាក់​ឧទ្ធម្ភកចក្រ​ និងគោរព​​​វិញ្ញាណក្ខន្ធទាហាន​នីហ្សេ​ ៧១​នាក់ ដែល​ត្រូវ​ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម​សម្លាប់។  ក៏​មាន​ដែរ ការ​ឱនក្បាល​គោរព​សពនៃ​វិញ្ញាណក្ខន្ធកងទ័ព​បួគីណាហ្វាសូ ម៉ាលី និង​កូឌីវ័រ ជាដើម។​

ជារួម​ វត្តមាន​របស់​ប្រធានាធិបតី​បារាំង​ នៅ​លើដី​អាហ្វ្រិក​លើកនេះ គឺចង់​​កសាង​ទំនុក​បន្ថែម​ទៀត រវាង​បារាំង​និងអាហ្វ្រិក ក្នុង​ភាព​ជាដៃ​គូ​យុទ្ធសាស្ត្រ មិនមែនក្នុង​នាម​​ជា​ចៅហ្វាយនាយ និង​ខ្ញុំ​បម្រើ​នោះទេ។

នៅប្រទេស​អាហ្វ្រិក, ទាំងនៅ​ក្នុង​ជួរ​កងទ័ព​និង​មជ្ឈដ្ឋាន​ពលរដ្ឋ​អាហ្វ្រិក​មួយ​ចំនួន គឺ​ចាប់​ផ្តើម​​កើន​សន្ទុះ​នៃ​អារម្មណ៍​ស្អប់ខ្អើម​បារាំង។ ពួ​ក​គេ​ទទួល​អារម្មណ៍​បែបនេះ ព្រោះតែ​បារាំង​គឺ​ជាអតីត​ម្ចាស់​អាណានិគម​។ ហេតុ​នេះហើយ វត្តមាន​របស់​ទាហា​ន​បារាំង ទាំង​​ជាង​៤ពាន់​៥រយនាក់​នៅ​តំបន់​សាហែលនោះ​ គឺ​នាំឱ្យ​គេ​នឹក​ដល់​ការ​មកដល់​ជាថ្មី​នៃ​​ម្ចាស់​អាណានិគម​។

ការលើកឡើង​នេះ គឺ​មិន​ខុស​ឡើយ! ដូច្នេះ​ហើយ ទើប​ប្រធានាធិបតី​បារាំង ចង់​បាន​ការ​ធានា​ឱ្យ​ច្បាស់​ពី​សុវត្ថិភាព​របស់​ទាហាន​បារាំង​នៅ​អាហ្វ្រិក។​ ក៏ប៉ុន្តែ ជាបឋម​ ដើម្បី​បង្ហាញពី​សុ​ឆន្ទៈ​ស្មោះស​របស់ខ្លួន និង​ដើម្បី​លុប​ចោល​រូបភាព​ជា​ម្ចាស់​អាណានិគមដែល​ត្រួតត្រា​គេ​លើ​វិស័យ​លុយកាក់​ គឺ​ដូច​ដែល​យើង​ឃើញ​ស្រាប់ លោក ម៉ាក្រុង​ បាន​សម្រេច​លុប​ចោល​​រូបិយបណ្ណ France CFA។​

​មិនតែប៉ុណ្ណោះ លោក ម៉ាក្រុង ថែមទាំងមាន​ប្រសាសន៍​លួង​ចិត្ត​អាហ្រ្វិក ថា«អាណានិគមនិយម គឺ​ជា​កំហុង​ធ្ងន់ធ្ងរ ហើយលោក​ក៏​ទទួល​ស្គាល់​ដែរថា​នេះ​​ជា​កំហុស​មួយ​របស់​ប្រទេស​បារាំង​កាលពី​អតីតកាល»​។ ជាមួយ​គ្នា​នេះ លោក​ប្រធានាធិបតី កូឌីវ័រ ក៏​បាន​កោត​សរសើរ​ចំពោះ​សេចក្តីក្លាហានសារភាព​​នេះ និង​ថា ប្រទេស​អាហ្វ្រិក​ចង់​បាន​ដៃគូ​សហការ​ដែល​អាច​គួរ​ឱ្យ​គោរព​គ្នា​បា​នទៅវិញទៅមក​។

ផ្ទុយ​ទៅវិញ ប្រសាសន៍​របស់​ប្រមុខ​រដ្ឋ​បារាំង​ដូច្នេះ ត្រូវ​បក្ស​ប្រឆាំង​នៅស្រុក​បារាំង​ បែរជា​ថ្កោល​ទោស​ទៅវិញ។ លោកស្រី Marine Le Pen ដែលជា​គូប្រជែង បាន​វាយប្រហារ​លោក​ប្រមុខ​រដ្ឋ​បារាំង​ថា«ធ្វើឱ្យ​ប្រឡាក់​ល្អក់កករ​ប្រវត្តិសាស្ត្រ​របស់​ខ្លួន ព្រ​មទាំង​ធ្វើ​ឱ្យ​ទាហាន​បារាំង​កាន់តែ​ធ្លាក់​ក្នុង​សភាព​គ្រោះថ្នាក់​នៅ​អាហ្វ្រិក​»។

ក៏ប៉ុន្តែ ចំពោះ​ លោក អេម៉ាណុយ​ម៉ាក្រុង! គឺ​លោកប្តេជ្ញា​ចិត្ត​ហើយ​ថា «លោក​នឹង​មិនឱ្យ​អារម្មណ៍​ស្អប់ខ្ពើម​​បារាំង​នៅ​អាហ្វ្រិក​រីករាលដាល​កាន់​តែ​ខ្លាំងនោះឡើយ​។ ហើយ​សុវត្ថិភាព​ទាហាន​បារាំង គឺត្រូវតែ​បាន​ទទួល​ការ​ធានា​ពី​ម្ចាស់​ស្រុក​ផងដែរ»។​

វត្តមាន​របស់​ទាហាន​បារាំងនៅ​អាហ្វ្រិក​ គឺ​គោល​បំណង​ដើម្បី​ ប្រយុទ្ធប្រឆាំងភេរវនិយមនៅតំបន់សាហែល។ ក៏ប៉ុន្តែ អ្នក​ជំនាញ​មួយ​ចំនួន​ និង​អ្នក​ការ​ទូតខ្លះ​ផង យល់​ថាបារាំង​ចេញ​មុខ​មាត់​ច្រើ​នពេក​ហើយ​។ ការ​ចេញ​មុខ​ជ្រុល​ដូច្នេះ គឺ​ជាការ​បង្ហាញ​រូបភាពមួយ ​ឱ្យ​គេ​ស្អប់​បារាំង​។

​ចំពោះ​ជំហរ​បារាំង គឺ សង្រ្គាម​​ប្រយុទ្ធប្រឆាំង​ភេរវនិយម​នៅតំបន់​សាហែល គឺ​វា​ដូច​ជា​សង្គ្រា​ម​ចំពោះ​មុខ​ដូច្នោះដែរ។ ប្រមុខ​រដ្ឋ​បារាំង​ យល់ថា បើ​គេ​មិន​ជួយ​ពួត​ដៃ​គ្នា​វាយ​រំលំ​ពួ​កភេរវជន​ជីហាត​នៅ​អាហ្វ្រិក​នេះទេ នៅថ្ងៃ​មុខ ពួក​អស់​នេះ នឹង​មក​ធ្វើ​សង្គ្រាម​ជីហាត​ក្នុង​ទឹក​ដី​អឺរ៉ុប​តែម្តង។ ដូច្នេះហើយ ទើប​ជាថ្មីម្តងទៀត លោក ម៉ាក្រុង អំពាវវនាវ​​ឱ្យប្រទេស​អឺរ៉ុប​និង​សហគម​អន្តរជាតិ ចូលរួម​ឱ្យ​សកម្មក្នុង​សង្គ្រាម​នេះ។

បើ​និយាយ​ថា បារាំង​ចេញមុខ​ច្រើន​ជាងគេ​ និងច្រើន​ជ្រុល ក៏​មិន​ត្រូវ​ដែរ ពីព្រោះថា នៅតំបន់​សាហែល​នេះ ក៏​មាន​កងទ័ព​អន្តរជាតិ​ផ្សេងៗដែរ។ ក្រៅពី​ទ័ព​នៃប្រទេស​ទាំង​៥គឺ បួគីណាហ្វាសូ ម៉ាលី ម៉ូរីតានី នីហ្សេនិង ឆាត ​ ក៏​មាន​ដែរ​ទ័ព​អាមេរិក  និងកង​ទ័ព​របស់​អង្គការ​សហប្រជាជាតិ ដែល​បំពេញ​បេសកម្ម​នៅ​ម៉ាលី​ជាដើម។ ចំណែក​ ប្រទេស​ជ​ប៉ុន​ក៏​ធ្លាប់​បា​នជួយ​គម្រោង​ថវិកា​ ជិត​៦០លាន​ដុល្លា​រ​ដែល​សម្រាប់​​ការ​ប្រយុទ្ធប្រឆាំង​ភេរវនិយម​នៅ​តំបន់​សាហែល​នេះ។ នេះ​នៅ​មិន​ទាន់​រាប់​ពី​ជំនួយ​របស់​​ប្រទេស​អឺរ៉ុប​ផ្សេងទៀតផង​ទេ​​។​

ទោះយ៉ាង​ណាក្តី អ្នក​ជំនាញ​ខ្លះ និង​អ្ន​កការទូតមួយ​ចំនួន​ គឺគេ​កំពុងតែ​ចោទសំណួរ​ថា វត្តមាន​អន្តរាគមន៍​របស់​ទាហាន​បារាំង​នៅ​តំបន់​សាហែលនេះ វា​អាច​ដូច​​វត្តមាន​អន្តរាគមន៍​របស់កងទ័ព​អាមេរិក​នៅ​អាហ្វហ្គានីស្ថាន ដែរទេ​? កាសែត ​Washington Post របស់​អាមេរិក បាន​បក​អាក្រាត​ថា អន្តរាគមន៍​របស់កងទ័ព​អាមេរិក​នៅ​អាហ្វហ្គានីស្ថាន ជារឿង​បរាជ័យ។ ហើយ​រឿងនេះ ក៏​ត្រូវគេ​ចោទ​និង​យក​មកគិត​ពីករណី​ វត្តមាន​អន្តរាគមន៍​របស់​ទាហាន​បារាំង​នៅ​តំបន់​សាហែលនេះដែរ។

មន្ត្រី​ទូតខាង​កិច្ចការ​សន្តិភាព​​របស់​អង្គការ​ការ​សហប្រជាជាតិ លោក​ Jean Marie Guéhenno បាន​ឱ្យ​យោបល់ថា បារាំងគួរតែ​ប្រគល់​ភារកិច្ច​នេះ ឱ្យ​អង្គការ​សហប្រជាជាតិ​វិញ​ ព្រោះ​បារាំង​ជាសមាជិកក្រុម​ប្រឹក្សា​​សន្តិសុខ​ស្រាប់ គួរ​ពន្យល​សមាជិក​ទាំង​ឡាយ​ហើយ​កៀងគរ​កម្លាំង​អង្គការ​សហប្រជាជាតិ មកធ្វើ​យុទ្ធនាការ​នៅ​អាហ្វ្រិក​វិញ។ ព្រោះថា នាពេល​កន្លងមក មេបញ្ជាការ​បារាំង បាន​បញ្ជា​ផ្ទាល់ៗតែម្តង ទៅ​កូន​ទាហាន​នៅ​ក្នុង​ស្រុក ជាហេតុ​នាំឱ្យ​គេថ្នាំងថ្នាក់ ​រង្គៀស​ចិត្ត​ និង​នាំឱ្យ​ចោទសួរ​ពី​ឋាននុក្រម​នៃ​ទាហាន​បារាំង​និង​ទាហាន​ក្នុង​ស្រុក​។​

ប្រឈម​នឹង​បញ្ហា​​ដូច្នេះហើយ ទើប​ប្រមុខ​រដ្ឋ​បារាំង បា​នរៀបចំ​ជំនួប​កំពូល​មួយ​ នៅ​ស្រុក​បារាំង ដោយត្រូវ​អញ្ជើញ​ប្រមុខរដ្ឋ​និងប្រមុខរដ្ឋាភិបាល​នៃប្រទេស​អាហ្វ្រិក​ដែល​ពាក់ព័ន្ធ​មក​ជជែកទល់​មុខ​​គ្នា​លម្អិត នៅ​ថ្ងៃទី​១៣ ខែ​មករា​ ឆ្នាំ​២០២០​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI