អាហ្វ្រិកខាងលិចពង្រឹងយុទ្ធនាការបង្ក្រាបមេរោគអេបូឡា
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ថ្ងៃសុក្រម្សិលមិញ ក្នុងជំនួបកំពូលតំបន់ នៅប្រទេសហ្គីណេ ស្តីពីការរាតត្បាតនៃមេរោគអេបូឡា មេដឹកនាំនៅតាមប្រទេសអាហ្វ្រិកខាងលិច បានសម្រេចពង្រឹងយុទ្ធនាការប្រឆាំងមេរោគអេបូឡា ដោយផ្តោតលើការដាក់តំបន់ជនបទដែលរងការរាតត្បាតមេរោគ អោយនៅដាច់ឆ្ងាយពីគេ។ តាំងពីខែកុម្ភៈមក មេរោគអេបូឡា បានសម្លាប់មនុស្ស៧២៩នាក់ នៅអាហ្វ្រិកខាងលិច។ អង្គការសុខភាពពិភពលោក បានប្រកាសផែនការប្រយុទ្ធមេរោគអេបូឡា ក្នុងទឹកប្រាក់១០០លានដុល្លារ។
យោងតាម អង្គការសុខភាពពិភពលោក គេមិនអាចគ្រប់គ្រងមេរោគអេបូឡាដែលកំពុងរាតត្បាតអាហ្វ្រិកខាងលិច បានទេ ហើយការប្រឹងប្រែងទប់ស្កាត់ទៀតសោត ក៏នៅមិនទាន់គ្រប់គ្រាន់ដែរ។ ប្រធានអង្គការសុខភាពពិភពលោក លោកស្រី ម៉ាហ្ការេត ចាន់ បានសំដែងការព្រួយបារម្ភ ខ្លាចមេរោគអេបូឡា បង្កមហន្តរាយដល់មនុស្ស សង្គម សេដ្ឋកិច្ច និងរាតត្បាតដល់តំបន់ផ្សេងទៀត។
គួរបញ្ជាក់ថា ប្រទេសសៀរ៉ាលេអូន ហ្គីណេ និងលីបេរីយ៉ា នៅអាហ្វ្រិកខាងលិច រងការរាលដាលមេរោគអេបូឡា ខ្លាំងជាងគេ។ នៅចំពោះមុខការបារម្ភរបស់អង្គការសុខភាពពិភពលោក ប្រធានាធិបតីសៀរ៉ាលេអូន ហ្គីណេ និងលីបេរីយ៉ា បានសម្រេចពង្រឹងវិធានការបន្ថែមទៀត ដោយចង់អោយដាក់តំបន់ដែលរងការរាតត្បាតនៃមេរោគ អោយស្ថិតនៅដាច់ឆ្ងាយពីគេ។ តំបន់ដែលត្រូវនៅដាច់ឆ្ងាយពីគេនោះ គឺតំបន់មានករណីជំងឺ៧០ភាគរយ ក្នុងចំណោមករណីប្រមាណ១ពាន់៣រយ២៣ ដែលគេរកឃើញ។ រាល់មនុស្សដែលមានរោគសញ្ញា មេរោគអេបូឡា មិនអាចឆ្លងចូលតំបន់ផ្សេងទេ។
ហ្គីណេ លីបេរីយ៉ា និងសៀរ៉ាលេអូន ក៏សម្រេចចាត់វិធានការការពារបុគ្គលិកពេទ្យ អោយប្រសើរឡើងដែរ ដើម្បីជំរុញក្រុមអ្នកព្យាបាលទាំងនោះអោយចូលមកធ្វើការឡើងវិញ ព្រោះថា កន្លងមក មានបុគ្គលិកពេទ្យជាង៦០នាក់ បានស្លាប់ដោយឆ្លងមេរោគនេះ។ កន្លងមក អង្គការអន្តជាតិជាច្រើនបានជម្លៀសបុគ្គលិកខ្លួន ចេញពីទីន្លែងរងការរាតត្បាតរួចមកហើយ។ ក្រុមហ៊ុនអាកាសចរណ៍ប្រទេសអារ៉ាប់រួម បានប្រកាសព្យួរការហោះហើរដែលត្រូវចេញចូលកាត់តាមហ្គីណេ ដើម្បីធានាសុវត្ថិភាពសុខភាពចៀសពីមេរោគនេះ។
គួរបញ្ជាក់ថា មេរោគអេបូឡា ត្រូវបានគេចាត់ថា ជាមេរោគរាលដាលខ្លាំងបំផុត។ ជនដែលបានឆ្លងមេរោគនេះ មានរោគសញ្ញាដូចជា គ្រុនក្តៅ មានអាការៈខ្សោយខ្លាំង បន្ទាប់មក គេត្រូវក្អួតចង្អោរ រាគ ហើយករណីខ្លះទៀត គឺហូរឈាមច្រើន។ អ្នកឆ្លងមេរោគនេះ មានអត្រាស្លាប់ដល់កម្រិត៩០ភាគរយ។ រហូតពេលនេះ មិនទាន់រកឃើញវ៉ាក់សាំងបង្ការមេរោគនេះនៅឡើយទេ។
ថ្នាក់ដឹកនាំអង្គការសុខភាពពិភពលោក នឹងប្រជុំគ្នាពីជំងឺអេបូឡា នៅថ្ងៃ៦និង៧សីហានេះ។ អង្គការបានប្រកាសផែនការប្រយុទ្ធមេរោគអេបូឡា ក្នុងទឹកប្រាក់១០០លានដុល្លារ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ