កម្ពុជា

អង្គការ​កសិកម្ម​ស្វាគមន៍​វិធានការ​ទប់ស្កាត់​ការ​ប្រមូលទិញ​កសិផល​ក្នុង​តម្លៃ​ថោក

កសិករ​ប្រមូល​ផល​ស្រូវ​ឆ្នាំ​នេះ ​ទទួល​បាន​ផល​តិច​ជាង​ឆ្នាំ​មុន។​
កសិករ​ប្រមូល​ផល​ស្រូវ​ឆ្នាំ​នេះ ​ទទួល​បាន​ផល​តិច​ជាង​ឆ្នាំ​មុន។​ RFI/ Siv Channa

ក្រសួង​កសិកម្ម​កម្ពុជា​បាន​​ចេញ​វិធាន​ការ​ទប់​ស្កាត់​ការ​ប្រមូល​ទិ​ញក​សិ​ផល​ពី​កសិករ​ក្នុង​តម្លៃ​ថោក​។ ការ​ទប់ស្កាត់នេះ​ធ្វើ​ឡើង​ ដើម្បី​រក្សា​ស្ថិរ​ភាព​តម្លៃ​កសិផល​ ពិសេស​ថ្លៃ​ស្រូវ​ ដែល​តែ​ងតែ​កើត​ឡើង​ក្រោយ​ពេលប្រមូល​ផល​។ អង្គការ​ខាង​កសិកម្ម​វិញ​បាន​គាំទ្រ​ចំពោះ​វិធាន​ការ​នេះ ​និង​សុំ​ឲ្យ​មាន​វិធាន​ការ​បន្ថែម​ទៀត​។

ផ្សាយពាណិជ្ជកម្ម

ក្រសួង​បាន​ស្នើឲ្យ​អាជ្ញាធរ​មូល​ដ្ឋាន ​និង​ស្ថាប័ន​ពាក់​ព័ន្ធ​ចាត់​វិធាន​ការ​ទប់​ស្កាត់​ការ​ប្រមូល​ទិញ​ផ្តាច់​មុខ​ពីឈ្មួញ​នៅ​តាម​តំបន់​ ដើម្បី​ធ្វើ​​ការ​ចរចា​ថ្លៃ​ឲ្យ​បាន​សម​ស្រប​តាម​ស្ថាន​ភាពថ្លៃជាក់ស្តែង។ ពង្រឹងសមត្ថភាពសហគមន៍​កសិកម្ម​មូល​ដ្ឋាន​លើ​ការ​ប្រមូល​ទិញ​កសិផល​។ ធ្វើ​ការចរចា​ជា​មួយ​សមាគម​ម៉ាស៊ិន​ស្រូវ​ប្រចាំខេត្ត ​ដើម្បី​ប្រមូល​ទិញ​ស្រូវ​ពី​ប្រជា​កសិករ​។

 
ការ​ចេញ​វិធាន​ការ​រប​ស់ក្រសួង​ធ្វើ​ឡើង​ចំពេល ​ដែល​កសិករ​កំពុង​តែ​ប្រមូល​ផល​ស្រូវ​ស្រាល​ ហើយ​ពេល​នេះទទួល​បាន​ទិន្ន​ផល​ប្រមាណ​ជាង​៤៧​សែន​តោន​នៅ​ឆ្នាំ២០១៦​នេះ ​ពោល​គឺ​មាន​ការ​កើន​ឡើង​លើស​ឆ្នាំមុនប្រមាណ​២ម៉ឺន​តោន​។

លោកគាម មករាឌី អ្នក​គ្រប់​គ្រង​កម្មវិធី​ ប្រតិ​បត្តិ​តាម​មូល​ដ្ឋាន​នៃ​អង្គការ​សេដាក​ថា​នេះ​គឺ​ជា​ចំណាត់​ការ​ល្អ ដោយសា​រ​តែ​កន្លង​មក​កសិករ​បាន​ជួប​នឹង​ការ​លំបាក​ដូច​ការ​ចំណាយ​ច្រើន​លើ​ការ​ផលិត ហើយ​កត្តា​នេះ​ធ្វើឲ្យ​កសិករ​ជំពាក់​បំណុល​ធនាគារ។ ក្រៅ​ពីវិធាន​ការ​​បន្ទាប​តម្លៃ​ពី​ឈ្មួញ​នេះ ​លោក​គាម​ មករា​ឌី​បញ្ជាក់​ថា​ក្រសួងកសិកម្ម​គួ​រ​តែ​មាន​វិធានការ​មួយចំ​នួន​ទៀត​។

លោក​បន្ថែម​ថា​ការ​ចង​ក្រង​សហគមន៍​កសិករ​បណ្តុះ​បណ្តាល​ពួក​គាត់​ឲ្យ​មាន​ចំណេះ​ដឹ​ងក្រៅ​ពី​បច្ចេក​ទេសដាំដុះ ​ដូច​ជា​ចំណេះដឹ​ង​ផ្នែក​ទីផ្សារ ​ទំនាក់​ទំនង​ផ្នែកពាណិជ្ជ​កម្ម​ជា​ដើម​។ ក្រសួង​គួរ​តែ​ឧបត្ថម​ទុន​មួយ​​ចំនួនសម្រាប់​ចេញ​ខាត​ជំនួស​កសិករ​ ដើម្បី​ធានាតម្លៃ​ផលិត​ផលរ​បស់ក​សិករ​ ឲ្យ​ដូច​ប្រទេសជិ​តខាង​។

ចំណែក​លោក​មូល ​សារិទ្ធី ​អគ្គ​លេខាធិការ​នៃ​សហ​ព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ថា​ការ​ធ្លាក់​ចុះ​ថ្លៃស្រូ​​វនៅ​ក្នុង​ប្រទេសកម្ពុជា ​ដោយ​សារតែ​ក្រោយ​ឆ្នាំ​២០១៤​មក ​មាន​ឈ្មួញ​តែ​មួយ​គឺ​ប្រទេស​វៀត​ណាម​ជា​អ្នក​ទិញ​ ហើយដោយ​សារ​តែគ្មា​នការ​ប្រកួត​ប្រជែង​ទើប​ឈ្មួញ​អាច​កំណត់​តម្លៃ​បាន​ដូច្នេះ។

យ៉ាងណាមិញ​​លោក​​មូល ​សារិទ្ធី ​ថា​វិធាន​ការ​របស់​ក្រសួង​កសិកម្ម​នៅ​ពេល​នេះ​គឺ​ជួយ​បាន​តែ​មួយ​កម្រិត​តែប៉ុណ្ណោះ ហើ​យ​អ្វី​ដែល​អាច​ជួយ​តម្លៃ​ស្រូវ​​ក្នុង​រយៈពេល​វែង​គឺ​ត្រូវ​រកវិធីទិញស្រូវទុកទាំងរដ្ឋ និងឯកជន។ លោក​សារិទ្ធី មិន​ទាន់​មាន​តួលេខ​ជាក់​លាក់​នៅ​ឡើយ​ទេ ចំពោះ​តម្លៃ​ស្រូវ​បច្ចុប្បន្ន ប៉ុន្តែ​តាម​ការ​ប៉ាន់​ប្រមាណរបស់​លោក​គឺ​ស្រូវ​មាន​តម្លៃ​ក្រោម​១០០០រៀល​ក្នុង​មួយ​គីឡូក្រាម៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI