អានតួអត្ថបទ
ប្រវត្តិសាស្រ្តពិភពលោក

កសិកម្ម៖ បដិវត្តន៍​ដ៏សំខាន់​នៃ​មនុស្សជាតិ​ដែល​នាំ​ទៅរក​ការ​បង្កើត​រដ្ឋ​ដំបូង

សំឡេង ០៨:៥៤
រូបគំនូរ​បង្ហាញ​ពី​​សកម្មភាពកសិកម្ម​​​របស់​ប្រជាជន​អេហ្ស៊ីប ទី​ដែល​កកើត​រដ្ឋ​ដំបូង​ក្នុង​ប្រវត្តិមនុស្ស​ជាតិ
រូបគំនូរ​បង្ហាញ​ពី​​សកម្មភាពកសិកម្ម​​​របស់​ប្រជាជន​អេហ្ស៊ីប ទី​ដែល​កកើត​រដ្ឋ​ដំបូង​ក្នុង​ប្រវត្តិមនុស្ស​ជាតិ
ដោយ៖ សេង ឌីណា
៤៥ នាទី

នៅ​ក្នុង​នាទី​ប្រវត្តិសាស្រ្ត​ពិភពលោក នៅថ្ងៃ​នេះ សេង ឌីណា សូមបន្ត​លើកឡើង​ពី​សម័យ​បុរេប្រវត្តិ ដោយ​ផ្តោត​ជា​សំខាន់ ទៅលើ​របត់​ដ៏សំខាន់បំផុតមួយ នៅ​ក្នុង​ប្រវត្តិមនុស្ស​ជាតិ គឺ​ការ​បង្កើត​របរ​កសិកម្ម ដែល​​ធ្វើ​ឲ្យ​របៀបរស់​នៅ​របស់​មនុស្ស​បុរេប្រវត្តិ​មាន​ការ​វិវឌ្ឍ​យ៉ាង​លឿន រហូត​ឈាន​ទៅ​ដល់​ការ​បង្កើត​រដ្ឋ។

ផ្សាយពាណិជ្ជកម្ម

មនុស្ស​សម័យ​បុរេប្រវត្តិ ដែល​បាន​ចាប់វត្តមាន​ដំបូងនៅ​លើ​ភពផែនដី ក្នុង​តំបន់​អាហ្រ្វិក​ខាង​កើត បាន​ចាប់ផ្តើម​ផ្លាស់ទី រីកសាយភាយ​បន្តិចម្តងៗ ទៅកាន់​តំបន់​ដើមបូព៌ា អាស៊ី និង​អឺរ៉ុប ហើយ​នៅ​ចុងយុគសម័យទឹកកក (Ice Age) ប្រមាណ​ជា ១ម៉ឺន ២ពាន់​ឆ្នាំមុន វត្តមាន​របស់​មនុស្ស​ជាតិ​បាន​រីកសាយភាយ​ទៅ​ស្ទើរតែ​គ្រប់​ទីកន្លែង នៅ​​ទូទាំង​ពិភពលោក។

នៅ​ក្នុង​អំឡុង​យុគសម័យទឹកកក ​ទឹកសមុទ្រ​នៅលើ​ភពផែនដី​មាន​កម្រិតកម្ពស់​ទាប​ជាង​ពេល​បច្ចុប្បន្ន​នេះ​ ពោលគឺ ជា​កម្រិត​ទាបបំផុត​ដែល​នៅ​​កន្លែង​ខ្លះ​​ ដូចជា ច្រក​សមុទ្រ​រវាង​រុស្ស៊ី និង​រដ្ឋ​អាឡាស្កា​សហរដ្ឋ​អាមេរិក (Bering Sea) ជាដើម តាមពិត ​គឺ​ជា​ដីគោក ដែល​អាច​ឲ្យ​មនុស្ស​ធ្វើ​ដំណើរ​ឆ្លងកាត់​ដោយ​ថ្មើ​ជើងបាន។ គឺ​នៅត្រង់​កន្លែង​នេះ​ហើយ ដែល​កាល​ពី​ប្រមាណ​ជា ២ម៉ឺន​ឆ្នាំមុន មនុស្ស​បាន​ធ្វើ​ដំណើរ​ដោយ​ថ្មើរ​ជើង​ ចេញ​​ពី​តំបន់​អាស៊ី​ ឆ្ពោះ​ទៅកាន់​ទ្វីបអាមេរិក។

ដូច្នេះ ជនជាតិ​ដើម​នៅ​អាមេរិក ដែល​បច្ចុបន្ន​យើង​ច្រើន​ហៅថា​ជា​ជនជាតិ​ឥណ្ឌា​ស្បែកក្រហម តាមការ​ពិត គឺ​ជា​មនុស្ស ដែល​មាន​ដើមកំណើត​មក​ពី​អាស៊ី។ បុគ្គលិក​លក្ខណៈ​ជា​ប្រជាជន​មក​ពី​អាស៊ី ទាំង​ខាង​រូបរាងកាយ និង​ទាំង​ឫសគល់​នៃ​ភាសា ដែល​គេ​នៅតែ​អាច​មើល​ឃើញ​នៅ​ក្នុង​ចំណោម​ជនជាតិ​ឥណ្ឌា​អាមេរិក នាពេល​បច្ចុប្បន្ន។

 នៅ​ក្នុង​មួយផ្នែក​ដំបូង​នៃ​សម័យកាលបុរេប្រវត្តិ ដែល​គេ​ឲ្យឈ្មោះ​ថា “យុគថ្មបំបែក” (Paléolitique) មនុស្ស​ដើមដំបូង​ចេះ​ប្រើ​ឈើ និង​ថ្ម ជា​ឧបករណ៍ ហើយ​បរិភោគ​សាច់ឆៅ។ ក៏ប៉ុន្តែ បន្តិចម្តងៗ មនុស្ស​ចាប់ផ្តើម​ចេះច្នៃ​ឧបករណ៍​ប្រើប្រាស់ ដែល​មាន​លក្ខណៈ​កាន់តែ​ទំនើប​ជាងមុន ហើយ​ចាប់ផ្តើម​ចេះ​ប្រើ​ភ្លើង ដើម្បី​ចម្អិន​អាហារ។

មនុស្ស​ នៅ​ក្នុង “យុគថ្មបំបែក” រស់នៅ​ដោយ​ពឹងផ្អែក​ទាំងស្រុង​ទៅលើ​ការ​បរបាញ់ និង​ការ​បេះផ្លែឈើព្រៃ​ជា​អាហារ។ នៅពេលនោះ មនុស្ស​មាន​កន្លែង​ច្រើន​ក្នុង​ការ​បរបាញ់។ តំបន់​សាហារ៉ា នៅ​ទ្វីបអាហ្វ្រិក ដែល​ជា​ចំណុច​ចាប់ផ្តើម​ដំបូង នៃ​វត្តមាន​របស់​មនុស្ស​ជាតិ​ នៅ​ជា​តំបន់សម្បូរ​ស្មៅ និង​ព្រៃ ហើយ​​មិនទាន់​ក្លាយ​ជា​វាលខ្សាច់​ខ្សោះហួតហែង​ដូច​ជាពេល​បច្ចុប្បន្ន​នេះ​នៅឡើយទេ។

ក៏ប៉ុន្តែ ការ​ប្រែប្រួល​នៃ​អាកាសធាតុ បាន​ធ្វើ​ឲ្យ​តំបន់​ដែល​ធ្លាប់​តែ​សម្បូរព្រៃ ត្រូវ​ក្លាយ​ជា​វាលខ្សាច់។ ​មនុស្ស​ត្រូវ​ជួប​នឹង​គ្រោះ​អត់ឃ្លាន ហើយ​ត្រូវ​បង្ខំចិត្ត​រត់ទៅ​រក​កន្លែង​ដែល​មាន​ព្រៃ ជាពិសេស ទៅនៅ​តាម​ដងទន្លេ​ធំៗ​មួយចំនួន ដែល​ជា​ប្រភព​ទឹក ដូចជា ដងទន្លេ​នីល (Nile) នៅ​អាហ្វ្រិក, ទន្លេ​អឺហ្វ្រាត (Euphrates) និង​ទន្លេ​ទីហ្រ្គីស (Tigris/Tigre) នៅ​ក្នុង​តំបន់​មេសូប៉ូតាមី (Mesopotamie) ពោលគឺ នៅ​ប្រទេស​អ៊ីរ៉ាក់​បច្ចុប្បន្ន, ទន្លេ​សិន្ធុ (ឬ Indus) នៅ​ប៉ាគីស្ថាន និង​ឥណ្ឌា​បច្ចុប្បន្ន និង​ទន្លេ​ហ៊័ងហេ ឬ​ទន្លេលឿង នៅ​ក្នុង​ប្រទេស​ចិន។

ហេតុដូច្នេះ​ហើយ​បាន​ជា​គេ​សង្កេតឃើញ​ថា អរិយធម៌​ធំៗ​ដំបូង​បង្អស់​នៃ​មនុស្ស​ជាតិ គឺ​ចាប់កំណើត​ នៅ​ក្នុង​តំបន់​ជាប់​នឹង​ដងទន្លេ​ទាំងនេះ គឺ​ អេហ្ស៊ីប មេសូប៉ូតាមី ឥណ្ឌា និង​ចិន។

ចំនួន​មនុស្ស​ដែល​គេ​ចេញ​ពី​តំបន់​វាលខ្សាច់ ​មក​ប្រមូលផ្តុំគ្នា នៅ​តាម​តំបន់​ជាប់​នឹង​ដង​ទន្លេធំៗ​ទាំងនេះ ​មាន​កាន់តែច្រើន​ឡើងៗ រហូត​​ដល់​ពេលមួយ ​កន្លែង​ដ៏តូចចង្អៀត​នេះ ក៏​លែង​អាច​ទ្រទ្រង់​​ជីវភាព​របស់​មនុស្ស​ទាំងនេះ​បាន ដោយសារ​តែ​កន្លែង​បរបាញ់​មាន​តិច​ជាង​មាត់​ដែល​ត្រូវ​ចិញ្ចឹម។

ប្រឈមមុខ​នឹង​បញ្ហា​នេះ នៅ​ប្រមាណ​ជា ៨ពាន់​ឆ្នាំ​មុន​គ្រឹស្ត​សករាជ ពោលគឺ ប្រមាណ​ជា ១ម៉ឺន​ឆ្នាំមុន មនុស្ស​ក៏​ចាប់ផ្តើម​បែក​គំនិត​បង្កើត​​របៀបរស់​នៅ​ថ្មី​ស្រឡាង​មួយទៀត ដែល​ជា​បដិវត្តន៍​ដ៏​សំខាន់​បំផុត​របស់​មនុស្ស​ជាតិ ហើយ​ដែល​គេឲ្យឈ្មោះ​ថា​ជា​ “បដិវត្តន៍​នៃ​យុគថ្មរំលីង” (Néolitique) នោះ​ គឺ​ការ​បង្កើត​របរ​កសិកម្ម។

នៅ​ក្នុង​តំបន់​វាលទំនាប​តាម​ដងទន្លេ គេ​ឃើញ​មាន​ប្រភេទ​ធញ្ញជាតិ​ ដែល​ដុះ​តាម​​លក្ខណៈ​ជា​ស្មៅព្រៃ ហើយ​ដែល​មនុស្ស​យើង​ធ្លាប់​​តែ​​ទៅបេះបោច យក​​មក​ធ្វើ​ជា​អាហារ ទៅតាម​លក្ខណៈ​ធម្មជាតិ។ ក៏ប៉ុន្តែ ក្រោយ​មក​ មនុស្ស​បាន​បែក​គំនិត​ដ៏​អស្ចារ្យ​មួយ ដែល​មិន​ធ្លាប់មាន​ពីមុន គឺ​មនុស្ស​ទៅ​បេះ​សម្រាំង​គ្រាប់​ធញ្ញជាតិ​ដែល​ល្អៗ ហើយ​យក​វា​ទៅ​ដាំ​បន្ត ដើម្បី​រង់ចាំ​ប្រមូលផល​។ ក្នុងពេល​ជាមួយគ្នា មនុស្ស​ក៏​បាន​ចាប់ផ្តើម​បង្វែ​ពីការ​បរបាញ់ ទៅ​ជា​ការ​ចាប់សត្វព្រៃ​មក​ចិញ្ចឹម។

ការ​ដាំដុះ និង​ការ​ចិញ្ចឹមសត្វ​នេះ​ គឺ​ជា​ការ​វិវឌ្ឍ​ដ៏​សំខាន់​បំផុត​របស់​មនុស្សជាតិ ពីព្រោះ​ថា នៅ​ក្នុង​ផ្ទៃដី ដែល​មាន​ទំហំ​ដូចគ្នា ការប្រកប​របរ​កសិកម្ម​អាច​ចិញ្ចឹម​មនុស្ស​បាន​ច្រើន​ជាង​ការ​បរបាញ់ ​រហូតដល់​ទៅ ១រយដង មានន័យថា បើ​កាលពីមុន ដែល​មនុស្ស​ពឹងផ្អែក​លើ​ការបរបាញ់ ផ្ទៃដី​ដ៏តូចចង្អៀត​មួយ អាច​ចិញ្ចឹម​ជីវិត​បាន​ត្រឹមតែ ១ម៉ឺននាក់ ការ​បង្កើត​របរ​កសិកម្ម​អាចផ្តល់​ផល សម្រាប់​ចិញ្ចឹម​​មនុស្ស​រហូតដល់​ទៅ ១លាននាក់។

ក្រោយ​ពី​មនុស្ស​ចេះ​ប្រកប​របរ​កសិកម្ម ចំនួន​ប្រជាជន​សរុប​នៅលើ​ភពផែនដី បាន​កើនឡើង ពី​រាប់លាន​នាក់ ទៅ​រាប់រយលាននាក់ ក្នុងរយៈពេល​ដ៏ខ្លី។ មនុស្សជាតិ ដែល​ពីមុន​ទទួលរង​នូវ​ការ​គំរាមកំហែង​ពី​ធម្មជាតិ ក៏បាន​ប្រែក្លាយ​ទៅ​ជា​ការ​គំរាម​កំហែង​ដល់​ធម្មជាតិ​វិញ ពីព្រោះ​ថា ការ​ដាំដុះ និង​ចិញ្ចឹម​សត្វ គឺ​ជា​សកម្មភាព ដែល​មាន​ការបំពុល​បរិយាកាស​ខ្លាំង​បំផុត ជាពិសេស គឺ​ការ​បញ្ចេញ​ឧស្ម័ន​មេតាន (CH4) ដែល​ជា​ដើមហេតុ​ដ៏​សំខាន់មួយ ដែល​បង្ក​ឲ្យ​ផែនដី​ឡើងកម្តៅ។
 

នៅ​ក្នុង​យុគសម័យថ្មរំលីង ក្រោយ​ពី​បដិវត្តន៍​កសិកម្ម មនុស្ស​នៅ​តាម​តំបន់​ខ្លះ នៅតែ​បន្ត​រស់នៅដោយការ​បរបាញ់​ដូច​ពីមុន។ ក៏ប៉ុន្តែ នៅ​ក្នុង​តំបន់​ជាប់​នឹង​ដងទន្លេ​សំខាន់ៗ​ទាំង ៤ មានការ​វិវឌ្ឍ​យ៉ាង​លឿនបំផុត ទាំង​របៀបរស់នៅ ទាំង​ចំនួន​ប្រជាជន និង​របៀបចាត់ចែង​រៀបចំ​សហគមន៍។ ការវិវឌ្ឍ​ដែល​បានឈាន​ដល់​ដំណាក់កាល​ដ៏សំខាន់មួយ ក្នុង​ប្រវត្តិ​នៃ​មនុស្ស​ជាតិ គឺ​ការ​បង្កើត​រដ្ឋ។

រដ្ឋ​ចាប់កំណើត​ដំបូង​បង្អស់ នៅ​អេហ្ស៊ីប ដែល​ជា​តំបន់​ជាប់​នឹង​ដងទន្លេនីល។ រដ្ឋ​កើតឡើង​មុនគេ​នៅទីនេះ ដោយសារ​តែ​កត្តា​សំខាន់ពីរ។

កត្តា​ទីមួយ ទាក់ទង​នឹង​ការបែងចែក​ទឹកប្រើប្រាស់ ក្នុងការ​ប្រកប​របរ​កសិកម្ម។ ​ដោយសារតែ​អេហ្ស៊ីប​ ​ជា​តំបន់​ដែល​​កម្រ​នឹង​មាន​ភ្លៀងធ្លាក់ ប្រជាកសិករ នៅ​ទីនេះ ពឹងផ្អែក​ទាំងស្រុង​លើ​ប្រភពទឹក​ដែល​មាន​នៅលើ​ដី ដើម្បី​​យក​មក​ប្រកប​របរ​កសិកម្ម។ ទៅតាម​ធម្មជាតិ​របស់​មនុស្ស គេ​ឃើញ​ថា អ្នក​ដែល​ស្ថិត​នៅ​ដីលើ​ ច្រើន​តែ​ព្យាយាម​ចង់​ទប់ទឹក​ ដើម្បី​ប្រើប្រាស់​តែ​ខ្លួនឯង ដោយ​មិន​គិត​ដល់​អ្នក​នៅ​ដីក្រោម ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​មាន​ជម្លោះ ប្រកាប់ប្រចាក់គ្នា ដណ្តើម​ទឹកប្រើប្រាស់។

ដើម្បី​បញ្ចៀស​នូវ​ជម្លោះ​ឥតឈប់ឈរ​នេះ មនុស្ស​ចាប់ផ្តើម​មូលគំនិត​គ្នា បង្កើត​ឲ្យ​មាន​មេដឹកនាំ​ម្នាក់ គឺ​ “ស្តេច” ដើម្បី​ទទួល​បន្ទុក​ចាត់ចែង​បែងចែក​ទឹក​ឲ្យ​សមាជិកសហគមន៍​ទាំងអស់​បាន​ប្រើប្រាស់​ដោយ​ស្មើភាព​គ្នា។

កត្តាទីពីរ ដែល​នាំ​ឲ្យ​មាន​ការ​បង្កើត​រដ្ឋ គឺ​តម្រូវការ​សន្តិសុខ និង​សុវត្ថិភាព។ មនុស្ស​សម័យដើម ដែល​ជា​អ្នក​ប្រមាញ់ ក៏​ជា​អ្នក​ដែល​ចូលចិត្ត​ធ្វើ​សង្រ្គាម​ផងដែរ។ ក៏ប៉ុន្តែ សម្រាប់​អ្នក​ដែល​ចាប់ផ្តើម​ប្រកប​របរ​កសិកម្ម គេនាំគ្នា​​​​ទុកពេល​មួយថ្ងៃៗ សម្រាប់តែ​​ការ​សាបព្រោះ ភ្ជួរាស់ ដាំដុះ និង​ប្រមូលផល ហើយ​​លែង​​ចង់​រវីរវល់​នឹង​ការ​​ធ្វើ​សង្រ្គាម​ទៀត​ហើយ។ ក្នុងពេល​ជាមួយគ្នា ពួកគេ​ក៏​ត្រូវការ​ផងដែរ​ឲ្យ​មាន​អ្នក​ការពារ​សុវត្ថិភាព​របស់​ពួកគេ ក្នុងករណី​មាន​អ្នក​មកយាយី​រំខាន់​ការ​រស់នៅ, មក​លួចប្លន់​សត្វ ឬ​ភោគផល​ដំណាំ​របស់​ពួកគេ។

ដូច្នេះ​ ប្រជាកសិករ​ទាំងអស់នេះ​ក៏​មាន​គំនិត​ចង់​ឲ្យ​​សហគមន៍​របស់​ពួកគេ មាន​ការ​រៀបចំ​ជា​រចនាសម្ព័ន្ធ​ត្រឹមត្រូវ មាន​អ្នកដឹកនាំ រក្សា​សណ្តាប់ធ្នាប់ និង​ការពារសុវត្ថិភាព​របស់​ពួកគេ។ ដោយសារ​តែ​កសិ​កម្ម គឺ​ជា​សកម្មភាព ដែល​អាច​ផ្តល់​ផល​ច្រើន​​លើស​ពី​តម្រូវការ​ប្រចាំថ្ងៃ ប្រជាកសិករ​អាច​យកភោគផល​មួយផ្នែក​​ដែល​សល់​ពី​តម្រូវការនេះ ម្នាក់បន្តិចៗ រួមបញ្ចូល​គ្នា ដើម្បី​យក​​ទៅ​ផ្គត់​សកម្មភាព​របស់​រដ្ឋ ចិញ្ចឹម​ស្តេច និង​កងទ័ព។ ការអនុវត្ត​បែបនេះ​ហើយ ដែល​គេហៅថា ការ​បង់ពន្ធ​ជូនរដ្ឋ។ រដ្ឋ​យកពន្ធ​ពី​ប្រជាជន ក៏ប៉ុន្តែ រដ្ឋ​មាន​កាតព្វកិច្ច​រក្សា​សណ្តាប់ធ្នាប់ និង​ការពារ​សុវត្ថិភាព​របស់​ប្រជាជន ព្រមទាំង​មាន​ភារៈ​ចាត់ចែង​បែងចែក​ធនធាន​​ឲ្យ​ប្រជាជន​អាច​ប្រើប្រាស់​ដោយ​ស្មើភាព​គ្នា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ