ការទស្សន៍ទាយក្នុងពិធីច្រត់ព្រះនង្គ័លបង្ហាញថាពោតនិងសណ្តែកទទួលទិន្នផលល្អ
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ព្រះរាជពិធីច្រត់ព្រះនង្គ័លបានធ្វើឡើងនៅព្រឹកថ្ងៃទី៩ឧសភានេះ នៅទីលានព្រះស្រែវាលព្រះមេរុ ខាងជើង ជាប់ព្រះបរមរាជវាំង។ ការផ្សងប្រផ្នូល ក្នុងព្រះរាជពិធី ក្រោមព្រះរាជាធិបតីព្រះមហាក្សត្រ នៅព្រឹកមិញ បង្ហាញថា ពោត ទទួលទិន្នផលល្អប្រសើរ។ រីឯសណ្តែក ទទួលផលល្អ។ ក្នុងនោះ កម្លាំងអូសទាញ សម្រាប់ធ្វើកសិកម្ម ដូចជា គោក្របី និងសេះ មានជំងឺដង្កាត់បន្តិចបន្តួច។
គោបារបស់ព្រះរាជាមួយនឹម បានបរិភោគពោត សណ្តែក និងស្មៅ ក្នុងចំណោមអាហារ ៧ មុខ ដែលត្រូវបានតម្កល់លើជើងពាន នៅកណ្តាលទីលានព្រះសែ វាលព្រះមេរុក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័ល នៅថ្ងៃ៤រោចខែពិសាខ ត្រូវនឹងថ្ងៃទី៩ឧសភានេះ។
ព្រះរាជពិធីច្រត់ព្រះនង្គ័លនៅឆ្នាំនេះ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ បុត្រារបស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ជាស្តេចមេឃ និងអ្នកអង្គម្ចាស់ក្សត្រី ស៊ីសុវត្ថិ ចាន់ស៊ីដា បុត្រីរបស់សម្តេចព្រះរាម នរោត្តម បុប្ផាទេវី ជាព្រះមេហួ។
ការផ្សងប្រផ្នូលតាមរយៈគោព្រះរាជា បានធ្វើឡើងបន្ទាប់ពីពិធីភ្ជួររាស់ សាប ព្រោះព្រះស្រែ ដែលស្តេចមេឃ និងព្រះមេហួ ធ្វើជានិមិត្តរូប នៃការចាប់ផ្តើមរដូវធ្វើស្រែចម្ការ នៅក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័ល។
លទ្ធផល ត្រូវបានលោកតាអាចារ្យ បានប្រកាសថា ១-ពោត ក្នុងឆ្នាំនេះ ទទួលផលបានល្អប្រសើរ។ ២-សណ្តែកទទួលផលបានល្អ។ ៣-ស្មៅ ជាចំណីអាហាររបស់សត្វពាហនៈទូទៅ ប៉ុន្តែក្នុងឱកាសនេះ ដែលគោឧសភរាជ បានបរិភោគស្មៅ បានសេចក្តីថា ឆ្នាំនេះកម្លាំងអូសទាញទាំងអស់ មានគោក្របី និងសេះ ត្រូវជួបប្រទះនឹងជំងឺតម្កាត់បៀតបៀនបន្តិចបន្តួច។
ព្រះរាជពិធីច្រត់ព្រះនង្គ័ល ជាការប្រកាសដល់ប្រជាកសិករ ត្រូវត្រៀមលក្ខណៈសម្បត្តិ រៀបចំការងារបង្កបង្កើនផល ខណៈដែលរដូវវស្សាចូលមកដល់ហើយ។ការផ្សងប្រផ្នូល តាមរយៈការបរិភោគរបស់គោឧសភរាជដូច្នេះ នាំឲ្យប្រជាកសិករមួយចំនួន ព្រួយបារម្ភ ដោយសារថា គោឧសភរាជ មិនបានបរិភោគស្រូវ និងទឹក ដែលទំនាយទាយថា ស្រូវនឹងមិនសូវបានទិន្នផលល្អ ហើយក៏នឹងមិនមានទឹកគ្រប់គ្រាន់ សម្រាប់ធ្វើស្រែថែមទៀត។
ការផ្សងប្រផ្នូលក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័ល ពេលនេះ គឺដូចគ្នានឹងឆ្នាំមុន។ នៅឆ្នាំមុន ទោះបីជាទឹកជំនន់បានបំផ្លាញស្រូវជាង ២៦ម៉ឺនហិកតា ក៏ប៉ុន្តែកម្ពុជា ទទួលបានស្រូវ ៨,៧៨ លានតោន។យ៉ាងណាក៏ដោយក្នុងរយៈពេលប៉ុន្មានថ្ងៃជាប់ៗគ្នានេះ ភ្លៀងធ្លាក់យ៉ាងច្រើននៅគ្រប់ទិសទីទូទាំងប្រទេស៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ